មហាសេដ្ឋីឥណ្ឌា លោក រត័ន តាតា ឧបត្ថម្ភថវិកា ១៥០០ ក្រូរូពី (២០០លានដុល្លារ) ដើម្បីទប់ស្កាត់កូរ៉ូណា - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, March 30, 2020

មហាសេដ្ឋីឥណ្ឌា លោក រត័ន តាតា ឧបត្ថម្ភថវិកា ១៥០០ ក្រូរូពី (២០០លានដុល្លារ) ដើម្បីទប់ស្កាត់កូរ៉ូណា

លោក រត័ន តាតា អគ្គនាយកក្រុមហ៊ុនតាតា ។ រូបភាព៖ livemint

លោកវិទូ | ថ្ងៃ ២᧧៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ៣០ មីនា ២០២០

ទីក្រុងមុម្បៃ៖ មហាសេដ្ឋីឥណ្ឌា លោក រត័ន តាតា (Ratan Tata) អគ្គនាយកក្រុមហ៊ុនតាតាគ្រុប (តាតាត្រាស្ត និងតាតាសាន់) បានក្រាសនៅលើបណ្ដាញអ៊ីនស្តាក្រាម កាលពីថ្ងៃសៅរ៍ (២៨ មីនា) សន្យាឧបត្ថម្ភថវិកាចំនួន ១៥០០ ក្រូរូពី ត្រូវជាប្រមាណ ២០០ លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ នៅប្រទេសឥណ្ឌា ។

ថវិកាទាំងនេះនឹងត្រូវបានប្រើប្រាស់ សម្រាប់ផ្គត់ផ្គង់ឧបករណ៍ការពារដល់បុគ្គលិកពេទ្យ ឧបករណ័ប្រព័ន្ធដង្ហើមសម្រាប់ព្យាបាលករណី ដែលកំពុងកើនឡើង ឧបករណ៍ធ្វើតេស្តដើម្បីបង្កើនការធ្វើតេស្តនៅក្នុងប្រទេស និងរៀបចំកន្លែងព្យាបាលសម្រាប់អ្នកដែលបានឆ្លងវីរុសនេះរួចហើយ ។ ក្រុមនេះក៏បាននិយាយផងដែរថា ខ្លួននឹងបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល និងសាធារណជនទូទៅ ដើម្បីឲ្យពួកគេបានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា ។

លោក រត័ន តាតា បានមានប្រសាសន៍ថា «ធនធានសង្គ្រោះបន្ទាន់ចាំបាច់ ត្រូវបានប្រើប្រាស់ដើម្បីទប់ទល់នឹងតម្រូវការនៃការប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ១៩ ដែលជាបញ្ហាដ៏លំបាកបំផុតមួយដែលមនុស្សជាតិកំពុងប្រឈម» ។ តាតាសាន់ ដែលកាន់កាប់ក្រុមហ៊ុនតាតាគ្រុប បានប្រកាសគាំទ្រទឹកប្រាក់ចំនួន ១០០០ ក្រូរូពី បន្ថែមទៀតដល់ការប្រយុទ្ធប្រឆាំងកូវីដ១៩ និងសកម្មភាពដែលពាក់ព័ន្ធ និងបន្ថែមលើប្រាក់ ៥០០ ក្រូរូពី ដែលសន្យាដោយក្រុមហ៊ុនតាតាត្រាស្ត ប៉ុន្មានថ្ងៃមុន ។

ក្រុមហ៊ុនក៏បានប្រកាសផងដែរថា ខ្លួនកំពុងបង្កើនសមត្ថភាពផលិតកម្ម ដើម្បីផលិតម៉ាស់ឲ្យបាន ១០០.០០០ មុខជារៀងរាល់ថ្ងៃ ព្រមទាំងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) មួយចំនួនធំ ដូចជាសម្លៀកបំពាក់កំផ្លេ និខោអាវ សម្រាប់បុគ្គលិកសុខាភិបាលរបស់ប្រទេស ដើម្បីជួយពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈម ដែលបង្កឡើងដោយមេរោគឧត្បាតកូវីដ១៩ ។

ថ្មីៗនេះ លោក អក្ស័យ កុមារ ជាតារាភាពយន្តប៊ូលីវូដដ៏មានប្រជាប្រិយមួយរូប ក៏បានសន្យានៅលើបណ្ដាញធ្វីតទ័ររបស់ខ្លួនថា នឹងបរិច្ចាគប្រាក់ចំនួន ២៥ ក្រូរូពី ស្មើនឹងជាង ៣,៣ លានដុល្លារសហរដ្ឋអាម៉េរិកផងដែរ សម្រាប់មូលនិធិសង្គ្រោះបន្ទាន់របស់លោកនាយករដ្ឋមន្ត្រី នរេន្ទ្រ មោទី ដើម្បីប្រយុទ្ធប្រឆាំនឹងការរាតត្បាតមេរោគកូរ៉ូណា នៅក្នុងប្រទេសឥណ្ឌា ។

មេរោគកូវីដ១៩កំពុងរាតត្បាតពាសពេញពិភពលោក ដែលអ្នកឆ្លងចំនួនជាង ៧២ ម៉ឺននាក់ ស្លាប់ជាង ៣ ម៉ឺននាក់ ដែលជាសោកនាដកម្មដ៏ធំបំផុតមួយក្នុងលោក ។ ប្រទេសឥណ្ឌាដែលមានប្រជាជនជាង ១៣០០ លាននាក់ ក៏កំពុងប្រឈមនឹងការរីករាលដាលមេរោគនេះដែរ ។ ត្រឹមរសៀលថ្ងៃនេះ ឥណ្ឌាមានអ្នកឆ្លងមេរោគកូវីដ១៩ចំនួន ១១៩២ ជាសះស្បើយចំនួន ១០២ នាក់ និងស្លាប់ចំនួន ២៩ ។ ឥណ្ឌាបានប្រកាសបិទប្រទេសទាំងមូលចំនួន ២១ ថ្ងៃចាប់តាំងពីថ្ងៃទី ២៥ មីនា ដល់ ១៥ មេសា ដើម្បីទប់ស្កាត់ការរាតត្បាតមេរោគកូវីដ១៩ ។

ទន្ទឹមនឹងនេះ ការបិទប្រទេសនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាជនក្រីក្រ និងកម្មករចំណាកស្រុករាប់ម៉ឺននាក់ផងដែរ ដោយអ្នកខ្លះត្រូវដើរដាច់បាយដាច់ទឹក ត្រលប់ទៅស្រុកកំណើតខ្លួនវិញដោយថ្មើរជើង ព្រោះគ្មានសេវាដឹកអ្នកដំណើរសាធារណៈ នៅក្នុងកំឡុងពេលនេះ ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment