វីរុសកូរ៉ូណា និងករុណាធម៌ (ឥណ្ឌា៦២ កម្ពុជា៣) - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Thursday, March 12, 2020

វីរុសកូរ៉ូណា និងករុណាធម៌ (ឥណ្ឌា៦២ កម្ពុជា៣)

ព្រះសង្ឃនិមន្តដោយមានពាក់ម៉ាស់ការពារការឆ្លងមេរោគកូរ៉ូណា​ដែលផ្ទុះឡើងនៅទីក្រុងវូហាន ប្រទេសចិន។ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីសុខភិបាលបានប្រកាសថា នៅកម្ពុជាមានករណីឆ្លងមេរោគទី៣លើជនជាតិអង់គ្លេសម្នាក់ ។ Photo VOA/AP

លោកវិទូ | ថ្ងៃ ៥᧴៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១២ មីនា ២០២០

ប្រជាជនទូទាំងពិភពលោក កំពុងតែភ័យខ្លាចមេរោគកូរ៉ូណាវីរុស ឬកូវីដ-១៩ ដែលផ្ទុះចេញពីក្រុងវូហាន ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩ និងកំពុងរីករាលដាលពាសពេញពិភពលោក ។ មនុស្សគ្រប់គ្នាព្រួយបារម្ភពីការឆ្លងនេះ ហើយនាំគ្នាទិញរបស់បង្ការមានម៉ាស់ជាដើម ។ តែព័ត៌មានថាម៉ាស់ត្រូវបានដើមឡើងថ្លៃលើសពីធម្មតា ដែលជាការឆក់ឱកាសរកស៊ី ។ តើការធ្វើនេះជាការគួរដែរឬទេ? តើករុណាធម៌បាត់ទៅណាអស់ហើយ?

បច្ចុប្បន្នភាពវីរុសកូរ៉ូណា, កូវីដ-១៩ (Covid-19)

ម្សិលមិញនេះ អង្គការសុខភាពពិភពលោក (WHO/អ.ស.ព.) បានប្រកាសអាសន្ន និងបានចាត់ទុកវីរុសកូរ៉ូណា (វីរុស-១៩) ជាជំងឺដែលរាលដាលពេញពិភពលោក ដែលគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង ។

«អង្គការសុខភាពពិភពលោកបាននិងកំពុងវាយតម្លៃការផ្ទុះឡើងនេះ ២៤ ម៉ោងលើ ២៤ ម៉ោង ហើយយើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកម្រិតនៃការរាលដាល និងភាពធ្ងន់ធ្ងរ និងកម្រិតនៃភាពអសកម្ម (របស់ប្រទេសមួយចំនួន ដោយមើលស្រាលវីរុសនេះ) ។»

«ដូច្នេះយើងបានធ្វើការវាយតម្លៃថា វីរុសកូវីដ-១៩ អាចត្រូវបានចាត់ទុកថាជាជំងឺរាតត្បាតពេញពិភពលោក ។»

អ.ស.ព. បានធ្វើការសង្កត់ធ្ងន់ថា ការប្រកាសប្រើពាក្យថា «រោគរាតត្បាត» (pandemic) នេះមិនមែនជាពាក្យដែលត្រូវប្រើដោយស្រាលឬដោយធ្វេសប្រហែសឡើយ ព្រោះប្រើខុសអាចធ្វើឲ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើង ។

អង្គការនេះបានបញ្ជាក់ទៀតថា «យើងមិនដែលឃើញពីការឆ្លងរាតត្បាត ដែលបង្កឡើងដោយវីរុសកូរ៉ូណាពីមុនមកទេ ។» បន្ថែមទៀតថា «នេះជារោគរាតត្បាតដំបូងបង្អស់ ដែលបណ្តាលមកពីវីរុសកូរ៉ណា ។»

អ.ស.ព. បានបញ្ជាក់ទៀតថា ជំងឺរាតត្បាត តែកើតឡើងហើយ មិនដែលអាចទប់ថ្កាត់បានភ្លាមៗដែរ ។

«ហើយយើងក៏មិនដែលឃើញពីជំងឺរាតត្បាត ដែលអាចគ្រប់គ្រងបាន ក្នុងពេលតែមួយដែរ ។»

ការចាត់ចំណាត់ថ្នាក់វីរុសកូវីដ-១៩ថា ស្ថិតនៅក្នុងដំណាក់កាលរាតត្បាតបែបនេះ ធ្វើឲ្យវីរុសកូវីដ-១៩នេះ ស្ថិតនៅក្នុងប្រភេទវីរុសឆ្លងនិងរីករាលដាល ដូចមេរោគវីរុសអេដស៍/ហ៊ីវ (AIDS/HIV) ដែរ ។
អ្នកឆ្លងវីវុសកូវីដ-១៩ នេះកាន់តែធ្ងន់ធ្ងរទៅ ។ មកពេលដល់នេះមានអ្នកផ្ទុកវីរុសនេះចំនួន ១២៦២៩៣ នាក់ អ្នកស្លាប់ចំនួន ៤៦៣៣ នាក់ និងជាសះស្បើយវិញចំនួន ៦៨២៨៦ នាក់ ។ នៅក្នុងនោះ ប្រទេសចិនដែលជាប្រភពដើមនៃវីរុសកូវីដ១៩នេះ មានអ្នកឆ្លងចំនួន ៨០៧៩៦ នាក់ និង អ្នកស្លាប់ចំនួន ៣១៦៩ តែអ្នកឆ្លងថ្មីហាក់ចុះថយនៅចំនួន ១៨ ក្នុងមួយថ្ងៃ និងមានអ្នកជាសះស្បើយវិញចំនួន ៦២៨០១ នាក់ ។

ដោយឡែក គិត្រឹមថ្ងៃទី១២ មីនានេះ រីរុសនេះកំពុងរាតត្បាតខ្លាំងឡើង នៅក្នុងប្រទេសមួយចំនួនដូចជា អ៊ីតាលី (១២៤៦២នាក់) អ៊ីរ៉ង់ (៩០០០នាក់) កូរ៉េខាងត្បូង (៧៨៦៩នាក់) បារាំង (២២៨១នាក់) អេស្ប៉ាញ (២២៧៧នាក់) អាឡឺម៉ង់ (១៩៦៦នាក់) សហរដ្ឋអាម៉េរិក (១៣២២នាក់) ជប៉ុន (៦៣៩នាក់) សិង្ហបុរី (១៧៨នាក់) ម៉ាឡេស៊ី (១៤៩នាក់) អូស្ត្រាលី (១៣៩នាក់) ហុងកុង (១២៦នាក់) កាណាដា (១០៩នាក់) ថៃ (៥៩នាក់) ហ្វីលីពីន (៤៩នាក់) តៃវ៉ាន់ (៤៩នាក់) វៀតណាម (៣៨នាក់) ឥណ្ឌូនេស៊ី (៣៤នាក់) ។ (worldometer.info)

ប្រទេសឥណ្ឌាវិញ មានអ្នកឆ្លងកើនឡើងយ៉ាងឆាប់រហ័ស មានចំនួន ៦២នាក់ហើយ (ជាវិញ៤នាក់) ។ ប្រទេសកម្ពុជាវិញ មានអ្នកឆ្លងកើនដល់ ៣ នាក់; ករណីចុងក្រោយគឺ ស្រីជនជាតិអង់គ្លេសម្នាក់ ដែលចុះពីនាវាទេសចរណ៍ ពីប្រទេសវៀតណាម ។ កោះស្រីលង្កានៅ ២ នាក់ដដែល ។ នេប៉ាល់មានម្នាក់ និងភូតានមានម្នាក់ និងប្រទេសច្រើនទៀតសរុបទាំងអស់ចំនួន ១២៤ ប្រទេសនិងតំបន់ ទូទាំងពិភពលោក ។

ប្រទេសជាច្រើនបានចាត់វិធានការតឹងរឹងមួយចំនួន តាមរយៈការផ្អាកការធ្វើដំណើររវាងប្រទេសដែលបានប៉ះពាល់ ។ ថ្ងៃនេះ សហរដ្ឋអាម៉េរិកប្រកាសបិទការធ្វើដំណើរទាំងអស់ពីអឺរ៉ុប ចំនួន ៣០ ថ្ងៃ ។

ប្រទេសអ៊ីតាលី បានបិទសកម្មភាពពាណិជ្ជកម្ម ការិយាល័យ ហាងកាហ្វេ ហាងលក់ទំនិញ ទាំងស្រុងនៅក្នុងប្រទេស នៅសល់តែការធ្វើដំណើរទៅមកក្នុងស្រុកតែប៉ុណ្ណោះ (Italy shuts down) ។

ត្រឹមថ្ងៃនេះ ឥណ្ឌាបានប្រកាសព្យួរទិដ្ឋាការទាំងអស់ លើកលែងតែទិដ្ឋាការការទូត រហូតដល់ថ្ងៃទី១៥ មេសា ។ អ្នកធ្វើដំណើរដែលត្រលប់ពីប្រទេសក្រៅវិញទាំងអស់ ត្រូវដាក់ឲ្យនៅដោយឡែក យ៉ាងហោចណាស់ចំនួន ១៤ ថ្ងៃ ។

គួរឲ្យចម្លែក ខណៈនេះ ប្រទេសកម្ពុជាមិនទាន់មានការប្រកាសបិទច្រកអន្តរជាតិណាមួយទេ ។ ប៉ុន្តែក្រោយពីមានជនជាតិជប៉ុនម្នាក់ធ្វើតេស្តវិជ្ជមាន ក្រោយពីចេញពីខេត្តសៀមរាប ដល់ព្រលានយន្តហោះទីក្រុងហូជីមីញ (ព្រៃនគរ) វៀតណាមក៏បានរឹតបន្តឹងអ្នកធ្វើដំណើរពីប្រទេសកម្ពុជា ដោយតម្រូវឲ្យបំពេញទម្រង់ប្រកាសសុខភាពជាចាំបាច់ ។ រីឯថៃក៏រឹតបន្ដឹងអ្នកធ្វើដំណើរពីប្រទេសកម្ពុជាដែរ ។

ដូច្នេះ ប្រទេសជិតខាងកំពុងគិតថា ប្រទេសកម្ពុជាជាចំណុចគ្រោះថ្នាក់ ដែលអាចចម្លងវីរុសនេះ ទៅកាន់ប្រទេសខ្លួនបានយ៉ាងងាយ ។ ទន្ទឹមនឹងនេះ សម្រាប់វិធានការភ្លាមៗ កម្ពុជាគួរផ្អាកជើងហោះទៅមក រវាងប្រទេសដែលមានកំពុងប៉ះពាល់ដោយមេរោគឧត្បាតនេះ បណ្ដោះអាសន្នមួយរយៈសិន ដើម្បីគេមានទំនុកចិត្តចំពោះកម្ពុជាឡើងវិញ ។
សកម្មភាព​ចែក​ម៉ាស់​ដល់​កម្មករ​នាពេល​កន្លងមក​ ។ រូប ហ្វេសប៊ុក CUMW

វីរុសកូរ៉ូណា និងករុណាធម៌

ខណៈវីរុសកូវីដ-១៩ កំពុងតែរាតត្បាតពេញបន្ទុក យើងក៏ឃើញមានការតម្លើងថ្លៃម៉ាស់ពេទ្យ (medical / surgical masks) ពាក់សម្រាប់ការពារការឆ្លងវីរុសនេះ ។ ករណីបែបនេះមិនមែនជារឿងលើកទី១ទេ គឺតែងតែកើតឡើងអ៊ីចឹងជាហូរហែមក ដែលបង្ហាញថាជារឿង «ឱកាសនិយម» ។ ព្រោះហេតុនេះ ក៏មានការជម្រុញឲ្យផលិត និងប្រើប្រាស់ «ម៉ាស់ក្រមា» ដែលមិនមានលក្ខណៈវេជ្ជសាស្ត្រត្រឹមត្រូវ ។ តើមានការសិក្សាស្រាវជ្រាវណា ដែលបង្ហាញថា «ម៉ាស់ក្រមា» អាចការពារវីរូសកូវីដ-១៩បានដែរឬទេ? ប្រហែលមានមតិខ្លះថា «ចេះតែប្រើៗទៅគ្រាន់បើជាងអត់» ។ តែចូរកុំគិតថា វាអាចការពារវីរុស-កូវីដ-១៩ បានឲ្យសោះ ។ វាមានភាពល្អិតសុខុមណាស់ ដែលក្រមាមិនអាចការពារបានឡើយ សូម្បីម៉ាស់ពេទ្យ ក៏មិនប្រាកដថាអាចការពារបាន ១០០% ផង ។

បងប្អូនត្រូវគិតថា វីរុសរាតត្បាតនេះ គឺជាគ្រោះអាសន្ន ដូចជាគ្រោះថ្នាក់ធម្មជាតិ មានគ្រោះទឹកជំនន់ជាដើមអ៊ីចឹងដែឬ ។ ពេលមានគ្រោះទឹកជំនន់ យើងតែងធ្វើជំនួយឧបត្ថម្ភជាសម្ភារៈ និងការលើកទឹកចិត្តជាដើម ដោយសេចក្តីអាណិត ពេលមានគ្រោះភ័យ ។ ដូច្នេះ ករណីកូវីដ-១៩នេះ ក៏ប្រហាក់ប្រហែលគ្នាដែរ ។ រឿងដែលគួរធ្វើគឺ ត្រូវចែកម៉ាស់ឲ្យដោយឥតគិតថ្លៃ ទើបត្រឹមត្រូវ ព្រោះវីរុសនេះវាអាចឆ្លង រីករាលដាលយ៉ាងលឿន រួមទាំងអ្នកលក់ម៉ាស់និងក្រុមគ្រួសាររបស់ខ្លួនផងដែរ ។ វាគ្រោះថា្នក់ណាស់ !

មេត្តាករុណាធម៌ជាពុទ្ធឱវាទ ដែលយើងជាពុទ្ធបរិស័ទ គួរគោរពប្រតិបត្តិនិងធ្វើឲ្យចម្រើនឡើងក្នុងសន្ដានចិត្ត ។ យើងគួរមានករុណាធម៌ចំពោះមនុស្សជាតិទាំងឡាយទាំងពួង ដោយមិនត្រូវគិតតែពីផលប្រយោជន៍ រយៈពេលខ្លីនោះឡើយ ។ ម្យ៉ាងទៀត បើអ្នកដទៃអាចការពារជំងឺឆ្លងនេះបានទាន់ពេល នោះវានឹងមិនអាចឆ្លងដល់ខ្លួនឯងបានផង ។ ដូច្នេះ ជួយគេគឺដូចជាជួយខ្លួនឯងអ៊ីចឹងដែរ ។

ព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថា ការមិនមានរោគជាលាភដ៏ប្រសើរ (អារោគ្យបរមា លាភា) ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment