សំពះ ឬប្រណាម៖ ក្នុងបរិបទវីរុសកូវីដ-១៩ លក្ខណៈការទូត និងលក្ខណៈប្រពៃណី - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Thursday, March 12, 2020

សំពះ ឬប្រណាម៖ ក្នុងបរិបទវីរុសកូវីដ-១៩ លក្ខណៈការទូត និងលក្ខណៈប្រពៃណី

គូភរិយាស្វាមីសំពះគ្នា ក្នុងពិធីមង្គលការ (ឆ្វេង) នារីអ្នកទទួលភ្ញៀវនមស្ការ នៅសណ្ឋាគារទំនើបមួយ (ស្ដាំ) ។ Photos Wikipedia Commons

លោកវិទូ | ថ្ងៃ ៥᧴៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១២ មីនា ២០២០

ព្រះតេជព្រះគុណ យុន ប៊ុនយ៉ុម និយាយអំពីអត្ថន័យ និងអនុវត្តន៍នៃឥរិយាបថ «សំពះ» (ខ្មែរ) និង «ប្រណាម» ឬ «នមស្តេ» (ឥណ្ឌា) ក្នុងបរិបទបច្ចុប្បន្ន នៃការរីករាលដាលនៃវីរុសកូវីដ-១៩, និងការអនុវត្តជាលក្ខណៈការទូត និងជាលក្ខណៈប្រពៃណី ។

សំពះ ឬប្រណាម (प्रणाम)

ដោយសារជំងឺកូវីដ-១៩រីកសាយភាយទូទាំងសាកលលោក និងមេដឹកនាំរបស់ឥណ្ឌាលោកនរេន្ទ្រៈ ម៉ូឌី ឲ្យប្រជាពលរដ្ឋឥណ្ឌាទូទាំងពិភពលោកប្រើឥរិយាបថ នមស្តេ (សំពះ) គ្នាទៅវិញទៅមក ដូចដែលលោកប្រើវិធីការស្វាគមន៍ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ “នមស្តេ ត្រាំ” នៅរដ្ឋគុជរ័ត នៅឆ្នាំ២០២០ ។ ដោយឡែក សម្តេចតេជោរបស់កម្ពុជាបានឲ្យប្រជាពលរដ្ឋកម្ពុជា បង្ហាញនូវវប្បធម៌គោរពគ្នាដោយការសំពះគ្នានេះផងដែរ ដើម្បីបញ្ចៀសនូវការឆ្លងជំងឺកូរ៉ូណា ឬកូវីដ-១៩ ។ មេដឹកនាំទាំងនោះបានលើកឡើងនូវការសំពះ និងគោរពគ្នាតាមបែបប្រពៃណីរបស់ខ្លួន ។

សំពះ ឬលើកដៃប្រណាមជាប្រពៃណី នៃការស្វាគមន៍របស់ជនជាតិឥណ្ឌា ។ ប្រពៃណីនេះ គេឃើញមាននៅក្នុងឧបទ្វីបឥណ្ឌា និងតំបន់ផ្សេងៗនៃអាស៊ីអាគ្នេយ៍ ជាពិសេសគឺក្នុងចំណោមប្រទេស ដែលគោរពប្រតិបត្តិសាសនារបស់ឥណ្ឌាទាំងព្រះពុទ្ឋសាសនា និងព្រហ្មញ្ញសាសនា (ហិណ្ឌូ) ។ ការសំពះក្នុងឥរិយាបថសាសនា គឺសម្តែងនូវការគោរពចំពោះព្រះរតនត្រៃ និងអាទិទេព និងឥរិយាបថក្នុងសង្គមគឺ ការស្វាគមន៍គ្នា និងការលាគ្នា ។ នៅក្នុងអក្សរសាស្ត្រវេទៈ និង គម្ពីរឫគវេទៈ គេហៅថា អញ្ជលីមុទ្រៈ ឬប្រណាមាសនៈ (ប្រណាម+អាសនៈ) ។

នៅក្នុងសាសនាហិណ្ឌូ គេប្រើពាក្យ “នមស្តេ ឬនមស្ការ ឬនមស្ការំ” គឺបង្ហាញនូវការគោរព និងការស្វាគមន៍ ចំពោះគ្នា និងគ្នា ។ ពាក្យ “នមស្តេ” មកពីពាក្យ នមាស និង តេ ។ នមាស មានន័យថា ការគោរព ឬសំពះ និងពាក្យថា “តេ ឬត្វំ” មានន័យថា “អ្នក” អត្ថន័យរួមគឺ “សូមគោរពអ្នក” គឺការឆ្លុះបញ្ចាំងនូវការគោរពអាត្ម័នក្នុងខ្លួន របស់អ្នកសម្រាប់សាសនាហិណ្ឌូ និងពោធិសត្វៈឬពោធិសត្តៈ (ភាពជាព្រះពោធិសត្វ) ក្នុងខ្លួនរបស់អ្នក សម្រាប់ពុទ្ឋសាសនិកជនសម្តែងនូវការគោរពដល់គ្នានិងគ្នា ។ អត្ថន័យម្យ៉ាងទៀត “ខ្ញុំឈប់បៀតបៀនអ្នកហើយ ខ្ញុំបានឃើញនូវពោធិត្វៈក្នុងខ្លួនរបស់អ្នកហើយ” ។ នៅលោកខាងលិច ការចាប់រលាក់ដៃគ្នា បានវិវត្តពីការបង្ហាញចេញនូវមិត្តភាព សន្តិភាពនិងសុវត្ថិភាព គឺការទំលាក់អាវុធចុះ មកចាប់ដៃគ្នា សាងមិត្តភាព វាជាមូលដ្ឋានសម្រាប់បង្កើតទំនាក់ទំនងដ៏ប្រពៃក្នុងសង្គម ។ 

សំពះជាប្រពៃណីដ៏ល្អមួយរបស់ជនជាតិខ្មែរយើង ដែលបានទទួលឥទ្ឋិពលសាសនាទាំងពីររបស់ឥណ្ឌាព្រហ្មញ្ញសាសនា និងព្រះពុទ្ឋសាសនា ។ ការសំពះរបស់ជនជាតិខ្មែរយើង មាន៥សណ្ឋានគឺ ១)សំពះត្រឹមដើមទ្រូង សម្រាប់អ្នកដែលមានវ័យ ឬឋានៈស្មើគ្នា ។ ២)សំពះត្រឹមបបូរមាត់សម្រាប់អ្នកមានឋានៈខ្ពសជាង ឬវ័យចាស់ជាង ។ ៣)សំពះត្រឹមចុងច្រមុះ សម្រាប់អ្នកមានគុណ ជីដូន ជីតា ឬគ្រូបាធ្យាយ ។ ៤)សំពះត្រឹមប្រជុំចិញ្ចឹម សម្រាប់ព្រះសង្ឃ ឬព្រះមហាក្សត្រ ។ ៥)សំពះត្រឹមថ្ងាសសម្រាប់ព្រះរតនត្រៃ ឬអាទិទេពជាដើម ៕

អត្ថបទដោយ៖ ព្រះតេជព្រះគុណ យុន ប៊ុនយ៉ុម
សមណនិស្សិតជាន់ខ្ពស់ នៃសាកលវិទ្យាល័យព្រះពុទ្ធគោតម ទីក្រុងណយអ៊ីដា ប្រទេសឥណ្ឌា ។
ប្រភព៖ https://www.facebook.com/yon.bunyom/posts/2339459822823424

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment