ប៉ូលីសតាមទាន់ទេសចរបរទេសដើរលេងនៅទីក្រុងឫសិកេស រំលោភច្បាប់ការបិទប្រទេសឥណ្ឌា, ដាក់ទណ្ឌកម្មឲ្យសរសេរ «ខ្ញុំសូមទោស» ៥០០ ដង - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, April 13, 2020

ប៉ូលីសតាមទាន់ទេសចរបរទេសដើរលេងនៅទីក្រុងឫសិកេស រំលោភច្បាប់ការបិទប្រទេសឥណ្ឌា, ដាក់ទណ្ឌកម្មឲ្យសរសេរ «ខ្ញុំសូមទោស» ៥០០ ដង

ទេសចរបរទេសប៉ូលីសចាប់បានពេលកំពុងដើរលេង នៅទីក្រុងឫសិកេស រដ្ឋឧត្តរខណ្ឌ ភាគខាងជើងប្រទេសឥណ្ឌា ។ រូបភាព៖ Twitter

លោកវិទូ | ថ្ងៃ ២៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៣ មេសា ២០២០

ភ្ញៀវទេសចរបរទេស ១០ នាក់ត្រូវបានគេតាមទាន់ ពេលកំពុងដើរលេងនៅទីក្រុងឫសិកេស ភាគខាងជើងប្រទេសឥណ្ឌា ដោយរំលោភបទបញ្ជាបិទប្រទេសទាំងមូល ។ មន្ត្រីប៉ូលីសក្នុងតំបន់ម្នាក់បាននិយាយថា ការដាក់ទណ្ឌកម្មមិនធម្មតាត្រូវបានធ្វើឡើងដើម្បីឲ្យពួកគេរាងចាល ។

មន្ត្រីប៉ូលីសបាននិយាយកាលពីថ្ងៃអាទិត្យថា ជនបរទេសចំនួន ១០ នាក់ដែលមិនគោរពតាមបទបញ្ជាបិទប្រទេស ដើម្បីទប់ស្កាត់ការរាតត្បាតវីរុសកូរ៉ូណា ក្នុងទីក្រុងឥណ្ឌាមួយដែលល្បីល្បាញដោយក្រុមតន្ត្រីរ៉ុក Beatles ត្រូវបានបង្ខំឲ្យសម្ដែងវិប្បដិសារីដោយសរសេរថា «ខ្ញុំសូមទោស» ចំនួន ៥០០ ដង ។

ការបិទនៅទូទាំងប្រទេសត្រូវបានប្រកាសនៅជិតចុងខែមីនា ដោយអនុញ្ញាតឲ្យអ្នកស្រុកចាកចេញពីផ្ទះរបស់ពួកគេបាន សម្រាប់តែសេវាកម្មចាំបាច់ដូចជាទិញគ្រឿងទេសនិងថ្នាំប៉ុណ្ណោះ ។

អ្នកដំណើរទេសចរ ដែលមកពីប្រទេសអ៊ីស្រាអែល ម៉ិកស៊ិក អូស្រ្តាលី និងអូទ្រីស ត្រូវបានគេតាមទាន់ ពេលកំពុងដើរលេងនៅភាគខាងជើងនៃប្រទេសឥណ្ឌា ដែលជាកន្លែងដែលក្រុមតន្ត្រីរ៉ុក Beatles បានទៅស្វែងរកបុណ្យបារមី នៅអាស្រមមួយ ក្នុងឆ្នាំ ១៩៦៨ ។

មន្ត្រីប៉ូលីសក្នុងតំបន់ឈ្មោះ វិនោទ សម៌ា បាននិយាយថា ពួកគេម្នាក់ៗត្រូវបានបង្ខំឲ្យសរសេរថា «ខ្ញុំមិនបានធ្វើតាមច្បាប់នៃការបិទប្រទេសទេ ដូច្នេះខ្ញុំសូមទោស» ចំនួន ៥០០ ដង ។

លោក សម៌ា បាននិយាយថា ទេសចរបរទេសជាង ៧០០ នាក់មកពីសហរដ្ឋអាម៉េរិក អូស្រ្តាលី ម៉ិកស៊ិក និងអ៊ីស្រាអែល ដែលកំពុងស្នាក់នៅក្នុងតំបន់នោះ បានរំលោភបទបញ្ជាដាក់បិទប្រទេស ហើយគាត់បន្ថែមថា ទណ្ឌកម្មដែលមិនធ្លាប់មានបែបនេះ គឺដាក់ចំពោះពួកគេដើម្បីឲ្យរាងចាល ។

ប៉ូលីសបាននិយាយថា ពួកគេនឹងដឹកនាំសណ្ឋាគារនៅតំបន់នោះ ឲ្យអនុញ្ញាតឲ្យភ្ញៀវបរទេសអាចដើរចេញបាន លុះត្រាតែមានអ្នកទៅតាម ដែលជាអ្នកស្រុកក្នុងតំបន់ ។ បើម្ចាស់សណ្ឋាគារណាមិនគោរពតាមបទបញ្ជានេះទេ នឹងត្រូវចាត់ការតាមច្បាប់ ។

ប៉ូលីសឥណ្ឌាបានបង្កើតនូវវិធីសាស្រ្តប្លែកៗ ដើម្បីលើកទឹកចិត្តប្រជាជនឲ្យស្នាក់នៅក្នុងផ្ទះ ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺដ៏ប្រល័យ រួមមានការពាក់មួកសុវត្ថិភាព ដែលមានរាងដូចវីរុសកូរ៉ូណាជាដើម ។
ប៉ូលីសឥណ្ឌាពាក់មួកដែលមានរាងដូចវីរុសកូរ៉ូណា បើកម៉ូតូល្បាតដើម្បីផ្សព្វផ្សាយការយល់ដឹង ពីការរីករាលដាលនៃជំងឺកូរ៉ូណា នៅទីក្រុងហៃដារ៉ាបាដ, ២ មេសា ២០២០ ។ រូបភាព៖ AP
ប៉ុន្តែមន្រ្តីប៉ូលីសនៅក្នុងរដ្ឋមួយចំនួនត្រូវបានគេឃើញ នៅក្នុងវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបានវាយដំអ្នកបើកបរនៅលើដងផ្លូវ និងឲ្យមនុស្សដើរចេញក្រៅផ្ទះអំឡុងពេលនៃការបិទប្រទេស អាវ៉ង់និងលោតកង្កែបទុកជាការដាក់ទណ្ឌកម្ម ។

កាលពីថ្ងៃអាទិត្យប៉ូលីសបាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស ៩ នាក់ដែលបានរំលោភបទបញ្ជាបិទប្រទេស បន្ទាប់ពីពួកគេបានកាត់ដៃរបស់មន្រ្តីម្នាក់ នៅភាគខាងជើងស្រុកបដិយាលា នៃរដ្ឋបញ្ចាប ។

ក្រុមមន្រ្តីបាននិយាយថា ក្រុមនេះត្រូវបាហៅឲ្យឈប់នៅក្នុងរថយន្ត នៅឯប៉ុស្តិ៍ត្រួតពិនិត្យមួយ ហើយបានបដិសេធមិនវិលត្រលប់ក្រោយវិញតាមការបញ្ជាប៉ូលីស បានបង្កើនល្បឿនហើយបើកទៅបុករបាំងដែក ។

ក្នុងពេលប៉ះទង្គិចក្រុម ជនដៃដល់ម្នាក់ក្នុងចំណោមពួកនោះ បានដកដាវកាប់ដៃប៉ូលីសម្នាក់តែម្តង ។ ប៉ូលីសបាននិយាយថា មន្ត្រី ៦ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារនេះ ។

នាយករដ្ឋមន្រ្តីឥណ្ឌា លោក នរេន្ទ្រ មោទី ត្រូវបានគេរំពឹងថា នឹងពន្យារពេលការបិទទូទាំងប្រទេស សម្រាប់រយៈពេលពីរសប្តាហ៍ទៀត ដែលដើមឡើយគ្រោងនឹងបញ្ចប់នៅថ្ងៃអង្គារស្អែកនេះ ។ ប៉ុន្តែរដ្ឋខ្លះបានប្រកាសពន្យារបម្រាមគោចររួចទៅហើយ ។

កាលពីថ្ងៃអាទិត្យប្រទេសឥណ្ឌាបានរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាជាង ៨.៣០០ ករណី និង ២៧៣ នាក់បានស្លាប់ដោយសារជំងឺនេះ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment