សមណនិស្សិតបរទេសមួយអង្គនៃសាកលវិទ្យាល័យនាលន្ទាបានសុគត ក្នុងកំឡុងពេលនៃការបិទប្រទេសឥណ្ឌា - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, April 30, 2020

សមណនិស្សិតបរទេសមួយអង្គនៃសាកលវិទ្យាល័យនាលន្ទាបានសុគត ក្នុងកំឡុងពេលនៃការបិទប្រទេសឥណ្ឌា

ព្រះសង្ឃមហាយានកំពុងធ្វើពិធីសូត្រធម៌បង្សុកូលមុនបូជាសព នៅទីក្រុងប័ដនា (បត្នៈ) , ២៩ មេសា ២០២០ ។ រូបភាព៖ ហ្វេសប៊ុក ផាម សាញ់ ចាវ

លោកវិទូ | ថ្ងៃ ៥᧩៦ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ | ៣០ មេសា ២០២០ 

ព្រះសង្ឃពុទ្ធសាសនាមហាយានវៀតណាមមួយអង្គ បានធ្លាក់ខ្លួនឈឺនិងបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ក្នុងតំបន់ ដោយមិនអាចបញ្ជូនទៅទីក្រុងញូវដែល្លីបាន ដោយសារការបិទប្រទេសឥណ្ឌាទាំងមូល ហើយបានសុគតទាំងវ័យក្មេងយ៉ាងគួរឲ្យសោកស្ដាយ ។

ព្រះតេជព្រះគុណ ផាន់ ថេ វី ជាសមណនិស្សិតវៀតណាមឆ្នាំទី១ (ឆមាសទី២) នៃមហាវិទ្យាល័យសិក្សាពុទ្ធសាសនា នៃសាកលវិទ្យាល័យនាលន្ទា ទីក្រុងរាជគ្រឹះ រដ្ឋពិហារ ប្រទេសឥណ្ឌា និងជាសមណនិស្សិតអាហារូបករណ៍ ស៊ី.អ៊ិល.អឹម.វី (CLMV) របស់សាកលវិទ្យាល័យនេះ ។

យោងតាមសាររំលែកទុក្ខ ដែលបានចុះផ្សាយលើគេហទំព័រសាកលវិទ្យាល័យនាលន្ទា បានឲ្យដឹងថា ព្រះតេជព្រះគុណ ផាន់ ថេ វី ធ្លាប់មានប្រវត្តិមានជំងឺទឹកនោមផ្អែមជាយូរណាស់មកហើយ ។ នៅក្នុងកំឡុងពេលនៃការបិទប្រទេសទាំងស្រុង សាកលវិទ្យាល័យបានចាប់ឲ្យវេជ្ជបណ្ឌិតប្រចាំសាលា តាមដាននិងត្រួតពិនិត្យសុខភាពនិស្សិត ដែលកំពុងស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន នៃសាកលវិទ្យាល័យជារៀងរាល់ថ្ងៃ ។ លោកវេជ្ជបណ្ឌិតបានដឹងថា ព្រះតេជព្រះគុណ ផាន់ ថេ វី មានជំងឺទឹកនោមផ្អែម និងចុកក្នុងពោះ ។

ឃើញដូច្នេះ សាកលវិទ្យាល័យបានណែនាំឲ្យព្រះតេជព្រះគុណ ផាន់ ថេ វី ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ Ruban Memorial Hospital នៅទីក្រុងប័ដនា (បត្នៈ) នៅថ្ងៃទី១០ ខែមេសា ២០២០ ។ ពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ ព្រះតេជព្រះគុណ ផាន់ ថេ វី ត្រូវបានធ្វើតេស្តមេរោគកូវីដ១៩ តែមានលទ្ធផលអវិជ្ជមាន ។ រដ្ឋបាលសាលាបានអះអាងថា «បានតាមដានការព្យាបាល និងផ្ដល់នូវជំនួយគាំទ្រ ចំពោះសុខមាលភាពរបស់សិស្ស (ព្រះតេជព្រះគុណ ផាន់ ថេ វី )» ។

ជាអកុសលនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នៅវេលម៉ោងប្រហែល ៧:៣០ នាទី ព្រះតេជព្រះគុណ ផាន់ ថេ វី បានសុគតដោយសារការឡើងជាតិស្ករខ្ពស់ ដែលបណ្ដាលមកពីជំងឺទឹកនោមផ្អែម និងជំងឺឱកាសនិយមបីទៀត ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំទីក្រុងញូវដែល្លី លោក ផាម សាញ់ ចាវ បានផ្ញើសាររំលែកទុក្ខ ដែលមានចុះផ្សាយនៅលើគេហទំព័រសាកលវិទ្យាល័យនាលន្ទាថា «កាលពីព្រឹកមិញនេះ ខ្ញុំបានដឹងពីដំណឹងអាក្រក់នេះ ដោយការខូចចិត្ត និងការសោកស្តាយយ៉ាងខ្លាំង ចំពោះវាសនាអកុសល» ។ 

លោក ផាម សាញ់ ចាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការខិតខំប្រឹងប្រែងទាំងអស់ ដែលមន្ត្រីសាកលវិទ្យាល័យបានខិតខំជួយសង្គ្រោះជីវិតព្រះតេជព្រះគុណ និងបញ្ជាក់ថា «ត្រៀមខ្លួនធ្វើការជាមួយអ្នកនៅគ្រាលំបាកនេះ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ក្រុមគ្រួសារសព» ។

យោងតាមការរៀបរាប់ប្រាប់របស់សមណនិស្សិតខ្មែរមួយអង្គ ដែលរួមសាកលវិទ្យាល័យជាមួយគ្នាបានឲ្យដឹងថា «តែបើតាមជនជាតិថៃប្រាប់អាត្មាថា ល្ងាចមួយនោះលោកឮដំណឹងថា ឥណ្ឌាបិទប្រទេសបន្តទៀត លោករួតរះទិញផ្លែឈើ ក៏ដូចជាព្យាយាមដួសយកបង្អែម ផ្លែឈើទៅបន្ទប់លោកយ៉ាងច្រើន ហើយបានពឹងឲ្យជនជាតិថៃនោះជួយយកបន្ថែមឲ្យលោកផង តែថៃនោះបដិសេធ ព្រោះឃើញលោកយកច្រើនហើយ » ។

ព្រះអង្គបានរៀបរាប់ទៀតថា «ក្រោយលោកឆាន់បង្អែមច្រើនពេក បន្តិចក្រោយមកលោកក៏រត់ទៅពេទ្យសាលានៅក្បែរនោះឲ្យពេទ្យជួយថាមិនស្រួលខ្លួនទេ ឡើងជាតិស្ករ រហូតមានជាតិស្ករខ្លាំងក្នុងឈាមទៅទៀត» ហើយក៏សុគតទៅទាំងនៅមានព្រះជន្មក្មេង ២៨-២៩ ឆ្នាំប៉ុណ្ណោះ ។ទោះជាយ៉ាងណាសារព័ត៌មានជាភាសាវៀតណាមមួយ បានចុះផ្សាយអំពីករណីនេះផងដែរ បើទោះជាមានការហាមឃាត់ពីដំបូងក៏ដោយ ។

សារព័ត៌មានង៉ៃណៃ (ថ្ងៃនេះ) បានចុះផ្សាយថា «ក្នុងពេលជំងឺកំពុងតែរើឡើងធ្ងន់ធ្ងរ ខាងនិស្សិតវៀតណាម នៅទីនោះខំទាក់ទងមកស្ថានទូតវៀតណាមឲ្យនាំយកលោកមកព្យាបាលដែរ តែមិនបានសម្រេច ព្រោះប្រទេសឥណ្ឌា កំពុងស្ថិតនៅក្នុងស្ថានភាពបិទប្រទេស គ្មានយន្តហោះ ឬក្រុមហ៊ុនណាអាចដឹកជញ្ជូនលោកមកបាន ។ ទីបំផុតលោកក៏ដាច់ខ្យល់សុគតទៅ» ។ 

សារព័ត៌មានដដែលបានបន្តទៀតថា «ពេលនេះគ្រួសារចង់បូជាសពលោកនៅទីនោះ តែខាងសាលា គេមិនព្រម គេតម្រូវឲ្យមានអ្នកបួសមកធ្វើកិច្ចសិន មុននឹងបូជាសព ព្រោះពួកនេះជឿថា តាមសាសនាហិណ្ឌូតម្រូវឲ្យមានធ្វើកិច្ចសូត្រធម៌ខ្លះមុនបូជាសព បានអ្នកសុគតអាចស្ងប់ចិត្តទៅចាប់កំណើតបាន តែឥឡូវឥណ្ឌាកំពុងបិទប្រទេសនៅឡើយរហូតដល់ថ្ងៃទី៣ ខែ៥, សួរថា តើរកលោកសង្ឃឯណាជួយការងារនេះបាន!»

តាមប្រភពព័ត៌មានដែលទទួលបានពីនាលន្ទាថា ស្ថានទូតគេឲ្យរក្សាទុករហូតដល់ថ្ងៃទី៦ កាលដំបូងឡើយ ក្រោយមកមានការព្រមព្រាងពីគ្រួសារក៏សម្រេចបូជាម្សិលមិញ (២៩ មេសា) នៅទីក្រុងប័ដនា (បត្នៈ) នោះតែម្ដង ទៅតាមប្រពៃណីពុទ្ធសាសនាមហាយានវៀតណាម ៕

រាយការណ៍បន្ថែមដោយ ព្រះតេជព្រះគុណ ពេជ្រ ផានិត (សាកលវិទ្យាល័យនាលន្ទា, រាជគ្រឹះ) អត្ថបទដោយលោកវិទូ ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment