ព័ត៌មានទាន់ហេតុការណ៍៖ លោកគ្រូ ឡុង សារិន បានចេញលិខិតសុំព្រះរាជទានទោសជាសាធារណៈហើយ - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, April 29, 2020

ព័ត៌មានទាន់ហេតុការណ៍៖ លោកគ្រូ ឡុង សារិន បានចេញលិខិតសុំព្រះរាជទានទោសជាសាធារណៈហើយ

លោកគ្រូ ឡុង សារិន ។ រូបភាព៖ ហ្វេសប៊ុក សាស្ត្រាចារ្យ ឡុង សារិន

លោកវិទូ | ថ្ងៃ ៤᧨៦ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ | ២៩ មេសា ២០២០

លោកគ្រូ ឡុង សារិន បានចេញលិខិតសុំព្រះរាជទានទោសជាសាធារណៈហើយនៅថ្ងៃនេះ មិនយូរប៉ុន្មានក្រោយពីក្រសួងអប់រំចេញលិខិតសម្ដែងនូវការសោកស្ដាយ ។

លោកគ្រូ ឡុង សារិន ជាសាស្ត្រាចារ្យបង្រៀនមុខវិជ្ជាអក្សរសាស្ត្រខ្មែរ បានចេញលិខិតផ្ទាល់ខ្លួន ដើម្បីសូមព្រះរាជទានទោសពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធីបតី និង សម្ដេចព្រះមហាសុមេធាធិបតី ទទួលកំហុសដែលគាត់ «បានពន្យល់អំពីអត្ថន័យប្រៀបធៀបរវាងព្រះសង្ឃគណៈមហានិកាយ និងព្រះសង្ឃគណៈធម្មយុត្តិកនិកាយ ក្នុងមេរៀនវិធីសាស្ត្រតែងសេចក្តី បានបណ្ដាលឲ្យប៉ះពាល់ និងភ័ន្តច្រឡំយ៉ាងធ្ងន់ធ្ងរចំពោះពុទ្ធសាសនិកជន និងមហាជនទូទៅ» ។

«ខ្ញុំព្រះករុណាសូមទទួលយកកំហុសនេះ និងសូមសំដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះអ្វី ដែលបានកើតឡើងដោយអចេតនា និងសុំព្រះរាជទានទោសពីសំណាក់សម្ដេចព្រះមហាសង្ឃរាជ និង សម្ដេចព្រះសង្ឃនាយក នៃគណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជា ។»

«ទូលព្រះបង្គំសូមសន្យាថា នឹងប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការប្រើប្រាស់ពាក្យពេលបង្រៀន និងធ្វើការត្រួតពិនិត្យឲ្យបានត្រឹមត្រូវលើវីដេអូផ្សេងៗទៀត ទើបចាក់បញ្ចាំងជូនសិស្សានុសិស្ស និងសាធារណជន ។»

រាយការណ៍បន្ថែម៖

ក្រោយពីទទួលលិខិតសុំព្រះរាជទានទោសពីលោកគ្រូ ឡុង សារិន និងលិខិតដាច់ដោយឡែកមួយពីកម្មវិធីបង្រៀនតាមអនឡាញ E-School Cambodia ជាសាធារណៈ ទំព័រហ្វេសប៊ុក លេខាធិការដ្ឋានគណៈសង្ឃនាយក បានចេញសារទទួលយកការសុំព្រះរាជទានទោសនេះ និងសូមឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទរក្សាភាពស្ងៀមស្ងាត់ ។

«សូមព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងប្រជាពុទ្ធបរិស័ទគ្រប់រូប ព្រះមេត្តា និងមេត្តាទទួលយក និងរក្សាភាពស្ងៀមស្ងាត់​បញ្ចប់ការលេីកឡេីងពីបញ្ហានេះបន្តទៀត​ សូមព្រះមេត្តា និងមេត្តាជ្រាប» ។

«ឆ្លៀតក្នុងឱកាសនេះ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមជូនពរ ក្រុមហ៊ុន E-School Cambodia និង សាស្រ្តាចារ្យ ឡុង សារិន សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ» ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment