រដ្ឋមន្ត្រីក្រសួងអប់រំ «សូមសំដែងនូវការសោកស្ដាយ ចំពោះខ្លឹមសារមួយផ្នែកនៃវីដេអូបង្រៀនរបស់លោកគ្រូ ឡុង សារិន» - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, April 29, 2020

រដ្ឋមន្ត្រីក្រសួងអប់រំ «សូមសំដែងនូវការសោកស្ដាយ ចំពោះខ្លឹមសារមួយផ្នែកនៃវីដេអូបង្រៀនរបស់លោកគ្រូ ឡុង សារិន»


លោកវិទូ | ថ្ងៃ ៤᧨៦ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ | ២៩ មេសា ២០២០

ឯកឧត្តមបណ្ឌិតសភាចារ្យ  ហង់ជួន ណារ៉ុន បានឆ្លើយតបលិខិតរបស់សម្ដេចព្រះមហាសង្ឃរាជ និងសម្ដេចព្រះសង្ឃនាយក ក្នុងន័យដើម្បីសំដែងនូវការសោកស្ដាយ ចំពោះខ្លឹមសារមួយផ្នែកនៃវីដេអូបង្រៀនរបស់លោកគ្រូ ឡុង សារិន នៅលើបណ្ដាញសង្គមហ្វេសប៊ុក E-School Cambodia ដែលអាចធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នព្រះពុទ្ធសាសនាគណៈមហានិកាយកម្ពុជា ។

នៅថ្ងៃពុធនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ  ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការឆ្លើយតបទៅនឹងលិខិតរបស់គណៈសង្ឃនាយក នៃព្រះពុទ្ធសាសនាគណៈមហានិកាយកម្ពុជា ដែលស្នើឲ្យលោកគ្រូ ឡុង សារិន នៅលើបណ្ដាញសង្គមហ្វេសប៊ុក E-School Cambodia «កែតម្រូវនូវការបង្រៀនរបស់ខ្លួនត្រង់ចំណុចប្រៀបធៀបនេះ និងចេញសុំទោសព្រះសង្ឃ និងពុទ្ធបរិស័ទជាសាធារណៈ» ។

ក្រសួងអប់រំ យុវជន និងកីឡា «សូមសំដែងនូវការសោកស្ដាយ ចំពោះខ្លឹមសារមួយផ្នែកនៃវីដេអូបង្រៀនរបស់លោកគ្រូ ឡុង សារិន ដែលចំណុចមួយចំនួននៃការបកស្រាយរបស់គាត់ អាចជះឥទ្ធិពលដល់ផ្នត់គំនិតយុវជនគ្រប់ជំនាន់ និងពុទ្ធបរិស័ទទូទៅ ចំពោះការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា» ។

ក្រសួងបានបញ្ជាក់ទៀតថា «នឹងលុបចេញ និងកែតម្រូវវីដេអូបង្រៀននៅត្រង់មេរៀននេះឡើងវិញ» និង «ខិតខំពិនិត្យពិច័យនូវរាល់ខ្លឹមសារនៃការបង្រៀនបន្ថែមទៀត ដើម្បីជាគុណភាពនៃការសិក្សារបស់សិស្សានុសិស្សកម្ពុជា» ។

យើងមិនទាន់ទទួលបានព័ត៌មានថា តើគណៈសង្ឃនាយកនឹងប្រតិកម្មយ៉ាងណា ឬទទួលយកខ្លឹមសាររបស់ក្រសួងអប់រំដែរក៏ទេនៅឡើយទេ ។ ព្រោះមកទល់ពេលនេះលោកគ្រួ ឡុង សារិន មិនទាន់ចេញមុខមកធ្វើការបកស្រាយ ឬសុំទោសជាសាធារណៈណាមួយនៅឡើយទេ ខណៈមតិបដិបកនៅលើសង្គមហ្វេសប៊ុក កំពុងតែពុះកញ្ជ្រោលឡើងខ្លាំង ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចព្រះមហាអរិវង្ស បណ្ឌិត ឃី សុវណ្ណរតនា ជាព្រះអគ្គលេខាធិការរងថេរសភាពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជា ព្រះសាកលវិទ្យាធិការរង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ភ្នំពេញ) ដែលបានសរសេរថា «ជីវិតជាអ្នកបួស បើទោះបីធ្វើល្អច្រើនយ៉ាងណាក៏គេមើលមិនសូវឃើញ និងមិនសូវឱ្យតម្លៃឡើយ» ។ 

សម្ដេចសរសេរទៀតថា «ផ្ទុយទៅវិញ បើមានការឆ្គាំឆ្គងតែបន្តិច គឺគេឆាប់មើលឃើញ ចាប់កំហុស និងប្រមាថមាក់ងាយយ៉ាងឆាប់រហ័សដូចផ្លេកបន្ទោរ ។ បុគ្គលជាច្រើនចូលចិត្តណាស់រឿងរិះគន់តិះដៀលព្រះសង្ឃ ប្រៀបដូចក្របីឃើញត្រួយចេកអ៊ីចឹង ប៉ុន្តែគាត់ភ្លេចមើលខ្លួនឯងថា តើអញជាបុគ្គលល្អកម្រិតណាហើយ?» 

ការរិះគន់បែបបន្តុះបង្អាប់ ដែលមិនមានចេតនាកែលម្អបែបនេះ តែងតែកើតឡើងជាញឹកញាប់ចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ (រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ មាត្រា៤៣) ។ ប៉ុន្តែបុគ្គលក្រៅសាសនាខ្លះ ដែលចាំមើលតែឱកាសដើម្បីធ្វើការវាយប្រហារលើបុគ្គល តែបង្កប់ចេតនាអាក្រក់ វាយប្រហារសរុប បានធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃព្រះពុទ្ធសាសនាខ្មែរ និងអន្តរជាតិ ។ ដូច្នេះព្រះសង្ឃងាយនឹងរងការរិះគន់ខ្លាំងណាស់ ព្រោះមតិមហាជនខ្មែរច្រើនតែគិតថា សម្រាប់ព្រះពុទ្ធសាសនា ល្អអាក្រក់គ្រប់យ៉ាងនៅលើតែព្រះសង្ឃទាំងអស់ រីឯខ្លួនជាពុទ្ធបរិស័ទមួយចំនួន (មិនរាប់បុគ្គលក្រៅសាសនា) មិនប្រព្រឹត្តតាមធម៌មានសីលប្រាំជាដើមផង តែបែរជាមករិះគន់ព្រះសង្ឃបន្លំជាន់ឈ្លីព្រះពុទ្ធសាសនាទៅវិញ ។

«រឿងអយុត្តិធម៌បំផុតគឺ នៅពេលគេឃើញបុគ្គលអ្នកបួសណាមួយប្រព្រឹត្តខុសឆ្គង គេតិះដៀលមាក់ងាយអ្នកបួសទាំងអស់ និងយល់ថាអ្នកបួសទាំងអស់ដូចគ្នា ។ និយាយដោយខ្លី “ជីវិតអ្នកបួសផុយស្រួយណាស់ highly vulnerable ងាយគេទម្លាក់កំហុសដាក់ scapegoats និងងាយក្លាយជាជនរងគ្រោះបំផុត being victimized ”» សំណេររបស់សម្ដេច ។

ទោះយ៉ាងណា ក្រសួងអប់រំបាន «ទូលព្រះរាជាអនុញ្ញាតពី សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី និង សម្ដេចព្រះមហាសុមេធាធិបតី ដើម្បីសុំទោសព្រះសង្ឃនិងពុទ្ធសាសនាជាសាធារណៈ» និងសូមសម្ដេចជាអម្ចាស់ទាំងពីរព្រះអង្គ «មេត្តាខន្តីអភ័យទោសចំពោះកំហុសឆ្គងនេះ និងសូមអធ្យាស្រ័យដល់លោកគ្រូ ឡុង សារិន» ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment