គណៈសង្ឃនាយកប្រតិកម្មចំពោះសាស្ត្រចារ្យម្នាក់នៃសាលាបង្រៀនអនឡាញ E-School Cambodia - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, April 28, 2020

គណៈសង្ឃនាយកប្រតិកម្មចំពោះសាស្ត្រចារ្យម្នាក់នៃសាលាបង្រៀនអនឡាញ E-School Cambodia

កិច្ចប្រជុំរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា, ២៨ មេសា ២០០២ ។ រូបភាព៖ ហ្វេសប៊ុក

លោកវិទូ | ថ្ងៃ ៣᧧៦ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ | ២៨ មេសា ២០២០

នៅថ្ងៃអង្គារនេះ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រ បានប្រតិកម្មចំពោះសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរម្នាក់ ដែលបង្រៀនអនឡាញ តាមបណ្ដាញសង្គមហ្វេសប៊ុក របស់ក្រុមហ៊ុនសាលាបង្រៀនអនឡាញ E-School Cambodia ដែលបាននិយាយឡកឡឺយចំពោះព្រះសង្ឃគណៈមហានិកាយ ដែលធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។

យើងពុំទាន់ដឹងថា គណៈសង្ឃនាយកាបានចេញលិខិតប្រតិកម្មចំពោះរឿងនេះនៅឡើយទេ ប៉ុន្តែនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានតមិប្រតិកម្មមួយពីសម្ដេចព្រះមហាអរិវង្ស បណ្ឌិត ឃី សុវណ្ណរតនា ជាព្រះអគ្គលេខាធិការរងថេរសភាពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជា ព្រះសាកលវិទ្យាធិការរង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ភ្នំពេញ) ដែលបានសរសេរថា «គណៈសង្ឃនាយកបានធ្វើលិខិតរួចហើយ ត្រៀមដាក់ទៅសាលា E-School Cambodia ជាកន្លែងដែលគាត់បង្រៀន និងសាមីខ្លួន ឲ្យកែតម្រូវកំហុស និងសុំទោសជាសាធារណៈ» ។

ក្រុមហ៊ុន E-School Cambodia បានចេញលិខិតឆ្លើយស្រាយបំភ្លឺ តែមិនបានទទួលយកអ្វីដែលជាការទាមទារ របស់សម្ដេចព្រះមហាអរិវង្ស បណ្ឌិត ឃី សុវណ្ណរតនា ឬគណៈសង្ឃនាយកទេ ។ លោក អ៊ុយ ប៊ុនតារា អគ្គនាយកក្រុមហ៊ុន E-School Cambodia បានលើកឡើងក្នុងសេចក្តីបំភ្លឺរបស់ខ្លួនថា «ក្រុមហ៊ុន E-School Cambodia សូមសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះអ្វី ដែលបានកើតឡើងនេះ» និងបានបញ្ជាក់ទៀតថា «ក្រុមហ៊ុន E-School Cambodia បានមើលហើយមើលទៀត ស្ដាប់ហើយ ស្ដាប់ទៀតនូវអត្ថន័យវីដេអូឃើញថា ការពន្យល់របស់លោកសាស្ត្រាចារ្យ មិនបានលើកអ្វី ក្នុងន័យបណ្ដុះបង្អាប់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋនៃយើងទេ» ។

នៅល្ងាចថ្ងៃដដែលនេះ គណៈសង្ឃនាយកបានធ្វើកិច្ច​ប្រជុំបន្ទាន់មួយ «​ស្ដីពី​ការ​ការ​ពារ​តម្លៃ​ព្រះ​សង្ឃ​គណៈ​មហា​និកាយ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ពីជន​អគតិដែល​បាន​និយាយ​ប៉ះពាល់​ដល់​ ព្រះ​ពុទ្ធសាសនា​ ជាសាសនា​របស់​រដ្ឋ» ​ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច​ព្រះ​ធម្ម​លិខិត​ បណ្ឌិត​ សៅរ៍​ ចន្ទថុល្ល​ ព្រះ​រាជា​គណៈថ្នាក់​ឯក​ និង​ជា​ឧត្ដម​ប្រឹក្សា​គណៈ​មហា​និកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

យើងពុំទាន់ទទួលបានសេចក្តីសម្រេចណាមួយបន្ថែមទៀតទេ ក្រោយពីកិច្ចប្រជុំនេះ ប៉ុន្តែច្បាស់ណាស់ថា គណៈសង្ឃនាយកមិនទទួលយកបាន នូវសេចក្តីឆ្លើយបំភ្លឺរបស់ក្រុមហ៊ុន E-School Cambodia ទេ ។

ពេលកំពុងសរសេរអត្ថបទព័ត៌មាននេះ គណៈសង្ឃនាយកបានចេញលិខិតជូនរដ្ឋមន្ត្រីក្រសួងអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ទាក់ទង់នឹងករណីខាងលើនេះ ។ នៅក្នុងលិខិតដែលចេញដោយស្ថាប័នកំពូលរបស់ពុទ្ធសាសនាខ្មែរ គឺគណៈសង្ឃនាយក បានរៀបរាប់អំពីពាក្យសម្ដី ដែលលោកសាស្ត្រាចារ្យ ឡុង សារិន បាននិយាយក្នុងវីដេអូឃ្លីបប្រមាណជាង ២ នាទី នៃការបង្រៀនតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ E-School Cambodia ។

«សាស្ត្រាចារ្យ ឡុង សារិន បានបង្រៀនតាមអនឡាញដល់សិស្សានុសិស្ស ត្រង់ចំណុចប្រៀបធៀបរវាងព្រះសង្ឃគណៈមហានិកាយ និងព្រះសង្ឃគណៈធម្មយុត្តិកនិកាយ ដោយក្នុងនោះបង្ហាញពីការបន្តុះបង្អាប់ម្ខាងដល់បាតាល និងលើកម្ខាងដល់កំពូល ដែលផ្ទុយទៅនឹងភាពពិតជាក់ស្ដែងនាពេលបច្ចុប្បន្ន ។»

នៅក្នុងវីដេអូឃ្លីបដែលអ្នកប្រើប្រាស់ហ្វេសប៊ុកចែកចាយតគ្នាជាច្រើនដង សាស្ត្រាចារ្យរូបនេះបាននិយាយថា «មហានិកាយពាក់ស្បែកជើង កាន់ទូរស័ព្ទ អ៊ីចផ្លាស់ (iPhone X Plus) ទៀតណោះ...មានអង្គរក្សទៀត...វិន័យជិះឡានក្រុងដែលគេជិះបានគ្នាច្រើន ដល់ធម្មយុត្តិកនិកាយ វិន័យតឹង សម័យមានលុយហើយកាន់លុយមិនបាន ហើយលោកដើរលើថ្នល់កៅស៊ូថ្នល់ស៊ីម៉ងត៍ ទីក្រុងក៏លោកអត់ប្រើស្បែកជើងដែរ» ។ 

គាត់បន្តទៀតថា «លោកធម្មយុត្ត លោកវិន័យតឹង អ៊ីចឹងសូម្បីលោកដើរបិណ្ឌបាត្រ ធ្វើឲ្យយើងច្រឡំថាជាលោកធុតង្គ» ។ ចំពោះលោកមហានិកាយវិញ គាត់បានលើកឡើងថា «អ៊្ហៃ! បើមហានិកាយនេះ សម្ដេចព្រះសង្ឃ[រាជ]លោកជ្រាបផង លោកសង្ឃខ្លះ ដឹងជាក្លែងក្លាយមិនក្លែងក្លាយទេ ទ្វារយើងមិនទាន់បើកផង ទៅឈរនៅមុខផ្ទះបាត់ហើយ» ។

គាត់ថានេះមិនមែនប្រមាថទេគឺជាការពិត «ហ៊ានភ្នាល់ដាក់ជីវិត ធ្លាប់ឃើញតែមិនដឹងចាប់យ៉ាងម៉េច ហេងស៊យចូលផ្ទះបាត់ទូរស័ព្ទទៀត» ។ គាត់និយាយនេះគឺមានចេតនាចង់ប្រាប់ផ្ទាល់ដល់សម្ដេចព្រះសង្ឃរាជតែម្ដង ដោយគាត់មានអារម្មណ៍ទោមនស្ស ចំពោះអ្វីដែលគាត់ថាគាត់បានឃើញ ។

ប៉ុន្តែគណៈសង្ឃនាយកបានលើកឡើងថា អ្វីដែលគាត់បានលើកឡើងជាការ«ឡកឡឺយបន្តុះបង្អាប់ និងដាក់បន្ទាប់ព្រះគណៈមហានិយកាយស្មើដោយបព្វជិតគ្មានវិន័យ ប្រព្រឹត្តធូររលុងប្រាស់ចាកធម៌វិន័យរបស់ខ្លួន ហាក់ដូចអាក្រក់ណាស់ពិបាកនឹងគោរព» ។

គណៈសង្ឃនាយកយល់ឃើញថា ការប្រៀបធៀបរវាងនិកាយទាំងពីររបស់លោកសាស្ត្រាចារ្យរូបនេះ «គ្មានវិជ្ជាជីវៈជាគ្រូបង្រៀន» និងជា«ការសន្និដ្ឋានខុសស្ថានភាពពិត» ជាដើម ព្រោះព្រះសង្ឃគណៈធម្មយុត្តិកនិកាយបច្ចុប្បន្នក៏កាន់លុយ ប្រើទូរស័ព្ទ និងពាក់ស្បែងជើងដែរ ។

គណៈសង្ឃនាយកបានចាត់ទុកការបង្រៀនបែបនេះរបស់លោកសាស្ដ្រាចារ្យ  «ពិតជាជះឥទ្ធិពលយ៉ាងខ្លាំងដល់ផ្នត់គំនិតយុវជនគ្រប់ជំនាន់ និងពុទ្ធបរិស័ទទូទៅដែលធ្វើឲ្យមានការយល់ច្រឡំ និងអាចមានការរើសអើងលើព្រះសង្ឃគណៈមហានិកាយទៀតផង» ។

ព្រោះហេតុដូច្នេះ គណៈសង្ឃនាយកបានស្នើឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការណែនាំដល់សាស្ត្រចារ្យរូបនេះ ឲ្យកែតម្រូវនូវការបង្រៀនរបស់ខ្លួនត្រង់ចំណុចប្រៀបធៀបនេះ និងចេញសុំទោសព្រះសង្ឃ និងពុទ្ធបរិស័ទជាសាធារណៈ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment