ឧបាសិកាខ្មែរដែលជាប់នៅទីក្រុងធម្មសាលា (ឥណ្ឌា) បានស្លាប់ហើយ - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, April 29, 2020

ឧបាសិកាខ្មែរដែលជាប់នៅទីក្រុងធម្មសាលា (ឥណ្ឌា) បានស្លាប់ហើយ

រូបភាពឯកសារ៖ ឧបាសិកា សួន រតនៈ ។ ប្រភព៖ ហ្វេសប៊ុក

លោកវិទូ | ថ្ងៃ ៤᧨៦ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ | ២៩ មេសា ២០២០

ឧបាសិកាខ្មែរម្នាក់ដែលបានជាប់នៅទីក្រុងធម្មសាលា រដ្ឋហិមាច័លប្រទេស ដោយសារការបិទប្រទេសទាំងមូលនៅប្រទេសឥណ្ឌា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ដែលសារព័ត៌មានលោកវិទូបានចុះផ្សាយលើកមុន បានស្លាប់ហើយ ។

សារព័ត៌មានលោកវិទូទទួលបានដំណឹងក្រៅផ្លូវការ កាលពីល្ងាចម្សិលមិញបានឲ្យដឹងថា ឧបាសិកា សួន រតនៈ ដែលជាអ្នកទេសចរខ្មែរ បានស្លាប់ហើយ (ប្រហែល) ដោយសារជំងឺពោះវៀនដុះខ្នែង នៅមន្ទីរពេទ្យមួយនៅទីក្រុងធម្មសាលា ។

ឧបាសិកា សួន រតនៈ ធ្លាប់បានទាក់ទងមកសារព័ត៌មានលោកវិទូតាមរយៈសារហ្វេសប៊ុក កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ ហើយបានប្រាប់ថា គាត់និងមិត្តរបស់គាត់ជាជនជាតិអាម៉េរិក (ដែលសារព័ត៌មានលោកវិទូច្រឡំថាជាប្តី) កំពុងជាប់នៅសណ្ឋាគារមួយឈ្មោះ ហ្គ្រីនហូតែល (Green Hotel) តំបន់ម៉ាក់លោដគ័ញ្ជ (McLeod Ganj) ទីក្រុងធម្មសាលា ដែលជាទីអាស្រមរបស់សម្ដេចសង្ឃដាឡៃ ឡាម៉ា និងជាការិយាល័យរដ្ឋាភិបាលនិរទេសរបស់ទីបេត៍ ចម្ងាយប្រមាណជាង ៥០០ គីឡូម៉ែត្រ ពីរដ្ឋធានីញូវដែល្លី ។

កាលនោះ គាត់បានចួបប្រទះកង្វះខាតអាហារសម្រាប់ទទួលទានយ៉ាងខ្លាំង មានតែផ្លែឈឺនិងទឹកបន្តិចបន្តួច បីបួនថ្ងៃមុនពេលដែលគាត់បានទាក់ទងមកសារព័ត៌មានយើង ដោយសារការបិទប្រទេសស្រុងនៅឥណ្ឌា យ៉ាងទាន់ហន់ដោយមិនបានទុកពេលគ្រប់គ្រាន់ ដើម្បីអាចត្រលប់មកទីក្រុងញូវដែល្លីទាន់ពេល ឬប្រុងប្រៀបខ្លួនឲ្យបានប្រសើរជាងនេះ ។

ប៉ុន្តែមួយថ្ងៃក្រោយអន្តរគមន៍ក្រុមការងារសារព័ត៌មានលោកវិទូ ព្រះសង្ឃខ្មែរមានចិត្តសប្បុរសធម៌ ដែលចៃដន្យលោកគង់សិក្សា នៅទីក្រុងធម្មសាលា នាជើងភ្នំហិមាល័យនោះ (កម្រមានណាស់) បានជួយជាវរួចផ្ដល់នូវគ្រឿងបរិភោគមួយចំនួនចំពោះគាត់ ដែលអាចញ៉ាំងជីវតិន្ទ្រីយ៍ឲ្យប្រព្រឹត្តទៅបាន ។

តាំងពីពេលនោះមក ឧបាសិកាបានទំនាក់ទំនងជាមួយមន្ត្រីស្ថានទូតខ្មែរ និងព្រះសង្ឃខ្មែរដែលនៅទីនោះជាប្រក្រតី ហាក់ដូចជាមិនមានអ្វីកើតឡើងឡើយ ។ ប៉ុន្តែប្រហែលបីបួនថ្ងៃមុន ស្រាប់តែបាត់ដំណឹងពីគាត់ លុះយប់ថ្ងៃអង្គារម្សិលមិញ ទើបទទួលដំណឹងថា គាត់បានស្លាប់បាត់ទៅហើយ ។

តាមព័ត៌មានដែលសារព័ត៌មានលោកវិទូទទួលបាន ព្រះតេជព្រះគុណ ឈុន សុធី ដែលជាព្រះសង្ឃខ្មែរខាងលើ ក៏មិនបានដឹងពីរឿងនេះដែរ ទាល់តែមានអ្នកទាក់ទងទៅទើបបានដឹង ។

លោកបានមានសង្ឃដីកាថា «ប៉ុន្មានថ្ងៃមុន ឧបាសិកាបានតេល៍ទៅលោក ក្នុងអាការៈថមថយកម្លាំងណាស់ទៅហើយ ដើម្បីជួយចេញទៅទិញថ្នាំឲ្យគាត់» ។ តែដោយសារបម្រាមគោរពមានលក្ខណៈតឹងរ៉ឹងខ្លាំង លោកពុំអាចចេញទៅក្រៅទិញថ្នាំឲ្យឧបាសិកាបានទេ ដែលតាមពិតហាងលក់ថ្នាំ នៅជិតគាត់បង្កើយ ប្រមាណជា ៥០ ម៉ែត្រប៉ុណ្ណោះ ជិតជាងពីកន្លែងលោកទៅ ។

ឧបាសិកាបានស្លាប់នៅមន្ទីរពេទ្យមួយ នៅទីក្រុងធម្មសាលា ដោយសារការវះកាត់មិនទទួលជោគជ័យ (ដែលយើងពុំទាន់មានព័ត៌មានលម្អិតនៅឡើយ) ។ ទោះយ៉ាងណា ក្រុមគ្រួសារហាក់នៅមានមន្ទិលសង្ស័យចំពោះការស្លាប់នេះ ។

បញ្ជាក់៖ យោងតាមលិខិតបញ្ជាក់ពីមរណភាពដែលយើងទទួលបាន ឧបាសិកា សួន រតនៈ ពិតជាបានស្លាប់ ក្រោយពីធ្វើការវះកាត់ នៅមន្ទីរពេទ្យហ្វទិស (Fortis) នៅទីក្រុងធម្មសាលា រដ្ឋហិមាច័លប្រទេស ប្រទេសឥណ្ឌា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ៧:៣៨ នាទីយប់ នៅអាយុ ៤០ ឆ្នាំ ៕


សូមអធ្យាស្រ័យ ដោយមានការកែតម្រូវខ្លឹមសារខ្លះនៃអត្ថបទលើកមុន ដោយត្រូវរងចាំព័ត៌មានច្បាស់ការសិន កុំឲ្យមានការភ័ន្តច្រឡំ ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment