ភ្ញៀវទេសចរខ្មែរពីរនាក់ដាច់បាយ ជាប់នៅធម្មសាលា (Dharamshala) ក្រោយពីឥណ្ឌាបិទប្រទេសទាំងស្រុង - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, March 26, 2020

ភ្ញៀវទេសចរខ្មែរពីរនាក់ដាច់បាយ ជាប់នៅធម្មសាលា (Dharamshala) ក្រោយពីឥណ្ឌាបិទប្រទេសទាំងស្រុង

កំពុងវាស់កម្ដៅ នៅការិយាល័យកណ្ដាលនៃរដ្ឋាភិបាលនិរទេសទីបេត៍ ធម្មសាលា រដ្ឋហិមាច័លប្រទេស ។ រូបភាព៖ PTI

លោកវិទូ | ថ្ងៃ ៥᧣៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២៦ មីនា ២០២០

ធម្មសាលា៖ ភ្ញៀវទេសចរខ្មែរពីរនាក់គ្រួសារ បានជាប់នៅធម្មសាលា ជាតំបន់ទេសចរណ៍ជួរភ្នំហិមាល័យ នៃរដ្ឋហិមាច័លប្រទេស ប្រទេសឥណ្ឌា ដោយសាររដ្ឋាភិបាលឥណ្ឌាបានប្រកាសបិទប្រទេសទាំងស្រុង កាលពីថ្ងៃទី២៥ ខែមីនា កន្លងទៅ ខណៈជំងឺកូវីដ១៩កំពុងរីករាលដាលនៅប្រទេសឥណ្ឌា និងសកលលោកទាំងមូល ។

អ្នកស្រី សួន រតនៈ បានទាក់ទងមកលោកវិទូតាមរយៈសារហ្វេសប៊ុក កាលពីរសៀលថ្ងៃព្រហស្បតិ៍នេះ ហើយបានប្រាប់ថា គាត់និងគ្រួសារគាត់ បានជាប់នៅសណ្ឋាគារមួយឈ្មោះ ហ្គ្រីនហូតែល (Green Hotel) តំបន់ម៉ាក់លោដគ័ញ្ជ (McLeod Ganj) ទីក្រុងធម្មសាលា ដែលជាទីអាស្រមរបស់សម្ដេចសង្ឃដាឡៃ ឡាម៉ា និងជាការិយាល័យរដ្ឋាភិបាលនិរទេសរបស់ទីបេត៍ ចម្ងាយប្រមាណជាង ៥០០ គីឡូមែត្រ ពីរដ្ឋធានីញូវដែល្លី ។

គាត់បានប្រាប់ទៀតថា ពួកគាត់ពុំមានអ្វីបរិភោគគ្រប់គ្រាន់ទេ មានតែចេកនិងផ្លែឈើបន្តិចបន្តួច អស់រយៈពេលជិតមួយសប្ដាហ៍ហើយ តាំងពីថ្ងៃទី ២១ ដល់ ២៦ មក ដោយសាររដ្ឋាភិបាលនៃរដ្ឋនេះ បានដាក់បម្រាមគោចរ ។ នៅពេលនេះ ពួកគាត់ក៏មិនអាចត្រលប់ទៅទីក្រុងញូវដែល្លីវិញដែរ ដោយសារគ្មានឡាន ចេញទៅណាក៏មិនកើត ហាងបាយក៏បិទគ្មានសល់ ដោយសារប្រទេសត្រូវបានបិទទាំងស្រុងហើយ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ។

គាត់និយាយទាំងអួលដើមកថា «វាមិនចាំបាច់កូរ៉ូណា[១៩]ទេលោកពូអើយ អត់បាយហូបហ្នឹងក៏ងាប់មុនជំងឺហ្នឹងទៀត» ។

តែសំណាងល្អដែរ មានព្រះសង្ឃខ្មែរមួយព្រះអង្គគឺព្រះតេជព្រះគុណ ឈុន សុធី ដែលគង់នៅធម្មសាលានោះ ។ លោកវីទូបានទាក់ទងទៅលោក ដើម្បីជួយសម្រួលរឿងអាហារបរិភោគ និងរឿងដែលចំបាច់មួយចំនួនទៀតតាមដែលធ្វើទៅបាន ។ លោកគង់ក្នុងវត្តមួយ នៅមិនឆ្ងាយប៉ុន្មានពីសណ្ឋាគារហ្គ្រីនហូតែលនោះ ប្រមាណ ១០០ ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែវត្តក៏ត្រូវចាក់សោរបិទទៅទៀត មិនអាចេញទៅក្រៅបាន ។ តែលោកបានមានថេរដីកាថា ព្រឹកស្អែកលោកនឹងព្យាយាមសុំការអនុញ្ញាតពីចៅអាវាស ដើម្បីចេញទៅក្រៅបាន ។

អាស្រមសម្ដេចសង្ឃដាឡៃ ឡាម៉ា ត្រូវបានបិទទទួលភ្ញៀវទេសចរ តាំងពីថ្ងៃទី ១៧ មីនា មកម្ល៉េះ ដោយខ្លាចមានការរាតត្បាតជំងឺកូវីដ១៩ ។

រដ្ឋហិមាច័លប្រទេស បានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២ នាក់ និងបានស្លាប់ម្នាក់ ។ បុរសអាយុ ៣២ ឆ្នាំម្នាក់ នៅតំបន់ហារចក្កៀន និងស្ត្រីអាយុ ៦៤ ម្នាក់ នៅភូមិដូហាប៊ី ក្នុងសង្កាត់សាហ៍បុរៈ ត្រូវបានធ្វើតេស្តវិជ្ជមាន កាលពីថ្ងៃសុក្រ ២០ មីនា ។

បុរសម្នាក់អាយុ ៦៩ ឆ្នាំ ម្នាក់ជាតិទីបេត៍ ដែលទើបត្រលប់ពីសហរដ្ឋអាម៉េរិកថ្មីៗ និងបានទៅកាន់ទីក្រុងក័ង្គ្រា កាលពីថ្ងៃទី ២១ មីនា តាមឡានតាក់ស៊ីមួយ ពីទីក្រុងដែល្លី បានស្លាប់ដោយសារមេរោគកូរ៉ូណា នៅឯមន្ទីរពេទ្យមួយ នៅថ្ងៃចន្ទ ២៣ មីនា ។

នៅថ្ងៃព្រហស្បតិ៍នេះ សម្ដេចសង្ឃដាឡៃ ឡាម៉ា ប្រកាសគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលនៃរដ្ឋហិមាច័លប្រទេស និងរដ្ឋាភិបាលកណ្ដាលរបស់លោក នរេន្ទ្រ មោទី និងបានប្រោសប្រទានថវិកាមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតមេរោគកូរ៉ូណា នៅប្រទេសឥណ្ឌា ។

គេកំពុងព្រួយបារម្ភថា ឥណ្ឌាអាចជាអ៊ីតាលីរបស់អឺរ៉ុបនៅអាស៊ី ព្រោះហេតុនេះហើយ រដ្ឋាភិបាលកណ្ដាលបានប្រកាសបិទប្រទេសទាំងស្រុង ជាបន្ទាន់និងតឹងរឹង ដោយឃាំងប្រជាជន ១.៣០០ លាននាក់ ឲ្យនៅតែក្នុងផ្ទះរយៈពេល ២១ ថ្ងៃ ។ ថ្ងៃទីនេះឥណ្ឌាមានអ្នកឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ៦៣ នាក់ សរុបទាំងចំនួន ៧២០ នាក់ ជាសះស្បើយពីជំងឺវិញចំនួន ៥០ នាក់ និងស្លាប់ចំនួន ១៥ នាក់ ។

ខណៈនេះពិភពលោកទាំងមូលកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ១៩ មានចំនួនកើនឡើងយ៉ាងលឿនដល់ជាង ៥០ ម៉ឺននាក់ និងស្លាប់ជាង ២២.០០០ នាក់ ។ រីឯប្រទេសកម្ពុជាវិញក៏កើនឡើងចំនួនអ្នកផ្ទុកមេរោគកូវី១៩ដែរគឺ ៩៨ ករណីហើយ ៕

កែតម្រូវ៖ ពីរនាក់នោះ ម្នាក់ជាខ្មែរនិងម្នាក់ទៀតជាមិត្តរបស់គាត់ជាជនជាតិអាម៉េរិក ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment