លោក សាន្ត ប៊ុនធឿន ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់ព្រះភិក្ខុបណ្ឌិត ហេង គង់ ប្រធានមន្ទីរពេទ្យព្រះសង្ឃថ្មី - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Friday, April 17, 2020

លោក សាន្ត ប៊ុនធឿន ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់ព្រះភិក្ខុបណ្ឌិត ហេង គង់ ប្រធានមន្ទីរពេទ្យព្រះសង្ឃថ្មី

លោក សាន្ត ប៊ុនធឿន ទទួលលិខិតតែងតាំងជាទីប្រឹក្សាផ្ទាល់ ពីព្រះភិក្ខុបណ្ឌិត ហេង គង់ ។ រូបភាព៖ San Buntheoun

លោកវិទូ | ថ្ងៃ ៧᧺៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៧ មេសា ២០២០

ជាតារាហ្វេសប៊ុកនិងជាចាងហ្វាងកាសែតសំឡេងស្នេហាជាតិ លោក សាន្ត ប៊ុនធឿន ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់ព្រះភិក្ខុបណ្ឌិត ហេង គង់ ប្រធានមន្ទីរពេទ្យព្រះសង្ឃថ្មី នៅថ្ងៃសុក្រនេះ ។

តាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោក សាន្ត ប៊ុនធឿន បានបង្ហោះរូបថតប៉ុន្មានសន្លឹក ភ្ជាប់ជាមួយនឹងលិខិតតែងតាំងផង ដើម្បីបង្ហាញឲ្យសាធារណជនបានដឹងអំពីមុខងារថ្មីនេះ ។

ការណ៍នេះបានធ្វើឲ្យអ្នកលេងហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថា បុរសមានរហ័សនាមបណ្ឌិត អា.បេ.សេ ដែលនិយមឡាយផ្ទាល់តាមហ្វេសប៊ុក ក្នុងអាការៈស្រវឹងស្រាជាញឹកញាប់ ត្រូវបានតែងតាំងជាទីប្រឹក្សាព្រះសង្ឃអ៊ីចឹងសោះ ។

អ្នកលេងហ្វេសប៊ុកបានបង្ហោះសារអបអរសាទរខ្លះ អស់សំណើចខ្លះ និងរិះគន់ខ្លះ ។

អ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ ឡុំ ពាន់ បានសរសេរជាអង់គ្លេសថា «congratulation boss» ដែលមានន័យថា «សូមអបអរសាទរមេ» ។

អ្នកលេងហ្វេសប៊ុកម្នាក់ទៀតឈ្មោះ កក្កដា ណែត (Kakada Net) បានសរសេរជាកំណាព្យខ្លីថា «ប្រុសប្រឹងតែងខ្លួនបង្អួតញាតិផៅ ស្រីមិនខ្លាចខ្មៅលាបឡេស្លៀកខ្លី ប្រាជ្ញABCឡើងប្រឹក្សាថ្មី យុគសង្ឃអឹកអីរកន័យមិនឃើញ» ។

លោក ដាន្នី លី (Danny Lee) ជាអ្នកលេងហ្វេសប៊ុកម្នាក់ទៀតរិះគន់ថា «ប្រទេស អច្ឆរិយ រឿងអ្វីក៏អាចកើតឡើងបានដែរ មានសព្វមានគ្រប់ សទៅជាខ្មៅ មាន់អាចក្លាយជាហង្ស ស្វាក្លាយជាសឹង្ហ ធ្វើឆ្គួតបានលុយ។​ អនិច្ចា» ។

មានអ្នកលេងហ្វេសប៊ុកខ្លះច្រណែននឹងលោក ប៊ុនធឿនព្រោះខ្លួនមិនចូលចិត្តផឹក ABC ថា «មក​ពី​មិន​ចូលចិត្ត​ផឹក​ABCចាប់​ពី​ថ្ងៃ​នេះ​រៀន​ផឹក​ដែរ​សិន​ក្រែង​បាន​តំណែង​អី​និង​គេ​ខ្លះ​» ។

ទោះយ៉ាងមានអ្នកគាំទ្រម្នាក់ឈ្មោះ ជា វីរៈ (Chea Vireak) បានបញ្ចេញមតិថា «ខ្ញុំគិតគាត់ពូកែផឹកមែនតែគាត់មានសម្ថភាព ទើបគេតែងតាំង» និងម្នាក់ទៀតឈ្មោះ បង ធី លីធី កោតសរសើរលោក ប៊ុនធឿនថា «ពិតជាកំពូលអ្នកផឹកមែន ផឹកដល់ឡើងយស ទីប្រឹក្សា មិនធម្មតា មិនធម្មតា មែន» ។

ក្រោយពីសកម្មលើបណ្ដាញហ្វេសប៊ុកបានមួយរយៈ និងបានល្បីឈ្មោះផង ក៏មានការភ្ញាក់ផ្អើលម្ដងរួចមកហើយថា លោក ប៊ុនធឿន បានចូលក្របខណ្ឌយោធា កាលពីខែមករា ឆ្នាំ២០១៩ កន្លងទៅ ដោយសារគេឃើញមានការបង្ហោះលិខិតតែងតាំងឈ្មោះ «សាន្ត ប៊ុនធឿន» ទទួលបានការតែងតាំងបញ្ចូលក្រមខណ្ឌ និងប្រគល់ឋានន្តរស័ក្តិ «ថ្នាក់វរសេនីយ៍ត្រី» នាយទាហាននៃកងយោធពលខេមរភូមិន្ទ ។ តែក្រោយមក លោក ប៊ុនធឿនបានបដិសេធតាមរយៈសារព័ត៌មានថ្មីៗថា ឈ្មោះនេះមិនមែនជាឈ្មោះរបស់គាត់ទេ ។ 

កាលពីខែកញ្ញា ឆ្នាំ២០១៩ លោក ប៊ុនធឿន ធ្លាប់បានបួសមួយរយៈខ្លី នៅវត្តជ្រុងថ្មក្រពើហារ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។ តាមការរៀបរាប់របស់គាត់បានឲ្យដឹងថា គាត់បួសនេះគឺធ្វើតាមការសន្យារបស់ខ្លួនថា នឹងបួសបើខ្លួនរកទទួលទានមានផ្ទះសំបែងរស់នៅសមរម្យ  ឲ្យប្រពន្ធកូនរស់នៅ ឈប់នៅផ្ទះជួលទៀត ។

មន្ទីរព្រះសង្ឃនៃព្រះរាជាណាចក្រកម្ពុជា (មន្ទីរពេទ្យព្រះសង្ឃថ្មី) ជាមណ្ឌលសុខភាពសម្រាប់ព្រះសង្ឃ ស្ថិតក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ៕

ព័ត៌មានបន្ថែម

ប៉ុន្មានម៉ោងក្រោយពីទទួលបានតំណែងខាងលើនេះ និងមានមតិរិះគន់ជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក សាន្ត ប៊ុនធឿន បានឡាយវីដេអូផ្ទាល់តាមហ្វេសប៊ុក ប្រកាសលាលែងពីតំណែងនេះ នាពេលល្ងាចថ្ងៃដដែល ។

ប៉ុន្តែការលាលែងនេះមិនមែនជាការលាលែងទាំងស្រុងទេ គ្រាន់តែប្តូរពីតំណែងជាទីប្រឹក្សាផ្ទាល់របស់ព្រះភិក្ខុបណ្ឌិត ហេង គង់ ប្រធានមន្ទីរពេទ្យព្រះសង្ឃថ្មី ទៅជាទីប្រឹក្សាផ្ទាល់អង្គការគិលានសង្គ្រោះព្រះសង្ឃនិងវប្បធម៌ខ្មែរវិញ ដោយមានព្រះភិក្ខុបណ្ឌិត ហេង គង់ ជាប្រធានចុះហត្ថលេខាក្នុងថ្ងៃដដែលដោយមិនបង្អង់ ។

តាមការរៀបរាប់ប្រាប់នៅលើគេហទំព័រហ្វេសប៊ុកឈ្មោះមន្ទីរពេទ្យព្រះសង្ឃថ្មី បានឲ្យដឹងថា ការតែងតាំងលើកមុនមានកំហុសបច្ចេកទេស ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment