៤១វត្តនៅខេត្តឧត្តរមានជ័យបានទទួលជំនួយឧបត្ថម្ភចំនួន១៥លានរៀលពីគណៈសង្ឃនាយកកម្ពុជាក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ១៩ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Sunday, April 19, 2020

៤១វត្តនៅខេត្តឧត្តរមានជ័យបានទទួលជំនួយឧបត្ថម្ភចំនួន១៥លានរៀលពីគណៈសង្ឃនាយកកម្ពុជាក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ១៩

ឧត្តរមានជ័យ
ព្រះវិសុទ្ធិមេត្តា ប៊ុន សាលួត ព្រះមេគណខេត្តឧត្តរមានជ័យ ក្នុងពិធីចែកជំនួយឧបត្ថម្ភដល់ព្រះសង្ឃក្នុងវត្តនានានៅក្នុងខេត្តនេះ ។ រូបភាព៖ ហ្វេសប៊ុកអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

លោកវិទូ | ថ្ងៃ ១᧼៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៩ មេសា ២០២០

គណៈសង្ឃនាយកនៃព្រះរាជាណាចក្រម្ពុជា បានបវារណាបច្ច័យចំនួន ១៥.០០០.០០០៛ (ដប់ប្រាំលានរៀល) ដើម្បីប្រគេនព្រះសង្ឃនៅក្នុងខេត្តឧត្តរមានជ័យទាំង ៤១វត្ត ស្មើនឹង ៣៧៣ អង្គទុកប្រើប្រាស់ជាបច្ច័យ៤ តាមតម្រូវការចាំបាច់នានា ក្នុងគ្រាដ៏លំបាក​ ដែលប៉ះពាល់ដោយវិបត្តិ​នៃ​ជំងឺ​កូវីដ១៩នេះ ។

នៅក្នុងលិខិតរបស់សម្តេចព្រះពោធិវ័ង្ស អំ លីមហេង​ សម្ដេចព្រះ​សង្ឃនាយក​រង​ទី១​ ព្រះ​ប្រធាន​ថេរសភា​ នៃ​ព្រះពុទ្ធសាសនា​ នៅព្រះរាជាណាចក្រកម្ពុជា​ និង​ជាព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ​ ប្រគេនចំពោះព្រះវិសុទ្ធិមេត្តា ប៊ុន សាលួត ព្រះរាជាគណាកិត្តិយស និងព្រះឧត្តមមុនី ព្រះមេគណខេត្តឧត្តរមានជ័យ មានសេចក្តីថា៖

«ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបេសកកម្មដ៏លំបាកក្នុងការការពារ ការរីករាលដាល នៃជំងឺកូវីដ-១៩ និងសុខទុក្ខប្រជាពលរដ្ឋខ្មែរ ជាពិសេសព្រះសង្ឃ ដែលងាយរងគ្រោះក្នុងវិបត្តិ នៃជំងឺនេះ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមប្រគេន ព្រះមេគណ និងសហការីគណ នូវបច្ច័យចំនួន ១៥.០០០.០០០៛ (ដប់ប្រាំលានរៀល) ដើម្បីបវារណាប្រគេនព្រះសង្ឃទាំង ៤១ វត្ត ស្មើនឹង ៣៧៣ អង្គទុកប្រើប្រាស់ជាបច្ច័យ៤ តាមតម្រូវការចាំបាច់នានា ក្នុងគ្រាដ៏លំបាក​នេះ ។»

ជំនួយឧបត្ថម្ភនេះត្រូវបានធ្វើឡើង ក្រោយពីមានរបាយការណ៍ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ របស់សាលាគណខេត្តឧត្តរមានជ័យ អំពីការខ្វះខាតរបស់ព្រះសង្ឃ ដែលគង់នៅក្នុងខេត្តភាគខាងជើងរបស់កម្ពុជាមួយនេះ ។ នេះជាការរួមចំណែកដោយផ្ទាល់ របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគ្រាមានវិបត្តិជំងឺកូវីដ១៩ ក្រៅពីការចូលរួមបរិច្ចាគថវិកា ជាបន្តបន្ទាប់ដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

ក្រៅពីតួនាទីនិងសមណស័ក្តិនៅក្នុងមន្ត្រីសង្ឃកម្ពុជា ព្រះវិសុទ្ធិមេត្តា ប៊ុន សាលួត ក៏ជាព្រះសង្ឃការពារ​ព្រៃ​ឈើ​ដ៏ល្បី​ឈ្មោះ ទាំង​នៅលើឆាកជាតិ​ និង​អន្តរជាតិ តាម​រយៈ​ការ​បង្កើត​សហគមន៍​ការពារ​ព្រៃ​ឈើ​សង្ឃ​រុក្ខា​វ័ន្ត នៅ​ខេត្ត​ឧត្តរមានជ័យ ។

អស់រយៈពេលប្រមាណជិត ៥ ខែមកហើយ ជំងឺកូវីដ១៩នៅតែបន្តរីករាលដាលខ្លាំង នៅលើសកលលោកនៅឡើយ និងបានផ្ដាច់សង្ខារមនុស្សអស់ជិត ១៦ ម៉ឺននាក់ ក្នុងចំណោមអ្នកឆ្លងជាង ២ លាននាក់ក្នុងចំនួន ២១០ ប្រទេសក្នុងសកលលោក ។ ជំងឺនេះកំពុងធ្វើឲ្យប៉ះពាល់ដល់សុខមាលភាពប្រជាជនទូទាំងពិភពលោក និងប៉ះពាល់ដល់សង្គមនិងសេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ ។ 

ជំងឺកូវីដ១៩ក៏បានប៉ះពាល់ ដល់ការប្រារព្ធពិធីបុណ្យប្រពៃណីជាតិផងដែរ មានបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជាដើម ដែលត្រូវបានផ្អាក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment