សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីយាងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន១២០គ្រួសារនៅស្រុកកំពង់ត្រឡាច - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, April 30, 2020

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីយាងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន១២០គ្រួសារនៅស្រុកកំពង់ត្រឡាច

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស យាងចែកអំណោយដល់ប្រជាជនស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ រូបភាព៖ លេខាធិការដ្ឋានគណៈសង្ឃនាយក

លោកវិទូ | ថ្ងៃ ៥᧩៦ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ | ៣០ មេសា ២០២០

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា យាងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន១២០គ្រួសារ ដែលចួបការខ្វះខាតក្នុងពេលមេរោគកូរ៉ូណារាតត្បាត រួមទាំងខ្មែរកាន់សាសនាឥស្លាមច្រើនគ្រួសារផង នៅឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០ ។

និមន្តអមព្រះរាជដំណើរសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី គឺសម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា និងព្រះរាជាគណៈច្រើនអង្គទៀត ព្រះមទាំងព្រះមេគណ និងព្រះអនុគណ ខេត្ដកំពង់ឆ្នាំងផងដែរ ។

ព្រះរាជអំណោចដ៏ថ្លៃថ្លានេះរួមមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកអនាម័យសម្រាប់លាងដៃ ថវិកា និងបរិក្ខារមួយចំនួនទៀត ដែលអាចជួយសម្រួលដល់ជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋមួយរយៈខ្លីដែរ ដែលរងផលប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ១៩ ។

ស្រុកកំពង់ត្រឡាចខណ្ឌចែកដោយផ្លូវជាតិលេខ៥ ជាមួយស្រុកសាមគ្គីមានជ័យ ដែលមានចម្ងាយប្រមាណ ៥៦ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ជាទីតាំងភូមិសាស្ត្រប្រវត្តិសាស្ត្រ នៃបន្ទាយលង្វែកដែលជាកន្លែងប្រវត្តិសាស្ត្រខ្មែរដ៏ជូរចត់ ។ បន្ទាយនេះសង់ដោយ ព្រះបាទចន្ទរាជា ក្រោយពីព្រះអង្គវាយឈ្នះស្ដេចកន នៅឆ្នាំ១៥២៦ ។

នៅស្រុកនេះសម្បូរបងប្អូនខ្មែរឥស្លាមគួរសមដែរ ហើយពួកគាត់ដែលខ្លះខាតមួយចំនួន ក៏បានទៅទទួលព្រះរាជអំណោយ ពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីដែរ ជាព្រះរាជអំណោយមិនប្រកាន់សាសនាណាឡើយ ។ 

នៅក្នុងឱកាសដ៏ថ្លែងថ្លានេះ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា បានមានថេរដីកាតាមវីដេអូឡាយថា «ទោះបីកាន់ពុទ្ធសាសនា ឬឥស្លាមសាសនា យើងជាមនុស្ស និងរស់បានដោយសារអាហារដូចគ្នា» ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment