និស្សិតជនជាតិរុស្ស៊ីម្នាក់ជាប់នៅថៃ ដាច់យ៉ៃ បានវត្តអារាមជាទីពឹង - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, May 01, 2020

និស្សិតជនជាតិរុស្ស៊ីម្នាក់ជាប់នៅថៃ ដាច់យ៉ៃ បានវត្តអារាមជាទីពឹង

ភ្ញៀវទេសចរជនជាតិរុស្ស៊ីម្នាក់ដែលមានឈ្មោះថា ឥវ៉ាន ជួយព្រះសង្ឃរៀបចំចំណីអាហារសម្រាប់ធ្វើទាន នៅឯវត្តម៉ៃបត្តារារាម ក្នុងស្រកងមឿង ខេត្តសុរាស្ត្រធានី ។ រូបភាព៖ Supapong Chaolan

លោកវិទូ | ថ្ងៃ ៦᧪៦ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ | ០១ ឧសភា ២០២០ 

សុរាស្ត្រធានី៖ និស្សិតរុស្ស៊ីម្នាក់បានរស់រានដោយសារចង្ហាន់ពីព្រះសង្ឃ និងជួយកិច្ចិការវត្តកន្លែងដែលគាត់អាចធ្វើបាន នៅវត្តមួយក្នុងខេត្តភាគខាងត្បូង ដោយសារជើងហោះហើរត្រលប់ទៅប្រទេសរុស្ស៊ីត្រូវបានលុបចោល ។

ព្រះតេជព្រះគុណ ព្រះគ្រូ វិសាល បត្តននុគិត (Phra Khru Pisal Pattananukit) បានមានថេរដីកាកាលពីថ្ងៃពុធថា អ្នកទេសចរដែលត្រូវបានគេស្គាល់ថាមានឈ្មោះ ឥវ៉ាន (Ivan) អាយុ ២៥ ឆ្នាំ បានស្នាក់នៅក្នុងវត្តម៉ៃបត្តារារាម ក្នុងក្រុងសុរាស្ត្រធានី (ស៊ូរ៉ាតថានី) ចាប់តាំងពីថ្ងៃទី ២៦ ខែមីនា ។

ព្រះចៅអធិការស្តីទីបានឲ្យដឹងថា ឧបាសករូបនេះបានមកពីកោះសមុយ ជាទីដែលគាត់បានទៅសម្រាកកម្សាន្ត ។ ដោយសារតែគាត់អស់លុយចាយ គាត់បានសួរថា តើគាត់អាចស្នាក់នៅក្នុងវត្តបានដែរឬទេ នៅពេលរង់ចាំការហោះហើរត្រលប់ទៅប្រទេសរុស្ស៊ីវិញ ។

ព្រះសង្ឃបានកោតសរសើរគាត់ ដែលមិនបានអង្គុយនៅទំនេរនៅក្នុងវត្តដោយឥតអំពើទេ ដោយមានថេរដីកាថា គាត់បានជួយព្រះសង្ឃដទៃទៀតសម្អាតបរិវេណវត្ត និងធ្វើការនៅក្នុងផ្ទះបាយរៀបចំអាហារសម្រាប់ចែកទាន ដល់ប្រជាជនចំណុះជើងវត្ត ។

អ្នកទេសចររូបនេះបានបដិសេធមិនប្រាប់ឈ្មោះចុងក្រោយរបស់គាត់ទេ ។

រដ្ឋាភិបាលបានអនុញ្ញាតឲ្យជនបរទេស កាន់ទិដ្ឋាការមិនមែនអន្តោប្រវេសន៍គ្រប់ប្រភេទ ស្នាក់នៅក្នុងប្រទេសរហូតដល់ចុងខែកក្កដា ដោយមិនចាំបាច់ដាក់ពាក្យសុំពន្យាពេលឡើយ ៕

ប្រភព៖ បាងកកប៉ុស្តិ៍

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment