ប្រជាជនឥណ្ឌា ៤៥០ គ្រួសារនៅតំបន់សាន៌ាថ បានទទួលអំណោយសប្បុរសធម៌ពីអង្គការពុទ្ធសាសនា - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Friday, May 01, 2020

ប្រជាជនឥណ្ឌា ៤៥០ គ្រួសារនៅតំបន់សាន៌ាថ បានទទួលអំណោយសប្បុរសធម៌ពីអង្គការពុទ្ធសាសនា

ប្រជាជនក្រីក្រទទួលអំណោយសប្បុរសធម៌, តំបន់សាន៌ាថ ។ រូបភាព៖ ហ្វេសប៊ុក Wangmo Dixey

លោកវិទូ | ថ្ងៃ ៦᧪៦ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ | ០១ ឧសភា ២០២០

សាន៌ាថ៖ ប្រជាជនឥណ្ឌា ៤៥០ គ្រួសារនៅតំបន់សាន៌ាថ បានទទួលជំនួយសប្បុរសធម៌ ពីអង្គការព្រះពុទ្ធសាសនាមួយ ដើម្បីជួយសម្រួលដល់ការខ្វះខាតរបស់ប្រជាជន ដែលរងផលប៉ះពាល់ពីមេរោគកូរ៉ូណា ។

ឧបាសិកា វ៉ាងម៉ូ ឌិស៊ី នាយិកាប្រតិបត្តិអង្គការពន្លឺព្រះពុទ្ធធម៌អន្តរជាតិ មានមូលដ្ឋាននៅទីក្រុងប៊ឺកឡេ រដ្ឋកាលីហ្វ័រញ៉ា បានរៃអង្គាសប្រាក់ពីសប្បុរសជននានា ហើយបានបរិច្ចាគដល់ជនក្រីក្រ ដែលរងគ្រោះដោយមេរោគកូរ៉ូណា ដោយសហការជាមួយវិទ្យាស្ថានន្យីងម៉ាអន្តរជាតិ នៅតំបន់សាន៌ាថ រដ្ឋឧត្តរប្រទេស ប្រទេសឥណ្ឌា ។

នេះជាផ្នែកមួយនៃបេសកកម្មសប្បុរសធម៌របស់ឧបាសិកា ក្នុងការជួយចែករំលែកសេចក្តីទុក្ខលំបាក របស់ប្រជាជនឥណ្ឌាក្នុងតំបន់ពុទ្ធស្ថានដ៏ពិសិដ្ឋ មានសាន៌ាថ និងពុទ្ធគយាជាដើម ។ ឧបាសិកា វ៉ាងម៉ូ ឌិស៊ី បានសរសេរក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា៖

«យើងបានផ្តល់ជូននូវអាហារដ៏អស្ចារ្យដល់គ្រួសារចំនួន ៤៥០ គ្រួសារនៅសាន៌ាថ តាមរយៈការប្រតិបត្តិការដ៏អស្ចារ្យរបស់ព្រះតេជព្រះគុណ ត្ស៊ីរីង ន្យីម៉ា រួមជាមួយនិងការសម្របសម្រួលពីឧបាសិកា ត្ស៊ីរីង ហ្គេល្លេក  និងបងប្អូនជាច្រើនទៀតនៅសាន៌ាថ ។ យើងមានអំណរដោយដឹងថា ប្រជាជនមានអាហារសម្រាប់មួយខែ ហើយយើងបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយអ្នកដទៃ! សូមអរគុណដល់មិត្តភក្តិនិងអ្នកគាំទ្រទាំងអស់ ដែលបានធ្វើឱ្យចក្ខុវិស័យនេះក្លាយជាការពិត ។ ខ្ញុំសូមចែករំលែកបុណ្យកុសលនេះជាមួយអ្នកទាំងអស់គ្នា ។»

ឧបាសិកា វ៉ាងម៉ូ ឌិស៊ី ដែលមានរហ័សនាមថា មហាឧបាសិកាវិសាខា បានធ្វើសកម្មភាពពុទ្ធសាសនានៅប្រទេសឥណ្ឌាឲ្យរស់ឡើងវិញ គួរជាទីជ្រះថ្លាក្រៃលែង ។ គាត់បានផ្ដើមគំនិតរៀបចំឲ្យមាន ពិធីបុណ្យសូត្រព្រះត្រៃបិដកអន្តរជាតិ (ជាភាសាបាលី) ប្រចាំឆ្នាំ លើកទី១នៅឆ្នាំ២០០៨ នៅពុទ្ធគយា និងបានផ្សព្វផ្សាយទៅកាន់ប្រទេសមួយចំនួនដូចជា សហរដ្ឋអាម៉េរិក ភូមា ស្រីលង្កា ឥណ្ឌូនេស៊ី ។ល។ មិនតែប៉ុណ្ណោះ ឧបាសិកសហការជាមួយព្រះសង្ឃពុទ្ធសាសនាអន្តរជាតិ ក៏បានផ្ដើមកម្មវិធីដំណើរធម្មយាត្រាថ្មើរជើង ទៅកាន់ពុទ្ធស្ថាននាទីក្រុងរាជគ្រឹះជាដើមផងដែរ ។

ក្នុងកាលៈទេសៈពិភពលោកកំពុងចួបវិបត្តិមេរោគកូរ៉ូណានេះ ឧបាសិកា វ៉ាងម៉ូ ឌិស៊ី និងធម្មមិត្តអន្តរជាតិ កំពុងផ្ដោតការយកចិត្តទុកដាក់ ផ្ដល់អំណោយសង្គ្រោះមនុស្សធម៌ ដល់ប្រជាជនឥណ្ឌាក្រីក្រ (មិនប្រកាន់សាសនា) ដែលរងផលប៉ះពាល់ពីការបិទប្រទេសជាងមួយខែហើយ នៅពីរតំបន់ពុទ្ធស្ថានសំខាន់គឺ ពុទ្ធគយា (កន្លែងព្រះពុទ្ធទ្រង់ត្រាស់ដឹង) និងសាន៌ាថ (កន្លែងព្រះពុទ្ធទ្រង់សម្ដែងនូវបឋមទេសនា ធម្មចក្កប្បវត្តនសូត្រ) ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment