សមណនិស្សិត-និស្សិតខ្មែរនៅទីក្រុងញូវដែល្លីបានទទួលស្បៀងអាហារមួយចំនួនពីស្ថានទូតខ្មែរ - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, May 01, 2020

សមណនិស្សិត-និស្សិតខ្មែរនៅទីក្រុងញូវដែល្លីបានទទួលស្បៀងអាហារមួយចំនួនពីស្ថានទូតខ្មែរ

សមណនិស្សិត-និស្សិតខ្មែរនៅទីក្រុងញូវដែល្លី ទទួលស្បៀងអាហារមួយចំនួនពីមន្ត្រីស្ថានទូតខ្មែរ, ញូវដែល្លី, ០១ ឧសភា ២០២០ ។

លោកវិទូ | ថ្ងៃ ៦᧪៦ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ | ០១ ឧសភា ២០២០

ញូវដែល្លី៖ នៅថ្ងៃសុក្រ ទី០១ ខែឧសភានេះ ស្ថានទូតខ្មែរប្រចាំនៅប្រទេសឥណ្ឌា បាននាំយកស្បៀងអាហារមួយចំនួនទៅប្រគេននិងចែកជូន សមណនិស្សិត-និស្សិតខ្មែរ ដែលសិក្សានៅក្រុងញូវដែល្លី ខណៈរដ្ឋាភិបាលឥណ្ឌាបានប្រកាសបិទប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។

អំណោយជាស្បៀងអាហារនេះ ជាការជួយរំលែកផលលំបាកមួយចំនួន របស់សមណនិស្សិត-និស្សិតខ្មែរ នៅទីក្រុងញូវដែល្លី ដែលរងផលប៉ះពាល់ដោយស្ថានភាពបិទប្រទេសទាំងមូល ។ ពិតណាស់ សមណនិស្សិត-និស្សិតខ្មែរ កំពុងតែចួបការលំបាកក្នុងការរស់នៅក្នុងសាលា ទៅណាមិនបាន ព្រោះបម្រាមគោចរយ៉ាងតឹងរ៉ឹង ។ ការហូបចុកទៀតសោតក៏មានកំណត់ ណាមួយជាម្ហូបអាហារឥណ្ឌាទៀត ពិបាកទទួលទានណាស់ បានតែម្ដងម្កាលទេ ។ 

ដោយចេញដំណើរតាំងពីព្រឹក មន្ត្រីស្ថានទូត លោក វ៉េត ណារិទ្ធិ និងតៃកុង បានឆ្ពោះទៅកាន់ទីកន្លែងដែលសមណនិស្សិត-និស្សិតខ្មែរ កំពុងស្នាក់នៅ ដោយយានយន្តរបស់ស្ថានទូត អាចបើកបរបានដោយមិនមានការហាមឃាត់ពីប៉ូលីសចរាចរ ក្នុងកំឡុងពេលនៃការបិទប្រទេសនេះឡើយ ។ 

សាកលវិទ្យាល័យដែល្លី (DU) ជាទិសដៅទីមួយ ដែលមានព្រះតេជព្រះគុណ បណ្ឌិត ចន្ទ ដារី និងនិស្សិត គៀវ ម៉េងគ័ង នៅទីនោះ ជាតំបន់ភាគខាងជើងនៃទីក្រុងញូវដែល្លី ដែលមានចម្ងាយជាង ១៩ គម ពីស្ថានឯកអគ្គរាជទូត ។ ចេញពីទីនោះឆ្ពោះទៅភាគខាងត្បូងទីក្រុងញូវដែល្លីប្រមាណជាង ១២ គម ដល់វត្តខ្មែរញូវដែល្លី ដើម្បីប្រគេនចង្ហាន់ព្រះសង្ឃ ។ បន្ទាប់មក ឡានមន្ត្រីទូតក៏ចេញដំណើរទៅកាន់សាកលវិទ្យាល័យចាវ៉ាហាឡាល់នេហ៍រូ (JNU) ភាគខាងត្បូង-ឆៀងខាងលិចនៃទីក្រុងញូវដែល្លី ដែលមានចម្ងាយប្រមាណជាង ៦ គម ដើម្បីប្រគល់ស្បៀងអាហារដល់និស្សិត ខាត់ ប៊ុនថន ដែលកំពុងសិក្សានៅទីនោះ ។

ចុងក្រោយ ប្រហែលហួសថ្ងៃត្រង់បន្តិច ដំណើរចែកស្បៀងបានទៅដល់សាកលវិទ្យាល័យចាមិអា មិល្លិអា ឥស្លាមិអា (JMI) ចម្ងាយប្រមាណ ១៣ គម ជាទីដែលនិស្សិត វណ្ណ ប៊ុណ្ណា កំពុងស្នាក់នៅរៀនសូត្រ ដែលជាតំបន់ភាគខាងត្បូង-ឆៀងខាងកើតនៃទីក្រុងញូវដែល្លី រួចក៏ត្រលប់ទៅកាន់ស្ថានឯកអគ្គរាជទូតវិញ នៅម្ដុំសាប់ដាចាំងអ៊ីនក្លេវ ចម្ងាយជាង ១១ គម ជាតំបន់ភាគខាងត្បូងនៃទីក្រុងញូវដែល្លី ។ នេះជាដំណើរចុះឡើងសរុបជាង ៦០ គម ។

ភាសិតរបស់បិតាទ្រឹស្ដីអហិង្សានិយមរបស់ឥណ្ឌា លោក មហាត្មា គន្ធី មានសេចក្តីថា «ចំពោះមនុស្សដែលមានពោះទទេរស្អាត ភោជនាហារគឺជាព្រះជាម្ចាស់» ។ ដោយអារម្មណ៍ត្រេកអរ និស្សិត គៀវ ម៉េងគ័ង បានសរសេរជាភាសាអង់គ្លេស នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដែលមានសេចក្តីជាភាសាខ្មែរថា «ជាមួយនឹងអារម្មណ៍រំជួលក្នុងចិត្ត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ស្ថានទូតនិងសហការីទាំងអស់ ចំពោះការខិតខំរបស់ពួកគាត់ ទាក់ទងនឹងជំនួយស្បៀងអាហារ សម្រាប់ព្រះសង្ឃនិងនិស្សិត ដើម្បីជួយសង្គ្រោះជីវិត និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវដី១៩» ។

និស្សិត ខាត់ ប៊ុនថន បានសរសេរនៅបណ្ដាញសង្គមហ្វេសប៊ុកដូចគ្នា ដើម្បីសម្ដែងអារម្មណ៍របស់ខ្លួន ពេលដែលឃើញរូបភាពសមណនិស្សិត-និស្សិតកំពុងទទួលកញ្ចប់ស្បៀងអាហារ រៀងវែងឆ្ងាយបន្តិចថា «វាពិតជាមានអារម្មណ៍ផ្អែមល្ហែមណាស់ នៅពេលដែលឃើញរូបភាពទាំងនេះ ប៉ុន្តែដែលផ្អែមល្ហែមជាងនេះគឺជាកញ្ចប់ស្បៀងអាហារ ដែលយើងបានទទួលដោយអំណរគុណជាអនេកដល់ស្ថានទូតខ្មែរ នៅក្នុងទីក្រុងញូវដែល្លី សម្រាប់ការយកចិត្តទុកដាក់និងទឹកចិត្តសប្បុរសធម៌ ។ បង វ៉េត ណារិទ្ធិ គឺជាអ្នកផ្តល់សេវាកម្មដ៏អស្ចារ្យមួយ ដែលប្រថុយសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងការដឹកនាំពាំយួរនូវកញ្ចប់ស្បៀងអាហារ ដើម្បីប្រគល់ដល់ពួកយើង មកដល់នឹងខ្លោងទ្វារចូលតែម្ដង ក្នុងកំឡុងពេលមានការបិទប្រទេសទាំងមូលវគ្គ២.០ ដោយសារមេរោគរាតត្បាត» ។

លោកបានសម្ដែងការសោកស្ដាយចំពោះមិត្តៗ ដែលនៅឆ្ងាយពីទីក្រុងដែល្លី ដែលមិនបានទទួលអំណោយនេះបាន ដោយពាក្យពេចន៍លួងលោមថា «យើងពិតជាសោកស្ដាយណាស់ ចំពោះមិត្តភក្តិជាទីស្រឡាញ់របស់យើង ដែលមានទីតាំងនៅក្រៅទីក្រុងញូវដែល្លី ។ វាពិតជាពិបាកក្នុងការរៀបចំដូចគ្នាសម្រាប់អ្នក ។ សូមកុំច្រណែនអី ។ សូមមានសុវត្ថិភាពនិងមានសុខភាពល្អ» ។

ម្យ៉ាងទៀតស្ថានភាពការរាតត្បាតជំងឺកូវីដ១៩នៅឥណ្ឌា ហាក់មិនទាន់ថមថយសោះ ក្រោយពីការបិទប្រទេសអស់រយៈពេលជាងមួយខែហើយ ។ នៅល្ងាចថ្ងៃសុក្រនេះ រដ្ឋាភិបាលឥណ្ឌាប្រកាសបន្តបិទប្រទេសទាំងស្រុងវគ្គ ៣.០ ដែលមានរយៈពេល ២ សប្ដាហ៍ទៀត គិតចាប់តាំងពីថ្ងៃទី ៤ ឧសភាតទៅ ។ ដូច្នេះស្បៀងអាហារនេះអាចទប់ទល់បានជាងមួយសប្ដាហ៍ដែរ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment