វត្តខ្មែរនៅដែនដីពុទ្ធភូមិរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណា តាមរយៈការចែកស្បៀងអាហារដល់ជនក្រីក្រ - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, May 02, 2020

វត្តខ្មែរនៅដែនដីពុទ្ធភូមិរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណា តាមរយៈការចែកស្បៀងអាហារដល់ជនក្រីក្រ

សកម្មភាពចែកទានមានគ្រឿងឧបភោគបរិភោគផ្សេងៗ ដល់ជនទីទាល់ក្រ នៅវត្តខ្មែរពុទ្ធគយា ។ រូបភាព៖ ព្រះមហា សុខ ដាវិន្ទ

លោកវិទូ | ថ្ងៃ ៧᧫៦ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ | ០២ ឧសភា ២០២០

ពុទ្ធគយា៖ វត្តខ្មែរពុទ្ធគយា (រដ្ឋពិហារ) បានបរិច្ចាគទានជាស្បៀងអាហារមួយចំនួន ដល់ជនក្រីក្រដែលចួបប្រទះការខ្វះខាតខ្លាំង ក្នុងកំឡុងពេលនៃការបិទប្រទេសទាំងស្រុង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណា ។

ខណៈពិភពលោកកំពុងចួបវិបត្តិជំងឺកូរ៉ូណាដ៏ប្រល័យនេះ អង្គការព្រះពុទ្ធសាសនាស្ទើរគ្រប់ទិសទី បានរួមចំណែកយ៉ាងសកម្ម ដើម្បីផ្ដល់នូវដំណោះស្រាយបឋម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ ទាំងផ្នែកស្មារតី និងផ្នែកសម្ភារៈសម្រាប់ធ្វើការបរិច្ចាគទាន មានគ្រឿងឧបភោគបរិភោគផ្សេងៗមួយចំនួន ។ វត្តខ្មែរពុទ្ធគយាក៏បានធ្វើសកម្មភាពមនុស្សធម៌នេះផងដែរ ដោយបានចែកអំណោយ ដល់ជនទីទល់ក្រជាបន្តបន្ទាប់ រហូតដល់ចំនួន ១១០ គ្រួសារ គិតត្រឹមថ្ងៃសុក្រ (១ ឧសភា) ម្សិលមិញនេះ ។


ព្រះតេជព្រះគុណ ព្រះមហា សត្តិរខិតោ សុខ ដាវិន្ទ នាយករងនៃពុទ្ធិកសមាគមវត្តខ្មែរនៅដែនដីពុទ្ធភូមិ និងជាព្រះចៅអធិការស្ដីទីវត្តខ្មែរពុទ្ធគយា បានមានសង្ឃដីកានៅលើបណ្ដាញសង្គមហ្វេសប៊ុកថា៖

«ថ្ងៃនេះកូរណាអាត្មាភាព រួមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទដែលកំពុងគង់អាស្រ័យនៅក្នុងវត្តខ្មែរពុទ្ធគយា បានចែកនូវអំណោយជាគ្រឿងបរិភោគដល់ប្រជាជនទីទាល់ក្រចំនួន៦០គ្រួសារបន្ថែមទៀត សរុបទាំងអស់គឺ១១០គ្រួសារហើយ ។ ទានដែលខ្ញុំកូរណាគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទបានបំពេញហើយ សូមចំរើនដល់ម្ចាស់សទ្ធា រួមទាំងពុទ្ធបរិស័ទទាំងអស់ឲ្យបានគ្រប់ៗគ្នា សូមអនុមោទនា!»

វត្តខ្មែរពុទ្ធគយា ដែលជាកន្លែងព្រះពុទ្ធអង្គទ្រង់បានត្រាស់ដឹង បានចាប់ផ្ដើមកសាងដោយព្រះតេជព្រះគុណ ព្រះទេវសត្ថា ពឿយ មេត្តា នៅខែមេសា ឆ្នាំ២០០៤ ដើម្បីបម្រើដល់សកម្មភាពពុទ្ធសាសនានានា នៅដែនដីពុទ្ធភូមិប្រទេសឥណ្ឌា ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment