ប្រធានាធិបតីកូរ៉េខាងត្បូង៖ ព្រះពុទ្ធសាសនាបានដើរតួនាទីជាប្រពៃណីក្នុងការបង្រួបបង្រួមជាតិកូរ៉េក្នុងពេលមានវិបត្តិ - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, May 02, 2020

ប្រធានាធិបតីកូរ៉េខាងត្បូង៖ ព្រះពុទ្ធសាសនាបានដើរតួនាទីជាប្រពៃណីក្នុងការបង្រួបបង្រួមជាតិកូរ៉េក្នុងពេលមានវិបត្តិ

លោកប្រធានាធិបតី មូន ជេអ៊ីន និយាយនៅក្នុងការប្រជុំមួយជាមួយកម្មករបម្រើការងារ នៅសណ្ឋាគារ ហ្គ្រានវ៉កឃើហ៊ីល, ទីក្រុងសេអ៊ូល, ២៩ មេសា ២០២០ ។ រូបភាព៖ យ៉ុនហាប់

លោកវិទូ | ថ្ងៃ ៧᧫៦ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ | ០២ ឧសភា ២០២០

យោងតាមសារព័ត៌មានកូរ៉េ (The Korea Herald) បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ (៣០ មេសា) ប្រធានាធិបតី មូន ជេអ៊ីន បានកាន់ទុក្ខដល់ជនរងគ្រោះដោយសារអគ្គិភ័យឆេះឃ្លាំងមួយ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣៨ នាក់បានស្លាប់ និង ១០ នាក់ផ្សេងទៀតបានរងរបួសនៅថ្ងៃមុន ដោយនិយាយថា គ្រោះមហន្តរាយនេះបានបន្ថែមសេចក្តីទុក្ខមួយកម្រិតទៀត ទៅលើវិបត្ដិមេរោគកូរ៉ូណានេះ ។

លោកមូនបាននិយាយនៅក្នុងអនុមោទនា ពិធីបុណ្យវិសាខបូជាថា «មនុស្សជាច្រើនត្រូវបានសម្លាប់ ។ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះជនរងគ្រោះ ហើយសូមជូនពរដល់អ្នកដែលរងរបួសឲ្យជាសះស្បើយឡើងវិញ» ។

ជនជាតិកូរ៉េខាងត្បូងបានប្រារព្ធពិធីបុណ្យវិសាខបូជា ជាមួយនឹងអារម្មណ៍ក្រៀមក្រំ ជាជាងការប្រារព្ធពិធីដោយសេចក្តីអំណរសាទរនៅឆ្នាំនេះ ចំពេលមានការប្រយុទ្ធអស់រយៈពេលជាច្រើនខែប្រឆាំងនឹងជំងឺកូវីដ១៩ និងភ្លើងឆេះឃ្លាំងនៅថ្ងៃពុធនៅអ៊ីឆុន ចម្ងាយ ៥០ គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងសេអ៊ូល ដែលជាគ្រោះអគ្គិភ័យដល់បាត់បង់អាយុជីវីតដ៏ធំមួយ ដែលមិនដែលមានជាច្រើនឆ្នាំមកហើយ ។

លោក មូន បាននិយាយនៅលើគណនីបណ្តាញសង្គមរបស់គាត់ថា «នៅពេលដែលអ្នកជិតខាងរបស់យើងមានសេចក្តីទុក្ខលំបាក យើងក៏មានសេចក្តីទុក្ខលំបាកដែរ ។ ខ្ញុំមានអារម្មណ៍សោកស្តាយ និងមានទំនួលខុសត្រូវខ្ពស់ចំពោះឧបទ្ទវហេតុអកុសលដែលបានកើតឡើង នៅចំពេលនៃកិច្ចប្រឹងប្រែងថ្នាក់ជាតិ ដើម្បីដោះស្រាយវិបត្តិកូវីដ១៩» ។

លោកបានសម្តែងការចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ និងជូនពរដល់អ្នករងរបួសឲ្យជាសះស្បើយបានឆាប់រហ័ស ។

លោកប្រធានាធិបតីបានចង្អុលបង្ហាញថា ព្រះពុទ្ធសាសនាបានដើរតួនាទីជាប្រពៃណី ក្នុងការបង្រួបបង្រួមមនុស្សនៅពេលមានវិបត្តិជាតិនៅកូរ៉េខាងត្បូង ។

លោកបន្ថែមថា អ្នកកាន់ព្រះពុទ្ធសាសនាបានជួយអ្នកដែលត្រូវការជំនួយ តាមរយៈការបរិច្ចាគនិងការចែករំលែក ។

លោក មូន ដែលជាគ្រឹស្តសាសនិកមួយរូប បានថែ្លងគូសបញ្ជាក់ថា «ព្រះពុទ្ធសាសនាបានដើរតួនាទីជាប្រពៃណីក្នុងការបង្រួបបង្រួមជាតិកូរ៉េក្នុងពេលមានវិបត្តិ ។ បេះដូងដ៏កក់ក្តៅនៃសហគមន៍ពុទ្ធសាសនិក ជានិច្ចកាលជាជំនួយដ៏សំខាន់ដល់ប្រជាពលរដ្ឋទូទៅ, ករុណាធម៌ ដែលចាត់ទុកសេចក្តីឈឺចាប់របស់អ្នកជិតខាងថាជាសេចក្តីឈឺចាប់របស់ខ្លួន គឺជាភាពខ្លាំង និងសេចក្តីសង្ឃឹមរបស់យើង» ។

លោក មូន បានបញ្ជាក់ជាអាទិភាពក្នុងការការពារជីវិតនិងសុវត្ថិភាពរបស់ប្រជាជន ក្នុងឱកាសបុណ្យវិសាខបូជា ។ (យ៉ុនហាប)

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment