គណៈសង្ឃនាយកបដិសេធយ៉ាងដាច់អហង្កានិងពុំអាចទទួលយកបានជាដាច់ខាតនូវគំនិតលោកខាន់សុវណ្ណ - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, May 21, 2020

គណៈសង្ឃនាយកបដិសេធយ៉ាងដាច់អហង្កានិងពុំអាចទទួលយកបានជាដាច់ខាតនូវគំនិតលោកខាន់សុវណ្ណ

លោក ខាន់ សុវណ្ណ ម្ចាស់ហ្វេសប៊ុក សុវណ្ណ ខាន់ អពប និង Khmer Mjas Srok ។

លោកវិទូ | ថ្ងៃ ៥᧿៦ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២១ ឧសភា ២០២០

ភ្នំពេញ៖ នៅក្នុងសេចក្តីថ្លែងការណ៍ដែលមានដល់ទៅពីរទំព័រ គណៈសង្ឃនាយកបាន «បដិសេធយ៉ាងដាច់អហង្កា ហើយពុំអាចទទួលយកបានដាច់ខាត» នូវគំនិតរបស់លោក ខាន់ សុវណ្ណ ដែលចង់ចាប់ផ្សឹកលោកសង្ឃដែលកំពុងពេញកម្លាំងក្រោមអាយុ៥៦ឆ្នាំចោលឲ្យអស់ ដើម្បីបង្គ្រប់ទីផ្សារការងារជាកម្មករសំណង់ និងសូមឲ្យគាត់មើលពីចំណុចវិជ្ជមានរបស់ព្រះសង្ឃផង កុំមើលឃើញតែពីទោសពេក ។

នៅថ្ងៃព្រហស្បតិ៍នេះ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ដោយមានពាក្យធ្ងន់ៗទៅលើលោក ខាន់ សុវណ្ណ ដែលជាម្ចាស់គណនីនិងទំព័រហ្វេសប៊ុក សុវណ្ណ ខាន់ អពប និង Khmer Mjas Srok ដែលបានបង្ហោះសារកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ ជាសំណួរអំពីលទ្ធភាពដែលអាច «ចាត់ការផ្សឹកលោកសង្ឃដែលកំពុងពេញកម្លាំងក្រោមអាយុ៥៦ឆ្នាំចោលឲ្យអស់» ដើម្បីបង្គ្រប់ទីផ្សារការងារជាកម្មករសំណង់ ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលមានដល់ទៅពីរទំព័រ គណៈសង្ឃនាយកបាន«បដិសេធយ៉ាងដាច់អហង្កា ហើយពុំអាចទទួលយកបានដាច់ខាត» នូវគំនិតរបស់លោក ខាន់ សុវណ្ណ ។

គណៈសង្ឃនាយកបានធ្វើការវិនិច្ឆ័យទៅលើខ្លឹមសារនៃសំណេររបស់បុគ្គលរូបនេះជា ៧ ចំណុចធ្ងន់ៗដូចជា ភាពអសីលធម៌ គំនិតលាមក និងភាពយង់ឃ្នងសាហាវឃោរឃៅព្រៃផ្សៃបំផុត, ការប្រមាថមាក់ងាយមកលើព្រះសង្ឃពុទ្ធសាសនាគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស, ការបង្វែរគំនិតមហាជនឲ្យដើរជាន់ដានប្រវិត្តិសាស្ត្រល្វីងជូរចត់ ក្នុងរបបខ្មែរក្រហម, រំលោភក្រមព្រហ្មទណ្ឌកម្ពុជាត្រង់មាត្រា ៥១៦ ពីបទប្រមាថកាតតៀនចំពោះព្រះសង្ឃ និងជាការប៉ះពាល់ដល់ស្មារតីមាត្រា ៤៣ នៃច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, ការរំលោភបំពានសិទ្ធិមនុស្សជាសកលដែលចែងអំពីសិទ្ធិជំនឿ និងការរស់រានមានជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ, គំនិតខ្វះការគិតគូរវែងឆ្ងាយ ខ្វះបទពិសោធន៍ ។ល។ ក្នុងការប្រើប្រាស់សំណេរ និងការបញ្ចេញមតិ, និងការបង្កើតនូវភាពឈឺចាប់ និងការចងកម្មពៀរវេរាដល់យុវសង្ឃ និងពុទ្ធបរិស័ទ ។

នៅក្នុងសេចក្តីថ្លែងការណ៍នេះដែរ គណៈសង្ឃនាយកបានរំឭកអំពីតួនាទីយ៉ាងសំខាន់របស់ពុទ្ធសាសនាខ្មែរផ្សារភ្ជាប់នឹងសង្គម ។ «ព្រះសង្ឃពុទ្ធសាសនាកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្ម និងខ្លាំងក្លាទាំងសម្ភារៈទាំងស្មារតីក្នុងវិស័យសង្គមកិច្ច មនុស្សធម៌ និងវិស័យអប់រំ» ដើម្បីឲ្យកូនខ្មែរចេះស្គាល់អំពើល្អ អំពើអាក្រក់ បុណ្យបាប គុណទោស ខុសត្រូវ បំពេញសេចក្តីល្អ ឲ្យមានសីលធម៌ សុជីវធម៌ និងឲ្យចេះគោរពមាតាបិតាជាដើម ។

គណៈសង្ឃនាយកបានទទួលស្គាល់ថា នៅក្នុងសម័យបច្ចុប្បន្នក៏ដូចជាអតីតកាល តែងតែមាន«អ្នកបួសមួយចំនួនតូច» ប្រព្រឹត្តខុសធម៌វិន័យ ហើយគណៈសង្ឃនាយកក៏បានយកចិត្តទុកដាក់ចាត់វិធានការដោះស្រាយហើយដែរ ។

គណៈសង្ឃក៏បានណែនាំឲ្យលោក ខាន់ សុវណ្ណ «ក្រឡេកមើលប្រវត្តិសាស្ត្រខ្មែរឲ្យបានស៊ីជម្រៅវែងឆ្ងាយដែលយើងទើបបានឆ្លងកាត់ ហើយមើលឲ្យឃើញទាំងអ្វីដែលល្អ ទាំងអ្វីដែលអាក្រក់ ទាំងអ្វីដែលខាតទាំងអ្វីដែលចំណេញសម្រាប់វប្បធម៌ សាសនា និងប្រពៃណី ទំនៀមទម្លាប់ ជាពិសេសគួរមើលឃើញចំណុចល្អវិជ្ជមានរបស់ព្រះសង្ឃគ្រប់ជំនាន់ចំពោះសង្គមខ្មែរផង សូមកុំមើលតែចំណុចអាក្រក់ៗអវិជ្ជមានរបស់ព្រះសង្ឃតែម្យ៉ាងប៉ុណ្ណោះ សូមមើលព្រៃទាំងមូលកុំមើលឈើមួយដើម» ។

ជាចុងក្រោយនៃសេចក្តីថ្លែងការណ៍នេះ គណៈសង្ឃនាយកបានសម្ដែងនូវការព្រួយបារម្ភ និងសោកស្ដាយបំផុតចំពោះសំណេររបស់លោក ខាន់ សុវណ្ណ ដោយចាត់ទុកថា «ជាការខ្វះវិចារណញ្ញាណ ខ្វះសុភវិនិច្ឆ័យ ប្រកបដោយអគតិ និងទុទិដ្ឋិនិយម ដើរថយក្រោយ គំនិតផ្ទុយពីវឌ្ឍនភាពសង្គម សាសនា និងវប្បធម៌» ដែលមហាជនខ្មែរគ្រប់រូបមិនគួរដើរតាមឬអនុវត្តតាមឡើយ ។

ទោះយ៉ាងណា កាលពីថ្ងៃពុធម្សិលមិញ លោក ខាន់ សុវណ្ណ បានធ្វើការឡាយផ្ទាល់នៅគណនីហ្វេសប៊ុករបស់ខ្លួន ហើយបានបកស្រាយសម្រាយកំហុសបញ្ជាក់ថា ខ្លួនមិនមានចេតនាចង់ចាប់ផ្សឹកលោកសង្ឃទាំងអស់ក្រោមអាយុ៥៦នោះទេ គ្រាន់តែចង់សួរថាតើជម្រើសទាំង២ដែលគាត់បានសរសេរខាងក្រោមមួយណាអាចធ្វើទៅរួច៖

កម្ពុជាកំពុងខ្វះខាតកម្លាំងពលកម្ម ក្នុងវិស័យសំណង់ និងត្រូវការកម្មករជំនាញ និងគ្មានជំនាញជាច្រើនមុឺននាក់ដើម្បីបង្គ្រប់ទីផ្សារ ។
1/ ចាត់ការផ្សឹកលោកសង្ឃដែលកំពុងពេញកម្លាំងក្រោមអាយុ៥៦ឆ្នាំចោលឲ្យអស់ ។
2/ ចាត់ការតម្លើងប្រាក់ឈ្នួលរបស់កម្មករសំណង់នោះឲ្យបានស្មើតម្លៃពលកម្មរបស់ប្រទេសថៃ ។
តើអាចទៅរួចដែរទេ?

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment