វីវរហើយ! អាជ្ញាធររដ្ឋពិហារយកវត្តអារាមអន្តរជាតិនៅពុទ្ធគយាធ្វើជាកន្លែងដាក់ឲ្យនៅដាច់ដោយឡែក១៤ថ្ងៃ - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, May 20, 2020

វីវរហើយ! អាជ្ញាធររដ្ឋពិហារយកវត្តអារាមអន្តរជាតិនៅពុទ្ធគយាធ្វើជាកន្លែងដាក់ឲ្យនៅដាច់ដោយឡែក១៤ថ្ងៃ

អាកាសយានដ្ឋានគយា ។ រូបភាព៖ វីគីភីឌា

លោកវិទូ | ថ្ងៃ ៤᧾៦ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២០ ឧសភា ២០២០

ពុទ្ធគយា៖ រដ្ឋាភិបាលរដ្ឋពិហារយកពុទ្ធគយាធ្វើជាទីតាំងដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សម្រាប់ប្រជាជនឥណ្ឌាដែលត្រូវបានបញ្ជូនត្រលប់ពីប្រទេសនានាលើពីភពលោក ហើយការណ៍នេះបានធ្វើឲ្យមានការព្រួយបារម្ភពីសំណាក់ព្រះសង្ឃនិងពុទ្ធបរិស័ទនៅទីនោះ និងបានផ្ញើលិខិតមួយទៅប្រមុខរដ្ឋនេះដើម្បីស្នើសុំឲ្យប្ដូរទីតាំងនេះវិញទៅដាក់កន្លែងផ្សេង បើពុំនោះទេនឹងធ្វើបាតុកម្មសន្តិភាពនៅមុខព្រះមហាពោធិវិហារពុទ្ធគយា ។

ពុទ្ធបរិស័ទនៅពុទ្ធគយាបានសម្តែងការព្រួយបារម្ភអំពីការផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ន សម្រាប់ប្រជាជនឥណ្ឌាដែលត្រូវបានបញ្ជូនត្រលប់ពីតំបន់នានានៃពិភពលោក ដែលត្រូវបានរងគ្រោះដោយសារជំងឺរាតត្បាត ។ ក្រុមប្រឹក្សាពុទ្ធសាសនាអន្តរជាតិ (International Buddhist Coucil-IBC) ដែលជាស្ថាប័នតំណាងឲ្យវត្តអារាមពុទ្ធសាសនាជាង ៥០ នៅតំបន់ពុទ្ធគយានិងតំបន់ជុំវិញនោះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយស្នើសុំឲ្យដកកន្លែងដាក់ឲ្យនៅដាច់ដោយឡែកជនជាតិឥណ្ឌាដែលត្រលប់មកពីបរទេសវិញ ពីតំបន់ពុទ្ធគយារួមមានព្រះវិហារនិងវត្តអារាមនានាទៅដាក់នៅកន្លែងផ្សេងវិញ ។

យោងតាមការចុះផ្សាយរបស់កាសែតថែមស៍អហ្វឥណ្ឌា (Times of India) នៅក្នុងលិខិតផ្ញើជូនលោក នីតីស កុមារ ដែលជាប្រមុខរដ្ឋនៃរដ្ឋពិហារ ជារដ្ឋដែលពុទ្ធគយាស្ថិតនៅ អគ្គលេខាធិការនៃក្រុមប្រឹក្សាពុទ្ធសាសនាអន្តរជាតិ ព្រះភិក្ខុ ប្រាជ្ញាទីប បានលើកឡើងពីគ្រោះថ្នាក់សុខភាពដែលអាចកើតមានសម្រាប់អ្នកស្រុកពុទ្ធគយា ក៏ដូចជាការរំខានដល់ភ្ញៀវទេសចរនិងអ្នកធ្វើធម្មយាត្រា ដោយសារតែវត្តមានរបស់ប្រជាជនឥណ្ឌាដែលបានធ្វើមាតុភូមិនិវត្តន៍ ។

ព្រះភិក្ខុ ប្រាជ្ញាទីប ក៏បានសង្កត់ធ្ងន់ផងដែរថា អ្នកគ្រប់គ្រងព្រះវិហារនិងវត្តអារាមមិនបានបំពាក់សម្ភារគ្រប់គ្រាន់ ដើម្បីដោះស្រាយករណីជំងឺកូវីដ១៩ទេ ហើយក៏មិនអាចរក្សាបាននូវកម្រិតសុខភាពសាធារណៈឲ្យតឹងរឹងបានដែរ ។ ព្រះតេជព្រះគុណបានសរសេរថា «ភាពបរិសុទ្ធនិងសន្តិភាពនៃវត្តអារាមនឹងមានភាពសៅហ្មង ប្រសិនបើទីស្ថានសក្ការបូជាទាំងនេះត្រូវបានយកទៅធ្វើជាមណ្ឌលដាក់ឲ្យនៅដាច់ដោយឡែក» ។

សណ្ឋាគារចំនួន ៥៤ ផ្ទះសំណាក់ចំនួន ៥៤ និងវត្តអារាមចំនួន ៥៦ ត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់ជនដែលធ្វើមាតុភូមិនិវត្តន៍ ។ ក្នុងដំណើរការនេះ មនុស្សប្រមាណ ៨.០០០ នាក់ ដែលជាអ្នកស្រុកពុទ្ធគយានិងតំបន់ជុំវិញនោះ រួមជាមួយភ្ញៀវទេសចរដទៃទៀត នឹងត្រូវបានជម្លៀសចេញក្រោម «បេសកកម្មវន្ទេភារ័ត» ដោយរដ្ឋាភិបាលឥណ្ឌា ដែលកំពុងស្វែងរកការធ្វើមាតុភូមិនិវត្តន៍ជនជាតិឥណ្ឌាពីជុំវិញពិភពលោកដែលត្រូវបានជាប់គាំងដោយសារការហាមឃាត់ការធ្វើដំណើរ ដែលបណ្តាលមកពីជំងឺរាតត្បាត ។ បន្ទប់មានចំនួនប្រមាណ ៤.១៧០ បន្ទប់ត្រូវបានរក្សាទុកដោយឡែកសម្រាប់ជាកន្លែងសម្រាប់អ្នកធ្វើមាតុភូមិនិវត្តន៍ ក្នុងកំឡុងពេលដាក់នៅដោយឡែករយៈពេល ១៤ ថ្ងៃ ។

បន្ថែមលើការស្នើសុំឲ្យជនជាតិឥណ្ឌាដែលវិលត្រឡប់មកវិញនោះ ត្រូវដាក់ឲ្យនៅដាច់ដោយឡែកនៅក្នុងផ្ទះរបស់ពួកគេជំនួសវិញ ព្រះតេជព្រះគុណ ប្រាជ្ញាទីប បានផ្តល់ការព្រមានយ៉ាងម៉ឺងម៉ាត់ដែលថា «ប្រសិនបើសំណើរបស់អាត្មាភាពមិនត្រូវបានគេឆ្លើយតបជាវិជ្ជមានទេនោះ ព្រះសង្ឃអន្តរជាតិទាំងអស់នឹងចេញមកធ្វើបាតុកម្មសន្តិភាពនៅមុខព្រះមហាពោធិវិហារ» ។

ក្រុមទីមួយនៃប្រជាជនឥណ្ឌាចំនួន ៤១ នាក់ដែលបានជាប់គាំងនៅក្នុងចក្រភពអង់គ្លេសបានមកដល់នៅល្ងាចថ្ងៃច័ន្ទ (១៨ ឧសភា) ។ ការវិលត្រលប់របស់ជនជាតិឥណ្ឌានៅក្រៅប្រទេសដែលបានគ្រោងទុក នឹងត្រូវបានធ្វើឡើងក្នុងរយៈពេលជាច្រើនសប្តាហ៍ ដើម្បីទុកពេលវេលាគ្រប់គ្រាន់សម្រាប់ការចាតចែងខាងភ័ស្តុភារ និងដើម្បីធានាបាននូវកន្លែងទំនេរសម្រាប់អ្នកដែលបានត្រឡប់មកវិញ ។ លោក អភិសេក សិង្ហ ចៅក្រមស្រុកគយា (ចៅហ្វាយស្រុក, DM) បានមានប្រសាសន៍ថា «មិនមានកង្វះខាតបន្ទប់នោះទេ ព្រោះអ្នកដែលត្រូវត្រលប់មកវិញនឹងមិនមកម្ដងទាំងអស់ឡើយ» ។

អ្នកដែលត្រូវត្រលប់មកស្រុកកំណើតវិញនៅរដ្ឋពិហារ ត្រូវបានបញ្ជូនទៅកន្លែងដាក់ឲ្យនៅដាច់ដោយឡែកនៅតំបន់ពុទ្ធគយា រីឯអ្នកមួយចំនួនទៀតដែលមានផ្ទះសំបែងនៅរដ្ឋឈារខណ្ឌ នៅក្បែរនោះ ត្រូវបានគេនាំទៅកាន់រដ្ឋធានីរាន្ជីរបស់រដ្ឋនេះ ។ ជើងហោះហើរបន្ថែមទៀតគ្រោងនឹងមកដល់អាកាសយានដ្ឋានពុទ្ធគយា នៅថ្ងៃទី ២៤ ២៥ និង ២៦ ឧសភា និងថ្ងៃទី ១ និងទី ៣ ខែមិថុនា ដោយនាំជនជាតិឥណ្ឌាមកពីប្រទេសមួយចំនួនរួមមានកាហ្សាក់ស្ថាន អូម៉ង់ កាតា និងរុស្ស៊ី ។

ពុទ្ធគយាដែលជាទីត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ គឺជាគោលដៅទេសចរណ៍អន្តរជាតិនិងធម្មយាត្រាដ៏សំខាន់ សម្រាប់ពុទ្ធបរិស័ទមកពីជុំវិញពិភពលោក ។ មានវត្តអារាមអន្តរជាតិជាច្រើនត្រូវបានកសាងឡើងនៅទីនេះរួមមាន ខ្មែរ ថៃ ភូមា លាវ វៀតណាម ឥណ្ឌូនេស៊ី ។ល។ តែតំបន់នេះនៅក្រីក្រខ្លាំងណាស់ហើយត្រូវបានហ៊ុំព័ទ្ធដោយប្រជាជនស្រុកស្រែ ដែលមានអនាម័យនិងកន្លែងថែទាំសុខភាពមានកំណត់ ។ ធម្មជាតិរស់នៅរួមគ្នានៃព្រះវិហារនិងវត្តអារាមធ្វើឲ្យមានការលំបាកក្នុងការរក្សាខ្លួនឲ្យនៅដាច់ដោយឡែក ដែលបង្កឲ្យមានការព្រួយបារម្ភបន្ថែមទៀត សម្រាប់ព្រះសង្ឃនិងពុទ្ធបរិស័ទក្នុងវត្តនៅក្នុងតំបន់នេះដែលភាគច្រើនមានវ័យចំណាស់ ។

នៅទូទាំងពិភពលោកជំងឺរាតត្បាតកូវីដ១៩ កំពុងរីករាលដាលច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានមនុស្ស ៤,៩ លាននាក់បានឆ្លង ហើយបានសម្លាប់មនុស្ស ៣២០.៤៣០ នាក់ ដែលភាគច្រើននៃពួកគេនៅអឺរ៉ុបនិងសហរដ្ឋអាមេរិក ។ ឥណ្ឌាជាប្រទេសឆ្លងជំងឺនេះច្រើនជាងគេលំដាប់ទី១១លើពិភពលោក លើសប្រទេសចិនដែលជាប្រភពនៃជំងឺនេះ ដោយមានករណីឆ្លងកូវីដ១៩ចំនួន ១០១.២៦១ ករណី និងមានអ្នកស្លាប់ចំនួន ៣.១៦៤ នាក់ ។ ឥណ្ឌាកំពុងស្ថិតនៅក្នុងស្ថានភាពបិទប្រទេសទាំងមូលដំណាក់កាលទី៤ (Lockdown 4.0) ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment