វត្តខ្មែរពារាណសីប្រារព្ធពិធីបុណ្យវិសាខបូជាជាមួយនឹងការបរិច្ចាគទានជាស្បៀងអាហារមួយចំនួនដល់ជនក្រីក្រ - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, May 07, 2020

វត្តខ្មែរពារាណសីប្រារព្ធពិធីបុណ្យវិសាខបូជាជាមួយនឹងការបរិច្ចាគទានជាស្បៀងអាហារមួយចំនួនដល់ជនក្រីក្រ

សកម្មភាពមនុស្សធម៌របស់សមាគមព្រះពុទ្ធសាសនាថេរវាទហិណ្ឌូ-ខ្មែរ (ត្រាស្ត) វត្តខ្មែរពារាណសី, សាន៌ាថ, ពារាណសី, រដ្ឋយូពី, ប្រទេសឥណ្ឌា, ០៦ ឧសភា ២០២០ ។ រូបភាព៖ Watkhmer Varanasi

លោកវិទូ | ថ្ងៃ ៥᧱៦ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៧ ឧសភា ២០២០

សាន៌ាថ៖ វត្តខ្មែរពារាណសី ក្នុងមានជាសមាគមព្រះពុទ្ធសាសនាថេរវាទហិណ្ឌូ-ខ្មែរ (ត្រាស្ត) បានបរិច្ចាគទានជាស្បៀងអាហារមួយចំនួន ដល់ជនក្រីក្រដែលចួបប្រទះការខ្វះខាតខ្លាំងក្នុងកំទ្បុងពេលនៃការបិទប្រទេសទាំងស្រុង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណា ដែលជាសកម្មភាពមនុស្សធម៌ក្នុងថ្ងៃបុណ្យវិសាខបូជា ។

បុណ្យវិសាខបូជាគឺជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏ធំបំផុតមួយ សម្រាប់ពុទ្ធបរិស័ទទូទាំងពិភពលោក ដែលទទួលស្គាល់ដោយអង្គការសហប្រជាតិ ដែលឭកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រសូត ត្រាស់ដឹង និងចូលបរិនិព្វាន ។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ព្រះតេជព្រះគុណ ព្រះធម្មចក្កកវីវង្ស បណ្ឌិត សែម ប៉ិច ជាស្ថាបនិកនិងជាព្រះចៅអធិការវត្តខ្មែរពារាណី បានរៀបចំកម្មវិធីចែកស្បៀងអាហារដល់ប្រជាជនក្រីចំនួនជាង ១០០ គ្រួសារ នៅក្នុងតំបន់សាន៌ាថ ទីក្រុងពារាណសី រដ្ឋឧត្តរប្រទេស ។

ស្បៀងអាហារនោះរួមមាន អង្ករ (៥គក) ម្សៅរូទី (៥គក) សណ្ដែក (៥គក) ប្រេងឆា (១គក) សម្រាប់ ១០០ គ្រួសារ និងប្រជាជនមួយចំនួនបានទទួលជាថវិកា ។

ព្រះតេជព្រះគុណ ព្រះធម្មចក្កកវីវង្ស បណ្ឌិត សែម ប៉ិច បានមានថេរដីកាប្រាប់សារព័ត៌មានលោកវិទូ ពីបំណងសំខាន់២យ៉ាងនៃសកម្មភាពមនុស្សធម៌នេះ តាមបណ្ដាញឆ្លើយឆ្លងសង្គមថា «រដ្ឋាភិបាលបិទប្រទេសដើម្បីទប់ស្កាត់ជំងឺកូរ៉ូណា (កូវីដ១៩) ប្រជាជនឥណ្ឌាក្រីក្រចួបការលំបាក់ និងជាសកម្មភាពមនុស្សធម៌ក្នុងថ្ងៃប្រារព្ធពិធីបុណ្យវិសាខបូជា» ។

វត្តខ្មែរពារាណសីបានកសាងឡើងក្នុងឆ្នាំ ២០០៨ ស្ថិតនៅក្នុងតំបន់សាន៌ាថ មិនឆ្ងាយប៉ុន្មានពីទីតាំងពុទ្ធស្ថានប្រវត្តិសាស្ត្រ ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងនូវធម្មចក្កប្បវតនសូត្រ នៅព្រៃឥសិបតនមិគទាយវន ដើម្បីប្រោសនូវបញ្ចវគ្គិយភិក្ខុទាំង៥អង្គ និងចម្ងាយប្រមាណជាង ១០ គម ពីសាកលវិទ្យាល័យហិណ្ឌូពារាណសី ដែលមានព្រះសង្ឃខ្មែរយើងជាច្រើនកំពុងសិក្សានៅទីនោះ ។ សមិទ្ធផលនានានៅក្នុងវត្តខ្មែរពារាណសីមានដូចជា ព្រះវិហារតូចស្អាត់ ដែលបានបញ្ចុះសីមារួចរាល់ក្នុងឆ្នាំ ២០១៤ មហាកុដិសម្រាប់ញាតិញោមអ្នកធម្មយាត្រាជាតិនិងអន្តរជាតិស្នាក់អាស្រ័យ សាលាឆាន់ និងខ្លោងទ្វារដែលមានរចនាបថខ្មែរយ៉ាងស្រស់ស្អាត់ផងដែរ ។


ដោយឡែក ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ១៩នៅឥណ្ឌា ហាក់មិនទាន់ថមថយនៅឡើយទេ ទោះជាមានការបិទប្រទេសអស់រយៈពេលជាងមួយខែហើយក៏ដោយ ។ ប្រទេសឥណ្ឌាបានប្រកាសបន្តបិទប្រទេសទាំងស្រុងវគ្គ ៣.០ ដែលមានរយៈពេល ២ សប្ដាហ៍បន្ថែមទៀត គិតចាប់តាំងពីថ្ងៃទី ៤ ឧសភា រហូតដល់ថ្ងៃទី ១៧ ឧសភា ។

ខណៈនេះអ្នកឆ្លងជំងឺកូវីដ១៩នៅប្រទេសឥណ្ឌា បានកើនឡើងដល់ចំនួនជាង ៥ ម៉ឺននាក់ និងស្លាប់ជាង ១៧០០ នាក់ ។ ក្រៅពីនេះប្រជាជនក្រីក្រី និងកម្មករចំណាកស្រុកឆ្លងរដ្ឋ កំពុងចួបប្រទះការលំបាកជាខ្លាំង ដែលតម្រូវឲ្យរដ្ឋាភិបាលឥណ្ឌាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវី១៩ផង និងជួយប្រជាជនក្រីក្រផងក្នុងពេលតែមួយ ។

ក្នុងនាមជាអង្គការពុទ្ធសាសនា វត្តអារាមនានានៅដែនដីពុទ្ធភូមិនេះ បានបរិច្ចាគស្បៀងអាហារតិចឬច្រើនតាមលទ្ធភាពដល់ជនទីទាល់ក្រី ទម្រាំតែប្រទេសវិលត្រលប់ទៅរកភាពប្រក្រតីវិញ ។ មេត្តាករុណាធម៌និងការសង្គ្រោះ ជាគុណតម្លៃពិសេសរបស់ព្រះពុទ្ធសាសនា ដែលជាតម្រូវការរបស់ពិភពលោក ខណៈមេរោគកូវីដ១៩បន្តរាតត្បាតពាសពេញសកលលោក ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment