ព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម៖ ប្រជាពលរដ្ឋ៥៥៥គ្រួសារបានទទួលទេយ្យទានពីវត្តប្រាសាទនាងខ្មៅខេត្តតាកែវ - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, June 02, 2020

ព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម៖ ប្រជាពលរដ្ឋ៥៥៥គ្រួសារបានទទួលទេយ្យទានពីវត្តប្រាសាទនាងខ្មៅខេត្តតាកែវ

ព្រះតេជព្រះគុណ ធម្មវិជ្ជា ជួន កក្កដា ថ្លែងសុន្ទរកថាក្នុងពិធីចែកជូនទេយ្យទានដល់គ្រួសារប្រជាពលរដ្ឋទីទាល់ក្រចំនួន៥៥៥គ្រួសារ​ ។ រូបភាព៖ ហ្វេសប៊ុក Choun Kakada Page

លោកវិទូ | ថ្ងៃ ៣᧬៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០២ មិថុនា ២០២០

ខេត្តតាកែវ៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥៥៥ គ្រួសារបានទទួលទេយ្យទានសប្បុរសធម៌ដ៏ថ្លៃថ្លា ពីវត្តប្រាសាទនាងខ្មៅ ក្រោមការរៀបចំដោយព្រះទ័យជ្រះថ្លារបស់ព្រះតេជព្រះគុណ ព្រះធម្មវិជ្ជា ជួន កក្កដា ដោយសហការជាមួយព្រះសង្ឃគណៈកម្មការវត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបង្ហាញឲ្យឃើញពីតួនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម ។

នៅរសៀលថ្ងៃច័ន្ទ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅសាលាធម្មសភាវត្តបុរាណនវេសន៍ហៅប្រាសាទនាងខ្មៅ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មានការប្រារព្ធរៀបចំពិធីចែកជូនទេយ្យទានដល់គ្រួសារប្រជាពលរដ្ឋទីទាល់ក្រចំនួន៥៥៥គ្រួសារ​ ដែលជាទេយ្យទានរំលែកពីការផ្គត់ផ្គង់ព្រះសង្ឃ និងសមណសិស្សប្រចាំថ្ងៃដែលបានមកពីការចូលរួមពីសំណាក់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ។

ពិធីដ៏វិសេសវិសាលនោះបានប្រព្រឹត្តទៅក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះគ្រូមង្គលបញ្ញាឧត្តម​ ច័ន្ទ​ ខឿង​ ទីប្រឹក្សាសម្តេចព្រះសង្ឃនាយក​ និងជាព្រះសង្ឃាធិបតីវត្តប្រាសាទនាងខ្មៅ​ និងការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម ជា​ អូន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសំរោងទទួលខុសត្រូវឃុំរវៀងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ សហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសំរោង អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក មុំ សោភ័ណ លោក កេត ម៉ៅ អភិបាលស្រុកសំរោង និងសហការី ព្រមទាំងអាជ្ញាធរថ្នាក់មូលដ្ឋានផងដែរ ។

នៅក្នុងឱកាសដ៏ថ្លៃថ្លានោះដែរ ព្រះតេជព្រះគុណ ព្រះធម្មវិជ្ជា ជួនកក្កដា ជាព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរ និងជានាយកពុទ្ធិកបឋមសិក្សាវត្តប្រាសាទនាងខ្មៅ បានមានថេរដីកាក្នុងខ្សែវីដេអូផ្សាយផ្ទាល់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ដើមឡើយព្រះសង្ឃគណៈកម្មការវត្តបានសន្សំទុកស្បៀងនៅក្នុងឃ្លាំងក្នុងវត្ត ដើម្បីផ្គត់ផ្គង់ព្រះសង្ឃដែលកំពុងគង់រៀននៅក្នុងវត្ត ក្រែងលោជំងឺកូវី១៩អូសបន្លាយពេលយូរ នាំឲ្យដាច់ចង្ហាន់លោក ។ ប៉ុន្តែដោយមើលឃើញថាញាតិញោមមានការខ្វះខាតនិងទីទាល់ក្រ ក៏មានព្រះទ័យចង់ចែករំលែក ដើម្បីសម្រួលជីវភាពគាត់ខ្លះ ។

«ញោមៗក៏ចេះតែព្រួយបារម្ភពីលោកហ្នឹងច្រើន ទាំងក្នុងប្រទេសទាំងក្រៅប្រទេស រឿងទេយ្យទានទាំងអស់ហ្នឹងខ្លាចខ្វះ ។ អ៊ីចឹងអាត្មាសន្សំទុក ។ ដល់តែពេលឥឡូវនេះ សន្សំទៅមើលទៅក្នុងឃ្លាំងក្នុងអីអាចទប់ទល់បាន មានអង្ករថ្មីៗហ្នឹងមកច្រើនដែរ ។...អ៊ីចឹងស្បៀងដែលស្តុកទុកមុនកូវីដ[១៩]ហ្នឹងរៀងយូរជាងអាថ្មីហើយឆាន់អត់ទាន់ អ៊ីចឹងក៏ពិគ្រោះគ្នា...ក៏ព្រមព្រាងគ្នាដាក់ថ្ងៃគ្នាដើម្បីឲ្យញោមមេឃុំក្រុមប្រឹក្សាឬក៏មេភូមិអីបានរៀបចំអញ្ជើញញាតិញោមចែក រើពីឃ្លាំងចេញមកវិញ...ដើម្បីរៀបចំជូនញោម ។»

ព្រះអង្គបានមានថេរដីកាសង្កត់ធ្ងន់ពីតួនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម ពោលគឺការជួយយកអាសាគ្នាទៅវិញមកក្នុងគ្រាលំបាក រវាងព្រះសង្ឃវត្តអារាមនិងប្រជាពលរដ្ឋ ជាពិសេសក្នុងកំឡុងពេលនៃការរាត្បាតជំងឺកូវីដ១៩ «ដោយស្មារតីមួយ បើព្រះសង្ឃលោកកើតទុក្ខ ញាតិញោមជួយសម្រាលទុក្ខលោក អត់អីឆាន់ញោមយកមកប្រគេនលោក ដល់តែញោមអត់អីហូប លោកសម្បូរអីហូប [ក៏]ជូនញោមវិញ...ក្នុងនាមយើងជាខ្មែរដូចគ្នា» ។

សូមបញ្ជាក់ផងដែរថា គ្រួសារប្រជាពលរដ្ឋនីមួយៗទទួលបានទេយ្យទានច្រើនគួរសមនាឱកាសនោះរួមមាន៖ អង្ករទម្ងន់២៥គីឡូក្រាម ទឹកត្រី ទឹកស៉ីអ៉ីវ មី អំបិល ស្ករស និងថវិកាចំនួន៥.០០០ រៀលផងដែរ ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម ជា អូន និងក្រុមការងារលោកក៏មានសទ្ធាជ្រះថ្លាប្រគេនថវិកាចំនួន០២លានរៀលដល់ព្រះធម្មវិជ្ជា ជួន កក្កដា ជាការចូលរួមចំណែកកសាងអគារកុដិថ្មីសម្រាប់ព្រះសង្ឃស្នាក់នៅរៀនសូត្រផងដែរ ។

វត្តប្រាសាទនាងខ្មៅជាវត្តមួយនៅខេត្តតាកែវភាគខាងត្បូងនៃប្រទេសកម្ពុជា ដែលមានព្រះសង្ឃគង់នៅរៀនច្រើនជាងគេ មានអាយុកាលចាស់ជាងគេ និងមានប្រាសាទបុរាណក្នុងវត្តទៀតផង ដែលជាហេតុធ្វើឲ្យញាតិញោមពុទ្ធបរិស័ទស្គាល់ច្រើនជាងគេផងដែរ ជាពិសេសក្រោមការដឹកនាំរបស់ព្រះធម្មវិជ្ជា ជួន កក្កដា និងព្រះសង្ឃាភិរ័ត ភិន វុទ្ធី ដែលជាព្រះចៅអធិការវត្ត ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment