លោកតាខ្មែរសុរិន្ទ (លោកឪណយ) ចែកទានដល់ពលករខ្មែរនៅប្រទេសថៃចំនួន ១០០ នាក់ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Monday, June 01, 2020

លោកតាខ្មែរសុរិន្ទ (លោកឪណយ) ចែកទានដល់ពលករខ្មែរនៅប្រទេសថៃចំនួន ១០០ នាក់

រូបភាពកែឆ្នៃ៖ លោកឪណយ និងពលករខ្មែរនៅខេត្តសមុទ្រប្រាកាន ប្រទេសថៃ ។

លោកវិទូ | ថ្ងៃ ២᧫៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០១ មិថុនា ២០២០

លោកតាខ្មែរសុរិន្ទជាព្រះចៅអធិការវត្តមួយនៅខេត្តសមុទ្រប្រាកាន មានសេចក្តីអាណិតអាសូរបានចែកទានដល់បងប្អូនពលករខ្មែរ ដែលចួបការខ្វះខាតខ្លាំង ដោយក្រុមហ៊ុនថៃផ្អាកការងារបណ្ដោះអាសន្ន និងផលប៉ះពាល់ដទៃទៀត ក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ។

នៅថ្ងៃអាទិត្យម្សិលមិញនេះ តាមរយៈការឡាយផ្ទាល់របស់បងប្អូនពលករខ្មែរនៅប្រទេសថៃបានឲ្យដឹងថា លោកតាខ្មែរសុរិន្ទមួយព្រះអង្គព្រះនាម ព្រះគ្រូកោសល បតនាករ (ហៅលោកឪណយ/តូច)  ដែលជាព្រះចៅអធិការវត្តសោធននិមិត្ត ខេត្តសមុទ្រប្រាកាន ខេត្តភាគកណ្ដាលជាប់ឈូងសមុទ្រថៃ បានចែកទានដល់ពលកខ្មែរចំនួន ១០០ នាក់ ដែលកំពុងចួបប្រទះការខ្វះខាត ក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ។ ទេយ្យវត្ថុនៅក្នុងនោះមានដូចជា អង្ករត្រីងៀតត្រីប្រឡាក់ត្រីខមីជាដើមនិងថវិកាមួយចំនួនផងដែរ ។
គេនិយាយតៗគ្នាថា លោកឪណយតែងមានព្រះទ័យល្អ ស្រឡាញ់រាប់អានបងប្អូនញាតិញោមពុទ្ធបរស័ទខ្មែរក៏ដូចជាថៃលាវភូមាផងដែរ ។ នៅក្នុងឱកាសចែកទាននោះ លោកឪណយបានមានថេរដីកាជាភាសាថៃផងនិងខ្មែរផងថា វត្តសោធននិមិត្តនេះជាវត្តអាស៊ាន មានពុទ្ធបរិស័ទមកធ្វើបុណ្យពីប្រទេសថៃខ្មែរលាវភូមា ។

នេះជាសកម្មភាពមនុស្សធម៌សង្គ្រោះបន្ទាន់ ក្នុងគ្រាលំបាកដែលប៉ះពាល់ដោយជំងឺកូវីដ១៩របស់វត្តសោធននិមិត្ត ស្របតាមព្រះរាជតម្រាស់របស់សម្ដេចព្រះអរិយវង្សាគតញាណ សម្ដេចព្រះសង្ឃរាជ សកលមហាសង្ឃបរិនាយក នៃព្រះរាជាណាចក្រថៃឡង់ដ៍ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment