សមាគមព្រះពុទ្ធសាសនាជួយសង្គ្រោះខ្មែរបានផ្ដល់ជំនួយឧបត្ថម្ភដល់ព្រៃសហគមន៍សង្ឃរុក្ខវ័នខេត្តឧត្តរមានជ័យ - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, June 01, 2020

សមាគមព្រះពុទ្ធសាសនាជួយសង្គ្រោះខ្មែរបានផ្ដល់ជំនួយឧបត្ថម្ភដល់ព្រៃសហគមន៍សង្ឃរុក្ខវ័នខេត្តឧត្តរមានជ័យ

តំណាងសមាគមព្រះពុទ្ធសាសនាជួយសង្គ្រោះខ្មែរបាននាំនយកនូវជំនួយឧបត្ថម្ភទៅប្រគេនចំពោះព្រះប្រធានព្រៃសហគមន៍សង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ ។ រូបភាព៖ ហ្វេសប៊ុកសមាគមព្រះពុទ្ធសាសនាជួយសង្គ្រោះខ្មែរ

លោកវិទូ | ថ្ងៃ ២᧫៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០១ មិថុនា ២០២០
កាលពីថ្ងៃអាទិត្យកន្លងទៅ តំណាងសមាគមព្រះពុទ្ធសាសនាជួយសង្គ្រោះខ្មែរបាននាំយកនូវជំនួយឧបត្ថម្ភជាសម្ភារៈនិងថវិកាមួយចំនួន ទៅប្រគេនចំពោះព្រះប្រធានព្រៃសហគមន៍សង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ ។

ព្រះតេជព្រះគុណ ព្រះភិក្ខុ រិន សារុន និងក្រុមការងារតំណាងសមាគមព្រះពុទ្ធសាសនាជួយសង្គ្រោះខ្មែរ មានព្រះអង្គគ្រូវិនយធរោ ភិក្ខុមហាយិន នឿន ជាព្រះប្រធាន (សហរដ្ឋអាម៉េរិក) បាននាំយកនូវជំនួយឧបត្ថម្ភជាសម្ភារៈដូចជាអង្ករ ភេសជ្ជៈនិងគ្រឿងបរិក្ខារផ្សេងៗទៀត ទៅប្រគេនចំពោះព្រះតេជព្រះគុណ ព្រះគ្រូឧត្តរមុនី ប៊ុន សាលួត ព្រះប្រធានព្រៃសហគមន៍សង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ ដែលជាសទ្ធាជ្រះថ្លារបស់សប្បុរសជនខ្មែរនៅក្រៅប្រទេស ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុកសមាគមព្រះពុទ្ធសាសនាជួយសង្គ្រោះខ្មែរ បានរៀបរាប់ឲ្យដឹងថា «ថ្ងៃនេះក្រុមការងារបានយកអង្ករចំនួនកន្លះតោន(៥០០គីឡូក្រាម) ភេសជ្ជៈនិងគ្រឿងបរិក្ខារផ្សេងៗទៀត ប្រគេនដល់ព្រះអង្គគ្រូឧត្តរមុនី ប៊ុន សាលួត ប្រធានសង្ឃសហគមន៍រុក្ខវ័ន និងជាព្រះមេគណខេត្តឧត្តរមានជ័យ ជាសទ្ធាជ្រះថ្លារបស់ញាតិញោម ប្រទេសកាណាដានិងសហរដ្ឋ សូមញោមម្ចាស់ទានបានសេចក្ដីសុខចម្រើន» ។

ព្រៃ​សង្ឃរុក្ខវ័នមាន​ផ្ទៃដី​ជាង៣​ម៉ឺន​ហិកតារ ​ស្ថិត​នៅ​ក្នុង​ស្រុក​អន្លង់វែង ចុងកាល់ និង​ស្រុក​សំរោង ក្នុង​ខេត្ត​ឧត្ដរមានជ័យ ។ ព្រៃ​នេះ​មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​រស់នៅ ដូចជា​សត្វ​ខ្ទីង ទន្សោង ស្វា ប្រើស និង​សត្វ​ក្ងោក​ជាដើម ។ ថ្មីៗនេះ មានករណីដែលគួរឲ្យសោកស្ដាយបានកើតឡើង នៅក្នុងព្រៃសហគមន៍នេះ ដោយមានសត្វទន្សោងមួយក្បាលត្រូវបានជាប់អន្ទាក់ព្រានរហូតដល់បាត់បង់ជីវីត ។

ព្រះតេជព្រះគុណ ប៊ុន សាលួត បានលះបង់សព្វគ្រប់បែបយ៉ាងដើម្បីអភិរក្សព្រៃធម្មជាតិនិងសត្វព្រៃនៅក្នុងខេត្តរមានជ័យ ។ ព្រៃសហគមន៍សង្ឃរុក្ខវ័នត្រូវធ្វើសកម្មភាពល្បាតព្រៃជាប្រចាំ ដើម្បីតាមដាននិងទប់ស្កាត់ការបរបាញ់សត្វនៅក្នុងព្រៃអភិរក្សនេះ ។ ដូច្នេះសង្ឃរុក្ខវ័នត្រូវការជំនួយឧបត្ថម្ភជាច្រើន ដើម្បីផ្គត់ផ្គង់សកម្មភាពនេះ ។

សមាគមព្រះពុទ្ធសាសនាជួយសង្គ្រោះខ្មែរ ត្រូវបានបង្កើតឡើងដោយព្រះតេជព្រះគុណ ព្រះភិក្ខុមហា យិន នឿន ក្នុងគោលបំណងជួយដល់អ្នកដែលខ្វះខាតបំផុតនៅក្នុងប្រទេសកម្ពុជា ដូចជាកុមារកំព្រាចាស់ជរាជនពិការអ្នកមានជំងឺនិងជនក្រីក្រ ជាលក្ខណៈបុគ្គលគ្រួសារនិងភូមិដែលខ្វះខាតដោយមិនគិតពីសាសនា ។ សមាគមព្រះពុទ្ធសាសនាជួយសង្គ្រោះខ្មែរជួយដល់បុគ្គលទាំងនេះតាមមធ្យោបាយផ្សេងៗ គ្នារួមមានការផ្គត់ផ្គង់និងចែកចាយទំនិញដូចជាម្ហូបអាហារសម្លៀកបំពាក់និងថ្នាំពេទ្យ, ការស្ថាបនារបស់ចាំបាច់ដូចជាអណ្តូងទឹកអាងស្តុកទឹកសួនច្បារជម្រកនិងសាលារៀន, និងការគាំទ្រដល់ការអភិវឌ្ឍបុគ្គលនិងសហគមន៍តាមរយៈកម្មវិធីនានាដូចជាការបណ្តុះបណ្តាលវិជ្ជាជីវៈ ។ សមាគមន៍សប្បុរសធម៌នេះ មានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក ហើយក៏មានការិយាល័យនៅព្រះរាជាណាចក្រកម្ពុជាផងដែរ គឺនៅក្នុងវត្តថាន់ រាជាធានីភ្នំពេញ ។

ព្រះតេជព្រះគុណ ព្រះភិក្ខុមហា យិន នឿន គង់នៅវត្តខ្មែរសាន់តាអាណា ទីក្រុងសាន់តាអាណា រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាម៉េរិក ជាបញ្ញវន្តសង្ឃខ្មែរមួយរូប ដែលបានបកប្រែនិងរៀបរៀងសៀវភៅធម៌បាលីពុទ្ធសាសនាជាច្រើន ដើម្បីជាជំនួយដល់វិស័យពុទ្ធិកសិក្សា នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានដូចជា គាថាធម្មបទប្រែ មង្គលត្ថទីបនីប្រែ វិសុទ្ធិមគ្គប្រែ ជាដើម ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment