ទីក្រុងអយោធ្យាដែលមូស្លីមនិងហិណ្ឌូឈ្លោះដណ្ដើមគ្នារាប់ទសវត្សរ៍ រកឃើញបុរាណវត្ថុពុទ្ធសាសនានៅទីនោះ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Saturday, May 30, 2020

ទីក្រុងអយោធ្យាដែលមូស្លីមនិងហិណ្ឌូឈ្លោះដណ្ដើមគ្នារាប់ទសវត្សរ៍ រកឃើញបុរាណវត្ថុពុទ្ធសាសនានៅទីនោះ


លោកវិទូ | ថ្ងៃ ៧᧩៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ៣០ ឧសភា ២០២០

ថ្មីៗនេះគេរកឃើញវត្ថុបុរាណជាច្រើននៅតំបន់អយោធ្យា រដ្ឋឧត្តរប្រទេស ដែលប្រជាជនមូស្លីមនិងហិណ្ឌូឈ្លោះដណ្ដើមគ្នារាប់ទសវត្សរ៍មកហើយ ។ ហិណ្ឌូបានចាត់ទុកអយោធ្យាជាទីក្រុងកំណើតរបស់ព្រះរាម ប៉ុន្ដែធ្លាប់ត្រូវបានគ្រប់គ្រងដោយមូស្លីមដែលបានធ្វើវិហារនៅទីនោះ មុនពេលតុលាការកំពូលឥណ្ឌាកាត់ក្តីឲ្យហិណ្ឌូឈ្នះ ។ ពេលគេជីករុករកក្នុងតំបន់នេះដើម្បីកសាងវិហារព្រះរាម ក៏ស្រាប់តែឃើញវត្ថុបុរាណដែលអាចជារបស់ពុទ្ធសាសនាទៅវិញ ។

មួយថ្ងៃបន្ទាប់ពី លិង្គព្រះសិវៈ ដែលមានប្រវែង ៥ ហ្វីត សសរស្តម្ភ ៧ ដែលកសាងពីថ្មខ្មៅ សសរចំនួន ៦ ដែលកសាងពីថ្មភក់ក្រហម និងបដិមាព្រះអាទិទេពដែលបាក់បែកមួយចំនួន ត្រូវបានគេរកឃើញនៅទីតាំងរាមជន្មភូមិ នៅតំបន់អយោធ្យា អតីតសមាជិកសភាបក្សប៊ី.ចេ.ភី.និងជាបច្ចុប្បន្នជាថ្នាក់ដឹកនាំបក្សសមាជជាតិឥណ្ឌា លោក ឧឌិត រាជ បាននិយាយថា ការជីករកឃើញនេះបានបង្ហាញថាវាជាបុរាណដ្ឋានពុទ្ធសាសនា ។

សរសេរនៅលើបណ្ដាញធ្វីធើរ លោករាជបានលើកឡើងជាភាសាហិណ្ឌីដែលមានន័យថា «ការជីករុករកនៅអយោធ្យាបានបង្ហាញថា វាជាទីតាំងបុរាណដ្ឋានព្រះពុទ្ធសាសនា ។ តំបន់ទាំងមូលគួរតែត្រូវបានសិក្សាក្រោមការត្រួតពិនិត្យរបស់នាយកដ្ឋានបុរាណវិទ្យា» ។

លោកបានបន្ថែមទៀតថា យើងឃើញមានភាពស្រដៀងគ្នាមួយអំពីចម្លាក់ធម្មចក្រ ដែលគេឃើញនៅក្នុងស្ដូបព្រះពុទ្ធសាសនា និងចម្លាក់ធម្មចក្រដែលគេឃើញនៅអយោធ្យា ។ «ចំពោះប្រព័ន្ធផ្សព្វផ្សាយដែលធ្វើការសន្និដ្ឋានថាមានព្រះវិហារព្រះរាមនៅទីនេះ វាដូចជាប្រញាប់ប្រញាល់ពេកហើយ» ។

លោកបានបន្តទៀតថា «នៅអយោធ្យា ការសាងសង់វិហារព្រះរាមកំពុងតែដំណើរការ ។ ខណៈពេលដែលគេកកាយដីឲ្យរាបស្មើ សំណល់ដែលគេបានរកឃើញស្រដៀងនឹងរបស់ព្រះពុទ្ធសាសនា ។ ឥឡូវនេះគ្មានអ្វីត្រូវចោទសួរឲ្យបញ្ឈប់ការស្ថាបនាទេ ហើយតុលាការកំពូលបានចេញសាលក្រមស្ថាពរហើយដែរ ។ តាមទស្សនៈរបស់ខ្ញុំគឺថា សូមអនុញ្ញាតឲ្យអ្នកប្រវត្តិសាស្រ្ត / អ្នកបុរាណវិទ្យា សម្រេចចុះថាតើវាជារបស់នរណា ។ ចំណេះដឹងពិតគឺជាអ្នកស្នេហាជាតិ ។»

កាលពីជាងសប្តាហ៍មុន ក្នុងកំឡុងពេលការកាយដីឲ្យរាបស្មើនៅទីតាំងវិហាររាមជន្មភូមិ នៅអយោធ្យា គេប្រទះឃើញលិង្គព្រះសិវដែលមានប្រវែង ៥ ហ្វីត សសរខ្មៅចំនួន ៧ សសរស្តម្ភថ្មភក់ក្រហមចំនួន ៦ និងរូបបដិមាទេវីនិងទេវតាដែលបាក់បែកមួយចំនួនទៀត ។ វត្ថុជាច្រើនដែលមានសារៈសំខាន់ខាងបុរាណវិទ្យាដូចជា ផ្កាធ្វើពីថ្ម ក្អម (កាឡាស) អាម៉ាឡាក ឌោរជម្ព ជាដើមត្រូវបានរកឃើញផងដែរ ។

លោក ចម្ផាត រ៉ៃ អគ្គលេខាធិការនៃសមាគមស្រីរាមជន្មភូមិ តិរថ ក្សេត្រ ត្រាស្ត បាននិយាយថា «កំទេចកំទីកំពុងត្រូវបានរុះរើចេញ ហើយដីកំពុងត្រូវបានធ្វើឲ្យរាបស្មើ នៅរាមជន្មភូមិ ចាប់តាំងពី ១០ ថ្ងៃមុន ។ យើងបានរកឃើញសសរនៅក្នុងគំនរបាក់បែកនៃសំណង់ និងចម្លាក់នៅលើថ្មភក់ ។ យើងបានរកឃើញសិវលិង្គមួយនៅទីនោះ និងមួយផ្សេងទៀតស្រដៀងគ្នានៅតំបន់កុបេរ តីឡា» ។

ទន្ទឹមនឹងនេះដែរពាក្យថា #बुद्धभूमि_अयोध्या ឬ ពុទ្ធភូមិ អយោធ្យា (ពុទ្ធស្ថាននៅអយោធ្យា) បានចាប់ផ្តើមបង្ហោះឡើងព្រោងព្រាតនៅលើបណ្ដាញធ្វីតធ័រ បន្ទាប់ពីការជីករុករកនេះ ។ នេះជាប្រតិកម្មនៅលើបណ្ដាញធ្វីតធ័រមួយចំនួន៖

១. របកគំហើញបុរាណវត្ថុនៅអយោធ្យា
២. ធម្មចក្រដូចគ្នានឹងធម្មចក្រដែលរកឃើញនៅបុរាណវត្ថុស្ដូបភារហូត, ចូរមើលភាពស្រដៀងគ្នា ។
នេះគឺចក្ររបស់ព្រះបាទធម្មាសោក, ដែលជាផ្នែកមួយនៃសសរស្ដម្ភព្រះបាទធម្មាសោក, និមិត្តរូបនេះគឺយកគំរូតាមរូបចម្លាក់ក្បាលតោរបស់ព្រះបាទធម្មាសោក ដែលសង់ឡើងប្រហែលក្នុងឆ្នាំ ២៥០ មុនគ្រិស្ដស័ករាជ នៅតំបន់សាន៌ាថ ទីក្រុងពារាណសី នៅក្នុងរដ្ឋឧត្តរប្រទេស់របស់ឥណ្ឌា ។ នេះគឺជាផ្នែកមួយនៃព្រះពុទ្ធសាសនា ។
រាល់ចម្លាក់ថ្មដែលរកឃើញនៅក្នុងការជីករុករកនៅអយោធ្យាគឺជាផ្នែកមួយនៃបេតិកភណ្ឌពុទ្ធសាសនា ។ ដូច្នេះ ការជីរុករកដែលត្រឹមត្រូវនៃទីកន្លែងនេះ គួរតែត្រូវបានធ្វើឡើងក្រោមការត្រួតពិនិត្យរបស់អង្គការយូណេស្កូ ។

បច្ចុប្បន្ន អយោធ្យាគឺជាទីក្រុងនិងទីស្នាក់ការកណ្តាលរដ្ឋបាលនៃស្រុកហ្វៃហ្សាបាដ នៃរដ្ឋឧត្តរប្រទេស ប្រទេសឥណ្ឌា ។ ទីក្រុងនេះត្រូវបានកំណត់អត្តសញ្ញាណថាជាទីក្រុងមួយនៅក្នុងរឿងព្រេងនិទានរបស់អយោធ្យា ដូច្នេះហើយវាជាស្រុកកំណើតរបស់ព្រះរាម និងជាកន្លែងកើតឡើងនៃទេវកថារឿងរាមាយណៈ ។

ភាពច្បាស់លាស់នៃការកំណត់អត្តសញ្ញាណនេះគឺជាចំណុចចម្បងនៃជម្លោះនៅអយោធ្យា៖ អ្នកប្រាជ្ញសម័យទំនើបជឿថា អយោធ្យានាពេលបច្ចុប្បន្នគឺដូចគ្នានឹងរអយោធ្យានៅក្នុងរឿងព្រេងដែរ ឬថាទីក្រុងនៅក្នុងរឿងព្រេងនិទាននោះគឺជាកន្លែងនៅក្នុងទេវកថាមួយ ដែលត្រូវបានគេកំណត់អត្តសញ្ញាណថាជាអយោធ្យានាពេលបច្ចុប្បន្ននេះ ទើបតែនៅក្នុងកំឡុងសម័យគុប្ដា នៅប្រហែលសតវត្សទី ៤-៥ នៃគ.ស. ប៉ុណ្ណោះ ។

វត្តមានព្រះពុទ្ធសាសនានៅអយោធ្យាត្រូវបានគេកត់សម្គាល់ ចាប់តាំងពីរបាយការណ៍ដំបូងបង្អស់របស់ស្ថាប័នបុរាណវត្ថុឥណ្ឌា (ASI) មកម្ល៉េះ  នៅឆ្នាំ ១៨៦២-៦៣ ។ តាមពិតអយោធ្យាត្រូវបានគេស្គាល់ថា សាកេត ផងដែរ ហើយសាកេតនេះឯងហើយដែលគេចាត់ទុកថាជាមជ្ឈមណ្ឌលដ៏រុងរឿងនៃព្រះពុទ្ធសាសនាពីបុរាណ ដែលជាទីក្រុងមួយរបស់ដែនកោសលៈនៃមហាជនបទ ។ យោងទៅតាមអ្នកប្រវត្ដិសាស្ដ្រនិងអ្នកប្រាជ្ញនានា ព្រះពុទ្ធជាម្ចាស់ទ្រង់ធ្លាប់បានគង់នៅក្នុងសាកេត/អយោធ្យាអស់រយៈពេលជាច្រើនឆ្នាំ ។ 

ទោះយ៉ាងណាខណៈដែលរបាយការណ៍របស់ ASI បានបញ្ជាក់ពីការភ្ជាប់ទំនាក់ទំនងព្រះពុទ្ធសាសនាទៅនឹងអយោធ្យា ប៉ុន្ដែថាតើអយោធ្យាគឺជាសាកេតរបស់ពុទ្ធសាសនាមែនឬក៏អត់នោះ នៅមិនទាន់ត្រូវបានគេទទួលស្គាល់នៅឡើយទេ ។

អយោធ្យាជាកម្មវត្ថុនៃជម្លោះរវាងពួកហិណ្ឌូនិងពួកមូស្លីមយ៉ាងជូរចត់ តាំងពីមុនឥណ្ឌាទទួលបានឯករាជ្យពីអាណានិគមអង់គ្លេសមកម្ល៉េះ ។ ពួកហិណ្ឌូបានចាត់ទុកអយោធ្យាជាស្រុកកំណើតរបស់ព្រះរាម ដែលជាព្រះអាទិទេពមួយអង្គក្នុងសាសនាហិណ្ឌូ ហើយជាតួរអង្គក្នុងរឿងរាមាយណៈ (រឿងរាមកេរ្តិ៍) ។ ប៉ុន្តែនៅទីនោះ មានវិហារមូស្លីមដែលគេហៅថា បាព្រី ម៉ាសជិត (Babri Masjid) ដែលកសាងក្នុងសម័យចក្រភពមុគ័លរបស់ឥណ្ឌា ក្នុងឆ្នាំ១៥២៨ ។

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៩២ ជម្លោះខ្លាំងបានកើតឡើងនៅពេលអ្នកជាតិនិយមហិណ្ឌូបាន ដឹកនាំដោយបក្សប៊ី.ចេ.ភី. បានប្រមូលគ្នាចំនួន ១៥ ម៉ឺននាក់ នៅទីតាំងវិហារបាព្រី ម៉ាសជិត ។ ពេលដែលប្រមុខដឹកនាំកំពុងថ្លែងសារ ហ្វូងមនុស្សកាន់តែមកច្រើនឡើងៗ ហើយសម្រុកវាយចូលទៅវិហារ នាពេលរសៀល ។ ដោយសារមនុស្សច្រើនពេកប៉ូលីសទប់មិនឈ្នះ បណ្ដាលឲ្យហ្វូងមនុស្សប្រដាប់ដោយឧបការណ៍ក្នុងដៃ វាយកម្ទេចវិហារនោះរាបដល់ដីក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។

មនុស្សជាង ២០០០ នាក់ត្រូវបានសម្លាប់ នៅក្នុងកុបកម្មបន្ទាប់ពីការវាយកម្ទេចចោល ។ កុបកម្មបានផ្ទុះឡើងនៅក្នុងទីក្រុងធំៗជាច្រើនរបស់ប្រទេសឥណ្ឌារួមមាន ទីក្រុងបុមបៃ ភោបាល និងហាយដឺរ៉ាបាដ ។

រឿងក្ដីក្ដាំបានបន្ដជាប់នៅក្នុងតុលាការកំពូលរបស់ឥណ្ឌារហូតដល់ឆ្នាំ២០១៩ ខណៈជម្លោះបន្ដកើតឡើងជាបន្តបន្ទាប់ ។ សាលដីកាចុងក្រោយនៅក្នុងតុលាការកំពូលត្រូវបានប្រកាសនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ តុលាការកំពូលបានបញ្ជាឲ្យប្រគល់ដីនេះទៅឲ្យសមាគមមួយ ដើម្បីសាងសង់ប្រាសាទហិណ្ឌូ ។ តុលាការកំពូលបានបញ្ជាទៅរដ្ឋាភិបាលឲ្យផ្តល់ដីទំហំ ៥ ហិចតាទៅឲ្យក្រុមប្រឹក្សាភិបាលសូន្នីវ៉ាក់ហ្វ៍ ក្នុងគោលបំណងសាងសង់វិហារឥស្លាមមួយឡើងវិញ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment