ទស្សនទាន៖ សាកល្បងឈ្វេងយល់អំពីព្រះពុទ្ធសាសនានិងធម្មជាតិ - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, May 25, 2020

ទស្សនទាន៖ សាកល្បងឈ្វេងយល់អំពីព្រះពុទ្ធសាសនានិងធម្មជាតិ

សត្វទន្សោងឈ្មោលកំពុងជាប់ក្នុងអន្ទាក់ព្រានព្រៃមានទឹកភ្នែកហូរជោគជាំរហូតដល់ស្លាប់ នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ ។ រូបភាព៖ ហ្វេសប៊ុក

លោកវិទូ | ថ្ងៃ ២᧤៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៥ ឧសភា ២០២០

ព្រះពុទ្ធសាសនាមានទំនាក់ទំនងជាច្រើនជាមួយនឹងធម្មជាតិនិងបរិស្ថាន ។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើង ព្រះអង្គទ្រង់បានត្រាស់ដឹងមិនមែននៅក្នុងព្រះរាជវាំង នៅក្នុងផ្ទះឬនៅក្នុងសណ្ឋាគារទំនើបឡើយ ។ ព្រះអង្គទ្រង់បានត្រាស់ដឹងជាមួយនឹងបរិស្ថានធម្មជាតិ ក្រោមម្លប់ឈើ ក្បែរស្ទឹងនេរញ្ជរា ក្នុងព្រៃនៃដែនគយាសីសៈ ដែលមានម្រឹគីម្រឹគាទាំងឡាយច្រើនឥតគណនា ។

ជាពិេសេជាងនេះទៀត ក្រោយពេលបានត្រាស់ដឹងក្នុងសប្ដាហ៍ទី២ ព្រះពុទ្ធជាម្ចាស់បានឈរសំឡឹងមើលព្រះមហាពោធិព្រឹក្ស ដែលព្រះអង្គគង់ចម្រើនធម៌រហូតបានត្រាស់ដឹង ដោយមិនប៉ប្រិចព្រះនេត្រអស់រយៈពេល ៧ ថ្ងៃ ដើម្បីជាការដឹងគុណដល់ព្រះមហាពោធិព្រឹក្ស ។ ទីដែលព្រះអង្គទ្រង់ឈរសំឡឹងមើលព្រះមហាពោធិព្រឹក្សនេះមានឈ្មោះថា អនិមិសចេតិយ ។

កាលនៅជាព្រះពោធិសត្វ ព្រះអង្គទ្រង់ធ្លាប់យោនយកកំណើតកើតជាសត្វជាច្រើនអត្តភាពផងដែរ ដូចសត្វចតុបាទ សត្វស្លាប និងសត្វត្រី ។ មិនតែប៉ុណ្ណោះ ក្នុងដំណើរពុទ្ធប្បវត្តិបំពេញពុទ្ធកិច្ចចំនួន ៤៥ ព្រះវស្សា ព្រះអង្គទ្រង់ធ្លាប់បានយាងទៅគង់នៅក្នុងព្រៃបាឡិល័យដ៏ត្រជាក់ ជាមួយនឹងសត្វព្រៃទាំងឡាយមានស្ដេចដំរីជាដើម ដោយព្រះទ័យមេត្តានិងស្និតស្នាលនឹងពួកគេទៀតផង ។

សូម្បីកាលដែលព្រះអង្គទ្រង់ចូលបរិនិព្វាន ក៏ព្រះអង្គទ្រង់ចូលបរិនិព្វាននៅក្រោមដើមឈើដែរគឺនៅក្នុងឧទ្យានចន្លោះដើមរាំងទាំងគូក្បែរនគរកុសិនារា ។ បើនិយាយត្រលប់ក្រោយវិញគឺថា ព្រះ​សិទ្ធត្ថ​កុមារ​​ទ្រង់​បាន​ប្រសូតចាក​ឧទរ​នៃ​ព្រះ​មាតា ​នៅ​នា​ឧទ្យាន​លុម្ពិនី ព្រំប្រទល់​នគរ​ទេវទហៈ និង​កបិល​វត្ថុ ស្ថិតនៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា ជាប់​ជើង​ភ្នំ​ហិមពាន្ត ដែល​សព្វ​ថ្ងៃ​ត្រូវ​បាន​ស្គាល់​ថា​ប្រទេស​នេប៉ាល់ ។ ដូច្នេះ ព្រះអង្គទ្រង់ប្រសូតក៏មិនមែននៅក្នុងព្រះបរមរាជវាំងដែរ គឺទ្រង់ប្រសូតនៅក្នុងឧទ្យានលុម្ពិនី ។

ម្យ៉ាងទៀត ភិក្ខុទាំងឡាយនៅក្នុងព្រះពុទ្ធសាសនានេះ មានការអាស្រ័យនៅក្រោមម្លប់ឈើជានិស្ស័យ (ក្នុងចំណោមនិស្ស័យរបស់អ្នកបួស ៤ យ៉ាង ៣ ទៀតគឺ ឆាន់ថ្នាំត្រាំដោយទឹកមូត្រ ១ ស្លៀកដណ្ដប់សំពត់បង្សុលកូល ១ និង ត្រាច់ចរបិណ្ឌបាត្រ ១) ។ និស្ស័យក្នុងការអាស្រ័យនៅក្រោមម្លប់ឈើនេះ បានក្លាយជាប្រពៃណីរបស់ព្រះពុទ្ធសាសនាថៃដែលគេហៅថា ប្រពៃណីអាស្រ័យនៅក្នុងព្រៃ (forest tradition) របស់ព្រះសង្ឃធុតង្គ ។ ជាពិសេសជាងនេះទៅទៀត ព្រះ​ពុទ្ធជាម្ចាស់ទ្រង់បាន​បញ្ញត្តិ​សិក្ខាបទ​មួយ ហាម​មិន​ឱ្យ​ភិក្ខុសង្ឃ​កាប់​ឬ​បេះ​ស្លឹកឈើ​ឡើយ តែបើ​ភិក្ខុ​ណា​ប្រព្រឹត្ត​ល្មើស​នឹង​បទ​ប្បញ្ញត្តិ​នេះ​នឹង​ត្រូវ​អាបត្តិ​បាចិត្តិយៈ ។ នេះមិនទាន់និយាយដល់សិក្ខាបទបាណិតិបាត ដែលហាមប្រាមការសម្លាប់សត្វជីវិតសត្វទាំងពួងក្នុងសីល៥សីល៨ផង ។

ព្រោះហេតុនេះ ប្រជាជនខ្មែរយើងដែលភាគច្រើនជាពុទ្ធសាសនិក គួរតែជាអ្នកចេះអភិរក្សស្រឡាញ់បរិស្ថានធម្មជាតិព្រៃព្រឹក្សានិងសត្វព្រៃដោយស្វ័យប្រវត្តិ ។ ប៉ុន្តែជាក់ស្ដែងពុំដូច្នោះឡើយ ។ ការកាប់បំផ្លាញព្រៃឈើស្ទើរខ្ទិចខ្ទីគ្មានសល់ ដែលមិនត្រូវបានទប់ស្កាត់ឲ្យបានតឹងរឹងសោះឡើយ ។

ម្យ៉ាងទៀតថ្មីៗនេះតែជារឿងដដែលៗទេ មានករណីសម្លាប់សត្វព្រៃយ៉ាងអនាធិបតេយ្យនៅកម្ពុជា ។ សត្វព្រៃស្ទើរតែបាត់ជម្រកអស់ដោយសារអត់ព្រៃឈើផង និងងាយត្រូវបានព្រានព្រៃប្រមាញ់ផង ។ គួរឲ្យសោកស្ដាយ ។ ជាពិសេសម្សិលមិញនេះ  នៅក្នុងតំបន់ “ព្រៃសហគមន៍សង្ឃរុក្ខវ័ន” ទំហំប្រមាណជាង ៣ ម៉ឺនហិកតារ នៅខេត្តឧត្តរមានជ័យ ដែលជាជម្រកសត្វព្រៃកម្រនិងសត្វព្រៃផ្សេងៗរាប់ពាន់ប្រភេទ មានព្រានព្រៃចិត្តអាក្រក់ដាក់អន្ទាក់ជាប់សត្វទន្សោងឈ្មោលមួយដែលជាសត្វកម្រ មានទឹកភ្នែកហូរស្រក់ដាបធរណី ដោយប្រឹងរើយ៉ាងណាក៏ពុំរួចឡើយ រហូតក្ស័យសង្ខារទៅ ។ គួរឲ្យអនិច្ចាពេកណាស់ពេលឃើញរូបភាពបែបនេះ និងពិតជាគួរឲ្យស្តាយបំផុតចំពោះការបាត់បង់នូវសម្បត្តិជាតិដ៏កម្រនេះ ។ យើងមិនចេះស្រឡាញ់សត្វព្រៃទាល់តែសោះ ហើយឃើញសត្វព្រៃជាចំណីយ៉ាងឆ្ងាញ់មាត់ទៅវិញ ។

ដោយឡែកនៅប្រទេសឥណ្ឌា យើងរស់នៅជាមួយសត្វព្រៃក្នុងសាលា ។ សត្វព្រៃនិងសត្វស្លាបជាច្រើនប្រភេទរស់នៅក្នុងបរិវេណសាលាភាគច្រើន ដែលពោរពេញទៅដោយព្រៃព្រឹក្សាលតាវល្លិ៍ទាំងឡាយ ។ យើងស្ដាប់ចម្រៀងធម្មជាតិគឺសំឡេងសត្វយំទ្រហឹងអឺងកងជាប់មិនដាច់ ស្ទើរតែមិនបាច់ត្រូវការតន្ត្រីសម័យឡើយ ដើម្បីបំពេរអារម្មណ៍កែអផ្សុក ។

នៅទីនេះច្បាប់ការពារជីវិតសត្វព្រៃ និងច្បាប់ការពារព្រៃឈើត្រូវបានអនុវត្តយ៉ាងតឹងតែង ។ ក្នុងឆ្នាំ២០១៨ ឥណ្ឌាជាប់ចំណាត់ថ្នាក់ទី១០ ក្នុងពិភពលោក ដែលមានផ្ទៃដីដែលគ្របដណ្ដាប់ដោយព្រៃឈើច្រើនជាងគេ និងទី៨សម្រាប់កំណើនព្រៃឈើប្រចាំឆ្នាំ ។ នៅក្នុងរបាយការណ៍ការការពារសត្វឆ្នាំ ២០២០ (API) ឥណ្ឌាស្ថិតក្នុងចំណោមប្រទេសដែលការពារសត្វបានល្អប្រសើរក្នុងពិភពលោក មានចំណាត់ថ្នាក់ទី ២ ដោយបាននិទ្ទេស ស៊ី (C) ដូចគ្នានឹងប្រទេសនូវែលសេឡង់ ម៉ិកស៊ិក បារាំង និងអេស្ប៉ាញ (និទ្ទេស អេ/A ខ្ពស់បំផុត និងនិទ្ទេស ជី/G ទាបបំផុត) ។ ប្រទេសស៊ុយអែត ចក្រភពអង់គ្លេស និងអូទ្រីស បានពិន្ទុខ្ពស់ជាងគេ ។

ប្រហែលដោយសារទម្លាប់ក្នុងការទទួលអាហារទើបឥណ្ឌាការពារសត្វបានល្អ ។ ប្រជាជនឥណ្ឌាប្រមាណពី៧០ទៅ៨០ភាគរយ មានទម្លាប់ទទួលទានអាហារគ្មានសាច់ មានតែបន្លែនិងគ្រឿងទេសតែប៉ុណ្ណោះ ។ បើគេទទួលទានសាច់ភាគច្រើនមានសាច់មាន់ ពងមាន់ សាច់ពពែ និងសាច់ចៀម (ខាងកស្មិរ៍ តំបន់ត្រជាក់ខ្លាំង) ។ សម្រាប់មូស្លីមគេហូបសាច់ក្របី ឬសាច់គោ ។ សម្រាប់អ្នកខាងភាគឦសានជាប់ភូមា ចូលចិត្តហូបសាច់ជ្រូក ។ នៅរដ្ឋបេង្គ័លគេចូលចិត្តត្រី ។ សត្វគោត្រូវបានហាមឃាត់មិនឲ្យសម្លាប់ បើមានក៏លួចលាក់ដែរ ។ នៅតាមហាងបាយឬភោជនីយដ្ឋានស្ទើរតែទូទាំងឥណ្ឌា មិនមានមុខម្ហូបសាច់គោឡើយ ។ សម្រាប់ហិណ្ឌូគោជាព្រះ និងជាសត្វស្លូតបូត ។

សម្ដេចព្រះមហាឃោសានន្ទ  មានព្រះរាជបន្ទូលអំពីគុណប្រយោជន៍បរិស្ថានកាលពីឆ្នាំ២០០៣ថា «នៅពេលដែលយើងគោរពបរិស្ថាន នោះធម្មជាតិនឹងល្អចំពោះយើង ។ នៅពេលបេះដូងរបស់យើងល្អបរិសុទ្ធ នោះផ្ទៃមេឃនឹងល្អចំពោះយើង ។ ដើមឈើទាំងឡាយទុកដូចជាឪពុកម្ដាយយើងអ៊ីចឹង វាចិញ្ចឹមយើង បំប៉នយើង និងផ្ដល់ផលឲ្យយើងគ្រប់យ៉ាង ~ផ្លែ្លស្លឹកមែកដើម ។ វាផ្ដល់នូវអាហារដល់យើង និងបំពេញតម្រូវការយើងបានច្រើនយ៉ាង ។ ដូច្នេះចូរយើងផ្សព្វផ្សាយនូវព្រះធម៌ (សច្ចៈ) ដើម្បីការពារខ្លួនយើង និងការពារបរិស្ថាន ដែលជាព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ ។» (The Times of India Archive 2003)

ទោះយ៉ាងណាក៏ដោយ បើយើងចេះតែនាំគ្នាបំផ្លាញធម្មជាតិ យើងនឹងរស់នៅក្នុងភាពក្លែងក្លាយនៃទំនើបកម្មខ្វះវិចារណញ្ញាណ ហើយអន្តរាយដែលកើតឡើងពីបណ្ដាសាធម្មជាតិនឹងបំផ្លាញមនុស្សជាតិវិញយ៉ាងប្រាកដ ។ ត្រូវរស់ដោយសម្មាអាជីវោ មិនបៀតបៀនជីវិតសត្វទាំងពួង ជាពិសេសសត្វព្រៃនិងសត្វកម្រ និងត្រូវស្រឡាញ់និងការពារបរិស្ថានដែលជាសរីរាងនៃផែនដីរបស់យើង ។ ប្រជាជនអាស៊ីអាគ្នេយ៍គួររៀនរស់បែបធម្មជាតិ ពីប្រជាជនអាស៊ីទក្សិណ ឲ្យស័ក្តិសមជាអ្នកកាន់ព្រះពុទ្ធសាសនា ដែលជាសាសនាមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយនឹងបរិស្ថានធម្មជាតិ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment