សមណនិស្សិត-និស្សិតខ្មែរនៅទីក្រុងញូវដែល្លីនិងទីក្រុងណយអ៊ីដាបានទទួលស្បៀងអាហារពីស្ថានទូត - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, June 12, 2020

សមណនិស្សិត-និស្សិតខ្មែរនៅទីក្រុងញូវដែល្លីនិងទីក្រុងណយអ៊ីដាបានទទួលស្បៀងអាហារពីស្ថានទូត

មន្ត្រីស្ថានទូតកំពុងប្រគេនចែកជូនស្បៀងអាហារចំពោះព្រះសង្ឃនិងនិស្សិតខ្មែរតាមសាកលវិទ្យាល័យផ្សេងៗឆ្ងាយពីគ្នា នៅទីក្រុងញូវដែល្លី និងទីក្រុងណយអ៊ីដា, ៩ មិថុនា ២០២០ ។ រូបភាព៖ REC in New Delhi

លោកវិទូ | ថ្ងៃ ៦᧷៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១២ មិថុនា ២០២០

ញូវដែល្លី៖ សមណនិស្សិត-និស្សិតខ្មែរមួយចំនួន រៀននៅសាកលវិទ្យាល័យនានានៅទីក្រុងញូវដែល្លីនិងទីក្រុងណយអ៊ីដាដែលនៅជិតខាង បានទទួលអំណោយជាស្បៀងអាហារមួយចំនួន ដើម្បីជួយសម្រួលដល់ការលំបាកក្នុងការហូបចុក ក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ខ្លាំងនៅប្រទេសឥណ្ឌា ។

កាលពីថ្ងៃអង្គារ (៩ មិថុនា) កន្លងទៅថ្មីៗនេះ ស្ថានទូតខ្មែរប្រចាំទីក្រុងញូវដែល្លីបានពាំនាំនូវស្បៀងអាហារមានដូចជាមីត្រីខទឹកស៊ីអៀវទឹកត្រីកូកាកូឡានំ សាច់ វត្ថុដទៃមួយចំនួនទៀត ទៅប្រគេនចែកជូនសមណនិស្សិត-និស្សិតខ្មែរ ដែលកំពុងរៀនសូត្រនៅតាមសាកលវិទ្យាល័យចំនួន ៦ នៅទីក្រុងញូវដែល្លី និងណយអ៊ីដាគឺ សាកលវិទ្យាល័យចាវ៉ាហាឡាល់នេហ៍រូ (JNU) សាកលវិទ្យាល័យព្រះគោតមពុទ្ធ (GBU) សាកលវិទ្យាល័យដែល្លី (DU) សាកលវិទ្យាល័យចាមិអា (JMI) និងសាកលវិទ្យាល័យបច្ចេកទេសដែល្លី (DTU) ។

នៅក្នុងកំឡុងពេលនៃរីករាលដាលជំងឺកូវីដ១៩នេះ សមណនិស្សិត-និស្សិតកំពុងចួបការលំបាកក្នុងការរស់នៅ និងខ្លះខាតម្ហូបអាហារទទួលទានឲ្យគ្រប់គ្រាន់តាមសេចក្តីត្រូវការបាន ។ ព្រោះហេតុនេះ ឯកឧត្តម អ៊ុង ស៊ាន ឯកអគ្គរាជទូតខ្មែរប្រចាំទីក្រុងញូវដែល្លី និងលោកជំទាវ ព្រមទាំងសហការីស្ថានទូតទាំងអស់ បានរៀបចំស្បៀងអាហារសម្រាប់បំពេញកង្វះខាតនេះបានមួយរយៈ ។

ព្រះតេជព្រះគុណ យុន ប៊ុនយ៉ុម ជាសមណនិស្សិតនៃសាកលវិទ្យាល័យព្រះគោតមពុទ្ធ ទីក្រុងណយអ៊ីដា បានថ្លែងអំណុណចំពោះស្ថានទូតខ្មែរនៅលើគណនីហ្វេសប៊ុករបស់ព្រះអង្គថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ពីស្ថានឯកអគ្គរាជទូតខ្មែរប្រចាំក្រុងញូវដែល្លី ដែលបានចាត់ចែងប្រគេនទេយ្យទានដល់សមណនិស្សិត និងនិស្សិតខ្មែរ សូមជូនពរសុខភាពល្អទាំងអស់គ្នា» ។

ព្រះតេជព្រះគុណ យេន សុខណេ ជាសមណនិស្សិតនៃសាកលវិទ្យាល័យព្រះគោតមពុទ្ធដែរ បានសរសេរនៅគណនីហ្វេសប៊ុករបស់ព្រះអង្គដែថា «សូម​ថ្លែង​អំណរ​អរគុណ​ដល់​ មន្រ្ដី​ស្ថាន​ទូត​កម្ពុជា​នៅប្រទេស​ឥណ្ឌា​ ដែលបានយកចិត្តទុកដាក់​ ព្រួយបារម្ភ​ពីសុខទុក្ខ ដល់សមណនិស្សិត​ និស្សិត​ ដែលគង់ស្នាក់​អាស្រ័យ​សិក្សា​រៀនសូត្រ​នៅប្រទេស​ឥណ្ឌា​ទាំងអស់​ ហេីយ​ក៏បាន​អញ្ជើញ​មកសួរសុខទុក្ខ​ដល់​សមណនិស្សិត​ និស្សិត​ ដល់ទីកន្លែង​និង​បាន​នាំមកនូវស្បៀង​អាហារ​ ដេីម្បី​ប្រគេន​ដល់សមណនិស្សិត​ និស្សិត​ដេីម្បី​រំដោះ​នូវ​ការខ្វះខាត​ក្នុង​ការរស់ប្រចាំថ្ងៃ​ នាសម័យ​ជំងឺ​កូវីដ១៩នេះ»​ ។

និស្សិត គៀវ ម៉េងគ័ង នៃសាកលវិទ្យាល័យដែល្លី បានសរសេរនៅលើគណនីហ្វេសប៊ុក ជាភាសាអង់គ្លេសដែលមានសេចក្តីជាខ្មែរថា «តាមរយៈសកម្មភាពរំជួលដូងចិត្តពីស្ថានឯកអគ្គរាជទូតកម្ពុជា ដើម្បីនាំយកទេយ្យវត្ថុទាំងនេះ ដើម្បីប្រគេនចែកជូនដល់ព្រះសង្ឃនិងនិស្សិត ខ្ញុំមិនអាចរៀបរាប់អំពីអារម្មណ៍រំភើបរបស់ខ្ញុំយ៉ាងណានោះទេ ។ តាមរយៈវីរិយភាពដ៏សកម្មរបស់ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុគ្គលិកស្ថានទូតទាំងអស់ ខ្ញុំសូមជួនពរអ្នកទាំងអស់គ្នាមានសុខភាពល្អ ឈ្នះអស់រោគាពាធទាំងឡាយ និងសូមទទួលយកអំណរគុណអស់ពីបេះដូងរបស់ខ្ញុំ» ។

ព្រះតេជព្រះគុណ យេន សុខណេ បានជូនពរទាយកម្ចាស់ទានយ៉ាងនេះថា «អាត្មា​ភាព​ក៏សូមជូនពរដល់មន្រ្ដី​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌា​ទាំង​អស់គ្រប់ជាន់ថ្នាក់​ ជួបតែ​សេចក្តី​សុខ សេចក្តី​ចម្រើន​រុងរឿង​ រកសុីទទួលទានមាន​បាន​ មានសុខភាពល្អមាំមួន​ ជោគជ័យ​គ្រប់​កិច្ចការ​ និងសូមប្រកបដោយ​ អាយុ​ វណ្ណៈ​ សុខៈ ពលៈ​​ កុំបីអាក់ខានឡេីយ​ សូម​អនុមោទនា» ។

នេះលើកទី២ហើយដែលសមណនិស្សិត និងនិស្សិតខ្មែរនៅទីក្រុងញូវដែល្លី និងលើកទី១សម្រាប់ទីក្រុងណយអ៊ីដាដែលនៅជាប់នឹងទីក្រុងញូវដែល្លី បានទទួលស្បៀងអាហារ ដែលជាតម្រូវការចាំបាច់សម្រាប់ទប់ទល់នឹងកូវីដ១៩ ដែលកំពុងតែរាតត្បាតខ្លាំងនៅប្រទេសឥណ្ឌា ជាពិសេសនៅទីក្រុងញូវដែល្លីនេះតែម្ដង ។ ស្បៀងអាហារទាំងនេះមិនងាយទៅរកទិញទេនៅឥណ្ឌានេះ ជាពិសេសក្នុងស្ថានភាពគួរឲ្យខ្លាចបែបនេះ ។ ពីរសប្ដាហ៍មិនទាន់អស់ទេមើលទៅលើកនេះ ។ ម្យ៉ាងទៀត មន្ត្រីស្ថានទូតបាននាំយកស្បៀងអាហារទៅផ្ទាល់ដល់សាកលវិទ្យាល័យតែម្ដង ពីកន្លែងមួយទៅកន្លែងមួយអស់ជាងមួយព្រឹកពេញ ខណៈប្រជាជនភាគច្រើនមិនទាន់ហ៊ានចេញក្រៅផ្ទះនៅឡើយផង ។

នៅក្នុងឆ្នាំ២០១៨ ឯកឧត្តម អ៊ុង ស៊ាន បានទទួលតួនាទីជាឯកអគ្គរាជខ្មែរប្រចាំប្រទេសឥណ្ឌា និងទទួលបេសកកម្មការងារការទូតនៅប្រទេសមួយចំនួនទៀតដូចជា នេប៉ាល់ ស្រីលង្កា ប៉ាគីស្ថាន បង់ក្លាដែស និងអ៊ីរ៉ង់ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment