លោកវិទូ | ថ្ងៃ ១᧡៨ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២១ មិថុនា ២០២០
ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបានរៀបចំសប្តាហ៍យោគៈ ចាប់ពីថ្ងៃទី១៥-២០ ខែមិថុនា ឆ្នាំ២០២០ ដើម្បីអបអរសាទរទិវាយោគៈអន្តរជាតិលើកទី៦ និងដើម្បីបញ្ច្រៀបការយល់ដឹងជាសកលអំពីគុណប្រយោជន៍ខាងសុខភាពផ្លូវកាយនិងផ្លូវចិត្ត ដែលបានមកពីការហាត់យោគៈរបស់ឥណ្ឌាបុរាណ ។
ខណៈពិភពលោកកំពុងចួបវិបត្តិសុខភាពគឺជំងឺកូវីដ១៩ ដែលតម្រូវឲ្យមនុស្សគ្រប់គ្នារក្សាគម្លាតសង្គម និងការកាត់បន្ថយការចួបជុំទ្រង់ទ្រាយធំ ទិវាយោគៈអន្តរជាតិត្រូវបានប្រារព្ធនៅផ្ទះ និងនៅស្ថានទូតដែលមានលក្ខណៈតូចជាងរាល់ឆ្នាំ ប៉ុន្តែយូរជាងរាល់ឆ្នាំ ។ ស្ថានទូតឥណ្ឌាប្រចាំភ្នំពេញបានរៀបចំទិវាយោគៈពេញមួយសប្ដាហ៍ដែលឲ្យឈ្មោះថា «សប្ដាហ៍យោគៈ» ដោយមានកម្មវិធីប្រកួតរូបភាពអនុវត្តន៍យោគៈទៀតផង ។ អ្នកចូលក្នុងកម្មវិធីនេះ ដែលជាអ្នកអនុវត្តន៍យោគៈ ឬជាអ្នកអាជីពយោគៈ ត្រូវបង្ហោះរូបភាពអនុវត្តយោគៈពីរក្បាច់ និងផ្ញើទៅកាន់ស្ថានទូតឥណ្ឌាតាមរយៈអ៊ីម៉ែល ។ អ្នកចូលរួមអ្នកទាំងអស់នឹងទទួលសញ្ញាបត្រពីស្ថានទូតឥណ្ឌា ។ រីឯលទ្ធផលនឹងត្រូវប្រកាសនៅថ្ងៃទិវាយោគៈអន្តរជាតិ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ។
មិនតែប៉ុណ្ណោះ ស្ថានទូតឥណ្ឌាក៏បានបង្កើតកម្មវិធីឆ្លើយសំណួរតាមអនឡាញអំពីយោគៈផងដែរ តាមរយៈតំណភ្ជាប់នេះ https://embindpp.gov.in/Registration_Quiz ដែលមានសុពលភាពរហូតដល់ថ្ងៃទី ២៥ មិថុនា ។ អ្នកចូលរួមកម្មវិធីនេះនឹងទទួលបានសញ្ញាបត្រពីស្ថានទូតផងដែរ ។
ដោយឡែកក្រសួងអាយុសឥណ្ឌាក៏បានរៀបចំឲ្យមានកម្មវិធីប្រកួតវីដេអូអនុវត្តន៍យោគៈផងដែរ ក្រោមពាក្យស្លោកថា «ជីវិតខ្ញុំ យោគៈខ្ញុំ» ។ អ្នកឈ្នះនឹងទទួលបានទឹកប្រាក់ចំនួន ១៧៥.០០០ រូពីឥណ្ឌា (៩២.៨៥.៣៤២ រៀល) ។
ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ទើបទិវាយោគៈឆ្នាំនេះត្រូវបានប្រារព្ធធ្វើឡើងក្នុងទ្រង់ទ្រាយតូច ហើយលើកទឹកចិត្តឲ្យអ្នកហាត់យោគៈអនុវត្តយោគៈនៅផ្ទះរៀងៗខ្លួនវិញ ក្រោមប្រធានបទ «យោគៈនៅផ្ទះ យោគៈជាមួយក្រុមគ្រួសារ» ។
យោគីកំពុងអនុវត្តយោគៈនៅបរិវេណស្ថានទូតឥណ្ឌាថ្ងៃទី៥, ភ្នំពេញ, ១៩ មិថុនា ២០២០ ។ រូបភាព៖ ហ្វេសប៊ុកស្ថានទូតឥណ្ឌា |
នៅឯបរិវេណស្ថានទូតឥណ្ឌា ការអនុវត្តយោគៈទ្រង់ទ្រាយតូចបានប្រព្រឹត្តទៅជាប្រចាំពេញមួយសប្ដាហ៍ ដោយមានអ្នកស្នេហាវិស័យយោគជាជនជាតិខ្មែរនិងបរទេស ដែលភាគច្រើនជាយុវវ័យចូលរួមជាបន្តបន្ទាប់ ។ នៅថ្ងៃចុងក្រោយម្សិលមិញនេះ (២០ មិថុនា) យើងឃើញវត្តមានរបស់លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួមអនុវត្តយោគៈ ជាមួយនឹងលោកស្រី ម៉ានីកា ជេន ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា ព្រមទាំងបុគ្គលិកស្ថានទូត និងអ្នកចូលរួមមួយចំនួនទៀត ដែលជាអ្នកស្នេហាវិស័យយោគៈ ដោយមានការរក្សានូវគម្លាតគ្នាត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។
យោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតឥណ្ឌា នៅក្នុងឱកាសនោះ លោកស្រី ម៉ានីកា ជេន បានមានប្រសាសន៍សង្កត់ធ្ងន់លើការអនុវត្តយោគៈជាទៀងទាត់ ដើម្បីរក្សាសុខភាពទូទៅ ការគ្រប់គ្រងអារម្មណ៍ស្ត្រេស និងសុខមាលភាពផ្លូវចិត្តនិងផ្លូវកាយទាំងមូល ។
ឥណ្ឌាប្រារព្ធទិវាយោគៈអន្តរជាតិជារៀងរាល់ឆ្នាំ នៅថ្ងៃទី២១ មិថុនា ចាប់ពីឆ្នាំ២០១៥មក នៅពេលដែលនាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រ មោទី បានដឹកនាំប្រជាពលរដ្ឋរាប់ម៉ឺននាក់ អនុវត្តយោគៈនៅទីលានឥណ្ឌាហ្គែត ទីក្រុងញូវដែល្លី ។ តាំងពីពេលនោះមក ភាពពេញនិយមរបស់យោគៈ ជាពិេសេក្នុងចំណោមយុវវ័យកាន់តែកើនឡើង ជាពិសេសនៅក្រៅប្រទេសឥណ្ឌា តាមរយៈកម្មវិធីផ្សព្វផ្សាយយោគៈផ្សេងៗរបស់រដ្ឋាភិបាលឥណ្ឌា ។
ម្យ៉ាងទៀតនៅក្នុងកាលៈទេសៈប្រឈមនឹងជំងឺកូវីដ១៩ជាសកល ការអនុវត្តយោគៈរឹតតែពេញនិយមថែមទៀត ព្រោះវាជាលំហាត់ប្រាណមួយដែលធ្វើឲ្យមានសុខភាពរឹងមាំ ដែលគេយល់ថាអាចពង្រឹងភាពស៊ាំរបស់រាងកាយប្រឆាំងនឹងជំងឺឧត្បាតនេះបាន ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment