ជួលដីវត្តដល់ថ្ងៃកំណត់មិនប្រគល់ឲ្យវត្តវិញ, ព្រះសង្ឃនិងពុទ្ធបរិស័ទធ្វើបាតុកម្មបិទផ្លូវ - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, June 20, 2020

ជួលដីវត្តដល់ថ្ងៃកំណត់មិនប្រគល់ឲ្យវត្តវិញ, ព្រះសង្ឃនិងពុទ្ធបរិស័ទធ្វើបាតុកម្មបិទផ្លូវ

អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ថ្លែង​ក្នុង​ពិធី​ជួបជុំ​ដោះស្រាយ ក្រោយពលរដ្ឋ​ឃុំ​ព្រែកអញ្ចាញ​ជា​ច្រើន​រយ​នាក់ នាំគ្នា​តវ៉ា​បិទ​ផ្លូវជាតិ​លេខ​៦​អា, ​១៩ ​មិថុនា ២០២០ ។ រូប​ភាព៖ ​ហ្វេសប៊ុក​លោក គង់ សោភ័ណ្ឌ

លោកវិទូ | ថ្ងៃ ៧᧿៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២០ មិថុនា ២០២០

ព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តមួយនៅខេត្តកណ្ដាល បានធ្វើបាតុកម្មតវ៉ារហូតឈានដល់ទៅបិទផ្លូវ ដើម្បីឲ្យអាជ្ញាធរចាត់វិធានការ ចំពោះករណីឈ្មួញដីបានជួលដីវត្ត ហើយដល់ថ្ងៃកំណត់មិនប្រគល់ឲ្យវត្តវិញ ។ អាជ្ញាធរខេត្តចុះអន្តរាគមន៍ ទុកពេលឲ្យ ៧ ថ្ងៃដើម្បីរុះរើចេញ និងប្រគល់ដីឲ្យវត្តវិញ ។

កាលពីថ្ងៃសុក្រ (១៩ មិថុនា) ព្រះសង្ឃនិងប្រជាពលរដ្ឋប្រហែលចំនួន ៦០០ រូបបានធ្វើបាតុកម្មបិទផ្លូវជាតិលេខ ៦អា ពីម៉ោង ៨ ដល់ ៩:៣០ នាទីព្រឹក នៅក្បែរទីតាំងបូបខ្សាច់ ដែលស្ថិតនៅតាមបណ្ដោយទន្លេមេគង្គ នៅក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ការបិទផ្លូវត្រូវបានបញ្ចប់ក្រោយពេលអាជ្ញាធរស្រុកបានទៅដល់ទីតាំងកើតហេតុ ហើយបានសន្យាថានឹងដោះស្រាយអធិករណ៍នេះ ដោយសុំឲ្យក្រុមហ៊ុនរើសរុះកន្លែងបូមខ្សាច់ចេញ និងដកយកសម្ភារចេញពីដីដែលជាកម្មសិទ្ធិរបស់វត្ត ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានកម្ពោជា (CamboJa) បានឲ្យដឹងថា គណៈកម្មការវត្តរតនបុប្ផារាមបានជួលដីវត្តឲ្យទៅស្ត្រីម្ចាស់អាជីវកម្មដេប៉ូលក់ខ្សាច់និងថ្មមួយរូបឈ្មោះ ឈឿន ម៉ានី ក្នុងឆ្នាំ២០១៥ ដើម្បីស្តុកខ្សាច់និងសម្ភារសំណង់ នៅពេលដែលក្រុមហ៊ុនបានបូបខ្សាច់នៅក្បែរនោះ ។

ព្រះគ្រូសូត្រឆ្នាំវត្តរតនបុប្ផារាម ព្រះតេជព្រះគុណ ឈឿន ម៉េងឈន់ បានថ្លែងបន្ទាប់ពីការតវ៉ាថា គណៈកម្មាធិវត្តចង់បានដីនោះមកវិញដើម្បីប្រើប្រាស់សម្រាប់ការជួបជុំនិងពិធីបុណ្យសាធារណៈ ។

ព្រះតេជព្រះគុណបានមានថេរដីកាថា កិច្ចព្រមព្រៀងរបស់គណៈកម្មាធិការក្នុងការផ្តល់ដីឲ្យក្រុមហ៊ុនរបស់អ្នកស្រីម៉ានីបានផុតកំណត់នៅថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០១៩ ប៉ុន្តែអាជីវកររូបនេះបានបដិសេធមិនចាកចេញ ។ ព្រះតេជព្រះគុណបានបន្ថែមថា អ្នកស្រីម៉ានីបានចាប់ផ្តើមជួលដីទំហំ ៥.៥ ហិកតារ ក្នុងឆ្នាំ ២០១៥ ក្នុងតម្លៃ ៨០០ ដុល្លារក្នុងមួយឆ្នាំ ។

ព្រះតេជគុណម៉េងឈុនបានមានថេរដីកាថា «យើងចង់ទាមទារដីដើម្បីអភិវឌ្ឍវា សម្រាប់ការប្រារព្ធពិធីប្រពៃណី ប៉ុន្តែគាត់មិនបានយល់ព្រមចាក់ចេញ ។ ដីជាកម្មសិទ្ធិរបស់វត្តមិនមែនសម្រាប់បុគ្គលទេ» ។

ព្រះតេជព្រះតេជគុណបានបន្ថែមថា សមាជិកសហគមន៍ដឹងថាវាជាការខុសច្បាប់ក្នុងការបិទផ្លូវ ប៉ុន្តែគ្មានជម្រើសផ្សេងទៀតទេព្រោះអាជ្ញាធរមូលដ្ឋានមិនបានដោះស្រាយបញ្ហានេះ ទោះបីមានការស្នើសុំជាច្រើនដងកាលពីឆ្នាំកន្លងទៅក៏ដោយ ។

ព្រះតេជព្រះគុណបានមានថេរដីកាថា «អាជ្ញាធរមូលដ្ឋានបានត្រឹមពន្យារពេលហើយមិនបានដោះស្រាយបញ្ហា ដូច្នេះអ្នកភូមិចង់ជំរុញពួកគេឲ្យរកដំណោះស្រាយចំពោះបញ្ហានេះដោយបង្កើតការបិទផ្លូវ» ។

បន្ទាប់ពីការបិទផ្លូវត្រូវបានរំសាយ អភិបាលរងខេត្តកណ្តាលលោក នៃ ចារី បានចុះត្រួតពិនិត្យទីតាំងបូមខ្សាច់ និងបានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋានចាត់ការផ្អាកប្រតិបត្តិការបូមខ្សាច់ជាបណ្តោះអាសន្ន ហើយរង់ចាំអាជ្ញាធរពិនិត្យមើលកិច្ចសន្យារវាងក្រុមហ៊ុនជាច្រើននិងគណៈកម្មការវត្ត ។

លោកបានមានប្រសាសន៍ថា «ទោះបីជាគាត់បដិសេធមិនចាកចេញក៏ដោយ យើងនឹងចាត់វិធានការផ្លូវច្បាប់ក្នុងការរុះរើឧបករណ៍ ពីព្រោះយើងត្រូវអនុវត្តច្បាប់ ។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវទុកពេលខ្លះសម្រាប់ពួកគេដើម្បីត្រៀមយកសម្ភារៈចេញ» ។

ក្រោយពីមានការតវ៉ាពីព្រះសង្ឃនិងពលរដ្ឋ អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ប្រាប់​អាស៊ីសេរី​ថា ការ​សម្រេច​ឲ្យឈ្មួញ​ខ្សាច់​រើចេញ ដោយសារ​អាជ្ញាធរ​រក​ឃើញ​ឯកសារ​ថា គណៈកម្មការ អាចារ្យវត្ត បាន​ជួល​ឲ្យ​ឈ្មួញ​ដី តែ​៣​ឆ្នាំ​ទេ គឺ​បញ្ចប់​ការជួល​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០១៩ តែ​ឈ្មួញ មិន​ព្រម​រើចេញ​និង​ទាមទារ​សុំ​ជួល​ដី​វត្ត​បន្ត ដល់​២០២៩ តែ​អ្នកភូមិ មិន​ឲ្យ​ជួល ព្រោះ​ការ​ដឹក​ខ្សាច់ ធ្វើ​ឲ្យ​ហុយ​ពាសពេញ​វត្ត និង​ប៉ះពាល់​ដល់​អ្នកភូមិ​ក្បែរ​វត្ត៖

«អ៊ីចឹង ខ្ញុំ​បាន​សម្រេច​ហើយ សម្រេច​តាម​អ្វី ជា​ផ្លូវច្បាប់ តាម​អ្វី​ជា​ការ​ជួល ត្រូវ​ឲ្យ​គរុភណ្ឌ​វត្ត​វិញ ឲ្យ​មក​គណៈកម្មការ អាចារ្យ​វិញ ឲ្យ​មក​ព្រះគ្រូ​ចៅអធិការ​វិញ ហើយ​ឲ្យ​អាជ្ញាធរ​យើង​ធ្វើ​លិខិតស្នាម​គ្រប់​បែប​យ៉ាង ទទួលស្គាល់ ប្រគល់​ឲ្យ​ព្រះ​គ្រូ​ចៅអធិការ ទុកជា​សម្បត្តិ​គរុភណ្ឌ​វត្ត​វិញ​ ។ រឿង​មាន​ប៉ិន​ហ្នឹង​បង ហើយ​អ្វីៗ ឲ្យ​រុះរើ​ជាបន្ទាន់ ក្នុង​រយៈពេល​៧​ថ្ងៃ ​។ ធម្មតា​ទេ ឲ្យ​គ្នា​រុះរើ​ឲ្យ​ស្រួល កុំ​ឲ្យ​មានការ​បែកបាក់ ក្ដៅ​ក្រហាយ អ៊ីចឹង​អ៊ី​ចុះ​ទៀត​ណា​បង» ។

វិទ្យុអាស៊ីសេរីបានស្រង់ថេរដីកាព្រះតេជព្រះគុណ ឈឿន ម៉េងឈន់ យ៉ាងនេះថា ជាង​មួយ​ឆ្នាំ​ផុត​កុងត្រា​មកនេះ ឈ្មួញ​ខ្សាច់ មិន​បាន​ឲ្យ​ថ្លៃឈ្នួល​មក​វត្ត​ទេ ហើយ​បើ​ទោះ​ជា​ឲ្យយ ក៏​ខាង​វត្ត​មិន​ទទួល​ដែរ ព្រោះ​វត្ត​ចង់​យក​ដី​មក​ថែរក្សា​ទុក​វិញ​។ តែ​យ៉ាងណា ព្រះអង្គ​សព្វព្រះទ័យ​ចំពោះ​ដំណោះស្រាយ​ក្នុង​ការ​សម្រេចដក​ដីមក​ប្រគេន​វត្ត​វិញ៖ 

«ក្នុង​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត​កណ្ដាល ដោយ​តំណាង​នៃ​អភិបាលខេត្ត ញោម គង់ សោភណ្ឌ គឺ​ល្អ ។ គាត់​បាន​ដោះស្រាយ​សាច់រឿង​ហ្នឹង​ល្អ​ ។ ព្រះ​ចៅអធិការ គណៈកម្មការ អាចារ្យ ព្រមទាំង​ពុទ្ធបរិស័ទ​ទាំង​៦​ភូមិ​ហ្នឹង គឺ​គេ​ទទួលយក និង​គាំទ្រ និង​ត្រេកអរ នឹង​ការ​កាត់សេចក្ដី របស់​ញោម អភិបាលខេត្ត ដែល​បាន​កាត់​សេចក្ដី ឲ្យ​ដី​គរុភណ្ឌ​ហ្នឹង មក​ឲ្យ​វត្ត​យើង​វិញ» ។

ព្រះគ្រូ ឈឿន ម៉េងឈន់ ប្រាប់​ថា ខាង​វត្តនឹង​យក​ទីតាំង​ដាក់​ខ្សាច់​នោះ មក​ធ្វើជា​កន្លែង​ធ្វើបុណ្យ ឲ្យ​ពុទ្ធបរិស័ទ​ជួបជុំគ្នា លេង​កម្សាន្ត​ពេល​បុណ្យទាន និង​អភិវឌ្ឍន៍ ជា​បូជនីយដ្ឋាន​សាសនា​នៅ​ពេល​ឈ្មួញ​រើចេញ​រួចរាល់ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment