ព្រះសង្ឃនិងពលរដ្ឋខ្មែរធ្វើមាតុភូមិនិវត្តន៍ជាលើកទី២ ខណៈករណីកូវីដ១៩កើនឡើងដល់ជាង៣៨ម៉ឺននាក់នៅឥណ្ឌា - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, June 19, 2020

ព្រះសង្ឃនិងពលរដ្ឋខ្មែរធ្វើមាតុភូមិនិវត្តន៍ជាលើកទី២ ខណៈករណីកូវីដ១៩កើនឡើងដល់ជាង៣៨ម៉ឺននាក់នៅឥណ្ឌា

ព្រះសង្ឃនិងបងប្អូនខ្មែរមួយចំនួន នៅក្នុងព្រលានយន្តហោះអន្តរជាតិឥន្ទិរាគាន្ធី ទីក្រុងញូវដែល្លី, ១៩ មិថុនា ២០២០ ។ រូបភាព៖ លោកវិទូ

លោកវិទូ | ថ្ងៃ ៦᧾៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១៩ មិថុនា ២០២០

ញូវដែល្លី៖ នៅព្រឹកថ្ងៃសុក្រនេះ ប្រជាពលរដ្ឋខ្មែរទាំងអស់ប្រមាណ ២៣ នាក់ ត្រូវធ្វើមាតុភូមិនិវត្តន៍ត្រលប់ទៅប្រទេសកម្ពុជាជាលើកទី២ ពីទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា ដោយសេចក្តីសោមនស្សរីករាយជាខ្លាំង ខណៈករណីរាតត្បាតនៃជំងឺកូវីដ១៩ កាន់តែខ្លាំងឡើងនៅប្រទេសឥណ្ឌា ដែលនឹងឡើងដល់ចំណុចកំពូលនៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខនេះ ។

នៅក្នុងចំណោមអ្នកធ្វើមាតុភូមិនិវត្តន៍នោះរួមមាន ព្រះចៅអធិការវត្ត ព្រះសង្ឃ សមណនិស្សិត និស្សិត និងបងប្អូនខ្មែរដទៃទៀត ដែលគង់សិក្សា និងជាប់គាំងនៅប្រទេសឥណ្ឌា ដោយសារការបិទប្រទេសទាំងមូល និងការផ្អាកជើងហោះហើរអន្តរជាតិតាំងពីខែមីនាមក ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ។ ការចាកចេញពីប្រទេសឥណ្ឌានាពេលនេះគឺដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព ដែលគម្រាមកំហែងដោយជំងឺកូវីដ១៩ ។

ព្រះតេជព្រះគុណនិងបងប្អូនបានសម្ដែងអារម្មណ៍សោមនស្សរីករាយ ដែលបានធ្វើដំណើរត្រលប់ទៅមាតុភូមិកំណើតវិញនៅពេលនេះ ដែលរួចផុតពីការរីករាលដាលជំងឺកូវីដ១៩នៅប្រទេសឥណ្ឌាដែលគួរឲ្យព្រួយបារម្ភ ។

និស្សិត គៀវ ម៉េងគ័ង ដែលកំពុងសិក្សាថ្នាក់អនុបណ្ឌិតផ្នែកប្រវត្តិសាស្ត្រ នៅសាកលវិទ្យាល័យដែល្លីដ៏ល្បីឈ្មោះ បានប្រាប់សារព័ត៌មានលោកវិទូតាមប្រព័ន្ធឆ្លើយឆ្លងសង្គមថា «ខ្ញុំមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ពេលដែលបានត្រលប់ទៅស្រុកកំណើតវិញនៅពេលនេះ» ។ គាត់បានបញ្ជាក់អំពីករណីជំងឺកូវីដ១៩នៅប្រទេសឥណ្ឌាយ៉ាងដូច្នេះថា «ពីមួយថ្ងៃទៅមួយថ្ងៃ ចំនួននៃអ្នកឆ្លងចេះតែបន្តកើនឡើងជារៀងរហូត ដែលវាជាសញ្ញាណមួយដ៏គួរឲ្យព្រួយបារម្ភខ្លាំងណាស់» និង «ស្របពេលវិស្សមកាលរបស់សាលាផង» គាត់ក៏សម្រេចចិត្តត្រលប់ទៅប្រទេសកម្ពុជាវិញ ដោយរំពឹងថានឹងអាចត្រលប់មកបន្តការសិក្សាវិញនៅថ្ងៃខែកញ្ញា ឆ្នាំ២០២០ ពេលស្ថានការណ៍នឹងល្អប្រសើរឡើងវិញ ។

ក្រុមហ៊ុនអាកាសចរណ៍រដ្ឋអ៊ែរឥណ្ឌានឹងដឹកនាំពលរដ្ឋខ្មែរ ត្រលប់ទៅមាតុភូមិកំណើតវិញ ដោយត្រូវចាកចេញពីអាកាសយានដ្ឋានអន្តរជាតិឥន្ទិរាគាន្ធី ទីក្រុងញូវដែល្លី នៅវេលាម៉ោង ៨:០០ នាទីព្រឹក (ម៉ោងឥណ្ឌា) ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នឹងត្រូវដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ២:២០ នាទីរសៀល (ម៉ោងខ្មែរ) ថ្ងៃខែឆ្នាំដដែល ។ នេះជាជើងហោះហើរពិសេសរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងបេសកកម្មវន្ទេភារ័ត ក្នុងការដឹកយកប្រជាជនឥណ្ឌាដែលជាប់គាំងនៅបរទេស ឲ្យត្រលប់ចូលស្រុកកំណើតវិញ ។ ជើងហោះហើរនេះនឹងដឹកយកប្រជាជនឥណ្ឌាដែលជាប់គាំងនៅប្រទេសកម្ពុជា ឲ្យត្រលប់មកប្រទេសឥណ្ឌាវិញក្នុងថ្ងៃដដែល ។

កាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ ប្រជាពលរដ្ឋខ្មែរចំនួន ៦០ រូបបានធ្វើមាតុភូមិនិវត្តន៍ដោយសេចក្តីរីករាយម្ដងរួចទៅហើយ ។ ដូច្នេះនេះជាលើកទី២ហើយដែលប្រជាពលរដ្ឋខ្មែរបានចាកចេញពីប្រទេសឥណ្ឌា ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ដ៏ប្រល័យនេះ ។

ព្រះតេជព្រះគុណ ភិក្ខុ ហេង ពិសិដ្ឋ (អតីតសមណនិស្សិតអនុបណ្ឌិតមេដាយមាសនៃសាកលវិទ្យាល័យហិណ្ឌូពារាណសី) មានថេរដីកាប្រាប់សារព័ត៌មានលោកវិទូផងដែរថា ព្រះអង្គមានអារម្មណ៍រីករាយ ព្រោះជាប់នៅឥណ្ឌា អស់៨៩ថ្ងៃហើយ តាំងពីថ្ងៃទី២២ មីនា មក ក្រោយពីបញ្ចប់ការដឹកនាំក្រុមធម្មយាត្រាខ្មែរទៅកាន់ទីពុទ្ធស្ថាននានានៅប្រទេសឥណ្ឌា ។

មាននិស្សិតខ្មែរជាច្រើននាក់ទៀតនៅតាមបណ្ដារដ្ឋផ្សេងនៅក្នុងប្រទេសឥណ្ឌា ពុំបានត្រលប់ទៅស្រុកកំណើតវិញទេដោយជាប់ការសិក្សា និងនៅឆ្ងាយពីទីក្រុងញូវដែល្លីផង ពិបាកធ្វើដំណើរពីរបីដំណាក់កាល ។

ព្រះតេជព្រះគុណបានជូនពរនិងណែនាំដល់និស្សិតទាំងនោះយ៉ាងនេះថា «សូមជូនពរសមណនិស្ស និស្សិត និងបងប្អូនខ្មែរយើងទាំងដែលមិនបានទៅស្រុក សូមបានជោគជ័យក្នុងការសិក្សា និងកុំធ្វេសប្រហែស ត្រូវស្តាប់តាមសេចក្តីណែនាំរបស់សាលា និងរដ្ឋាភិបាលឥណ្ឌា ត្រូវហាត់ប្រាណ ដើម្បីកាត់បន្ថយស្ត្រេស រក្សាអនាម័យខ្លួនឲ្យបានជាប់ជានិច្ច» ។ 

ព្រះតេជព្រះគុណមិនភ្លេចឡើយដល់អាជ្ញាធរដែលពាក់ព័ន្ធ ដែលបានធ្វើឲ្យដំណើរមាតុភូមិវត្តន៍នេះអាចកើតឡើងបាន៖ «ជាចុងក្រោយសូមអរគុណចំពោះរាជរដ្ឋាភិបាលខ្មែរ ស្ថានទូតខ្មែរប្រចាំទីក្រុងញូវដែល្លី ដែលបានជួយសម្រួលដំណើរមាតុភូមិនិវត្តន៍ខ្មែរយើងទាំងពីរលើក និងសូមអរគុណចំពោះរដ្ឋាភិបាលឥណ្ឌាផងដែរដែលបានអនុញ្ញាតឲ្យព្រះសង្ឃ សមណនិស្សិត និស្សិតខ្មែរទាំងអស់បានធ្វើដំណើរតាមជើងហោះហើរពិសេសរបស់ខ្លួន» ។

ឥណ្ឌាបានបិទប្រទេសទាំងមូលអស់រយៈពេល ៨ សប្ដាហ៍ចាប់តាំងពីខែមីនា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ ។ ឥណ្ឌាកំពុងស្ថិតនៅក្នុងស្ថានភាពបើកប្រទេសឡើងវិញដំណាក់កាលទី១ ដែលអនុញ្ញាតឲ្យប្រជាជនដើរហើរពីកន្លែងមួយទៅកន្លែងមួយទៀតបាន លើកលែងតែតំបន់ហាមឃាត់មួយចំនួន ។ ប៉ុន្តែគ្រឹះស្ថានសិក្សានិងសាកលវិទ្យាល័យមិនទាន់បើកឲ្យដំណើរវិញនៅឡើយទេ ។

ពេលនេះឥណ្ឌាកំពុងស្ថិតនៅក្នុងស្ថានភាពរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ដែលមានការកើនឡើងនៃករណីឆ្លងថ្មីយ៉ាងហោចចំនួន ១ ម៉ឺននាក់ក្នុងមួយថ្ងៃៗ ធ្វើឲ្យឥណ្ឌាស្ថិតនៅក្នុងលេខរៀងទី៥ ក្នុងចំណោមប្រទេសក្នុងពិភពលោកដែលវាយប្រហារខ្លាំងដោយជំងឺឧត្បាតនេះ ។ មកទល់នឹងព្រឹកថ្ងៃនេះ ឥណ្ឌាដែលមានប្រជាជនច្រើនជាងគេបំផុតលំដាប់ទី២បន្ទាប់ពីចិន មានករណីឆ្លងសរុបចំនួនជាង ៣៨ ម៉ឺននាក់ ប៉ុន្ដែចំនួនអ្នកជាសះស្បើយពីជំងឺឡើងវិញក៏ច្រើនណាស់ដែរគឺមានចំនួនជាង ២០ ម៉ឺននាក់ ហើយអ្នកជំងឺកូវីដ១៩ដែលកំពុងសម្រាក់ព្យាបាលមានចំនួនជាង ១៦ ម៉ឺននាក់ទេ និងមានអ្នកស្លាប់ជាង ១ ម៉ឺននាក់ហើយនៅទូទាំងប្រទេស ។

យោងតាមក្រុមប្រឹក្សាសិក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា (ICMR) ដែលបានធ្វើការសិក្សាអំពីស្ថានភាពជំងឺកូវីដ១៩នៅឥណ្ឌា ដែលបានចុះផ្សាយនៅក្នុងការសែតឌឺហិណ្ឌូកាលពីថ្ងៃច័ន្ទ ទី១៥ ខែមិថុនា កន្លងទៅបានឲ្យដឹងថា ករណីកូវីដ១៩នៅឥណ្ឌានឹងឡើងដល់ចំណុចកំពូលនៅពាក់កណ្ដាលខែវិច្ឆិកា ។ ការបិទប្រទេស៨សប្ដាហ៍ជួយពន្យារពេលឲ្យឥណ្ឌាត្រៀមខ្លួនបានល្អ កាត់បន្ថយករណីឆ្លងបាន៦៩~៩៧% ។

ICMR បានលើកឡើងថា «នៅពេលដែលការបិទប្រទេសនឹងពន្យារពេលនូវផ្នែកផ្ដើមនៃចំណុចកំពូល និងផ្ដល់នូវពេលវេលាដែលត្រូវការជាចាំបាច់ សម្រាប់ប្រព័ន្ធសុខាភិបាលដើម្បីធ្វើការឆ្លើយតប ការពង្រឹងនូវការឆ្លើយតបរបស់ប្រព័ន្ធសុខាភិបាល, ដែលពាក់ព័ន្ធនឹងការធ្វើតេស្ត ការដាក់ឲ្យនៅដោយឡែកនូវករណីឆ្លង ការព្យាបាល និងការស្វែងរកករណីប៉ះពាល់ដែលអាចឆ្លង ដូចអ្វីដែលកំពុងត្រូវបានធ្វើនាពេលនេះ, នឹងត្រូវតែជាចលករដើម្បីកាត់បន្ថយផលប៉ះពាល់ពីជំងឺរាតត្បាតនៅប្រទេសឥណ្ឌា រហូតដល់ថ្នាំវ៉ាក់សាំងត្រូវបានគេរកឃើញ» ។

តម្លៃនៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចទៅលើប្រព័ន្ធសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មានទំហំ ៦,២ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ឥណ្ឌា ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment