កងទ័ពឥណ្ឌា២០នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយចិននៅព្រំដែនតំបន់ពុទ្ធសាសនាលទ្ទាខ - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, June 17, 2020

កងទ័ពឥណ្ឌា២០នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយចិននៅព្រំដែនតំបន់ពុទ្ធសាសនាលទ្ទាខ

កងទ័ពឥណ្ឌាកំពុងយាមនៅជ្រលងភ្នំទឹកកគលវាន ដែនដីសហព័ន្ធលទ្ទាខ ។ រូបភាព៖ gonewsindia

លោកវិទូ | ថ្ងៃ ៤᧼៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១៧ មិថុនា ២០២០

យ៉ាងហោចណាស់ កងទ័ពឥណ្ឌាចំនួន ២០ នាក់បានបាត់បង់ជីវិត នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សាជាមួយកងទ័ពចិន កាលពីថ្ងៃច័ន្ទ (១៥ មិថុនា) នៅក្នុងជម្លោះព្រំដែន នៅបន្ទាត់ត្រួតពិនិត្យជាក់ស្ដែង (LAC) នៅព្រំដែនតំបន់ដែនដីសហព័ន្ធលទ្ទាខ ដែលមានប្រជាជនភាគច្រើនកាន់ព្រះពុទ្ធសាសនា នៅជាប់ព្រំប្រទល់ទីបេត៍បែកខាងប្រទេសចិន ដែលគេចាត់ទុកថាប្រហែលជាការប៉ះទង្គិចគ្នាដ៏អាក្រក់បំផុតរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ ។

ការប៉ះទង្គិចគ្នាដ៏ហិង្សានេះបានកើតឡើង នៅចំពេលដំណើរការនៃ «ការបន្ធូរបន្ថយភាពតានតឹង» នៅតំបន់គលវាន ដែលបានចាប់ផ្ដើមកាលពីសប្ដាហ៍មុន បន្ទាប់ពីការប្រឈមមុខដាក់គ្នារវាងកងទ័ពឥណ្ឌានិងចិនអស់រយៈពេលមួយខែមកហើយ នៅចំណុចព្រំដែនជាច្រើនកន្លែងត្រង់បន្ទាប់ត្រួតពិនិត្យជាក់ស្ដែង នៅក្នុងដែនដីសហព័ន្ធលទ្ធាខ និងរដ្ឋសិក្កិម ។

ការស្លាប់ទាំងសងខាង

យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពឥណ្ឌា នាពេលយប់ជ្រៅម្សិលមិញបានឲ្យដឹងថា «កងទ័ពឥណ្ឌានិងចិនបានបែកខ្ញែកគ្នានៅតំបន់គលវាន ដែលជាកន្លែងដែលពួកគេបានប៉ះទង្គិចគ្នាមុននៅយប់ថ្ងៃទី ១៥/១៦ ។ កងទ័ពឥណ្ឌាចំនួនដប់ប្រាំពីរនាក់ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅចំណុចបន្ទាត់ទីតាំងឈរជើង នៅត្រង់ទីតាំងដែលបានប្រឈមមុខដាក់គ្នា ហើយបានប៉ះពាល់នឹងសីតុណ្ហភាពក្រោមសូន្យ នៅតំបន់ខ្ពង់រាបដែលមានកម្ពស់ខ្ពស់[ខ្វះខ្យល់ឧកស៊ីហ្សែន] បានស្លាប់ដោយការរងរបួស ដែលធ្វើឲ្យចំនួនសរុបដែលត្រូវបានសម្លាប់នៅក្នុងពេលបំពេញបេសកកម្មទាំងអស់ ២០ នាក់។» ។

កងទ័ពបាននិយាយថា ការប្រឈមមុខដាក់គ្នាដោយអំពើហិង្សាបានកើតឡើងក្នុងអំឡុងពេលនៃដំណើរការបន្ធូរបន្ថយភាពតានតឹង នៅជ្រលងភ្នំគលវាន ហើយបណ្តាលឲ្យមានអ្នកស្លាប់និងរបួសទាំងសងខាង ។ កងទ័ពឥណ្ឌាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់ប្រទេសជាតិ ។ ទោះយ៉ាងណាប្រភពពីកងទ័ពបាននិយាយថា មិនមានការផ្ទុះអាវុធដាក់គ្នាក្នុងអំឡុងពេលប្រឈមមុខគ្នានោះទេ ។

ពេលដែលព័ត៌មាននៃការប៉ះទង្គិចគ្នាដ៏ហិង្សា ដែលយោងទៅតាមប្រភពជាច្រើន ដោយមានការប្រើប្រាស់ដំបងដែកនិងដុំថ្មដោយកងទ័ពចិនបានលេចឡើង រដ្ឋមន្រ្តីក្រសួងការពារជាតិលោក រាជនាថ សិង្ហ បានពិនិត្យមើលស្ថានភាពប្រតិបត្តិការនៅតំបន់លទ្ទាខភាគខាងកើត រួមជាមួយប្រធានបុគ្គលិកការពារជាតិ (CDS) និងប្រធានផ្នែកសេវាទាំងបីរូប និងរដ្ឋមន្រ្តីក្រសួងការបរទេស លោក អេស. ជ័យសង្ករ ។

នៅយប់ថ្ងៃនេះដែរ នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រ មោទី បានមានប្រសាសន៍ថា ពលីកម្មរបស់កងទ័ពឥណ្ឌានឹងមិនមែនការស្លាប់ដោយឥតអំពើឡើយ ។

«ខ្ញុំសូមធានាដល់ជនរួមជាតិថា ពលីកម្មរបស់ជវាន (កងទ័ព) របស់យើងនឹងមិនឥតប្រយោជន៍ឡើយ ។ សម្រាប់យើងសាមគ្គីភាពនិងអធិបតេយ្យភាពរបស់ប្រទេសគឺជារឿងសំខាន់បំផុត...ឥណ្ឌាចង់បានសន្តិភាព ប៉ុន្តែឥណ្ឌាមានសមត្ថភាពផ្តល់នូវការឆ្លើយតបដោយសមហេតុផល ប្រសិនបើគេនាំរឿង» ។ លោកបានបន្ថែមថា «ឥណ្ឌាចង់បានសន្តិភាព ប៉ុន្តែនៅពេលគេនាំរឿង ឥណ្ឌាមានសមត្ថភាពក្នុងការឆ្លើយតបដោយសមហេតុផល ទោះបីជាក្នុងស្ថានភាពបែបណាក៏ដោយ» ។

ដើម្បីពិភាក្សាពីស្ថានភាពនៅតាមតំបន់ព្រំដែនឥណ្ឌា-ចិន លោកនាយករដ្ឋមន្រ្តី នរេន្ទ្រ មោទី បានកោះប្រជុំគ្រប់បក្សនយោបាយទាំងអស់ ដែលនឹងប្រព្រឹត្តទៅនៅម៉ោង ៥ ល្ងាច ថ្ងៃទី ១៩ ខែមិថុនា ។ ប្រធានគណបក្សនយោបាយផ្សេងៗនឹងចូលរួមនៅក្នុងកិច្ចប្រជុំតាមរូបភាពតាមអ៊ីធើណេត ។ លោកនឹងថ្លែងទៅកាន់ប្រជាជាតិនៅថ្ងៃទី ២១ ខែមិថុនាផងដែរ ។

សេចក្តីថ្លែងការណ៍របស់ចិន

កងទ័ពរំដោះប្រជាជន (PLA) បានចោទប្រកាន់ប្រទេសឥណ្ឌាថាបានលេបពាក្យសម្ដីរបស់ខ្លួន និង «រំលោភលើការប្តេជ្ញាចិត្ត» ដែលភាគីទាំងសងខាងបានជួបនៅឯការចរចាកម្រិតមេបញ្ជាការកងទ័ព នៅថ្ងៃទី ៦ ខែមិថុនា ។

អ្នកនាំពាក្យកងទ័ពភាគខាងលិចរបស់ PLA លោក ចាងស៊ូលីបាននិយាយថា កងទ័ពឥណ្ឌា «បានរំលោភលើការប្តេជ្ញាចិត្តរបស់ខ្លួន ហើយបានឆ្លងកាត់បន្ទាត់ត្រួតពិនិត្យជាក់ស្តែង (LAC) ម្តងទៀត ដោយបានធ្វើការវាយប្រហារដោយខុសច្បាប់និងដោយចេតនាបង្កឲ្យមានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងក្លារវាងភាគីទាំងពីរ» ហើយបានអះអាងទៀតថា «អធិបតេយ្យភាពតំបន់ជ្រលងភ្នំគលវានតែងតែជារបស់[ចិន]ជានិច្ច» ដែលជាអ្វីដែលឥណ្ឌាតែងតែជំទាស់ ។

លទ្ទាខដែនដីសហព័ន្ធពុទ្ធសាសនា

លទ្ទាខជាដែនដីសហព័ន្ធតែមួយគត់របស់ឥណ្ឌា ដែលមានប្រជាជនភាគច្រើនជាពុទ្ធសាសនិក ។ កាលពីខែសីហា ឆ្នាំ២០១៩ សភាជាន់ខ្ពស់ (រាជ្យសភា) ឥណ្ឌាបានអនុម័តសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសមួយ ដើម្បីកែប្រែនូវឋានៈពិសេសរបស់រដ្ឋជម្មូ & កស្មីរ៍ (Jammu & Kashmir) ដែលជារដ្ឋនៅភាគខាងជើងបំផុតនៃប្រទេសឥណ្ឌា ។ ជាលទ្ធផលនៃអនុមតិនេះ ដែនដីសហព័ន្ធពីរត្រូវបានបង្កើតឡើងគឺ លទ្ទាខ (ឡាដាក/Ladakh) ១ និង ជម្មូ & កស្មីរ៍ ១ ។ ដូច្នេះលទ្ទាខបានក្លាយជាដែនដីសហព័ន្ធទី១របស់ឥណ្ឌា ដែលមានប្រជាជនភាគច្រើនជាពុទ្ធសាសនិក បង្កើតបានជាអត្តសញ្ញាណថ្មីដោយឡែករបស់ខ្លួន ទាំងលក្ខណៈភូមិសាស្ត្រ រដ្ឋបាល និងប្រជាជន ។

ការធ្វើបែបនេះរបស់រដ្ឋាភិបាលកណ្ដាលឥណ្ឌាបានធ្វើឲ្យចិនមានការមិនពេញចិត្តជាខ្លាំង ហើយការប្រឈមមុខដាក់គ្នាបានកើតឡើងជាបន្តបន្ទាប់ ។

ឥណ្ឌានិងចិនធ្លាប់មានជម្លោះព្រំដែនដែលបានឈានដល់ការធ្វើសង្គ្រាមព្រំដែនយ៉ាងជូរចត់ ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងប្រទេសទាំងពីរនេះ ក្នុងឆ្នាំ១៩៦២ ដែលកាលនោះឥណ្ឌាបានចាញ់សង្គ្រាមយ៉ាងអាម៉ាស់ និងបានជម្រុញឲ្យឥណ្ឌាងាកទៅពង្រឹងវិស័យសន្តិសុខរបស់ខ្លួន ដោយការចាប់ផ្ដើមអភិវឌ្ឍកម្មវិធីអាវុធនុយក្លែអ៊ែររបស់ខ្លួន រហូតទទួលបានជោគជ័យក្នុងទសវត្សរ៍ឆ្នាំ១៩៩០ក្រោយមក ។ ឥណ្ឌាពេលនេះមិនមែនឥណ្ឌា៥៨ឆ្នាំមុនទេ បើសង្គ្រាមកើតឡើង ភាគីទាំងសងខាងនឹងរងគ្រោះធ្ងន់ធ្ងរដូចគ្នាមិនខាន ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment