សម្ដេចព្រះអគ្គមហាសង្ឃរាជអមព្រះរាជដំណើរដោយព្រះរាជាគណៈយាងសួរសុខទុក្ខកងទ័ពជួរមុខប្រាសាទព្រះវិហារ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Wednesday, June 17, 2020

សម្ដេចព្រះអគ្គមហាសង្ឃរាជអមព្រះរាជដំណើរដោយព្រះរាជាគណៈយាងសួរសុខទុក្ខកងទ័ពជួរមុខប្រាសាទព្រះវិហារ

សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីនិងសម្ដេចព្រះរាជាគណៈចែកអំណោយជាថវិកាមួយចំនួនដល់កងទ័ពជួរមុខតំបន់ប្រាសាទព្រះវិហារ, ខេត្តព្រះវិហារ, ១៧ មិថុនា ២០២០ ។ រូបភាព៖ ហ្វេសប៊ុក

លោកវិទូ | ថ្ងៃ ៤᧼៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១៧ មិថុនា ២០២០

ព្រះវិហារ៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីអមព្រះរាជដំណើរដោយព្រះរាជាគណៈសួរសុខទុក្ខនិងចែកអំណោយដល់កងទ័ពជួរមុខប្រាសាទព្រះវិហារ ពីរថ្ងៃក្រោយខួបលើកទី៥៨ នៃជ័យជម្នះរឿងក្តីប្រាសាទព្រះវិហារជាមួយថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ប្រទេសហូឡង់ ។

សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី​ ទេព​ វង្ស​ សម្ដេចព្រះមហាសង្ឃរាជ​ នៃព្រះរាជណាចក្រកម្ពុជា បានយាង​សួរសុខទុក្ខ​កងទ័ព​ជួរមុខនៅទិស​ប្រាសាទព្រះវិហារ​ នៅថ្ងៃពុធ ១២រោច ខែជេស្ឋ​ ឆ្នាំជូតទោស័ក​ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា​ ឆ្នាំ២០២០​ ។

អមព្រះរាជដំណើរក្នុងឱកាសនោះរួមមានសម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្ដេចសង្ឃនាយករងទី៣ និងជាព្រះអគ្គលេខាធិការថេរសភា​សង្ឃ​នៃព្រះរាជាណា​ចក្រកម្ពុជា សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា សមាជិកថេរសភាសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ព្រះអគ្គលេខាធិការរងថេរសភាសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះរាជាគណៈនិងព្រះថេរានុថេរៈទាំងអស់ចំនួន ៧៥ អង្គ​ ។

នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្តេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សព្វព្រះរាជហឫទ័យចែកជួនអំណោយដល់កងទ័ពបីអង្គភាពធំៗ និងនគរបាលព្រំដែន ទិសប្រាសាទព្រះវិហារ មានជាថវិកាព្រមទាំងគ្រឿងឧបភោគនិងបរិភោគជាច្រើន ។

ព្រះរាជាណាចក្រកម្ពុជាបានឈ្នះក្តីប្រាសាទព្រះវិហារលើភាគីថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ប្រទេសហូឡង់ តាមសាលក្រមចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដែលផ្ដល់កម្មសិទ្ធិគ្រប់គ្រងប្រាសាទមកប្រទេសកម្ពុជាវិញ ។ ប៉ុន្តែភាគីថៃមិនអស់ចិត្តនឹងសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិនេះទេ និងនៅតែចិញ្ចឹមចិត្តចង់បានឬកេញចំណេញលើប្រាសាទខ្មែរជាបន្តបន្ទាប់ ។

នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៦៣ សម្តេចព្រះនរោត្តមសីហនុ បានមានព្រះរាជបន្ទូលក្នុងព្រះរាជពិធីបង្ហូតទង់ជាតិខ្មែរនៅប្រាសាទព្រះវិហារថា «...ពួកថៃ ជាចុងក្រោយបានដកថយចេញពីប្រាសាទព្រះវិហារ បន្ទាប់ពីកុហកភូតភរជាច្រើនរួចមកនិងល្បិចកល់ដែលគេប្រើមិនទាន់អស់ការ ។ ការដកថយនេះ មិនបានបញ្ឈប់ប្រទេសថៃឲ្យធ្វើខ្លួនជាអ្នកចាញ់ដ៏ល្អទេ តែប្រទេសថៃនៅបន្តការពង្រីកដែនដីរបស់គេពោលគឺគេបានគូសផែនទីថ្មីដោយរំលោភចូលមកប្រាសាទព្រះវិហារ។ជាពិសេសទៅទៀត ពួកថៃបានរាយលួលបន្លានិងសង់បន្ទាយយោធានិងតម្រួតនៅកន្លែងមួយចំនួនចូលជ្រៅក្នុងទឹកដីខ្មែរ ។ការធ្វើបែបនេះគឺជាការបំពានសាលក្រមតុលាការអន្តរជាតិ» ។

ជម្លោះប្រដាប់អាវុធបានកើតឡើងជាថ្មីរវាងប្រទេសទាំងពីរ ពេលដែលកម្ពុជាបានស្នើដាក់ប្រាសាទព្រះវិហារទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោយជោគជ័យនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ។ ជម្លោះព្រំដែននេះបានអូសបន្លាយរហូតដល់ខែធ្នូ ឆ្នាំ២០១១ ដែលបានបណ្ដាលឲ្យមានការបាត់បង់ជីវិតប្រជាជននិងយុទ្ធជននៃភាគីទាំងសងខាង ។
សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ជាព្រះឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះអគ្គលេខាធិការរងថេរសភាពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ កំពុងថ្លែងសារជាព័ត៌មានដល់ទស្សនិកជន, ខេត្តព្រះវិហារ, ១៧ មិថុនា ២០២០ ។ រូបភាព៖ ថតពីវីដេអូឯកសារ

គណៈសង្ឃនាយកនិងមន្ត្រីសង្ឃពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា តែងយាងនិងនិមន្តសួរសុខទុក្ខកងទ័ពដែលប្រចាំការ នៅតំបន់ប្រាសាទព្រះវិហារជារឿយៗ ។ សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា មានថេរដីកានៅក្នុងខ្សែវីដេអូខ្លីមួយថា «ថ្ងៃនេះមានកងទ័ពចូលរួមបងប្អូនច្រើនណាស់បានមកអបអរសាទរ ដឹកនាំដោយឯកឧត្តម នាយឧត្ដមសេនីយ៍​ ​ហ៊ីង ប៊ុនហៀង​ ​អគ្គ​មេ​បញ្ជាការរង​នៃ​កង​យោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការ បញ្ជាការ​ដ្ឋាន​អង្គរក្ស​ នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផង បានដឹកនាំនាយទាហាន នាយទាហានរង ពលទាហាន មកទទួលស្វាគមន៍ព្រះវត្តមានរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងសម្ដេចព្រះរាជាគណៈ នៅក្នុងថ្ងៃនេះដែលសូម្បីតែអាកាសធាតុក៏បានអនុគ្រោះគឺស្រទំល្អ ហើយមានភាពសប្បាយរីករាយក្នុងបរិយាកាសជាបងប្អូនជាអ្នកដែលស្រឡាញ់គ្នា ក្នុងភាពស្និទ្ធស្នាលមែនទែន» ។ 

សម្ដេចមានថេរដីកាបន្ថែមទៀតថា «ដូច្នេះសុំសម្ដេចព្រះរាជាគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គ អនុមោទនាជ្រះថ្លា[ចំពោះ]ទឹកព្រះទ័យដ៏ប្រកបដោយព្រហ្មវិហារធម៌ និងប្រកបដោយសេចក្តីសន្ដោសប្រោសប្រណីរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងសម្ដេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា និងព្រះរាជាគណៈព្រះថេរានុថេរៈជាច្រើនព្រះអង្គទៀត ដែលតែងតែយកព្រះទ័យទុកដាក់ ដល់សុខទុក្ខរបស់កងទ័ពយើង ជាពិសេសជាកងទ័ពជួរមុខនៅទិសប្រាសាទព្រះវិហារ ចាប់តាំងពីពេលដែលមុនមានព្រឹត្តិការណ៍កើតឡើង នៅតំបន់ព្រះវិហារនេះ ក៏សម្ដេចព្រះអគ្គមហាសង្ឃរាជ សម្ដេចសង្ឃនាយក ព្រមទាំងមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់តែងតែមកផ្សារភ្ជាប់ជាមួយនឹងបងប្អូនកងទ័ពជួរមុខនេះ គ្រប់ពេលគ្រប់វេលា» ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment