អ្នកលក់ផ្លែឈើតាមដងផ្លូវ ទីក្រុងញូវដែល្លី, ៣ មិថុនា ២០២០ ។ រូបភាព៖ លោកវិទូ |
ប្រទេសឥណ្ឌាកំពុងស្ថិតនៅក្នុងស្ថានការណ៍ធ្ងន់ធ្ងរនៃការរាតត្បាតជំងឺកូវីដ១៩ តែគ្មាននរណាដឹងឲ្យប្រាកដថានៅពេលណាទើបវាឡើងដល់ចំណុចកំពូល ហើយអាចថយចុះវិញទេ ។ អ្នកវិភាគបានប្រមើលមើលករណីឆ្លងតាមរដ្ឋនិងទីក្រុងផ្សេងៗដោយឡែកគ្នា ព្រោះឥណ្ឌាជាប្រទេសធំហើយការឆ្លងមិនដូចគ្នាទេ ។
នៅជុំវិញពិភពលោក គេសិក្សាអំពីចំណុចកំពូលនៃការរីករាលដាល តាមធម្មតាដោយការក្រឡេកមើលទៅចំនួនករណីឆ្លងនិងស្លាប់ប្រចាំថ្ងៃ ។ នៅក្នុងដំណាក់កាលខ្លះ ការធ្វើរបៀបនេះគេឃើញមាននៅទីក្រុងវូហាន ប្រទេសចិន ប្រទេសអ៊ីតាលី ប្រទេសអេស្ប៉ាញ ឬសូម្បីនៅទីក្រុងញូវយ៉ក ដែលចំនួនករណីឆ្លងនិងស្លាប់ចាប់ផ្ដើមថយចុះជាលំដាប់ ។ ករណីបែបនេះមិនមែនកើតតែមួយឬពីរថ្ងៃទេ ប៉ុន្តែវាថយចុះជាប្រចាំនិងជាប់ជាលំដាប់ ក្នុងរយៈពេលមួយ ។
ព័ត៌មានអាក្រក់សម្រាប់ទីក្រុងនិងរដ្ឋនានានៅប្រទេសឥណ្ឌា ដែលកំពុងរងការរាតត្បាតជំងឺកូវីដ១៩នាពេលនេះគឺថា បន្ទាត់និន្នាការកំពុងតែចង្អុលទៅកាន់ទិសខាងជើង គឺទីក្រុងនិងរដ្ឋនៅភាគខាងជើង (ដូចជារដ្ឋឧត្តរប្រទេស រដ្ឋមធ្យមប្រទេស រដ្ឋរាជស្ថាន រដ្ឋហរិយាណា និងដែនដីសហព័ន្ធដែល្លី ។ល។) ។
តាមការវិភាគមួយបានឲ្យដឹងថា ចំនួនករណីឆ្លងថ្មីនិងការស្លាប់បន្តកើនឡើង និងគួរឲ្យព្រួយបារម្ភគឺអាត្រាលទ្ធផលវិជ្ជមានដែលបានធ្វើតេស្តក៏កើនឡើងដែរ ។ ហើយយ៉ាងហោចណាស់នៅក្នុងទីក្រុងនិងរដ្ឋទាំងនេះ ទោះជាមានគេអះអាងថាអ៊ីចេះអ៊ីចុះក៏ដោយ តែករណីឆ្លងពីគ្នានៅក្នុងសហគមន៍គឺកើតឡើងយ៉ាងពិតប្រាកដ (ប៉ុន្តែវាមិនជាបញ្ហាប៉ុន្មានទេដោយសារប្រទេសជាច្រើនដែលទប់ស្កាត់ជំងឺកូវិដ១៩បាន ក៏មានករណីឆ្លងពីគ្នានៅក្នុងសហគមន៍ដែរ) ។
ករណីដែលអាចថយចុះចំនួនករណីឆ្លងបានមានពីរលក្ខខណ្ឌ៖ (១) វាអស់កំសួលរបស់វា ដែលមានន័យថាចំនួនប្រជាជនសមល្មមបានឆ្លងជំងឺកូវី១៩ ហើយបង្កើតបានជាភាពស៊ាំនឹងវា, (២) ឬចង្វាក់នៃការឆ្លងជំងឺកូវី១៩ត្រូវបានកាត់ផ្ដាច់ តាមរយៈការព្យាបាល (ឬក៏ការចាក់វ៉ាក់សាំង) ឬក៏តាមរយៈការធ្វើដោយផ្លូវកាយកុំឲ្យឱកាសនៃការឆ្លងកើតឡើងបាន ។
តួយ៉ាង នៅទូទាំងអឺរ៉ុបជាពិសេសអឺរ៉ុបខាងលិចដែលបានរងគ្រោះដោយករណីឆ្លងធ្ងន់ធ្ងរ បន្ទាត់និន្នាការនៃករណីទាំងអស់បង្ហាញពីការថយយ៉ាងច្បាស់ (សូម្បីនៅចក្រភពអង់គ្លេស ដែលពីមុនមានករណីឆ្លងដល់ចំណុចកំពូលចំនួនជាង ៦.០០០ ករណី បានថយចុះមកត្រឹម ១.៤២៥ ករណីថ្មីនៅថ្ងៃទី១៣ ខែមិថុនា) ។
ពេលនេះសំណួរគឺថាតើការថយចុះនេះវាកើតឡើងដោយសារជំងឺនេះវារត់ដល់ចំណុចកំពូល? មើលទៅមិនអាចទេ ព្រោះការធ្វើតេស្តឈាមដែលមានចំនួនមានកម្រិតនៃប្រជាជននៅក្នុងប្រទេសទាំងនេះ មិនបានបង្ហាញឲ្យឃើញនូវការកើតឡើងនៃភាពស៊ាំទូលំទូលាយទេ (គេយល់ស្របគ្នាថា ទាល់តែ ៦០-៦៥% នៃប្រជាជនទាំងអស់ត្រូវឆ្លងជំងឺនេះទើបអាចបង្កើតភាពស៊ាំនឹងវាបាន) ។ គ្មានប្រទេសណាមួយជិតបានជោគជ័យក្នុងរឿងនេះទេ ។
បើមិនអ៊ីចឹងទេ ថាតើការថយចុះករណីថ្មីវាកើតឡើងដោយសារគេអាចកាត់ផ្ដាច់ចង្វាក់នៃការឆ្លង ដោយការធ្វើតេស្ត ការតាមរកអ្នកដែលអាចឆ្លង ការដាក់ឲ្យនៅដាច់ដោយឡែក និងការព្យាបាលអ្នកដែលឆ្លងឲ្យជាសះស្បើយឡើងវិញ ឬក៏ដោយបញ្ចុះបញ្ចូលប្រជាជនដែលមិនទាន់ឆ្លង ឲ្យមាការប្រុងប្រយ័ត្នគ្រប់គ្រាន់ (ពាក់ម៉ាស់ លាងសម្អាត់ដៃ រក្សាគម្លាត)? ករណីនេះទំនងអាចជាមូលហេតុ ។
តាមពិតទៅ តាមបទពិសោធន៍នៅប្រទេសភាគច្រើនបង្ហាញថាប្រទេសទាំងនោះមិនបានកម្ចាត់វីរុសចេញទេ តាមពិតគេគ្រាន់តែរៀនរស់នៅជាមួយវា ដោយការធ្វើឲ្យតិចចុះទាំងចំនួនអ្នកឆ្លងនិងអ្នកស្លាប់ ខណៈដែលគេកំពុងរង់ចាំការព្យាបាលដែលអាចធ្វើទៅបាន ។ នេះមិនបាច់គិតពីប្រទេសតូចៗមួយចំនួនដូចជាប្រទេសនូវែលហ្សេឡង់ជាដើម ដែលអាចបំបាក់បន្ទាត់កោងនៃការឆ្លងវីរុសនេះបាន (ដោយសារលទ្ធភាពដែលគេអាចធ្វើបាន) ។
ការបិទប្រទេសអស់រយៈពេល ៦៨ ថ្ងៃ នៅប្រទេសឥណ្ឌា ប្រហែលពន្យារពេលនៃដំណាក់កាលកំពូល ដោយទុកពេលឲ្យរដ្ឋាភិបាលនៃរដ្ឋនានាពង្រឹងរចនាសម្ព័ន្ធសុខាភិបាលរបស់ខ្លួន ប៉ុន្តែបើករណីថ្មីនៅឥណ្ឌានៅតែបន្តកើនឡើង (ករណីថ្មីចំនួន ១២.០៨១ នៅថ្ងៃអាទិត្យ និង ១១.៤២៣ នៅថ្ងៃសៅរ៍) នេះដោយសារតែឥណ្ឌាមិនបានចាត់វិធានការឲ្យបានល្អគ្រប់គ្រាន់ ក្នុងការធ្វើតេស្ត ការស្វែងរកអ្នកដែលអាចឆ្លង និងការដាក់ឲ្យនៅដោយឡែក (១) ។ ហើយនេះដោយសារតែយ៉ាងហោចណាស់ឥណ្ឌាមានការចន្លោះប្រហោងក្នុងការប្រុងប្រយ័ត្នជាមុន (២) ។ ដូច្នេះឥណ្ឌាទំនងជាកំពុងតែបង្កើនល្បឿនក្នុងករណីទី១ ។ ពេលនេះប្រជាជនឥណ្ឌាត្រូវតែបង្កើនល្បឿនក្នុងករណីទី២ ៕
អត្ថបទប្រែសម្រួលពីកាសែតហិណ្ឌូស្ថានតែមស៍, ១៥ មិថុនា ២០២០ ។
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment