អបអរសាទរសមណនិស្សិត-និស្សិតខ្មែរពីររូបបានបញ្ចប់ការសិក្សាដោយជោគជ័យពីសាកលវិទ្យាល័យនាលន្ទា - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, June 11, 2020

អបអរសាទរសមណនិស្សិត-និស្សិតខ្មែរពីររូបបានបញ្ចប់ការសិក្សាដោយជោគជ័យពីសាកលវិទ្យាល័យនាលន្ទា

ព្រះតេជព្រះគុណ ពេជ្រ ផានិត និងនិស្សិត ហុក ឈាងឃី, សាកលវិទ្យាល័យនាលន្ទា ទីក្រុងរាជគ្រឹះ រដ្ឋពិហារ ប្រទេសឥណ្ឌា ។

លោកវិទូ | ថ្ងៃ ៥᧻៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១១ មិថុនា ២០២០

រាជគ្រឹះ៖ សមណនិស្សិត-និស្សិតអាហាររូបករណ៍ខ្មែរពីររូបបានញ្ចប់ការសិក្សាដោយជោគជ័យ ពីសាកលវិទ្យាល័យនាលន្ទា ទីក្រុងរាជគ្រឹះ ប្រទេសឥណ្ឌា នៅក្នុងឆ្នាំ២០២០នេះ និងត្រូវវិលត្រលប់ទៅមាតុភូមិវិញនៅថ្ងៃស្អែក ។

ព្រះតេជព្រះគុណ ពេជ្រ ផានិត និងនិស្សិត ហុក ឈាងឃី បានបញ្ចប់ការសិក្សាដោយជោគជ័យ ថ្នាក់អនុបណ្ឌិតផ្នែកការសិក្សាព្រះពុទ្ធសាសនា ទស្សនវិជ្ជា និងសាសនាប្រៀបធៀប (Buddhist Studies, Philosophy and Comparative Religion) ពីសាកលវិទ្យាល័យនាលន្ទា សម្រាប់ឆ្នាំសិក្សា ២០១៨-២០២០ ។ សមណនិស្សិត-និស្សិតទាំងពីររូបបានទទួលអាហារូបករណ៍ ស៊ី.អិល.អឹម.វី (CLMV) ពីរដ្ឋាភិបាលឥណ្ឌា សម្រាប់កម្មវិធីសិក្សារយៈពេលពីរឆ្នាំនេះ ។

សាកលវិទ្យាល័យនាលន្ទា (ត្រូវបានគេស្គាល់ផងដែរថាជាសាកលវិទ្យាល័យនាលន្ទាអន្តរជាតិ) ផ្តល់ថ្នាក់សិក្សាអន្តរជាតិនិងការសង្កត់ធ្ងន់លើការស្រាវជ្រាវ ដែលមានទីតាំងនៅទីក្រុងប្រវត្តិសាស្ត្ររាជគ្រឹះ ក្នុងរដ្ឋពិហារ ប្រទេសឥណ្ឌា ។ សាកលវិទ្យាល័យនេះត្រូវបានបង្កើតឡើងដោយច្បាប់នៃរដ្ឋសភាឥណ្ឌា ដើម្បីស្នងភាពល្បីល្បាញរបស់នាលន្ទាសម័យបុរាណ ដែលជាមជ្ឈមណ្ឌលសិក្សាពុទ្ធសាសនាដ៏សំខាន់បំផុតមួយ ដែលដំណើរការចាប់ពីសតវត្សរ៍ទី ៥ ដល់ទី ១៣ ។

សាកលវិទ្យាល័យនេះមានលក្ខណៈពិសេស ដែលត្រូវបានបង្កើតឡើងដោយគំនិតផ្ដូចផ្ដើមនៅឯកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (East Asia Summit) នៅក្នុងឆ្នាំ២០០៧ ដែលភាគច្រើនត្រូវបានតំណាងដោយបណ្តាប្រទេសអាស៊ី រួមមានប្រទេសចិន កូរ៉េ ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី កម្ពុជា ថៃ លាវ និងវៀតណាម ក្រៅពីប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ ។

នាលន្ទាបានចាប់ផ្តើមបើកវគ្គសិក្សាដំបូងរបស់ខ្លួននៅថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០១៤ ។ គេកំពុងសាងសង់បរិវេណសាកលវិទ្យាល័យនេះ ដែលមានទំហំជាង ៤០០ ហិចតារ ដែលគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២០នេះ ហើយក្រោយការសាងសង់បញ្ចប់ជាស្ថាពរ សាកលវិទ្យាល័យនេះនឹងក្លាយជាសាកលវិទ្យាល័យធំជាងគេបង្អស់នៅក្នុងប្រទេសឥណ្ឌា និងធំជាងគេបំផុតមួយនៅអាស៊ី ។

នាលន្ទាផ្ដល់កម្មវិធីថ្នាក់មហាវិទ្យាល័យ (Graduate School) តែប៉ុណ្ណោះ ដែលបច្ចុប្បន្នផ្តល់តែវគ្គសិក្សាថ្នាក់អនុបណ្ឌិត ឬបរិញ្ញាបត្រជាន់ខ្ពស់ប៉ុណ្ណោះ ហើយកម្មវិធីសិក្សាថ្នាក់បណ្ឌិតចាប់ផ្តើមតាមដំណាក់កាលបណ្តើរៗ ចាប់ពីឆ្នាំ ២០២០តទៅ ។

សូមកុំច្រលំគ្នារវាងសាកលវិទ្យាល័យនាលន្ទាដែលសម្ដេចព្រះមហាឃោសានន្ទធ្លាប់រៀន និងសាកលវិទ្យាល័យនាលន្ទានេះ ។ នាលន្ទាដែលសម្ដេចព្រះមហាឃោសានន្ទធ្លាប់រៀនមានឈ្មោះថា នវនាលន្ទា មហាវិហារ (មានតម្លៃស្មើនឹងសាកលវិទ្យាល័យ) ស្ថិតនៅក្នុងទីក្រុងរាជគ្រឹះដូចគ្នា ហើយដំណើរការរហូតដល់បច្ចុប្បន្ន ។
ព្រះតេជព្រះគុណ ពេជ្រ ផានិត និងនិស្សិត ហុក ឈាងឃី នៅក្នុងថ្នាក់រៀនជាមួយមិត្តរួមថ្នាក់ ។

សមណនិស្សិត-និស្សិតខ្មែរយើងបានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលបានលទ្ធផលល្អគួរជាទីមោទនភាព ។ ក្នុងនោះនិស្សិត ហុក ឈាងឃី ជាអ្នកខេត្តកំពង់ចាមបានពិន្ទុសរុប ៨.៨០/១០ ជាពិន្ទុកម្រិតខ្ពស់កម្រមាន ។ ជាពិសេស សារណារបស់គាត់បានទទួលនិទ្ទេស «A» (អេ) ទៀតផង ។ ចំណែកព្រះតេជព្រះគុណ ពេជ្រ ផានិត វិញក៏មិនអន់ប៉ុន្មានដែរ ដែលជាអ្នកមានស្រុកកំណើតនៅខេត្តក្រចេះ ។ ព្រះអង្គបានពិន្ទុសរុប ៨.២២/១០ ក៏ជាកម្រិតល្អប្រសើរដែរ ។ ទាំងពីរអង្គ/នាក់នឹងក្លាយជាធនធានមនុស្សដ៏ប្រសើរ ក្នុងការរួមចំណែកការអភិវឌ្ឍប្រទេសជាតិ ។

តាមសារឆ្លើយឆ្លងជាមួយសារព័ត៌មានលោកវិទូ ព្រះតេជព្រះគុណ ពេជ្រ ផានិត បានសម្ដែងអារម្មណ៍រីករាយ ដែលទទួលបានអាហារូបករណ៍សិក្សារយៈពេលពីរឆ្នាំនេះ ហើយបានរៀបរាប់អំពីអត្ថប្រយោជន៍នៃអាហារូបករណ៍ចំនួន ៦ ចំណុចដូចខាងក្រោម៖

១. អាហារូបករណ៍បង់ថ្លៃទាំងស្រុងលើការសិក្សាចំនួន០២ឆ្នាំក្នុងសាកលវិទ្យាល័យនាលន្ទា ។
២. អាហារូបករណ៍បង់ថ្លៃទាំងស្រុងលើកន្លែងស្នាក់នៅដែលមានផាសុកភាពល្អបំផុត ។
៣. អាហារូបករណ៍បង់ថ្លៃទាំងស្រុងទៅលើម្ហូបអាហារប្រចាំថ្ងៃចំនួន០២ឆ្នាំ ។
៤. អាហារូបករណ៍ជាអ្នកចេញថ្លៃទាំងស្រុងពេលមានជំងឺតម្កាត់កើតឡើងចំពោះនិស្សិតរូបណាដែលស្ថិតក្រោមអាហារូបករណ៍របស់ខ្លួន ។
៥. អាហារូបករណ៍ជាអ្នកចំណាយទាំងស្រុងលើសំបុត្រយន្តហោះ ពេលមកនិងក្រោយពេលបញ្ចប់ការសិក្សា ។
៦. មានប្រាក់ឧបត្ថម្ភជាប្រចាំខែ ។

ដោយឡែកនិស្សិត ហុក ឈាងឃី បានសម្ដែងអំពីអារម្មណ៍រំភើបនិងពេញចិត្តចំពោះលទ្ធផលរបស់គាត់ ប្រាប់សារព័ត៌មានលោកវិទូតាមបណ្ដាញផ្ញើសារសង្គមថា «ពេលដែលខ្ញុំប្រឡងចប់សព្វគ្រប់មុខវិជ្ជានៅក្នុងឆមាសទី៤ ខ្ញុំគិតថាស្រាលខ្លួនមែនទែន ហើយជាពិសេសពេលទទួលបានសញ្ញាបត្របណ្តោះអាសន្ន និងព្រឹត្តិបត្រពិន្ទុនៅម៉ោងជិត១២យប់ ខ្ញុំមានអារម្មណ៍រំភើបមែនទែន ទោះបីលទ្ធផលមិនខ្ពស់ណាស់ណាក៏ដោយ តែខ្ញុំពេញចិត្តនូវអ្វីដែលខ្ញុំទទួលបានពីការខិតខំប្រឹងប្រែងរយៈពេល២ឆ្នាំ នៅសាកលវិទ្យាល័យនាលន្ទា ប្រទេសឥណ្ឌា ។»

គាត់បានប្រាប់បន្ថែមទៀតថា «នៅយប់នោះ ខ្ញុំគេងមិនលក់ព្រោះនៅផ្ទៀងផ្ទាត់លទ្ធផលខ្លួនឯងម្តងទៀតរហូតដល់ម៉ោងជាងបីទៀបភ្លឺ ។   ពេលដឹងថាវាត្រឹមត្រូវហើយនោះ ខ្ញុំគិតថាខ្ញុំទទួលបានក្រដាស២សន្លឹកនេះ ដែលជាសក្ខីកម្មបញ្ជាក់ពីការបញ្ចប់សព្វគ្រប់នូវការសិក្សានៅទីនេះ ហើយអាចជួយខ្ញុំស្វែងរកនូវឱកាសការងារបាននៅប្រទេសយើងថែមទៀតផង» ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញបានឲ្យដឹងថា សមណនិស្សិត-និស្សិតខ្មែរទាំងពីររូបបានសម្តែងការដឹងគុណចំពោះស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញនិងរដ្ឋាភិបាលឥណ្ឌា និងសម្ដែងការប្តេជ្ញាចិត្តចែករំលែកចំណេះដឹងនិងបទពិសោធន៍ ដែលព្រះអង្គនិងគាត់បានទទួលពីប្រទេសឥណ្ឌា ចំពោះសហគមន៍កម្ពុជាឲ្យបានទូលំទូលាយ ពេលត្រលប់ទៅប្រទេសកំណើតវិញ ។

ក្រោយពីបញ្ចប់ការសិក្សាដោយជោគជ័យ សាកលវិទ្យាល័យបានចាត់ចែងសំបុត្រយន្តហោះប្រគេនជូនសមណនិស្សិត-និស្សិតទាំងពីររូប បានត្រលប់ទៅមាតុប្រទេសវិញនៅថ្ងៃស្អែក ចំពេលដែលជំងឺកូវីដ១៩កំពុងតែរាតត្បាតខ្លាំងនៅប្រទេសឥណ្ឌា ។ ដូច្នេះ ការបានត្រលប់ទៅមាតុប្រទេសវិញនាពេលនេះ ឈ្មោះថាបានរួចចាកគ្រោះភ័យពីជំងឺកូវី១៩នេះផងដែរ ដោយនាំទៅជាមួយនូវជោគជ័យក្នុងការសិក្សា គួរជាទីគាប់ចិត្ត  និងមោទនភាព ៕

 © រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment