ពុទ្ធសាសនានិងវិទ្យាសាស្ត្រង្រៀនអ្វីខ្លះអំពីលោកធាតុក្នុងកំឡុងការរាតត្បាតមេរោគជាសកល - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, June 26, 2020

ពុទ្ធសាសនានិងវិទ្យាសាស្ត្រង្រៀនអ្វីខ្លះអំពីលោកធាតុក្នុងកំឡុងការរាតត្បាតមេរោគជាសកល

សម្ដេចសង្ឃដាឡៃឡាម៉ាសម្ដែងអំពីផលកង់ទិចជាមួយអ្នកវិទ្យាសាស្ត្រចិន នៅវត្តទីបេត៍ធំមួយ នៅទីក្រុងធម្មសាលា, ១ វិច្ឆិកា ២០១៨ ។ រូបភាព៖ Shyam Sharma/Hindustan Times via Getty Images

លោកវិទូ | ថ្ងៃ ៦᧦៨ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៦ មិថុនា ២០២០

នេះគឺជាពេលវេលាដ៏លំបាក ។ វិបត្តិសេដ្ឋកិច្ចសកល ដែលផ្ទុះឡើងដោយសារជំងឺរាតត្បាតនៃវីរុសកូរ៉ូណា និងការបះបោរសង្គមដែលរាលដាលឡើង បានបង្កើតឲ្យមាននូវសមាសភាពដែលងាយឆាប់ឆះនៃអារម្មណ៍តក់ស្លុត ដែលជាសម្ពាធដែលបង្កើនការប្រឈមគ្រោះថ្នាក់ដល់បញ្ហាសុខភាពក្នុងរយៈពេលវែង ។

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការរោគ (CDC) បានចេញការណែនាំរួចមកហើយ ដើម្បីទប់ទល់នឹងអារម្មណ៍តក់ស្លុត ។ ក្នុងចំណោមនោះគឺសមាធិ ។

ពុទ្ធបរិស័ទទាំងឡាយដឹងអំពីវិធីសាស្ត្រនេះជាច្រើនរាប់ពាន់ឆ្នាំមកហើយ ។ ហើយដូចជាឧទាហរណ៍ដែល CDC បានបង្ហាញអ៊ីចឹង អ្នកវិទ្យាសាស្ត្រកាន់តែច្រើនឡើងជឿជាក់ថា ពួកគេអាចសិក្សាពីព្រះពុទ្ធសាសនាបាន ។ កម្លាំងចលករដើម្បីឲ្យមានសំវាទរវាងព្រះពុទ្ធសាសនានិងវិទ្យាសាស្ត្រកើតចេញពីថ្នាក់លើមក ។ នៅពេលដែលសម្ដេចសង្ឃដាឡៃឡាម៉ាទី១៤ ព្រះនាម តេនហ្ស៊ីន កាត្សូ នៅក្មេងនៅតំបន់ជនបទនៅទីបេត៍ ព្រះអង្គបានមើលឃើញព្រះចន្ទតាមកែវយឺត ហើយបានភ្ញាក់ផ្អើលពេលបានឃើញរណ្ដៅនិងភ្នំនៅលើស្ថានព្រះចន្ទ ។

គ្រូរបស់ព្រះអង្គបានប្រាប់ព្រះអង្គថា យោងតាមគម្ពីរពុទ្ធសាសនា ព្រះចន្ទបញ្ចេញរស្មីដោយខ្លួនឯង ។ ប៉ុន្តែកុមារ កាត្សូ ចេះតែមានសេចក្តីសង្ស័យក្នុងចិត្តរហូតមក ។ ហើយក្រោយមក ព្រះអង្គរកឃើញនូវអ្វីដែលតារាវិទូ ហ្គាលីលីអូ បានមើលឃើញកាលពី ៤០០ ឆ្នាំមុន ហើយបានត្រលប់មកជឿជាក់ថា លទ្ធិសាសនាគួរតែបត់បែនតាមការសង្កេតមើល [មានលក្ខណៈវិទ្យាសាស្ត្រ] ។

លុះបានក្លាយជាសម្ដេចសង្ឃដាឡៃឡាម៉ា ព្រះអង្គកាត្សូបានចូលរួមក្នុងការសន្ទនាជាមួយអ្នកវិទ្យាសាស្ត្រតាំងពីនោះមក ។ ព្រះអង្គមានសង្ឃដីកាថា «ប្រសិនបើវិទ្យាសាស្ត្របង្ហាញថា ជំនឿខ្លះក្នុងព្រះពុទ្ធសាសនាខុស ដូចនេះព្រះពុទ្ធសាសនានឹងត្រូវតែធ្វើការផ្លាស់ប្ដូរ» ។

ទាំងនេះគឺជាសង្ឃដីកាដែលធ្វើឲ្យចាប់អារម្មណ៍ខ្លាំង ចេញពីមេដឹកនាំសាសនាពិភពលោកដ៏សំខាន់មួយ ។ ជនជាតិអាម៉េរិកភាគច្រើនជឿជាក់ថា វិទ្យាសាស្ត្រ និងសាសនាមិនស៊ីគ្នាទេ ។ ប៉ុន្តែព្រះពុទ្ធសាសនាទទួលស្គាល់នូវការវិវត្តន៍ (evolution) ថាជាប្រភពនៃដើមកំណើតមនុស្សជាតិ ជាងក្រុមសាសនាដទៃណាៗទាំងអស់ ។

ជាសាស្ត្រាចារ្យផ្នែកតារាសាស្ត្រ ដែលបង្រៀនដូនជីនិងព្រះសង្ឃទីបេត៍អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ខ្ញុំមើលឃើញព្រះសង្ឃនិងដូនជីទាំងនោះទទួលយកនូវវិទ្យាសាស្ត្រច្រើនបំផុត ដើម្បីឈ្វេងយល់អំពីពិភពលោកបែបធម្មជាតិ ។

កម្មវិធីដែលខ្ញុំបង្រៀនបានចាប់ផ្ដើមឡើង ដែលជាការឆ្លើយតបទៅនឹងបំណងរបស់សម្ដេចសង្ឃដាឡៃឡាម៉ា ដើម្បីចាក់បញ្ចូលនូវវិទ្យាសាស្ត្រ ទៅក្នុងការបង្រៀនរបស់វត្តអារាមពុទ្ធសាសនា ។ នៅក្នុងថ្នាក់រៀនដ៏សាមញ្ញរបស់យើង ដែលមានបង្អួចបើកដើម្បីស្រូបយកខ្យល់បក់រំភើយៗ ក្នុងកម្ដៅនៃខ្យល់មូសុង ហើយសត្វស្វាទាំងឡាយស្រែកកញ្ច្រៀវនៅលើដើមស្រល់ យើងនិយាយអំពីលោកធាតុវិទ្យា ។

ព្រះសង្ឃនិងដូនជីទាំងឡាយក្រេបយកនូវការសិក្សាវស្រាវជ្រាវថ្មីបំផុតរបស់ខ្ញុំដោយយកចិត្តទុកដាក់ អំពីទ្រឹស្តីថាមពលងងឹត ទ្រឹស្តីពហុលោកធាតុ ទ្រឹស្តីប៊ីកបាង ដែលជាព្រឹត្តិការណ៍កង់ទិច (quantum event) ។
សំណួររទាំងឡាយបស់ព្រះសង្ឃនិងដូនជីគឺសាមញ្ញប៉ុន្តែទូលំទូលាយ ។ ព្រះសង្ឃនិងដូនជីចាប់យកនូវការសិក្សាដោយរីករាយនិងការបន្ទាប់ខ្លួន ។ នៅក្រៅថ្នាក់ ខ្ញុំឃើញព្រះសង្ឃនិងដូនជីយកការត្រិះរិះពិចារណា (critical thinking) ទៅអនុវត្តក្នុងការសម្រេចចិត្តក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន ។

បាទ, ប្រពៃណីវត្តអារាមពុទ្ធសាសនាបានចាក់ឫសគល់ឡើងវិញ ដោយកម្រិតមួយនៃវិទ្យាសាស្ត្រនៃសតវត្សរ៍ទី២១ ។ ប៉ុន្តែ តើព្រះពុទ្ធសាសនាមានឥទ្ធិពលលើវិទ្យាសាស្ត្រយ៉ាងណាដែរ?

ពុទ្ធសាសនិកជនជាអ្នកមជ្ឈធាតុនិយម

អ្នកវិទ្យាសាស្ត្រកំពុងប្រើប្រាជ្ញាពុទ្ធសាសនាកាន់តែខ្លាំងឡើង ដើម្បីស្វែងយល់អំពីប្រធានបទស្រាវជ្រាវជាច្រើន និងដើម្បីបំភ្លឺស្ថានភាពរបស់មនុស្ស ។ ឧទាហរណ៍ នៅពេលអ្នកចិត្តសាស្រ្តប្រើទស្សនាទានព្រះពុទ្ធសាសនានៅក្នុងការងាររបស់ពួកគេ ពួកគេឃើញថាអ្នកជំងឺរបស់ពួកគេមិនសូវមានទំនោរប្រឆាំងនឹងមនុស្សខាងក្រៅក្រុមសង្គមនិងសាសនារបស់ពួកគេទេ ។ មិនតែប៉ុណ្ណោះ អ្នកវិទ្យាសាស្ត្របានប្រើគោលការណ៍ដែលចង់សម្ព័ន្ធគ្នា ដែលកើតមាននៅក្នុងចានគោមចម្រៀងពុទ្ធសាសនា (១) ដើម្បីរចនាបន្ទះសូឡាដែលមានប្រសិទ្ធភាពជាងមុន ។

មុខវិជ្ជាទាំងពីរនេះប្រើប្រាស់ជាមួយគ្នានូវវិធីសាស្រ្តដែលសំអាងលើពិសោធន៍ ។ ពុទ្ធសាសនិកជនត្រូវបានបណ្តុះបណ្តាលឲ្យមានមជ្ឈធាតុនិយម (ឲ្យចេះសង្ស័យ) ហើយទទួលយកអំណះអំណាងណាមួយ ទាល់តែមានការពិនិត្យមើលភស្តុតាងជាមុនសិន ។ ពាក្យខាងក្រោមនេះគឺជាព្រះពុទ្ធដីកា៖ «ជាងមាសធ្វើពិសោធន៍មាសរបស់គាត់ដោយការដុត ការកាត់ និងការដុសខាត់វា យ៉ាងណាមិញអ្នកត្រូវតែពិនិត្យមើលពាក្យរបស់តថាគតជាមុនសិនសឹមទទួលយកពាក្យនោះ មិនមែនទទួលយកព្រោះតែការគោរពចំពោះតថាគតនោះទេ» ។

ការសិក្សាជាច្រើនបង្ហាញថា ការធ្វើសមាធិមានឥទ្ធិពលវិជ្ជមានទៅលើសុខភាពនិងសុខុមាលភាព ។ ការធ្វើតេស្ត EEG ដើម្បីវាស់រលកខួរក្បាលរបស់ព្រះសង្ឃផ្តល់ភស្តុតាង[ជាក់ស្ដែង] ។ ព្រះសង្ឃនិងអ្នកជំនាញខាងការធ្វើសមាធិដទៃទៀតផលិតកម្រិតខ្ពស់នៃរលកខួរក្បាលហ្គាម៉ា ដែលមានគុណប្រយោជន៍ជាស៊េរីដល់មុខងារនៃការដឹងដោយញាណ ។

សមាធិក៏ផ្តល់អត្ថប្រយោជន៍ដល់ប្រព័ន្ធភាពស៊ាំផងដែរ ។ ហើយវាត្រូវបានបង្ហាញទៀតថាបានកាត់បន្ថយដំណើរពនេចរនៃចិត្ត ដែលបង្កើនសេចក្តីសុខ និងកាត់បន្ថយការបាក់ទឹកចិត្ត ។ ការធ្វើសមាធិក៏អាចធ្វើឲ្យយឺតនូវអត្រានៃភាពទ្រុឌទ្រោមនៃខួរក្បាលទៀតផង ។ ក្នុងករណីមួយដែលគួរឲ្យកត់សម្គាល់ ការធ្វើសមាធិប្រហែលជាបានកាត់បន្ថយ [ភាពទ្រុឌទ្រោម] ខួរក្បាលរបស់ព្រះសង្ឃដល់ទៅចំនួន ៨ ឆ្នាំ ។

អ្នកវិទ្យាសាស្ត្រលោកខាងលិចនិងអ្នកប្រាជ្ញព្រះពុទ្ធសាសនា ក៏បានសហការគ្នាលើអាថ៌កំបាំងដ៏ជ្រាលជ្រៅមួយនៃបទពិសោធន៍របស់មនុស្សគឺ វិញ្ញាណ (consciousness) ។ អ្នកស្រាវជ្រាវបានប្រើប្រព័ន្ធសរសៃប្រសាទ ដើម្បីគាំទ្រគំនិតនៃតួខ្លួនដែលមានការប្រែប្រួលជានិច្ច ។ អ្នកជំនាញខាងសរសៃប្រសាទបានតាំងបង្ហាញនូវអារម្មណ៍នៃអត្តៈ (ខ្លួន) ក្នុងលក្ខខណ្ឌននៃការផ្លាស់ប្តូរបណ្តាញនិងសៀគ្វីនៅក្នុងខួរក្បាល ។ ពួកគេបានសន្និដ្ឋានថា អារម្មណ៍នៃ«អត្តៈ»ដែលមានឋិតថេរនិងមានឫសគល់របស់អ្នកគឺជាមាយាការ (illusion) ។

លោក គ្រីស្ទូហ្វ កូច (Christof Koch) គឺជាអ្នកជំនាញឈានមុខគេខាងវិញ្ញាណ ។ លោក កូច និងមិត្តរួមការងាររបស់គាត់គឺលោក ជ្យូលៀ តូណូនី (Giulio Tononi) បានបង្កើតទ្រឹស្តីដ៏រឹងប៉ឹងនៃវិញ្ញាណ ។ ពួកគាត់អះអាងថា វា[វិញ្ញាណ]មិនត្រូវបានកំណត់ទីតាំង ហើយមិនអាចត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងផ្នែកណាមួយនៃខួរក្បាលទេ ។ ពួកគាត់ក៏សរសេរថា រុក្ខជាតិសត្វនិងអតិសុខុមប្រាណអាចមានវិញ្ញាណ ។ ទ្រឹស្តីរបស់ពួកគាត់ «ចាត់ទុកវិញ្ញាណ [ជា] គុណភាពជាមជ្ឈន្តកៈ (ដែលមានខាងក្នុង) ដ៏សំខាន់នៃសច្ចភាព» ។

សូមរង់ចាំបន្តិច ។ អត្តៈគឺគ្មាននៅទីណាទាំងអស់ ហើយវិញ្ញាណនៅគ្រប់ទីកន្លែងឬ? នេះស្តាប់ទៅដូចជាអក្សរសិល្ប៍បែនបំភាន់របស់ពុទ្ធសាសនាហ្ស៊េន ជាជាងការវិភាគបែបវិទ្យាសាស្ត្រ ។ ប៉ុន្តែខ្ញុំឃើញថា វាជាសញ្ញាមួយនៃការបង្រួបបង្រួមប្រកបដោយផ្លែផ្កា នៃវិទ្យាសាស្ត្រលោកខាងលិចនិងទស្សនវិជ្ជាបូព៌ា ។

វាដូចជាឆាប់បន្ដិចក្នុងការកំណត់ថាតើការស្រាវជ្រាវប្រកបដោយមហិច្ឆតានេះនឹងផ្តល់អ្វីខ្លះ ។ ប៉ុន្តែវាបង្ហាញថា ធាតុចូលពីទស្សនពុទ្ធសាសនាកំពុងបង្ខំឲ្យអ្នកវិទ្យាសាស្រ្តចោទសួរអំពីវិធីសាស្ត្រ ការសន្មត និងសំណង់ហេតុផលរបស់ខ្លួន ។ ឧទាហរណ៍ លោក កូច និងលោក តូណូនី មិនសូវយកចិត្តទុកដាក់នឹងយន្តការផ្លូវកាយនិងរចនាសម្ព័ន្ធដែលត្រូវបានកំណត់ទីតាំងនៃខួរក្បាល ដូចការណ៍ដែលពួកគេយកចិត្តទុកដាក់ជាមួយបណ្តាញនៃការតភ្ជាប់មិនឋិនថេរ ដែលអាចជាមូលដ្ឋាននៃវិញ្ញាណ ។

មេរៀនល្អបំផុតដែលព្រះពុទ្ធសាសនាមានចំពោះវិទ្យាសាស្ត្រគឺជាប់ទាក់ទងនឹងតុល្យភាព (balance) ។ តាមរបៀបសុភាពរាបសារបស់ព្រះអង្គ សម្តេចសង្ឃដាឡៃឡាម៉ាបន្ទោសអ្នកវិទ្យាសាស្រ្ត ថាមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ ចំពោះផលប៉ះពាល់អវិជ្ជមាននៃការស្វែងរកចំណេះដឹងរបស់ពួកគេ ។ ព្រះអង្គសរសេរថា៖ «វាបង្ហាញឲ្យឃើញច្បាស់ណាស់ថា ការគិតខាងសីលធម៌របស់យើងមិនអាចដើរទៅតាមទាន់ នូវល្បឿននៃការជឿនលឿនខាងវិទ្យាសាស្ត្របានទេ» ។

នៅក្នុងពិភពពោរពេញដោយបញ្ហានេះ ដែលត្រូវបានដឹកនាំដោយវិទ្យាសាស្រ្ត ប៉ុន្តែឈរលើជំហរបែបនេះ វាឆ្លុះបញ្ចាំងថា គុណតម្លៃរបស់មនុស្សអាចជាដំបូន្មានដ៏ល្អប្រសើរជាងអ្វីៗទាំងអស់ ៕

អត្ថបទដោយ៖ លោក គ្រិស អ៊ីមពីយ៍, សាស្ត្រាចារ្យផ្នែកតារាសាស្ត្រ នៃសាកលវិទ្យាល័យអារីហ្ស៊ូណា
(Chris Impey, Professor of Astronomy, University of Arizona/The Conversation)
ប្រែសម្រួលដោយលោកវិទូ

(១) ផ្ដិលឬចានគោមដែលធ្វើអំពីស្ពាន់ឬលោហៈ សម្រាប់គោះឬប្រើដុំឈើបង្វិលជុំវិញដើម្បីបង្កើតជាសំឡេងឮរណ្ដំជាប់គ្នាយូរ ក្នុងពេលសូធ្យធម៌របស់ព្រះសង្ឃពុទ្ធសាសនាវជ្រយានទីបេត៍ ។ ភាសាអង់គ្លេសថា Buddhist singing bowl ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment