ផ្ទាំងគំនូរពុទ្ធសាសនាកូរ៉េនាសតវត្សរ៍ទី១៩បានវិលត្រលប់មកប្រទេសដើមវិញពីចក្រភពអង់គ្លេស - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Friday, July 24, 2020

ផ្ទាំងគំនូរពុទ្ធសាសនាកូរ៉េនាសតវត្សរ៍ទី១៩បានវិលត្រលប់មកប្រទេសដើមវិញពីចក្រភពអង់គ្លេស

រូបផ្ទាំងគំនូរសន្និបាតព្រះពុទ្ធតេជប្រភា ស.វ.១៩ ។ រូបភាព៖ យ៉ុនហាប

លោកវិទូ | ថ្ងៃ ៦᧤៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៤ កក្កដា ២០២០

និកាយព្រះពុទ្ធសាសនាកូរ៉េបានឲ្យដឹងថា រូបគំនូរពុទ្ធសាសនានាសតវត្សរ៍ទី១៩ មួយផ្ទាំងដែលគេជឿថា ត្រូវបានដឹកនាំចេញពីប្រទេសក្នុងអំឡុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ ត្រូវបានបញ្ជូនមកប្រទេសកូរ៉េពីចក្រភពអង់គ្លេសវិញ ។

ព្រះពុទ្ធសាសនាមហាយានកូរ៉េនិកាយចូជីយ៍បាននិយាយថា ពិធីបុណ្យមួយត្រូវបានប្រារព្ធឡើងនៅវិមានអនុស្សាវរីយ៍ប្រវត្តិសាស្រ្តនិងវប្បធម៌ព្រះពុទ្ធសាសនាកូរ៉េ នៅទីក្រុងសេអ៊ូល ដើម្បីអបអរសាទរការវិលត្រលប់នៃរូបគំនូរសន្និបាតព្រះពុទ្ធតេជប្រភា ។

ផ្ទាំងគំនូរបានមកដល់ប្រទេសកូរ៉េពីចក្រភពអង់គ្លេសនៅថ្ងៃទី២៨ ខែមិថុនា ហើយនឹងត្រូវបញ្ជូនទៅប្រគល់ឲ្យម្ចាស់ដើមវិញគឺវត្តសុងក្វាងសា នៅទីក្រុងសាន់ឆុនដែលមានចម្ងាយប្រហែល ៤១៥ គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានីសេអ៊ូល ។

គេជឿថាផ្ទាំងគំនូរនេះត្រូវបានគូរដោយវត្តសុងក្វាងសានៅឆ្នាំ១៨៩៨ ។

ផ្ទាំងគំនូរសូត្រដែលមានបណ្ដោយប្រវែង ១៤១ សង់ទីម៉ែត្រ និងទទឹងប្រវែង ១០២ សង់ទីម៉ែត្រ មានរូបព្រះពុទ្ធជាម្ចាស់ដែលឈរព័ទ្ធជុំវិញដោយអរិយសាវកទាំងឡាយ ដែលជានិមិត្តរូបព្រះអាទិត្យនិងព្រះចន្ទ ។
ពិធីបុណ្យអនុមោទនាការវិលត្រលប់វិញនៃផ្ទាំងគំនូរសន្និបាតព្រះពុទ្ធតេជប្រភា ។ រូបភាព៖ យ៉ុនហាប

ព្រះពុទ្ធសាសនាមហាយានកូរ៉េនិកាយចូជីយ៍បាននិយាយថា ការត្រលប់មកវិញនូវផ្ទាំងគំនូរព្រះពុទ្ធសាសនាដ៏មានតម្លៃនេះ អាចធ្វើទៅបានដោយសារការខិតខំប្រឹងប្រែងរបស់មូលនិធិបេតិកភ័ណ្ឌវប្បធម៌កូរ៉េនៅក្រៅប្រទេស និងវត្តសុងក្វាងសា ។

ស្ថាប័ននេះបាននិយាយថា មូលនិធិបេតិកភ័ណ្ឌវប្បធម៌បានរកឃើញកាលពីខែមុនថា ផ្ទាំងគំនូរសន្និបាតព្រះពុទ្ធតេជប្រភា ត្រូវបានដាក់ឲ្យដេញថ្លៃនៅឯបរទេស ហើយក៏បានបញ្ជូនព័ត៌មានទាំងនោះទៅគណៈសង្ឃពុទ្ធសាសនាកូរ៉េ ។

វាពិបាកក្នុងការបញ្ជាក់ថា តើពេលណានិងដោយវិធីណា ដែលគំនូរនេះត្រូវបានគេយកចេញពីវត្តសុងក្វាងសាទេ ប៉ុន្តែនិកាយចូជីយ៍បានប៉ាន់ប្រមាណថា ការដឹកជញ្ជូននូវផ្ទាំងគំនូរនេះទៅឯនាយសមុទ្រ ប្រហែលជាបានកើតឡើងក្នុងកំឡុងសង្គ្រាមកូរ៉េ ៕ (យ៉ុនហាប)

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment