លោក 'រ៉ាម៉ន' តារាភាពយន្តប៊ូលីវូដល្បីឈ្មោះនិងកូនប្រុសបានឆ្លងជំងឺកូវីដ១៩ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Sunday, July 12, 2020

លោក 'រ៉ាម៉ន' តារាភាពយន្តប៊ូលីវូដល្បីឈ្មោះនិងកូនប្រុសបានឆ្លងជំងឺកូវីដ១៩

រូបភាពឯកសារ៖ លោក អមិតាភ ពច្ច័ន (ស្ដាំបំផុត) និងកូន អភិសេក ពច្ច័ន ព្រមទាំងចៅ ។ រូបភាព៖ @SrBachchan

លោកវិទូ | ថ្ងៃ ១᧷៨ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១២ កក្កដា ២០២០

ទីក្រុងមុមបៃ៖ តារាភាពយន្តប៊ូលីវូដល្បីឈ្មោះម្នាក់របស់ឥណ្ឌានិងកូនប្រុសរបស់គាត់បានឆ្លងជំងឺកូវីដ១៩ ហើយត្រូវបញ្ជូនទៅសម្រាក់ព្យាបាលនៅមន្ទីរពេទ្យមួយនៅទីក្រុងមុមបៃ ។

លោក អមិតាភ ពច្ច័ន តារាភាពយន្តប៊ូលីវូដឥណ្ឌាជើងចាស់ ល្បីឈ្មោះនៅស្រុកខ្មែរក្នុងទសវត្សរ៍ឆ្នាំ១៩៩០ថា រ៉ាម៉ន និងកូនប្រុសឈ្មោះ អភិសេក ពច្ច័ន ជាភាពយន្តប៊ូវីវូដដែរ បានធ្វើតេស្ដវិជ្ជមានចំពោះជំងឺកូវីដ១៩ កាលពីយប់ថ្ងៃសៅរ៍ ។

តារាជើងចាស់ក្នុងវ័យ ៧៧ ឆ្នាំទៅហើយ និងកូនប្រុសបានសរសេរនៅលើបណ្ដាញសង្គទ្វីធើជូនដំណឹងទៅសាធារណជនអំពីស្ថានភាពរបស់គាត់ នៅមន្ទីរពេទ្យនានាវតី នៅទីក្រុងមុមបៃ ហើយបានអំពាវនាវឲ្យអ្នកដែលធ្លាប់បានចួបគាត់ក្នុងកំឡុងពេល១០ថ្ងៃចុងក្រោយទៅធ្វើតេស្តរកមេរោគកូវីដ១៩ ។

លោក អមិតាភ ពច្ច័ន រស់នៅទីក្រុងមុមបៃ (បុមបៃ) ដែលជាទីក្រុងត្រូវបានវាយប្រហារខ្លាំងដោយជំងឺកូវីដ១៩ ក្នុងចំណោមទីក្រុងដែលរងគ្រោះដោយជំងឺឧត្បាតនេះខ្លាំងជាងគេនៅប្រទេសឥណ្ឌា ដែលមានចំនួនអ្នកឆ្លង ៩១.៧៤៥ ករណី និងចំនួនអ្នកស្លាប់ ៥.២៤៤ ករណី លំដាប់ទីពីរបន្ទាប់ពីទីក្រុងដែល្លី ។

តារាជើងចាស់រូបនេះកំពុងស្ថិតនៅក្នុងបន្ទប់ដាច់ដោយឡែកផ្នែកជំងឺប្រព័ន្ធដង្ហើម នៅមន្ទីរនានាវតី ទីក្រុងមុមបៃ ។ វេជ្ជបណ្ឌិតបានប្រាប់ទូរទស្សន៍ NDTV ថា គាត់ទទួលការឆ្លើយតបល្អប្រសើរចំពោះការព្យាបាល ។

រដ្ឋមន្ត្រីសុខាភិបាលនៃរដ្ឋមហារាស្ត្រ លោក រជេស តោបេ បានប្រាប់ទូរទស្សន៍ NDTV ថា  «គាត់គ្មានរោគសញ្ញាទេ និងរឹងប៉ឹង» ។

នៅក្នុងវិស័យភាពយន្តប៊ូលីវូដឥណ្ឌា លោក អមិតាភ ពច្ច័ន ត្រូវបានទស្សនិជនឲ្យរហ័សនាមថា «ប៊ីគ ប៊ី» ឬ «Big B» ។ គាត់បានល្បីឈ្មោះក្នុងវិស័យនេះតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៧០ មកម្ល៉េះ តាមរយៈការសម្ដែងក្នុងរឿងល្បីល្បាញកំពូលៗដូចជា «រឿងខ្នោះជើង» (Zanjeer) និង «រឿងរងើកភ្លើង» (Sholay) ។

ក្នុងដំណាក់កាលដំបូងក្នុងការសម្ដែងសិល្បៈរបស់គាត់ លោកពច្ច័នបានសាងភាពល្បីល្បាញរបស់គាត់ថាជា «បុរសវ័យក្មេងមានកំហឹង» របស់ឥណ្ឌា ដែលដើរតួជាវីរបុរសហានក្លាកម្ចាត់ប្រព័ន្ធអយុត្តិធម៌ក្នុងសង្គម ហើយបានបញ្ចូលសមាសធាតុថ្មីមួយបែបសាហាវ ទៅក្នុងរឿងភាពយន្តប៊ូលីវូដ ដែលពីដើមមានតែរឿងបែបមនោសញ្ចេតនាសុភាពរាបសា ។

ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ឬមុននេះ វិស័យភាពយន្តឥណ្ឌាទទួលបានការពេញនិយមខ្លាំង ក្នុងចំណោមទស្សនិកជនខ្មែរ ។ ក្មេងៗសម័យបញ្ច្រៀតគ្នាមើលកុនតាមប្រហោងជញ្ជាំង ឬសម័យទូរទស្សន៍សខ្មៅចាប់អាគុយ 3K (បីកា) ដាក់អង់តែនលើចុងឫស្សី ពុំបានស្គាល់ អមិតាភ ពច្ច័ន ទេ ស្គាល់តែ រ៉ាម៉ន ។ ការពេញនិយមនេះមិនមែនកើតឡើងដោយចៃដន្យទេ គឺជាចម្បងដោយសារទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ។ ក្នុងដើមទសវត្សរ៍ឆ្នាំ១៩៨០ ឥណ្ឌាជាប្រទេសមិនមែនកុម្មុយនីស្តដំបូងគេ ដែលទទួលស្គាល់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោយពីកងទ័ពវៀតណាមបានផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ។ ក្រោយពីភាពយន្តថៃបានសម្រុកចូលខ្លាំងខ្ទង់ឆ្នាំ២០០០ ដល់ឆ្នាំ២០០៣ (កុបកម្មដុតស្ថានទូតថៃ) រឿងឥណ្ឌាហាក់លែងសូវល្បីទៀត ។

ទោះយ៉ាងណា រឿងរបស់លោកពច្ច័ននៅតែល្បីល្បាញ ទាក់ទាញទស្សនិកជនឲ្យទៅទស្សនាពេញៗរោងកុនទូទាំងប្រទេសឥណ្ឌា ។ ប៉ុន្ដែរឿងចុងក្រោយរបស់គាត់ បែបកំប្លែងនិងរំភើប (ដ្រាម៉ា) មានចំណងជើងថា «គុលាពោ សិតាពោ» (Gulabo Sitabo) ត្រូវចាក់បញ្ចាំងតាមសេវាវីដេអីតាមអនឡាញរបស់ក្រុមហ៊ុនអាម៉ាហ្សូន ដោយសារការរឹតត្បិតដែលបណ្ដាលមកពីការរាតត្បាតជំងឺកូវីដ១៩ ។ (គួរចាប់អារម្មណ៍ នៅក្នុងឈុតមួយនៃរឿងចុងក្រោយនេះ ឃើញមានចេញពាក្យថា កម្ពុជា ឬ Cambodia ទៀតផង ។)

ផលិតកម្មភាពយន្តប៊ូលីវូដទើបតែចាប់ផ្ដើមថតរឿងឡើងវិញនាពេលថ្មីនេះ បន្ទាប់ពីបានខកខានអស់រយៈពេលជាច្រើនខែមក ក្រោយពីមានការបិទប្រទេសទាំងស្រុងនៅប្រទេសឥណ្ឌា កាលពីចុងខែមីនា ។

ប៉ុន្តែ តារាភាពយន្តដែលមានអាយុចាស់ជាង ៦៥ ឆ្នាំ ដូចជាលោកពច្ច័នជាដើមនេះ ត្រូវបានហាមឃាត់មិនឲ្យចូលរួមធ្វើសកម្មភាពថតទេ ដោយសារវ័យរបស់ពួកគេងាយនឹងរងគ្រោះដោយវីរុសកូរ៉ូណា ។

ករណីវីរុសកូរ៉ូណានៅទូទាំងប្រទេសឥណ្ឌាគិតត្រឹមថ្ងៃសៅរ៍ បានកើនឡើងដល់ ៨.២០.៩១៦ ករណី (ជាង ៨២ ម៉ឺន) ជាចំនួនច្រើនបំផុតលំដាប់ទី៣ក្នុងពិភពលោក ដោយមានអ្នកជំងឺស្លាប់ចំនួន ២២.១២៣ ករណី ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment