លោកគ្រូធម្មបណ្ឌិត ហេង មណីចិន្ដា៖ អាសាឡ្ហបូជា ទិវារស់នៅក្នុងវិថីអរិយសច្ច - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, July 05, 2020

លោកគ្រូធម្មបណ្ឌិត ហេង មណីចិន្ដា៖ អាសាឡ្ហបូជា ទិវារស់នៅក្នុងវិថីអរិយសច្ច

រូបមន្តអរិយសច្ចធម៌ ដែលត្រូវប្រតិបត្តិក្នុងវិថីជីវិត បង្កើតដោយលោកគ្រូធម្មបណ្ឌិត ហេង មណីចិន្ដា ។ រូបភាព៖ Heng Monychenda

លោកវិទូ | ថ្ងៃ ១᧯៨ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ៥ កក្កដា ២០២០

អបអរសាទរអនុមោទនា អាសាឡ្ហបូជា ទិវារស់នៅក្នុងវិថីអរិយសច្ច ១៥កើត ខែអាសាឍ (ក្នុងឆ្នាំ២០២០នេះ ត្រូវនឹងថ្ងៃទី៥ កក្កដា)

អាសាឡ្ហបូជា ជាថ្ងៃរំលឹកដល់ការសម្តែងធម៌ជាលើកដំបូងរបស់ព្រះសម្មាសម្ពុទ្ធ ដែលមានឈ្មោះថា ធម្មចក្កប្បវត្តនសូត្រ ជាការបង្រៀនថ្ងៃដំបូងរបស់ព្រះអង្គ ដល់សិស្ស៥នាក់ ។ មេរៀនដំបូងនេះ បានបង្ហាញអំពីវិថីជីវិតថ្មីមួយរបស់មនុស្សជាតិ ដែលអាចនាំមនុស្សជាតិទៅរកអរិយភាព ទាំងក្នុងឋានៈជាបុគ្គលម្នាក់ៗ(អរិយបុគ្គល) និងជាសង្គមជាតិ(អារ្យប្រទេស) ។

ជាការណែនាំឲ្យមនុស្សរស់នៅក្នុងវិថីជីវិតមួយដែលមានលក្ខណៈកណ្តាល ជាមធ្យម មិនតឹងតែងពេកនិងមិនធូររយីករយាកពេក(មជ្ឈិមាបដិបទា) ។

ប្រើជីវិតនិងការរស់នៅជាមួយគ្នាដោយហេតុផល ដោះស្រាយបញ្ហាជីវិតដោយហេតុផល សម្រេចកិច្ចការនិងគោលបំណងជីវិតរបស់ខ្លួននិងសង្គមដោយហេតុផល ។

រស់នៅប្រកបដោយបញ្ញា រស់នៅជាមួយគ្នាដោយមានសីល គឺការគោរពច្បាប់និងកតិកាសង្គម និង រស់នៅដោយការព្យាយាម កសាងចិត្ត(ធ្វើសមាធិ) របស់ខ្លួននិងសង្គមឲ្យមានសន្តិភាព ។

ធម្មចក្កប្បវត្តន គឺជាធម្មចក្ក ឬ ធម្មយាន (ធម៌ដែលមានលក្ខណៈដូចជាយាន) គឺយានដែលអាចនាំមនុស្សឲ្យទៅដល់គោលដៅដែលនៅខាងមុខបាន ឬ ជាឧបករណ៍ ដែលជនណា សង្គមណាយកទៅអនុវត្តបានល្អគ្រប់ហើយ(សម្មា) នឹងនាំឲ្យបុគ្គលនិងសង្គមនោះ ទទួលបាននូវសន្តិភាពក្នុងចិត្ត(និព្វាន) និង សេចក្តីសុខក្នុងសង្គម ។

សុំនាំគ្នារស់និងដើរលើវិថីអរិយសច្ចទាំងអស់គ្នា!

[អត្ថបទតខាងក្រោម៖]

អបអរសាទរអនុមោទនា អាសាឡ្ហបូជា ទិវារស់នៅក្នុងវិថីអរិយសច្ច ១៥កើត ខែអាសាឍ (ក្នុងឆ្នាំ២០២០នេះ ត្រូវនឹងថ្ងៃទី៥ កក្កដា)

ក្នុង post របស់ខ្ញុំកាលពីថ្ងៃទី១ កក្កដា ២០២០ ខ្ញុំបានរៀបរាប់អំពីអត្ថន័យដោយសង្ខេបអំពីបុណ្យអាសាឡ្ហបូជា ដោយផ្តោតលើការសម្តែងធម្មចក្កប្បវត្តនសូត្រ។ ក្នុង post នេះ ខ្ញុំនឹងសង្ខេបជាបន្តទៀតអំពីអត្ថន័យអាសាឡ្ហបូជា តាមរយៈរូបភាពខាងក្រោម ។

មគ្គវិធីទាំង៨ គឺយល់ត្រូវ គិតត្រូវ និយាយត្រូវ ធ្វើត្រូវ ចិញ្ចឹមជីវិតត្រូវ ព្យាយាមត្រូវ តាំងសតិត្រូវ និង ធ្វើសមាធិត្រូវ នេះ សង្ខេបមកដោយខ្លី នៅត្រឹមពាក្យ៣ម៉ាត់គឺ បញ្ញា សីល សមាធិ៖

១) បញ្ញា បញ្ចូលយល់ត្រូវនិងគិតត្រូវ រួមជាមួយគ្នា
២) សីល បញ្ចូលនិយាយត្រូវ ធ្វើត្រូវ ចិញ្ចឹមជីវិតត្រូវ រួមជាមួយគ្នា
៣) សមាធិ បញ្ចូលព្យាយាមត្រូវ តាំងសតិត្រូវ និង ធ្វើសមាធិត្រូវ រួមជាមួយគ្នា

ការជឿនិងការគោរពព្រះពុទ្ធសាសនា ត្រូវចាប់ផ្តើមដោយការសិក្សា ស្វែងយល់ និង ឈ្វេងយល់ អំពីអ្វីដែលព្រះពុទ្ធអង្គបានត្រាស់ដឹង(ពុទ្ធធម៌) ឲ្យបានយល់ច្បាស់គ្រប់ជ្រុងជ្រោយនិងជម្រៅ គឺទាំងពាក្យប្រែនិងពាក្យពន្យល់ ដែលក្នុងភាសាបាលីប្រើពាក្យថា បរិយត្តិ ។

បន្ទាប់ពីបានរៀននិងយល់អំពីបញ្ញា សីល និង សមាធិ ហើយ ត្រូវយកមកអនុវត្ត យកមកប្រើ សម្រាប់ដោះស្រាយបញ្ហាក្នុងជីវិតដែលកើតមកអំពីការប្រែប្រួល(អនិច្ចំ) ការបាក់បែក ធ្លុះធ្លាយ មិនអាចរក្សាភាពដើមបាន(ទុក្ខំ) និង សភាពដែលមិនមែនជាកម្មសិទ្ធិ៍របស់ខ្លួនឬនរណា(អនត្តា) ។ ការដែលយកធម៌មកអនុវត្តក្នុងជីវិតប្រចាំថ្ងៃបែបនេះ ភាសាព្រះពុទ្ធឬភាសាបាលីហៅថា បដិបត្តិ ។

ការបដិបត្តឬការអនុវត្តគឺជាកម្ម អំពើ ទង្វើ តាមរយៈសកម្មភាពរាងកាយ តាមរយៈសម្តី និង តាមរយៈការគិត ។ កម្មនឹងនាំឲ្យមានផល ឬ កាលណាមានអំពើ តែងមានលទ្ធផលដែលកើតចេញពីអំពើ។ លទ្ធផល បានតិចឬច្រើន ល្អឬមិនល្អ ព្រោះអាស្រ័យការយល់ដឹងព្រះធម៌(បរិយត្តិ) និង ការយកព្រះធម៌មកអនុវត្ត(បដិបត្តិ) ឲ្យបានត្រឹមត្រូវនិងឲ្យបានគ្រប់គ្រាន់បរិបូណ៌(សម្មា) ។ បើលទ្ធផលមិនល្អឬមិនគ្រប់គ្រាន់ដូចដែលយើងប៉ងប្រាថ្នា ក៏ត្រូវត្រឡប់ទៅរៀនឈ្វេងយល់ និង អនុវត្តទៀត រហូតទាល់តែទទួលបានលទ្ធផលដែលខ្លួនពេញចិត្ត ។

ក្នុងឋានៈជាពុទ្ធបរិស័ទ ការរៀន ការអនុវត្ត និង ការទទួលផល ក្នុងព្រះពុទ្ធសាសនា ត្រូវការសេចក្តីណែនាំ(សរណៈ)អំពីព្រះពុទ្ធ ព្រោះព្រះអង្គជាអ្នកដែលដឹងអំពីសីល សមាធិ បញ្ញា និងព្រះនិព្វាន តាមបែបអរិយសច្ច៤តែមួយអង្គគត់ បើទោះបីជាព្រះអង្គបរិនិព្វាន (មរណភាព) ទៅហើយក្តី ក៏យើងនៅតែយកព្រះអង្គជាសរណៈដោយពុំភ្លេចគុណព្រះអង្គឡើយ(ពុទ្ធំ សរណំ គច្ឆាមិ) ។

ដោយហេតុថាព្រះភិក្ខុសង្ឃ ជាអ្នកដែលបួសបន្តវេនពីព្រះអង្គដើម្បីរក្សាការបង្រៀនរបស់ព្រះអង្គ(ពុទ្ធវចនៈ) ទើបយើងយកព្រះសង្ឃជាសរណៈ(សង្ឃំ សរណំ គច្ឆាមិ) និងត្រូវទំនុកបំរុងព្រះអង្គឲ្យអាចរស់បានដើម្បីបន្តពុទ្ធវចនៈទាំងនោះ និងជួយបង្រៀនពុទ្ធបរិស័ទជំនួសព្រះអង្គ ។

ព្រះធម៌ដែលជាពុទ្ធវចនៈរបស់ព្រះពុទ្ធអង្គមានសារៈសំខាន់ចំពោះជីវិតយើង ព្រោះការរៀននិងការអនុវត្តតាមព្រះធម៌អាចនាំឲ្យយើងរួចចាកផុតពីសេចក្តីទុក្ខក្នុងជីវិតបានដោយអស់ទុក្ខរលីងពីក្នុងចិត្ត(និព្វាន)។ ដូច្នេះឯង ទើបបានជាយើងយកព្រះធម៌ជាសរណៈរបស់យើងរហូតអស់មួយជីវិត(ធម្មំ សរណំ គច្ឆាមិ) ។

១៥កើតខែអាសាឍ ជាថ្ងៃដែលមានសារៈសំខាន់ ក៏ព្រោះតែជាថ្ងៃដែលព្រះពុទ្ធអង្គបានសម្តែងធម្មចក្កប្បវត្តនសូត្រ ដែលជាការបង្រៀនរបស់ព្រះពុទ្ធអំពីវិធី(ផែនទីផ្លូវ Roadmap) ជាលើកដំបូង ដែលបើជនណាម្នាក់ឬច្រើន បានរៀនបានអនុវត្តនូវធម៌របស់ព្រះអង្គ ដែលជាសង្ខេបគឺ សីល សមាធិ បញ្ញា តាមរបៀបអរិយសច្ច៤ បានដោយត្រឹមត្រូវនិងគ្រប់គ្រាន់ល្មមហើយនោះ(សម្មា) ជននោះឬជនជាច្រើននោះ នឹងអាចកំចាត់ បំបាត់ បំផ្លាញបាន នូវសេចក្តីទុក្ខទាំងអស់ដែលមាននៅក្នុងចិត្តនិងជីវិតបានជាពិតប្រាកដ ។ ការដែលសេចក្តីទុក្ខទាំងអស់មិនមាននៅក្នុងចិត្តនិងជីវិតនេះឯង ដែលព្រះពុទ្ធអង្គលោកបានប្រាប់ថា សម្រេចបានព្រះនិព្វាន ៕

អត្ថបទដោយ៖ លោកធម្មបណ្ឌិត ហេង មណីចិន្តា, នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍, ខេត្តបាត់ដំបង ។
ចុះផ្សាយដំបូងនៅលើគណនីហ្វេសប៊ុក៖ Heng Monychenda (ថ្ងៃទី១ និងទី២ ខែកក្កដា ២០២០) ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment