សម្ដេច នរោត្តម អរុណរស្មី ថ្លែងសុន្ទរកថាអនុមោទនាទិវាធម្មចក្រនៅវិមានប្រធានាធិបតីឥណ្ឌា៖ ខ្លឹមសារសំខាន់ៗ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Monday, July 06, 2020

សម្ដេច នរោត្តម អរុណរស្មី ថ្លែងសុន្ទរកថាអនុមោទនាទិវាធម្មចក្រនៅវិមានប្រធានាធិបតីឥណ្ឌា៖ ខ្លឹមសារសំខាន់ៗ


សម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ថ្លែងសារតាមវីដេអូជាភាសាអង់គ្លេស អនុមោទនាបុណ្យអាសាឡ្ហបូជា ទិវាធម្មចក្រ, ៤ កក្កដា ២០២០ ។ រូបភាព៖ IBC Live

លោកវិទូ | ថ្ងៃ ២᧱៨ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ៦ កក្កដា ២០២០

សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមទីប្រឹក្សានៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលរួមថ្លែងសុន្ទរកថាតាមវីដេអូ ដើម្បីអនុមោទនាទិវាធម្មចក្រ (អាសាឡ្ហបូជា) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ប្រធានាធិបតីឥណ្ឌា លោក រាម នាថ កោវិន្ទ ដែលរៀបចំដោយសហព័ន្ធពុទ្ធសាសនាអន្តរជាតិ (IBC) ដោយមានកិច្ចសហការគាំទ្រពីក្រសួងវប្បធម៌ឥណ្ឌា ព្រមទាំងស្ថាប័នពុទ្ធសាសនាដែលពាក់ព័ន្ធទូទាំងសកលលោក នៅវិមានប្រធានាធិបតី រដ្ឋធានីញូវដែល្លី នៅថ្ងៃ ៧᧮៨ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ។

ទិវាធម្មចក្រប្រកបដោយអត្ថន័យនេះបានចាប់ផ្ដើមតាំងពីព្រលឹមទល់ព្រលប់ ដោយមានកម្មវិធីសូត្រធម៌ដោយព្រះសង្ឃពុទ្ធសាសនាចម្រុះនិកាយលើពិភពលោក សន្ទនាធម៌ ការសម្ដែងសិល្បៈវប្បធម៌ពុទ្ធសាសនា និងជាពិសេសការថ្លែងសុន្ទរកថាអនុមោទនាពីប្រទេសផ្សេងៗ ។ ព្រឹត្តិការណ៍ពិេសេគឺនៅក្នុងពិធីបើកកម្មវិធី នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រ មោទី បានថ្លែងសារអបអរសាទរតាមវីដេអូ ប្រកបដោយខ្លឹមសារអំពីគុណតម្លៃនិងសារសំខាន់របស់ព្រះពុទ្ធសាសនានាពេលបច្ចុប្បន្ន ។

សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី បានថ្លែងសារអនុមោទនាទិវាធម្មចក្រនេះប្រកបដោយខ្លឹមសារ ជាតំណាងឲ្យប្រទេសកម្ពុជា ។ ដោយមើលឃើញថាសាធារណៈជនមានចំណាប់អារម្មណ៍ច្រើនចំពោះសារជាវីដេអូជាភាសាអង់គ្លេស លោកវិទូសូមស្រង់ខ្លឹមសារសំខាន់ៗមួយចំនួនជាខេមរភាសាដូចតទៅ ។

សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី បានមានបន្ទូលនៅក្នុងខ្សែអាត់វីដេអូប្រមាណជាង ១០ នាទី ដែលរំឭកដល់ទំនាក់ទំនងប្រវត្តិសាស្ត្រនិងវប្បធម៌កម្ពុជា-ឥណ្ឌាយ៉ាងនេះថា៖

«ប្រទេសកម្ពុជាមានវប្បធម៌ ទំនាក់ទំនង ប្រវត្តិសាស្ត្រ ពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជន ជាមួយឥណ្ឌាអស់កាលជាងមួយសហវត្សរ៍មកហើយ ។ នេះបានធ្វើឲ្យប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរក្លាយជាមិត្តដ៏យូរលង់និងជិតស្និទ្ធ ក៏ដូចជាដៃគូយូរអង្វែង» ។

សម្ដេចអរុណរស្មីមានបន្ទូលទៀតថាសូមកោតសរសើរចំពោះវីរិយភាពក្នុងការប្រារព្ធទិវានេះ «មិនត្រឹមតែជាការរំឭកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ កំឡុងការសម្ដែងបឋមទេសនាប៉ុណ្ណោះទេ ប៉ុន្តែពិសេសជាងនេះទៅទៀតគឺវាជាពេលដែលយើងក្រើនរំឭកនូវប្រាជ្ញាញាណនិងគុណតម្លៃ និងការឆ្លើយតបរបស់ព្រះពុទ្ធសាសនា ចំពោះបញ្ហានិងតម្រូវការសំខាន់ៗនៃវិបត្តិសកលនាពេលបច្ចុប្បន្ន» ។

បន្ទាប់មកទៀត សម្ដេចអរុណរស្មីអំពីឋានៈព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរថា «ជានិច្ចកាលព្រះពុទ្ធសាសនាមានតួនាទីសំខាន់ក្នុងប្រវត្តិសាស្ត្របុរាណនិងបច្ចប្បន្ននៃប្រទេសរបស់ខ្ញុំ» ។ សម្ដេចបន្តទៀតថា «សង្គមខ្មែរនៅតែជាសង្គមព្រះពុទ្ធសាសនាភាគច្រើន ដោយមានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋតាមរដ្ឋធម្មនុញ្ញ» ហើយ «ព្រះរាជាណាចក្រកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសម្បទានបន្ថែម ចំពោះបុព្វហេតុដ៏ថ្លៃថ្លារបស់ព្រះពុទ្ធសាសនា ក្នុងលើកកម្ពស់មនុស្សនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឆ្លើយតបឲ្យកាន់តែប្រសើរឡើង ចំពោះវិបត្តិដែលពិភពលោកយើងកំពុងតែប្រឈម» ។

ជាបន្ទាប់ទៀត សម្ដេចអរុណរស្មីបានលើកឡើងអំពីវិបត្តិសកលដែលកើតឡើងដោយសកម្មភាពមនុស្ស ដោយទាញយកដំណោះស្រាយពីព្រះពុទ្ធសាសនា ។ អស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយដែលមនុស្សជាតិបានរីកចម្រើនគួរឲ្យកត់សម្គាល់ ប៉ុន្តែការរីកចម្រើននេះច្រើនតែផ្ទុយគ្នា នៅ​ក្នុង​លក្ខខណ្ឌ​នៃកិច្ចការរបស់មនុស្ស ។

ក្នុងន័យនេះសម្ដេចអរុណរស្មីមមានបន្ទូលថា «យើងដែលជាមនុស្សជាតិក៏បានធ្វើឲ្យបញ្ហាកាន់តែអាក្រក់ផងដែរ ដោយអ្វីដែលយើងបានធ្វើ តាមរយៈសេដ្ឋកិច្ច បច្ចេកវិទ្យា និងសាសនាផង និងដោយអ្វីដែលយើងបានបរាជ័យក្នុងការធ្វើឲ្យមានចីរភាពនៃប្រព័ន្ធអេកូឡូជី និងទប់ទល់នឹងហានិភ័យអត្ថិភាពនៃមនុស្សជាតិផង» ។

សម្ដេចក៏បានលើកឡើងផងដែរអំពីវិបត្តិពិភពលោក ដូចជាការប្រជែងគ្នានៃប្រទេសមហាអំណាចដែលអាចបង្កជាសង្គ្រាម ការគម្រាមកំហែងពីមេរោគកូវីដ១៩ ការវាយបបរហារតាមអ៊ីធើណេត ការរំខានខាងបច្ចេកវិទ្យា ក៏ដូចជាអំពើងហិង្សា ការប្រកាន់ពូជសាសន៍ ភាពក្រីក្រ ភាពអត់ឃ្លាន និងការបំផ្លាញជាប្រព័ន្ធនូវភពផែនដី ។ រីឯថ្នាក់ជាតិវិញ លទ្ធផលនយោបាយក្នុងស្រុក ដែលកើតឡើងដោយសារកំណើនសេដ្ឋកិច្ចថយចុះ បានធ្វើឲ្យប៉ះពាល់ដល់សន្តិភាព វឌ្ឃនភាព និងសេរីភាព ។

សម្ដេចអរុណរស្មីយល់ថា ការរំឭកនូវទិវាធម្មចក្រ ដើរតួក្នុងការជួយឲ្យពិភពលោកទទួលស្គាល់ថា ព្រះពុទ្ធសាសនាអាចកំណត់ដឹងបញ្ហារបស់មនុស្សបាន ។

សម្ដេចមានបន្ទូលថា «ដូចដែលព្រះពុទ្ធជាម្ចាស់ទ្រង់មានពុទ្ធដីកាថា ជីវិតគឺជាទុក្ខៈ ការលំបាកឬការឈឺចាប់ ដែលកើតឡើងដោយសារសេចក្តីប្រាថ្នាមិនបានដូចចិត្ត ឬការមិនចេះស្កប់ស្កល់ ដែលជាចំណោទបញ្ហានៃសេចក្ដីប្រាថ្នា និងការរំភើបចិត្ត ។ ដូច្នេះ វិបត្តិដែលយើងកំពុងប្រឈមសព្វថ្ងៃ មិនមែនជាវិបត្តិសេដ្ឋកិច្ច អេកូឡូជី ឬបច្ចេកវិទ្យាដោយសាមញ្ញទេ ។ ដំបូងនិងសំខាន់បំផុត វាជាវិបត្តិនៃ និងបង្កឡើងដោយ ការគិតប្រកបដោយសេចក្ដីប្រាថ្នា ចំណង់ចំណូលចិត្តនិងអារម្មណ៍ដែលមិនបានឃុំគ្រង និងបំណងប្រាថ្នាហួសប្រមាណរបស់យើង» ។

ដូច្នេះនេះជាវិបត្តិផ្លូវចិត្ត ហើយត្រូវដោះស្រាយតាមវីធីផ្លូវចិត្តដែរ ។ សម្ដេចក៏បានលើកឡើងអំពីដំណោះស្រាយបញ្ហាតាមទ្រឹស្ដីព្រះពុទ្ធសាសនាគឺការយល់ដឹងពីអរិយសច្ច៤ ។

សម្ដេចមានបន្ទូលថា «អរិយសច្ច៤នេះហើយដែលនាំឲ្យព្រះសម្មាសម្ពុទ្ធទ្រង់យល់ថា អ្វីៗទាំងអស់គឺមិនទៀង ហើយភាពមិនទៀតដែលមានតណ្ហាជាហេតុដែលនាំឲ្យកើតទុក្ខៈ និងសេចក្ដីលំបាក» ។ ក្នុងន័យនេះ ប្រភពនៃទុក្ខគឺការចង់បានគឺតណ្ហា ហើយមធ្យោបាយដើម្បីរំលត់ទុក្ខគឺអរិយមគ្គអង្គ៨ ។
យោងតាមសម្ដេចអរុណរស្មីកំហុសរបស់យើងគឺកង្វះការយល់ដឹងនូវការពិតនៃបញ្ហា និងប្រភពនៃហេតុរបស់វា ។ «ទោះយ៉ាងណា ព្រះពុទ្ធសាសនាមិនអាចជាកម្លាំងស្មារតីដែលលើកទឹកចិត្ត សម្រាប់សន្ដិភាពវិឌ្ឃនភាពពិភពលោកទេ មានតែមេដឹកកនាំនិងអ្នកប្រតិបត្តិព្រះពុទ្ធសាសនាទាំងឡាយទេទើបអាច ដោយឈានដល់ការប្ដាជ្ញារួម ដើម្បីរក្សានូវព្រះធម៌ដើម និងចែករំលែកនូវសច្ចធម៌សកលដល់សព្វសត្វទាំងពួង និងត្រលប់ទុក្ខៈក្នុងលោកឲ្យជាសុខៈ ជាលក្ខណៈបុគ្គល និងរួមគ្នា ។»

«ទស្សនព្រះពុទ្ធសាសនាអំពីមេត្តាករុណា ការស្ម័គ្រចិត្ត ភាពសាមញ្ញ ការលើកទឹកចិត្តឲ្យគិតដល់ប្រយោជន៍អ្នកដទៃ និងការកាត់បន្ថយសឹចក្ដីទុក្ខ ទាំងនេះបង្កើតនូវមណ្ឌលនៃការប្រតិបត្តិព្រះពុទ្ធសាសនា ហើយជាញឹកញាប់ ដែលត្រូវបានគេសិក្សាក្នុងមុខវិជ្ជាចិត្តវិជ្ជា នៅតែមិនស្គាល់ច្បាស់នៅក្នុងចំណេះដឹងខាងសេដ្ឋកិច្ច ក៏ដូចជាសេចកិច្ចអនុវត្តន័នៃពិភពលោក ដែលជាទូទៅគិតតែពីការស្វែងរកទ្រព្យសម្បត្តិជាសម្ភារៈ សេចក្ដីសុខស្រួល និងសុខុមាលភាព ។»

«ទោះយ៉ាងណា ថ្វីដ្បិតជាប្រធានបទខុសគ្នា សេដ្ឋកិច្ចនិងព្រះពុទ្ធសាសនាមានលក្ខណៈដូចគ្នាសំខាន់មួយគឺ ត្រូវបានតាក់តែងឡើងដើម្បីលោកកម្ពស់និងធ្វើឲ្យសម្រេចបសននូវសុខៈ ឬសេចក្ដីសុខរបស់មនុស្សជាតិ ។»

«ដូច្នេះចាំបាច់ណាស់ត្រូវសិក្សា និងលើកកម្ពស់នូវលទ្ធភាពដែលអាចធ្វើការសម្របសម្រួលគ្នានូវសេចក្តីសុខ ដែលផ្អែកលើគុណតម្លៃផ្នែកសម្ភារៈនៃសង្គមទំនើប ជាមួយនឹងសេចក្ដីសុខផ្នែកលើគុណតម្លៃព្រះពុទ្ធសាសនា ។»

«ការប្រតិបត្តិព្រះធម៌នឹងជួយឲ្យមេដឹកនាំ សង្គម និងបុគ្គល កាត់បន្ថយសេចក្ដីប្រាថ្នា និងធ្វើឲ្យចិត្តស្ងប់ ។»

ជាទីអវសានសម្ដេចអរុណរស្មីមានបន្ទូលថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថាការប្រារព្ធទិវាធម្មចក្រប្រកបដោយជោគជ័យថ្ងៃនេះ គឺជាឱកាសដើម្បីចួបជុំគ្នា និងពង្រឹងព្រះពុទ្ធសាសនា គ្រប់យានគ្រប់និកាយ ដើម្បីជាប្រយោជន៍ដល់ពិភពលោកឲ្យកាន់តែមានសន្តិភាពនិងចីរភាព និងសេចក្ដីសុខស្ងប់នៃមនុស្សជាតិ» ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment