សារព័ត៌មានឥណ្ឌា៖ ខណៈការបោះឆ្នោតខិតជិតមកដល់នៅស្រីលង្កា ចិនចាប់ផ្ដើមយកចិត្តព្រះសង្ឃពុទ្ធសាសនា - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Friday, July 31, 2020

សារព័ត៌មានឥណ្ឌា៖ ខណៈការបោះឆ្នោតខិតជិតមកដល់នៅស្រីលង្កា ចិនចាប់ផ្ដើមយកចិត្តព្រះសង្ឃពុទ្ធសាសនា

ព្រះសង្ឃពុទ្ធសាសនានៅប្រទេសស្រីលង្កា ។ រូបភាព៖ WION/AFP

លោកវិទូ | ថ្ងៃ ៦᧫៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ៣១ កក្កដា ២០២០

នៅសល់តែ ៥ ថ្ងៃទៀតប៉ុណ្ណោះ ប្រទេសស្រីលង្កា នឹងធ្វើការបោះឆ្នោតសភា ដែលត្រូវបានពន្យារពេលដោយសារការរាតត្បាតជំងឺកូវីដ១៩ ។ សារព័ត៌មានឥណ្ឌា វ៉ន (WION) ដែលជាសារព័ត៌មានរាយការណ៍ព័ត៌មាននិងបញ្ហាអន្តរជាតិដ៏មានប្រជាប្រិយមួយ បានចុះផ្សាយព័ត៌មានរបស់ខ្លួនកាលពីយប់ថ្ងៃម្សិលមិញ អំពីការណ៍ដែលប្រទេសចិនខំយកចិត្តព្រះសង្ឃពុទ្ធសាសនាក្នុងការបោះឆ្នោតនេះ ។

នៅក្នុងអត្ថបទរបស់ខ្លួន ដំបូងវ៉នបានដាក់ចំណងជើងធ្ងន់ៗថា «ចិនប្រើព្រះសង្ឃនិងមេដឹកនាំពុទ្ធសាសនា ដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់ស្រីលង្កា» (China using Buddhist clergy and leaders to compromise Sri Lanka elections) ហើយប្រហែលមួយសន្ទុះក្រោយមក ក៏បានដូរចំណងជើងវិញថា «ខណៈថ្ងៃបោះឆ្នោតខិតជិតមកដល់នៅក្នុងប្រទេសស្រីលង្កា ចិនចាប់ផ្ដើមយកចិត្តព្រះសង្ឃពុទ្ធសាសនា» (As polls approach in Sri Lank, China begins cultivating Buddhist clergy) ។ យើងមិនដឹងពីមូលហេតុពិតប្រាកដទេអំពីការប្ដូរនេះ ប៉ុន្តែការប្តូរពីពាក្យគន្លឹះថា «ប្រើ» (using) មកពាក្យថា «យកចិត្ត/សាងមិត្តភាព» (cultivating) គឺមានន័យថាជាការបន្ធូរសេចក្តីនៃចំណងជើងកុំឲ្យធ្ងន់ពេក ដែលអាចប៉ះពាល់ដល់កិត្តិយសស្ថាប័នសង្ឃពុទ្ធសាសនាស្រីលង្កា ។

ទោះយ៉ាងណាក៏ដោយ វ៉នបានអះអាងថា «ចិនចង់ឈ្នះការបោះឆ្នោតនេះ មិនថានរណាទទួលបានសន្លឹកឆ្នោតនោះទេ ។ ដូច្នេះ ចិនកំពុងខំយកចិត្តអ្នកមានឥទ្ធិពលនយោបាយនៅក្នុងប្រទេសស្រីលង្កា គឺព្រះសង្ឃនិងមេដឹកនាំពុទ្ធសាសនា» ។

ដើម្បីបញ្ជាក់ចំពោះអំណះអំណាងខាងលើ សារព័ត៌មានដែលមានអាយុបីឆ្នាំនេះបានលើកទឡ្ហីករណ៍មួយចំនួនដូចខាងក្រោម ។

ទីមួយវ៉នបានលើកយកការកសាងប៉មខ្ពស់មួយនៅទីក្រុងកូឡុំបូដោយជំនួយថវិកាពីចិន ។ ប៉មនេះមានកម្ពស់ ៣៥០ ម៉ែត្រ ខ្ពស់ជាងគេបំផុតនៅអាស៊ីខាងត្បូង ដែលគេដាក់ឈ្មោះថា ប៉មផ្កាឈូក ដែលជាឈ្មោះព្រះសូត្រមួយនៅក្នុងពុទ្ធសាសនាមហាយានចិន គឺព្រះសូត្រផ្កាឈូក ។ រចនាបទនៃប៉មនេះត្រូវបានធ្វើឡើងតាមគំនិតពុទ្ធសាសនា ដែលជាសាសនារបស់ប្រជាជនភាគច្រើនដែលជាសីហឡៈ នៅក្នុងប្រទេសស្រីលង្កា ។ ចិនចេញថ្លៃការសាងសង់ទាំងអស់ដែលអស់ចំនួន ១០៤.៣ លានដុល្លារ ។

«ប៉មផ្កាឈូកគឺជាឧទាហរណ៍មួយនៃការទូតពុទ្ធសាសនារបស់ចិន» វ៉នបាននិយាយ ។

វ៉នបានលើកទឡ្ហីករណ៍មួយទៀត គឺចិនធ្លាប់បានផ្ដល់លុយយ៉ាងច្រើន ដល់ការឃោសនារកសន្លឹកឆ្នោតឆ្នាំ២០១៥ ដល់បក្សនយោបាយមួយដែលដឹកនាំដោយលោក មហិន្ទ រាជបក្សា ហើយភាគខ្លះនៃលុយនោះបានធ្លាក់ទៅព្រះសង្ឃមួយអង្គ ដែលវ៉នមិនបានបញ្ចេញឈ្មោះ ។ លុយនោះមានប្រមាណជិត ៧ លានដុល្លារ ដែលទូទាត់តាមរយៈក្រុមហ៊ុនចិនឈ្មោះ China Harbor ដែលជាក្រុមហ៊ុនសាងសង់កំពង់ផែហាបានតូតា ដ៏សំខាន់មួយនៅស្រីលង្កា ។

វ៉នបានរាយការណ៍ថា ក្នុងចំណោមលុយទាំងអស់នោះ ៣៨០០០ ដុល្លារត្រូវបានគេសង្ស័យថាបានធ្លាក់ទៅដល់ព្រះសង្ឃដ៏មានប្រជាប្រិយមួយអង្គ ដែលជាអ្នកគាំទ្រលោក រាជបក្សា ។

«ដូចដែលបានឃើញហើយ គាត់មិនបានឈ្នះការបោះឆ្នោតនោះទេ ប៉ុន្តែមន្ត្រីទូតចិនបានចួបដៃគូថ្មី គឺព្រះសង្ឃពុទ្ធសាសនា» វ៉នបានរាយការណ៍ ។

វ៉នបានបន្តទៀតថា កាលពីឆ្នាំ២០១៥ រដ្ឋទូតចិនបានចួបជាមួយនឹងព្រះសង្ឃនៃសាខាអសគិរិយា (អភ័យគិរី?) ជាសាខាគណៈសង្ឃពុទ្ធសាសនាមួយក្នុងចំណោមសាខាដ៏សំខាន់ទាំងពីនៃពុទ្ធសាសនាស្រីលង្កា ។

វ៉នបានលើកឡើងនូវទឡ្ហីករណ៍ចុងក្រោយមួយទៀតថា កាលពីឆ្នាំទៅ គណៈប្រតិភូសង្ឃស្រីលង្កាបាននិមន្តចូលរួមក្នុងវេទិកាព្រះពុទ្ធសាសនាអន្តរជាតិ នៅប្រទេសចិន ។ មានព្រះសង្ឃនិងអ្នកប្រាជ្ញពុទ្ធសាសនាជាង ១០០០ អង្គ/នាក់ ពី ៥២ ប្រទេស មានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះ ។ វ៉នបានរាយការណ៍ថា គណៈប្រតិភូសង្ឃស្រីលង្កាស្ថិតនៅក្នុងចំណោមគណៈប្រតិភូដែលធំជាងបំផុត ។

«ចិនបានចំណាយពេលវេលាថវិកានិងធនធានការទូត ដើម្បីកសាងឥទ្ធិពលនៅក្នុងប្លុកនយោបាយសំខាន់មួយ នៅក្នុងប្រទេសស្រីលង្កា ។ ទោះយ៉ាងណាក៏ដោយ វាមិនមែនតែប្លុកនយោបាយទេ ដែលចិនកំពុងតែទទួលខុសត្រូវ ។ ចិនដែលបង្ក្រាបលើអ្នកកាន់ពុទ្ធសាសនានៅទីបេត៍ កំពុងចំណាយលុយដើម្បីសាងមិត្តភាពរយៈពេលខ្លីមួយផ្សេងទៀត (ជាមួយព្រះសង្ឃពុទ្ធសាសនា)» វ៉នបានរាយការណ៍បញ្ចប់ ។

កោះស្រីលង្កា ក៏ដូចជានេប៉ាល់ ដែលជាប្រទេសជិតខាងរបស់ឥណ្ឌា ជាសមរភូមិប្រជែងអំណាចយ៉ាងខ្លាំងក្លារវាងឥណ្ឌានិងចិន ។ រាល់ពេលនៃការបោះឆ្នោតម្ដងៗ ឥណ្ឌានិងចិនប្រើមធ្យោបាយរៀងៗខ្លួន ដើម្បីឲ្យបក្សនយោបាយដែលខ្លួនគាំទ្របានឡើងកាន់អំណាច ។ 

ដោយឡែក ស្រីលង្កាត្រូវបានគេចាត់ទុកថាជាប្រទេសមួយកាន់ពុទ្ធសាសនាខ្ជាប់ខ្ជួនជាងគេ តែព្រះសង្ឃស្រីលង្កាក៏ប្រហែលជាព្រះសង្ឃដែលមានឥទ្ធិនយោបាយខ្លាំងជាងព្រះសង្ឃពុទ្ធសាសនានៃប្រទេសណាៗទាំងអស់ មានទាំងបក្សនយោបាយ មានទាំងតំណាងរាស្ត្រក្នុងសភាជាតិ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment