ទស្សនទាន៖ ១៥ថ្ងៃក្រោយមក, តើមានដំណឹងអ្វីអំពីចំណាត់ការលើ «Troll យឹម តន» ទេ? - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, July 31, 2020

ទស្សនទាន៖ ១៥ថ្ងៃក្រោយមក, តើមានដំណឹងអ្វីអំពីចំណាត់ការលើ «Troll យឹម តន» ទេ?

រូបគំនូររបស់លោកតា វ៉ាន ណាត អតីតជាងគំនូរក្នុងរបបខ្មែរក្រហម បង្ហាញពីរូបភាពដែលពួកខ្មែរក្រហមធ្វើបាបចំពោះព្រះសង្ឃពុទ្ធសាសនា ។ រូបភាព៖ Economist / EPA

លោកវិទូ | ថ្ងៃ ៦᧫៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ៣១ កក្កដា ២០២០

ករណីបាបកម្មដែលគណនីហ្វេសប៊ុក «Troll យឹម តន» និងយូធូប «Troll ចោរថង់យាម Official» បានសាងក្នុងការបំផ្លាញព្រះពុទ្ធសាសនាខ្មែរ មានសភាពស្ងាត់ស្ងៀមដូចកករបាតបឹង តាំងពីថ្ងៃទី១៥ កក្កដា ដែលគណៈសង្ឃនាយកនិងក្រសួងធម្មការបានស្នើសុំឲ្យស្ថាប័នមានសមត្ថកិច្ចដែលពាក់ព័ន្ធចាត់វិធានការផ្លូវច្បាប់  ។ ភាពស្ងាត់ស្ងៀមគ្មានវិធានការនេះបង្កើតបានជាសំណួរជាច្រើន ។

តើនេះអាចបង្ហាញថា អាជ្ញាធររដ្ឋដែលពាក់ព័ន្ធពិតជាយល់ថា អំពើទុច្ចរិតរបស់ពួកគេគ្មានខុសអ្វីទេហើយអាចប្រព្រឹត្តធ្វើអ៊ីចឹងទៀតចុះឬយ៉ាងណា? តើគណៈសង្ឃពុទ្ធសាសនាកម្ពុជាគួរតែដាក់ពាក្យបណ្ដឹងទៅតុលាការទេ ដើម្បីឲ្យដឹងខុសត្រូវតាមផ្លូវច្បាប់នៃប្រទេស? បទចម្រៀងត្រឹមប្រើពាក្យអាសអាភាសមួយចំនួន គេអាចចាត់ការបិទផ្អាក់បានថានាំឲ្យខូចប្រពៃណីវប្បធម៌ខ្មែរជាដើម ចុះបទចម្រៀងដែលមានចេតនាបំផ្លាញព្រះពុទ្ធសាសនាខ្មែរមិនរឹតតែមានទោសខ្លាំងជាងទេឬ? ហេតុអ្វី ១៥ ថ្ងៃហើយនៅតែគ្មានចម្លើយ?

មកដល់នឹងពេលនេះ ទាំងបទចម្រៀងធុនទាប «លួចស្រឡាញ់ប៉ះតែសង្សារលោក» ទាំងគណនីហ្វេសប៊ុកឈ្មោះ «Troll យឹម តន» និងយូធូបឈ្មោះ «Troll ចោរថង់យាម Official» នៅដំណើរការយ៉ាងរំភើយដោយគ្មានក្តីរង្គាសដ៏តិចតួចឡើយ ។ បុគ្គលក្រៅសាសនាដែលបាននឹងធ្វើកម្មលាមកនេះកំពុងតែពេញចិត្តពេញថ្លើមនឹងការគ្មានចំណាត់ការលើពួកគេនេះណាស់ ដោយពួកគេប្រាកដជាគិតថា អាជ្ញាធរដែលពាក់ព័ន្ធ ដែលគណៈសង្ឃនាយកនិងក្រសួងធម្មការបានស្នើសុំឲ្យមានវិធានការផ្លូវច្បាប់លើពួកគេ ហាក់កំពុងនៅខាងពួកគេដែរ ។

ម្យ៉ាងទៀត ព្រះសង្ឃធ្វើខុសធម៌វិន័យព្រះពុទ្ធសាសនា ត្រូវបានគណៈសង្ឃចាត់វិធានការដោះស្រាយរម្ងាប់អធិករណ៍ដោយត្រឹមត្រូវ តែដល់ពេលពួកក្រៅសាសនាធ្វើអំពើដែលប្រកបដោយចេតនាបំផ្លាញសាសនា បៀតបៀនកិត្តិយសព្រះសង្ឃ និងព្រះពុទ្ធសាសនាខ្មែរ ហេតុអ្វីពុំដែលឃើញមានរដ្ឋអាជ្ញាចាត់ការពួកគេសោះអ៊ីចឹង? តើនេះមានន័យយ៉ាងដូចម្ដេចដែរ? តើពួកគេមានអាជ្ញាបណ្ណពិសេសសម្រាប់អនុវត្តន៍កម្មលាមកទាំងនោះដោយ «ចេតនាបំផ្លិចបំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូរក៏ដូចជាតម្លៃពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ» និង «ជាការប្រមាថចំពោះព្រះសង្ឃថេរវាទ នៅព្រះរាជាណាចក្រកម្ពុជា យ៉ាងធ្ងន់ធ្ងរបំផុត» ដែលធ្វើឲ្យពុទ្ធបរិស័ទមានភាពទោមនស្សចំពោះ «ទង្វើដ៏អកុសល និងថោកទាបនេះ» ឬយ៉ាងណា?

ភ្ជាប់នឹងបញ្ហានេះដែរ កាលកន្លងទៅប៉ុន្មានពីរបីខែហើយ មានអ្នកព្រោកប្រាជ្ញនយោបាយតាមហ្វេសប៊ុកមួយរូបបានបំផុសគំនិតថា «ចាត់ការផ្សឹកលោកសង្ឃដែលកំពុងពេញកម្លាំងក្រោមអាយុ៥៦ឆ្នាំចោលឲ្យអស់» ដើម្បីបង្គ្រប់ទីផ្សារការងារ និងក្រុមជេរបញ្ចោរព្រះសង្ឃមិនរើសមុខ ។

ចរន្តនៃការបៀតបៀនរបស់ពួកមារក្នុងសម័យសង្គមហ្វេសប៊ុក មកលើព្រះសង្ឃនិងស្ថាប័នពុទ្ធសាសនាកម្ពុជា កំពុងប្រព្រឹត្តទៅយ៉ាងសកម្ម និងអនាធិបតេយ្យ ។ បុគ្គលខ្លះហ៊ានប្រមាថព្រះគ្រូធម្មកថិក «ក្បាល់នឹងត្បូងចប» ។ បុគ្គលពួកនេះធ្លាប់ប្រកាសថា ជេរបញ្ចោរតែបុគ្គលសង្ឃធ្វើអាក្រក់ តែធាតុពិតមានចេតនាពុតត្បុតចិត្តជាមារប្រឆាំងសាសនា ដែលជាល្បិចកិច្ចកលធ្វើឲ្យបុគ្គលដែលមានប្រាជ្ញាតិចមួយចំនួនមិនអាចធ្វើសុភវិនិច្ឆ័យបាន ។ ចូរប្រមើលមើលចុះ គ្មានព្រះសង្ឃអង្គណាក្នុងព្រះរាជាណាចក្រកម្ពុជា ដែលពួកមារនេះចាត់ទុកថាជាព្រះសង្ឃគួរគោរព ហើយមិនជេរបញ្ចោរឬមិនហ៊ានជេរបញ្ចោរនោះទេ ។

ការវែកញែករកខុសត្រូវជាមួយពួកក្រៅសាសនា អំពីព្រះពុទ្ធសាសនាខ្មែរ វាគ្មានបានផ្លែផ្កាអ្វីសោះឡើយ ដ្បិតអីពួកក្រៅសាសនាអស់ទាំងនោះគិតតែល្បិចកិច្ចកលឫស្យារបស់ខ្លួន ក្នុងការបំផ្លាញសាសនាជាតិ ។ តែគួរឲ្យសោកស្ដាយ មានយុវជនខ្មែរមួយចំនួនបានឆ្កួតលង់ចាញ់បោកចលនាផ្ចាញ់សាសនាដ៏អកុសលនេះ ដែលនាំឲ្យស្អប់ជាតិសាសន៍ឯង មិនខុសអីពីកុមារខ្មែរត្រូវបានបនខ្មែរក្រហមពង្វង់ឲ្យកាន់កាំភ្លើង បាញ់ប្រហារជាតិសាសន៍ខ្លួន រាប់ទាំងឪពុកម្ដាយខ្លួនឯងផង ដោយផ្ដាច់មនោសញ្ចេតនាគ្រួសារ ហើយក្លាយខ្លួនជាខ្ញុំបម្រើរបស់អង្គការដាច់ថ្លៃនោះទេ ។

លើកលែងតែក្នុងរបបខ្មែរក្រហម ក្នុងប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋខ្មែរ រដ្ឋកម្ពុជា និងព្រះរាជាណាចក្រទី២ ព្រោះតែតួនាទីដ៏សំខាន់របស់ពុទ្ធសាសនាខ្មែរក្នុងសង្គមជាតិជាប្រវត្តិសាស្ត្រ ។ វត្តអារាមជាថ្នាលបណ្ដុះក្រមសីលធម៌ ជាឃ្លាំងវប្បធម៌ជាតិ ជាឫសគល់អក្សរសាស្ត្រជាតិ ជាទីបណ្តុំអ្នកស្នេហាជាតិ និងជាព្រលឹងជាតិ ។ល។

មានតែសម័យខ្មែរក្រហមទេ ដែលព្រះពុទ្ធសាសនាត្រូវបានរំលាយ ដោយចាត់ទុកព្រះសង្ឃថាជា «ឈ្លើងសង្គម» តាមមនោគមបដិវត្តន៍កុម្មុយនីស្ត ហើយមានតែសម័យនេះទេ ដែលព្រះពុទ្ធសាសនាកំពុងត្រូវបានគេប៉ុនប៉ងរំលាយ ដោយចាត់ទុកព្រះសង្ឃថាជា «អាចោរថង់យាម» និងជេរបញ្ចោរបានតាមចិត្តចង់ តាមមនោគម “ព្រហ្មដូចជាសត្វតិរិច្ឆាន”

នៅប្រទេសភូមា ព្រះពុទ្ធសាសនាមិនមែនជាសាសនារបស់រដ្ឋផង តែគេអាចអនុវត្តច្បាប់ចំពោះបុគ្គលដែលជេរប្រមាថដល់ព្រះសង្ឃពុទ្ធសាសនាបាន ។ ឧទាហរណ៍កាលពីខែឧសភា ឆ្នាំ២០២០ កន្លងទៅ វេជ្ជបណ្ឌិតភូមាម្នាក់ត្រូវបានចាប់ខ្លួនដោយសារការបង្ហោះសារប្រមាថដល់ព្រះសង្ឃតាមហ្វេសប៊ុក ។ ចុះហេតុអ្វីពួកក្រៅសាសនាជេរប្រមាថព្រះសង្ឃខ្មែរជាប្រព័ន្ធ តែពុំដែលឃើញមានទោសពៃផ្លូវច្បាប់អ្វីទាល់តែសោះអ៊ីចឹង? ពួកគេពាក់អាវក្រោះម៉ាកអីដែរ?

ព្រះពុទ្ធសាសនាគ្មានច្បាប់គ្មានសិទ្ធិអំណាចទៅដាក់ទោសបុគ្គលក្រៅសាសនាបានទេ ។ គ្រប់សម័យកាល ព្រះពុទ្ធសាសនាត្រូវពឹងលើរដ្ឋ ក្នុងការអនុវត្តច្បាប់របស់នគរ ចំពោះបុគ្គលប្រព្រឹត្តល្មើសច្បាប់ ។ ភាពស្ងាត់ស្ងៀមមិនមានវិធានការផ្លូវច្បាប់ ចំពោះបុគ្គលប្រឆាំងសាសនា នឹងធ្វើឲ្យសំណួរដ៏ច្រើននេះបន្តគ្មានចម្លើយ ។ ដូច្នេះសូមពុទ្ធបរិស័ទក្នុងកម្ពុជរដ្ឋ ធ្វើសុភវិនិច្ឆ័យនិងគិតរកចម្លើយដោយខ្លួនឯងចុះ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment