ភូមិគ្រឹះអាយុ២៥០ឆ្នាំរបស់កវីមនោសញ្ចេតនាអង់គ្លេសបានលក់ឲ្យសមាគមពុទ្ធសាសនាធ្វើជាមជ្ឈមណ្ឌលវិបស្សនា - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, August 01, 2020

ភូមិគ្រឹះអាយុ២៥០ឆ្នាំរបស់កវីមនោសញ្ចេតនាអង់គ្លេសបានលក់ឲ្យសមាគមពុទ្ធសាសនាធ្វើជាមជ្ឈមណ្ឌលវិបស្សនា

កសាងនៅសតវត្សរ៍ទី ១៨ អាគារដែលបានចុះបញ្ជីក្នុងថ្នាក់ទី២ បានទុកចោលអស់រយៈពេលជាច្រើនឆ្នាំ ។ រូបភាព៖ BBC

លោកវិទូ | ថ្ងៃ ៧᧬៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០១ សីហា ២០២០

អង់គ្លេស៖ ភូមិគ្រឹះក្នុងឧទ្យានពណ៌បៃតងដ៏ស្រស់បំព្រងរបស់កវីមនោសញ្ចេតនា លោក វីល្លាម វើដស៍វើត (William Wordsworth) ដែលមានអាយុកាលប្រមាណពីរសតវត្សរ៍កន្លះ ត្រូវបានសង្គ្រោះដោយលក់ឲ្យសមាគមពុទ្ធសាសនាមួយដើម្បីធ្វើជាមជ្ឈមណ្ឌលវិបស្សនា ក្នុងតម្លៃ ១.៤ លានផោន (ជិត ៧៥០០ លានរៀល) (BBC) ។

ភូមិគ្រឹះរបស់លោក វីល្លាម វើដស៍វើត មានឈ្មោះថា សណ្ឋាគារឧទ្យានអាល់ហ្វកតុន (Alfoxton Park Hotel) ដែលគាត់និងបងប្អូនស្រីគាត់ធ្លាប់រស់នៅអស់រយៈពេលមួយឆ្នាំ ក្នុងឆ្នាំ១៧៩៧ ដែលស្ថិតនៅក្នុងភូមិ អាល់ហ្វដ (Holford) ទីក្រុងសាំមើស៊ីត (Somerset) អង់គ្លេសភាគនិរតី ដែលស្ថិតនៅក្នុងឧទ្យានពណ៌បៃតងស្រស់គួរជាទីមនោរម្យ ទំហំ ២០.៦ ហិចតារ (៥១ អែក) ។

ភូមិគ្រឹះនៅជនបទនេះដែលចុះក្នុងបញ្ជីប្រឈមគ្រោះថ្នាក់នៃប្រវត្ដិសាស្ដ្រអង់គ្លេស គឺជាកន្លែងដែលកវី វើដស៍វើត និងកវី សាមួល តេល័រ ខូលើរីជ (Samuel Taylor Coleridge) បានបង្កើតស្នាដៃកំណាព្យរួមគ្នារបស់ពួកគេឈ្មោះ Lyrical Ballads ដ៏ល្បីល្បាញ ក្នុងឆ្នាំ១៧៩៨ ដែលបានត្រូវបានគេកំណត់ថាជាចំណុចចាប់ផ្ដើមដំបូង នៃចលនាកំណាព្យមនោសញ្ចេតនាអង់គ្លេស ក្នុងវិស័យអក្សរសាស្ត្រ ។

ដល់ខួបទី២៥០ឆ្នាំនេះ ភូមិគ្រឹះបុរាណនេះនឹងត្រូវបានកែលម្អ និងបើកជាមជ្ឈមណ្ឌលវិបស្សនាព្រះពុទ្ធសាសនា ។

លោកអាចារ្យ ធម្មចារី លោកពន្ធុ ប្រធានសមាគមឧទ្យានអាល់ហ្វកតុន (Alfoxton Park Trust) បានមានប្រសាសន៍ថា «យើងពិតជារីករាយណាស់ដែលត្រូវបានផ្ដល់ទំនុកចិត្ត ឲ្យធ្វើជាអ្នករក្សានូវអគារដ៏ស្រស់ស្អាតនិងជាប្រវត្តិសាស្ត្រនេះ» ។

«យើងដឹងយ៉ាងច្បាស់ពីសារៈសំខាន់ និងឋានៈរបស់អាគារនេះ នៅក្នុងបេតិកភ័ណ្ឌអក្សរសាស្ត្រអង់គ្លេស ហើយមានបំណងរក្សានូវគុណតម្លៃនោះទុកនៅជាយូរអង្វែងទៅ ។»

«នៅពេលអគារនេះត្រូវបានជួសជុលឡើងវិញ យ៉ាងហោចណាស់ក៏បានស្មើនឹងអតីតកាលល្បីខ្ទរខ្ចាយរបស់វា យើងសូមស្វាគមន៍កវីអ្នកធ្វើធម្មយាត្រានិងអ្នកដែលស្រឡាញ់ធម្មជាតិទាំងអស់ ពួកគេភាគច្រើនបានឆ្លងកាត់ទីនេះរួចទៅហើយ នៅពេលពួកគេដើរតាមផ្លូវខូលើរីជ (Coleridge Way) ដែលកាត់តាមពីទ្វារក្រោយរបស់យើង» ។

យោងតាមសៀវភៅរបស់លោក អាដាម នីកូលសុន (Adam Nicolson) ក្រោមចំណងជើងថា The Making of Poetry: Coleridge, the Wordsworths and Their Year of Marvels ផ្ទះដើមគឺភូមិគ្រឹះអាល់ហ្វកតុន (The Manor of Alfoxton) ត្រូវបានបំផ្លាញក្នុងគ្រោះអគ្គិភ័យមួយ ប៉ុន្តែត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ១៧១០ ។

ភូមិគ្រឹះនេះមានជាប់ពាក់ព័ន្ធដោយប្រវត្តិសាស្ត្រដ៏អស្ចារ្យជាច្រើន ។ វាគឺជាទីតាំងមួយក្នុងឈុតដំបូងក្នុងសៀវភៅ Rime of the Ancient Mariner និងជាទីតាំងឈរជើងរបស់កងទ័ពអាម៉េរិក ក្នុងកំឡុងសង្គ្រាមលោកលើកទី២ ។ កសាងនៅសតវត្សរ៍ទី ១៨ អាគារដែលបានចុះបញ្ជីក្នុងថ្នាក់ទី២ បានទុកចោលអស់រយៈពេលជាច្រើនឆ្នាំ ហើយត្រូវការការកែច្នៃនិងជួសជុលឡើងវិញមួយភាគធំ ។

លោក ស្តេហ្វិន ឆែមភៀន (Stephen Champion) នាយកប្រតិបត្តិនៃក្រុមហ៊ុនអ្នកជំនាញផ្នែកអចលនទ្រព្យ Christie & Co បានមានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយ ដែលបានឃើញអគារនេះត្រូវបានរក្សាទុកដោយម្ចាស់ថ្មី ដែលគ្រោងនឹងជួសជុលទ្រព្យសម្បត្តិនេះឡើងវិញ ហើយបើកជាមជ្ឈមណ្ឌលកម្មវិធីពុទ្ធសាសនា» (business-money) ។

គេសង្ឃឹមថាអគារសំខាន់នេះនឹងត្រូវបើកឲ្យដំណើរការជាមជ្ឈមណ្ឌលវិបស្សនាពុទ្ធសាសនា ចាប់ពីខែសីហាឆ្នាំ ២០២១ តទៅ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment