ការបោះឆ្នោតជិតមកដល់បុរសអាម៉េរិកាំងម្នាក់ណែនាំឲ្យរៀនពីទសពិធរាជធម៌ក្នុងការជ្រើសរើសមេដឹកនាំ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Wednesday, August 05, 2020

ការបោះឆ្នោតជិតមកដល់បុរសអាម៉េរិកាំងម្នាក់ណែនាំឲ្យរៀនពីទសពិធរាជធម៌ក្នុងការជ្រើសរើសមេដឹកនាំ

ទសពិធរាជធម៌ (ទសវិធរាជធម៌) ទាំង ១០ របស់មេដឹកនាំ តាមបែបព្រះពុទ្ធសាសនា ។

លោកវិទូ | ថ្ងៃ ៤᧱៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៥ សីហា ២០២០

បុរសអាម៉េរិកាំងម្នាក់បានផ្ញើសំបុត្រអេឡិចត្រូនិច នៅកាន់សារព័ត៌មានក្នុងស្រុកមួយ ណែនាំឲ្យប្រជាពលរដ្ឋអាម៉េរិក រៀនពីទសពិធរាជធម៌តាមទ្រឹស្តីព្រះពុទ្ធសាសនាក្នុងការជ្រើសរើសមេដឹកនាំ ខណៈសហរដ្ឋអាម៉េរិកនឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នាពេលខាងមុខឆាប់ៗនេះ ។

លោក ចន វ៉េដា (John Weida) បានសរសេរបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់គាត់ ដែលចុះផ្សាយដោយសារព័ត៌មានហេលេណា (Helena) ថា ទសពិធរាជធម៌ទាំង ១០ សមគួរដល់ការពិចារណា នៅពេលយើងជ្រើសរើសអ្នកដឹកនាំរបស់យើង ។ គាត់បានលើកឡើងថា «ព្រះពុទ្ធទ្រង់បានសម្ដែងនូវតួនាទីទាំង ១០ របស់មេដឹកនាំ សម្រាប់រដ្ឋាភិបាលដែលមានយុត្តិធម៌ ។ ទោះជាសិស្សឬក៏មិនមែនជាសិស្សរបស់ព្រះពុទ្ធសាសនាក៏ដោយ វាហាក់ដូចជាពិបាកក្នុងការជំទាស់ណាស់» ។

យើងមិនអាចបញ្ជាក់ពីសាវតាររបស់លោកវ៉េដាបានទេ ដោយគាត់ពុំបានបង្ហាញពីតួនាទីរបស់គាត់ទេក្នុងសំបុត្រនោះ ។ តាមការស្រាវជ្រាវមើលទៅ គាត់ទំនងជាអតីតកងទ័ពអាម៉េរិក ។ ទោះយ៉ាងណាក៏ដោយ ក្នុងនាមពុទ្ធសាសនិកជន នេះពិតជាគំនិតដែលគួរឲ្យចាប់អារម្មណ៍មួយ ដែលប្រជាជនអាម៉េរិកម្នាក់បានយល់ដឹងពីទស្សនៈនិងគុណតម្លៃព្រះពុទ្ធសាសនា ។ គាត់បានរៀបរាប់អំពីទសពិធរាជធម៌ទាំង ១០ យ៉ាងនេះថា៖

១. សប្បុរសធម៌ ចិត្តធម៌ ការបរិច្ចាគទាន៖ មិនគួរមានសេចក្តីប៉ងប្រាថ្នា និងការជាប់ជំពាក់នឹងទ្រព្យសម្បត្តិ នោះទេប៉ុន្តែគួរតែផ្តល់ឲ្យវាសម្រាប់សុខុមាលភាពរបស់ប្រជាជន ។ (ទាន)

២. ចរិតប្រកបដោយសីលធម៌ខ្ពស់៖ មិនត្រូវសម្លាប់ជីវិត បោកប្រាស់ លួច និងកេងប្រវ័ញ្ចអ្នកដទៃ ប្រព្រឹត្តអំពើផិតក្បត់ និយាយកុហកមិនពិត និងផឹកគ្រឿងស្រវឹង ។ (សីល)

៣. លះបង់អ្វីៗគ្រប់យ៉ាងដើម្បីសេចក្តីសុខរបស់ប្រជាជន៖ ត្រូវតែត្រៀមខ្លួនដើម្បីបោះបង់សេចក្តីស្រួលផ្ទាល់ខ្លួន ឈ្មោះនិងកេរ្តិ៍ឈ្មោះ និងសូម្បីតែជីវិតរបស់គាត់ ដើម្បីជាប្រយោជន៍ដល់ប្រជាជន ។ (បរិច្ចាគ)

៤. ភាពស្មោះត្រង់ និងសុចរិតភាព៖ ត្រូវតែរួចផុតពីការភ័យខ្លាច ឬការលម្អៀង ក្នុងការបំពេញភារកិច្ច ត្រូវតែមានភាពស្មោះត្រង់ក្នុងចិត្ត និងមិនត្រូវបំភាន់សាធារណជនឡើយ ។ (អាជ្ជវៈ)

៥. សេចក្តីទន់ភ្លន់ស្លូតបូត និងសុភាពរាបសា៖ ត្រូវតែមានអាធ្យាស្រ័យគួរជាទីចាប់ចិត្ត ។ (មទ្ទវៈ)

៦. ភាពតឹងរឹងនៅក្នុងទម្លាប់៖ ត្រូវតែមានជីវិតប្រកបដោយភាពសាមញ្ញ មិនបណ្ដោយខ្លួននៅក្នុងជីវិតប្រណីត ត្រូវតែមានការចេះទប់ចិត្ត ។ (តបៈ)

៧. រួចចាក់ពីការស្អប់ខ្ពើម បំណងអាក្រក់ និងភាពជាសត្រូវនឹងគ្នា៖ មិនគួរចងគំនុំប្រឆាំងនឹងនរណាម្នាក់ឡើយ ។ (អក្កោធនៈ)

៨. អហិង្សា៖ មិនគួរធ្វើបាបនរណាម្នាក់ គួរតែព្យាយាមលើកកម្ពស់សន្តិភាព ដោយចៀសវាងនិងទប់ស្កាត់សង្គ្រាម និងអ្វីៗដែលពាក់ព័ន្ធនឹងអំពើហឹង្សានិងការបំផ្លាញជីវិត ។ (អវិហឹសា)

៩. ភាពអត់ធ្មត់ ការអត់ទ្រាំ ការអត់ឱន ការយោគយល់៖ ត្រូវតែអាចទ្រាំទ្រទុក្ខវេទនា ការលំបាក និងការប្រមាថ ដោយមិនមានកំហឹង ។ (ខន្តី)

១០. ការមិនប្រឆាំង និងមិនរារាំង៖ មិនគួរប្រឆាំងនឹងឆន្ទៈរបស់ប្រជាជន មិនរារាំងរាល់វិធានការណ៍ណាដែលផ្តល់ផលប្រយោជន៍ដល់សុខុមាលភាពរបស់ប្រជាជន ។ (អវិរោធនៈ)

ប៉ុន្តែ តើការអនុវត្តជាក់ស្ដែងនៃទសពិធរាជធម៌នេះអាចទៅរួចទេ នៅក្នុងបរិទនយោបាយជាតិនិងអន្តរជាតិ ក្នុងសម័យបច្ចុប្បន្ន? ចម្លើយដែលគួរឲ្យចាប់អារម្មណ៍ពីរបី អាចទាញយកពីខ្ទង់បញ្ចេញមតិចំពោះអត្ថបទឬសំបុត្រនេះបាន ។

«ដូច្នេះ គ្មានបេក្ខជនណាសាកសមនឹងឧត្តមគតិនេះទេ ។ សូមអរគុណសម្រាប់ការបង្ហាញឲ្យអ្នកបោះឆ្នោតបានដឹងថា បេក្ខជនដ៏អាក្រក់បំផុត បានជាប់ការជ្រើសរើសបឋមហើយ» មតិរបស់អ្នកអានម្នាក់ឈ្មោះ ម៉ៃឃើល បែកខុន ។

អ្នកអានម្នាក់ទៀតឈ្មោះ ចន អែនទ្រូ មានយោបល់ល្អថា «វាជាសំបុត្រល្អ ។ ទាំងនេះជារឿងដែលបេក្ខជននយោបាយ មេដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ក៏ដូចគ្នា គួរតែប្រាថ្នាចង់បានផងដែរ ។ ពិតហើយគ្មាននរណាម្នាក់អាចបំពេញបាននូវស្តង់ដារទាំងអស់នេះបានទេ ប៉ុន្តែពុំមែនមានន័យថា អ្នកនយោបាយ មេដឹកនាំ និងប្រជាពលរដ្ឋទូទៅ មិនគួរព្យាយាមបំពេញវានោះទេ ។ វាក៏បញ្ជាក់ផងដែរថា លោក ដូណាល់ ត្រាំ ស្ថិតនៅឆ្លាយពីគុណសម្បត្តិទាំងនេះប៉ុនណា» ។

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃសហរដ្ឋអាម៉េរិកឆ្នាំ២០២០ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ ដែលជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីលើកទី៥៩ នៅសហរដ្ឋអាម៉េរិក ។ បេក្ខជនសំខាន់ពីររូបគឺ លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីសហរដ្ឋអាម៉េរិកបច្ចុប្បន្ន មកពីបក្សសាធារណរដ្ឋ និងលោក ចូ បៃដិន អតីតអនុប្រធានាធិបតីសហរដ្ឋម៉េរិក (សម័យលោក ប្រធានធានាធិបតី បារ៉ាក់ អូបាម៉ា) មកពីបក្សប្រជាធិបតេយ្យ ។ លោក បៃដិន និងលោក ត្រាំ ទាំងពីរនាក់គឺជាបេក្ខជនប្រធានាធិបតី ដែលចាស់ជាងគេបំផុតទី១ និងទី២ តាមលំដាប់ ក្នុងប្រវត្តិសាស្ត្រការបោះឆ្នោតរបស់សហរដ្ឋអាម៉េរិក ។

កាលពីជាងពាក់កណ្ដាលខែឧសភាកន្លងទៅ មេដឹកនាំព្រះពុទ្ធសាសនាជាង១០០រូប មានលោកសាស្ត្រចារ្យ ចែក ខនហ្វាល ជាប្រមុខ បានចេញលិខិតចំហរអំពាវនាវដល់ពុទ្ធសាសនិកអាម៉េរិកឲ្យចូលរួមបោះឆ្នោត ដោយបានលើកឡើងថា «នេះគឺជាពេលវេលាដ៏សំខាន់សម្រាប់សង្គមនិងពិភពលោករបស់យើង ។ តម្រូវការចាំបាច់នូវសំឡេងរបស់អ្នកគ្រប់គ្នា ក្នុងការជ្រើសរើសការដឹកនាំប្រកបដោយវិចារណញ្ញាណ គឺមិនដែលខ្លាំងក្លាដូចពេលនេះទេ» ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment