ព្រះមហាចេតិយពុទ្ធសាសនានៅអូស្ត្រាលីឈ្នះ«ពានរង្វាន់ជម្រើសរបស់អ្នកដំណើរឆ្នាំ២០២០» របស់ Tripadvisor - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Thursday, August 06, 2020

ព្រះមហាចេតិយពុទ្ធសាសនានៅអូស្ត្រាលីឈ្នះ«ពានរង្វាន់ជម្រើសរបស់អ្នកដំណើរឆ្នាំ២០២០» របស់ Tripadvisor

មនុស្សម្នាកុះករទស្សនាការបង្ហាញភ្លើងពណ៌ជីវចល ទៅលើជញ្ជាំងព្រះមហាចេតិយ, ឆ្នាំ២០១៩ ។ រូបភាព៖ Darren Howe/Bega District News

លោកវិទូ | ថ្ងៃ ៥᧲៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៦ សីហា ២០២០

ព្រះមហាចេតិយមេត្តាសកល (Great Stupa of Universal Compassion) នៅរដ្ឋវិកទ័ររៀ ប្រទេសអូស្ត្រាលី បានឈ្នះពានរង្វាន់ជម្រើសរបស់អ្នកដំណើរឆ្នាំ២០២០ របស់គេហទំព័រក្រុមហ៊ុនទេសចរណ៍ពិភពលោកដែលមានឈ្មោះថា ទ្រីបអែដវៃស័រ (Tripadvisor) ។

ការឈ្នះពានរង្វាន់របស់ព្រះមហាចេតិយនេះកើតឡើង ខណៈព្រះមហាចេតិយដែលធំបំផុតនៅលោកខាងលិច ត្រលប់ទៅរកការបិទទាំងស្រុងដោយសារមេរោគកូរ៉ូណា ជាលើកទីពីរក្នុងឆ្នាំនេះ ។

សារព័ត៌មាន បេហ្គា ឌិសទ្រិកត៍ ញូវស៍ (Bega District News) បានរាយការណ៍ថា រដ្ឋាភិបាលនៃរដ្ឋវិកទ័ររៀ នឹងនាំមកវិញការរឹតបន្តឹងជុំថ្មីទៀតនៅទូទាំងរដ្ឋ ចាប់ពីពាក់កណ្ដាលអធ្រាតទី៩ ខែសីហានេះតទៅ បន្ទាប់មានការផ្ទះឡើងវិញនៃករណីឆ្លងកូវីដ១៩ ជាពិសេសនៅទីក្រុងបេនឌីហ្គោ នៅជិតព្រះមហាចេតិយនោះតែម្ដង ។

ប្រធានគ្រប់គ្រងព្រះមហាចេតិយ លោក អៀន ហ្គ្រីន បាននិយាយថា ការបិទនេះបានធ្វើឲ្យការឈ្នះពាន់រង្វាន់ក្លាយជាមានរស់ជាតិផ្អែមហើយល្វីង ដោយសារតែការបិទទីក្រុង ។

គាត់បានមានប្រសាសន៍ថា «ព្រះមហាចេតិយសូមមិនអាចរង់ចាំទទួលស្វាគមន៍អ្នកទស្សនាឡើងវិញទេ នៅពេលវេលាដែលសមស្របមួយ ដើម្បីបន្តផ្ដល់នូវបទពិសោធន៍យ៉ាងពិសេសនៅទីនេះ នៅទីក្រុងបេនហ្គោ» ។

គេហទំព័រទ្រីបអែដវៃស័រផ្ដល់នូវពានរង្វាន់ជម្រើសរបស់អ្នកដំណើរ ចំពោះសណ្ឋាគារ ការទាក់ទាញ និងភោជនីយដ្ឋានទាំងឡាយណាដែលបានទទួលបាននូវការវាយតម្លៃល្អប្រសើរពីភ្ញៀវទេសចរណ៍ទាំងឡាយជាបន្តបន្ទាប់ ហើយទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងចំណោម ១០ ភាគរយ នៃអចលនទ្រព្យទាំងឡាយនៅគេហទំព័ររបស់ខ្លួន ។

ពានរង្វាន់នេះគឺផ្អែកទៅលើចំនួនរាប់លាននៃការវាយតម្លៃនៃអចលនទ្រព្យជាច្រើន នៅជុំវិញពិភពលោក ។
ចរចា ស្គីនើ ស៊ើរ៉ាហ្វីណា ហ្គ្រាហាំ អាយុ ២ ឆ្នាំ និងម្ដាយរបស់នាង មីរៀម, នៅពេលដែលសំណង់ផ្នែកខាងក្រៅនៃព្រះមហាចេតិយត្រូវបានបញ្ចប់, មករា ២០១៩ ។ រូបភាព៖ Noni Hyett/Bega District News

ព្រះចេតិយគឺបូជនីយដ្ឋានដ៏ពិសិដ្ឋបំផុត នៅក្នុងព្រះពុទ្ធសាសនា ហើយព្រះមហាចេតិយនៅទីក្រុងបេនឌីហ្គោនេះ គឺរកគំរូតាមព្រះចេតិយមួយនៅទីបេត៍ដែលមានឈ្មោះថា ព្រះចេតិយគ្យាន្តសេ ។

កម្មករសំណងបានចាប់ផ្ដើមសាងសង់ព្រះមហាចេតិយនេះឡើងក្នុងឆ្នាំ២០០៣ ហើយត្រូវបានបញ្ចប់សំណង់ផ្នែកខាងក្រៅនៅដើមឆ្នាំនេះ នៅពេលដែលកម្មករបានដាក់កំពូលដែលមានកម្ពស់ ៤ ម៉ែត្រ នៅត្រង់ចំណុចខ្ពស់បំផុតនៃព្រះចេតិយ ។

ព្រះមហាចេតិយបានទាក់ទាញអ្នកទស្សនរាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ ទាំងភ្ញៀវទេសចរទាំងអ្នកធម្មយាត្រាបំពេញបុណ្យ ។ ជាពិសេស សម្ដេចសង្ឃដាឡៃឡាម៉ាបាននិមន្តទៅទស្សនានៅព្រះមហាចេតិយនៅក្នុងឆ្នាំ២០០៧ ។

ព្រះមហាចេតិយក៏បានក្លាយជាទីតាំងប្រារព្ធពិធីរបស់សហគម៍ដ៏មានប្រជាប្រិយភាព រួមទាំងពិធីបុណ្យឈ្មោះ អ៊ីលលុមិនអេជ (Illumin8) ដែលជាពិធីបុណ្យដែលមានការសម្ដែងសិល្បៈវប្បធម៌ចម្រុះ និងការបញ្ចាំងភ្លើងពណ៌ជីវចល ទៅលើជញ្ជាំងនៃព្រះមហាចេតិយនោះតែម្ដង ។

ព្រះពុទ្ធសាសនាជាសាសនាតូចលំដាប់ទី៣ នៅប្រទេសអូស្ត្រាលី បន្ទាប់ពីសាសនាគ្រិស្តនិងឥស្លាម ។ ពុទ្ធបរិស័ទទាំងអស់មានចំនួន ៥៦៣.៦៧៧ នាក់ ដែលគិតជាភាគរយមានចំនួន ២,៤% នៃចំនួនប្រជាជនសរុបជាង ២៣ លាននាក យោងតាមស្ថិតិប្រជាជនឆ្នាំ២០១៦ ។ ទីក្រុងស៊ីដនី (៣៣%) និងទីក្រុងមែលប៊ន (៣០%) មានអ្នកកាន់ពុទ្ធសាសនារស់នៅច្រើនជាងគេ ។ ព្រះពុទ្ធសាសនាធ្លាប់ជាសាសនាដែលរីកចម្រើនយ៉ាងឆាប់រហ័ស ដែលមានពុទ្ធបរិស័ទកើតឡើង ៧៩% ក្នុងចន្លោះឆ្នាំ១៩៩៦-២០០១ នៃស្ថិតិប្រជាជន ។

ព្រះសង្ឃថេរវាទពីរអង្គដើមកំណើតអូស្ត្រាលីគឺ ព្រះតេជព្រះគុណ អាចានយ៍ ព្រហ្ម (ព្រហ្មវង្សោ) និងព្រះតេជព្រះគុណ អាចានយ៍ សុជាតោ ជាព្រះសង្ឃថេរវាទដ៏ល្បីល្បាញ និងមានឥទ្ធិពល ក្នុងចំណោមព្រះសង្ឃពុទ្ធសាសនាក្នុងពិភពលោក ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment