ឧកញ៉ាថ្មីជាប់និស្ស័យពីឥណ្ឌា «មិនធ្លាប់ស្រមៃថាមានថ្ងៃនេះទេ» - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Thursday, August 06, 2020

ឧកញ៉ាថ្មីជាប់និស្ស័យពីឥណ្ឌា «មិនធ្លាប់ស្រមៃថាមានថ្ងៃនេះទេ»

ឧកញ៉ា ផន វណ្ណិត ។ រូបភាព៖ ហ្វេសប៊ុក Phan Vannith

លោកវិទូ | ថ្ងៃ ៥᧲៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៦ សីហា ២០២០

អតីតសមណនិស្សិតខ្មែរពីប្រទេសឥណ្ឌាម្នាក់បានទទួលគោរមងារជាឧកញ៉ា ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាងារដ៏ឧត្តមប្រសើរមួយសម្រាប់ជនស៊ីវិល ដែលលោកពុំធ្លាប់ស្រមៃឡើយតាំងតែពីដើមមក ក្រោយពីបានឆ្លងកាត់ការតស៊ូពុះពារគ្រប់ឧបសគ្គក្នុងជីវិតកន្លងមក ។

លោក ផន វណ្ណិត ជាអតីសមណនិស្សិតខ្មែរនៅសាកលវិទ្យាល័យមួយនៅប្រទេសឥណ្ឌា អស់រយៈពេលប្រាំឆ្នាំ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតដោយជោគជ័យ (២០០៦-២០១១) ។ លោកបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា «ឆ្នាំ២០០៦ ខ្ញុំមានវាសនាល្អ ត្រូវបានគេបញ្ជូនទៅបន្តវិជ្ជានៅប្រទេសឥណ្ឌា រួចក៏ប្រឹងរៀនសូត្រនៅទីនោះ រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតនៅឆ្នាំ២០១១» ។

ក្នុងឆ្នាំ២០១១ លោក វណ្ណិត បានត្រលប់ទៅប្រទេសកម្ពុជាវិញ ហើយត្រូវរ៉ាប់រងមើលម្ដាយដែលមានជំងឺផង ។ ក្រោយពីម្ដាយបានលាចាកលោកទៅ លោក វណ្ណិត ក៏បានលាចាកសិក្ខាបទក្នុងឆ្នាំដដែល ដើម្បីស្វែងរកការងារធ្វើចិញ្ចឹមជីវិត «ដោយគ្មានប្រាក់ ឬទ្រព្យសម្បត្តិអ្វីជាប់ខ្លួនឡើយ គឺមានតែចំណេះវិជ្ជាមួយមុខគត់ ដែលនៅជាប់ខ្លួន» ។

ក្រោយពីបានឆ្លងកាត់ការងារជាគ្រូបង្រៀន និងសាស្ត្រាចារ្យ តាមសាលាឯកជន និងសាកលវិទ្យាល័យមួយចំនួន និងធ្លាប់ធ្វើជាអ្នកប្រឹក្សាយោបល់ឲ្យក្រុមហ៊ុនឯងជន អស់រយៈពេលប្រហែល ៨ ឆ្នាំ លោក វណ្ណិត បានបើកក្រុមហ៊ុនអចលនទ្រព្យមួយដោយខ្លួនឯង គឺក្រុមហ៊ុនរាជសន្តុសិត នៅក្នុងឆ្នាំ២០១៨ ស្របទៅតាមបំណងនិស្ស័យដែលធ្លាប់បានគិតតាំងពីឆ្នាំ២០១១មក ។

ត្រឹមតែពីរឆ្នាំប៉ុណ្ណោះ លោកទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយមិននឹកស្មានដល់ តាមរយៈក្រុមហ៊ុនអចលនទ្រព្យមួយនេះ ដែលរកស៊ីលើការលក់ទិញដីឡូតិ៍ ដែលជាវិស័យកំពុងមានសន្ទុះខ្លាំងនៅក្នុងទីផ្សារកម្ពុជា ។

ក្រោយពីត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាជំនួយការ នៃក្រសួងធម្មការ និងសាសនា មានឋានៈស្មើ អគ្គនាយក នៅឆ្នាំ២០១៩ ក្រុមហ៊ុនរាជសន្តុសិតបាននាំមកនូវកិត្តិយសថ្មីដល់លោក ផន វណ្ណិត ដែលអាចរាប់បានជាចំណុចជោគជ័យកំពូលនៃក្រុមហ៊ុនលោក ។ កិត្តិយសថ្មីសម្រាប់អតីតសមណនិស្សិតខ្មែរពីឥណ្ឌារូបនេះគឺ លោក ផន វណ្ណិត អគ្គនាយកក្រុមហ៊ុនរាជសន្តុសិត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា» នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ។

លោកបានសរសេរពីចំណាប់អារម្មណ៍ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា «នឹកឃើញជីវិតខ្លួនឯង មិនធ្លាប់ស្រមៃថាមានថ្ងៃនេះទេ កុំថាឡើយ គោរមងារជាឧកញ៉ា សូម្បីគិតថារកលុយឲ្យបានចាយគ្រប់គ្រាន់ក៏ពិបាកដែរ» ។

តាមច្បាប់ថ្មីស្តីពីការផ្ដល់គោរមងារជាឧកញ៉ាដល់ជនស៊ីវិល ចាប់ពីខែមីនា ឆ្នាំ២០១៧ មក គឺតម្រូវឲ្យសេដ្ឋីអ្នកមានប្រាក់ស្តុកស្ដម្ភ ផ្ដល់ប្រាក់ចំនួន ៥០០.០០០ (ហាសិបម៉ឺន) ដុល្លារឡើងទៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ទើបអាចទទួលបានគោរមងារជា «ឧកញ៉ា» ក្នុងសម័យថ្មីនេះ ដែលអាចស្មើនឹងកដុម្ពិកសេដ្ឋីក្នុងសម័យពុទ្ធកាល ។

ពីឆ្នាំ១៩៩៤ ដល់២០១៧ សម្រាប់គោរមងារជា «ឧកញ៉ា» ត្រូវការការបូជាប្រាក់ចំនួនតែ ១០០.០០០ (ដប់ម៉ឺន) ដុល្លារទេដល់រដ្ឋាភិបាល ជាប្រាក់សម្រាប់កសាងជាតិនិងអភិវឌ្ឍន៍សង្គម ព្រមទាំងទទួលបាន «មេដាយ​ស្ថាបនា​ជាតិ» ផងដែរ ។ ហើយគោរមងារជាឧកញ៉ាមានបីថ្នាក់គឺ៖ លោកឧកញ៉ា អ្នកឧកញ៉ា និង ឧកញ៉ា ។

ដោយបានអភិវឌ្ឍកែប្រែជីវិតរបស់ខ្លួនពីកូនអ្នកក្រ ទៅជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ក្នុងរយៈពេលមិនដល់ដប់ឆ្នាំផង ឧកញ៉ា ផន វណ្ណិត បានសរសេរបញ្ជាក់ថា លោកមិនភ្លេចកំណើតឡើយ ។ លោកបានសរសេរយ៉ាងនេះថា «អ្វីដែលខ្ញុំអាចធ្វើបាន គឺប្រឹងជួយកសាងសមិទ្ធផលនានា និងធ្វើការងារសង្គមជាច្រើន ។ មានប្រវត្តិជាកូនអ្នកក្រ ខ្ញុំមិនដែលភ្លេចកំណើត មិនភ្លេចថាចាប់ផ្ដើមពីណាទេ ។ ទោះបីពេលនេះ ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ប្រោសប្រទានគោរមងារជា ឧកញ៉ា តែខ្ញុំនៅតែស្គាល់កំណើតខ្លួនឯង នៅខេត្តព្រៃវែង ចាំរាល់ការលំបាក ដែលធ្លាប់ឆ្លងកាត់» ។

អ្នកនិពន្ធជាតិអាម៉េរិកាំងដ៏ល្បីមួយរូបឈ្មោះ លោក ហ្ស៊ីគ ហ្ស៊ីគ្លារ បាននិយាយថា «ជោគជ័យកើតឡើងនៅពេលដែលឱកាសចួបនឹងការប្រុងប្រៀបរៀបចំ» ។ បុរាណសុភាសិតខ្មែរថា ចេះស្ទាត់ប្រាក់រត់តាមហៅ៖ «ចេះមួយចេះពីរឲ្យតែស្ទាត់ ប្រកបប្រាកដអ្នកចំណាន ជាហេតុចិញ្ចឹមជីវិតបាន សន្ដានជួលពឹងពំនឹងអើយ» ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment