សារព័ត៌មានអាឡឺម៉ង់៖ ចិនចាត់វិធានការណ៍លើព្រះពុទ្ធសាសនា - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, August 10, 2020

សារព័ត៌មានអាឡឺម៉ង់៖ ចិនចាត់វិធានការណ៍លើព្រះពុទ្ធសាសនា



លោកវិទូ | ថ្ងៃ ២᧵៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១០ សីហា ២០២០

បន្ទាប់ពីការចាត់វិធានការណ៍របស់ខ្លួនលើគ្រិស្តបរិស័ទនិងមូស្លីម បក្សកុម្មុយនីស្តចិនកំពុងមានគោលដៅចំពោះព្រះពុទ្ធសាសនា ខណៈចិនជំរុញបង្កើតមនោវិជ្ជាកុម្មុយនីស្ត ។ វត្តអារាមព្រះពុទ្ធសាសនាជាច្រើនត្រូវបានបិទ ឬបំផ្លាញចោល ខណៈដែលយុទ្ធនាការមួយត្រូវបានចាប់ផ្ដើមឡើង ដើម្បីបំផ្លាញចោលនូវព្រះពុទ្ធបដិមារាប់រយអង្គ ។

នៅក្នុងសេចក្តីរាយការណ៍របស់សារព័ត៌មាន DW របស់ប្រទេសអាឡឺម៉ង់ អ្នកយកព័ត៌មានបានរាយការណ៍អំពីការកម្ទេចបដិមាតំណាងព្រះពុទ្ធសាសនាប្រមាណ ៨០០ អង្គក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្នុងនោះព្រះបដិមាព្រះនាងគុងស៊ីអ៊ីមដ៏ធំមួយនៅតំបន់ភ្នំកំពុងត្រូវបានកម្ទេចចោល និងបានធ្វើបទសម្ភាសន៍ជាព្រះសង្ឃពុទ្ធសាសនាមួយចំនួន អំពីការចាត់វិធានការណ៍លើព្រះពុទ្ធសាសនា ដែលពុទ្ធសាសនានៅលើពិភពលោកហាក់ពុំបានចាប់អារម្មណ៍ ។

ពុទ្ធបរិស័ទមួយរូបឈ្មោះ លូ មីង បានប្រាប់អ្នកយកព័ត៌មានក្នុងការសម្ភាសន៍ថា «នៅសុខៗ រដ្ឋាភិបាលធ្វើរបងហ៊ំព័ទ្ធព្រះបដិមា និងធ្វើការខាងក្នុង ។ ប៉ុន្តែគេពុំបានប្រាប់នរណាម្នាក់អំពីមូលហេតុនៃការកម្ទេចនោះទេ ។ វាធ្វើឲ្យយើងជាពុទ្ធសាសនិកជន និងអ្នកដែលគោរពបូជាព្រះ មានព្រះនាងគុងស៊ីអ៊ីមជាដើម នៅក្នុងនិងក្រៅប្រទេសចិន ងឿងឆ្ងល់ជាខ្លាំង» ។

សកម្មជនពុទ្ធបរិស័ទបានសរសេរទៅរដ្ឋាភិបាល និងធ្វើយុទ្ធនាការតាមបណ្ដាញសង្គម ដើម្បីសង្គ្រោះព្រះបដិមាព្រះនាងគុងស៊ីអ៊ីមមានព្រះភក្ត្របី ដែលកសាងតាំងឆ្នាំ២០០២ ហើយល្បីល្បាញទៀតផង ។ សមាគមពុទ្ធសាសនានៅឆ្ងាយៗ មាននៅប្រទេសម៉ាឡេស៊ីជាដើម បានធ្វើការតវ៉ាចំពោះការបំផ្លាញនេះ តែមិនទទួលបានលទ្ធផលឡើយ ។

មិនតែប៉ុណ្ណោះ បក្សកម្មុយនីស្តចិនបន្តសកម្មភាពទូទាំងប្រទេស ដើម្បីបោសសំអាតរាល់សៀវភៅព្រះពុទ្ធសាសនា ដែលបានបោះពុម្ពផ្សាយដោយមិនមានការអនុញ្ញាត ឬដោយបរទេស ដោយការដុតចោលនិងពុំនោះទេដោយការបំផ្លាញចោល ។

គេគិតថា មូលហេតុដែលបក្សកុម្មុយនីស្តចិន មានគោលដៅចាត់វិធានការណ៍លើព្រះពុទ្ធសាសនា គឺព្រោះតែ «អំណាច អំណាចលើការនិយាយស្តី អំណាចលើអ្វីដែលប្រជាជនគិត យ៉ាងហោចណាស់អ្វីដែលប្រជាជនត្រូវបានអនុញ្ញាតឲ្យគិតជាសាធារណៈ» ។ ព្រះពុទ្ធសាសនា បើទុកជាមិនសូវមានបដិបក្ខជាមនោគមវិជ្ជាកុម្មុយនីស្ត ដូចសាសនាគ្រិស្តនិងឥស្លាមដែលចិនចាត់ទុកថាសាសនាបរទេសក៏ដោយ ក៏ត្រូវទទួលរងការរឹតបន្តឹងកាន់តែខ្លាំងឡើង ។

«ជាពុទ្ធសាសនិកជនមិននាំឲ្យអ្នកជាប់គុកទេ ប៉ុន្តែពួកគេមិនចង់ឲ្យជំនឿលើពុទ្ធសាសនាបង្ហាញចេញ ដូចដែលគេធ្លាប់បានអនុញ្ញាតកាលពី ២០ ឆ្នាំមុនទេ» អ្នករាយការណ៍ព័ត៌មានបាននិយាយ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment