ព្រះសង្ឃថៃមានឥទ្ធិពលមួយអង្គមានសង្ឃដីកាថា «មនុស្សភេទ LGBT (អិល.ជី.ប៊ី.ធី) ក៏ជាមនុស្សដែរ» - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Monday, August 24, 2020

ព្រះសង្ឃថៃមានឥទ្ធិពលមួយអង្គមានសង្ឃដីកាថា «មនុស្សភេទ LGBT (អិល.ជី.ប៊ី.ធី) ក៏ជាមនុស្សដែរ»

ព្រះតេជព្រះគុណ ស៊ីណេ វរធម្មោ ជឿថា ការរើសអើសលើមនុស្សភេទ LGBT គឺមិនត្រឹមត្រូវតាមព្រះពុទ្ធឱវាទទេ ។ រូបភាប៖ Reuters

លោកវិទូ | ថ្ងៃ ២᧦១០ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៤ សីហា ២០២០

ម្ដងម្កាល ព្រះតេជព្រះគុណ ស៊ីណេ វរធម្មោ និមន្តចូលរួមក្នុងកម្មវិធី LGBT+ ដែលជារឿយៗជាកម្មវិធីមួយដែលមានសំឡេងឮឡូឡាខ្លាំង និងប្រកបដោយពណ៌ឆើតឆាយ នៅទីក្រុងបាងកក ។ លោកស្ដាប់ដោយយកចិត្តទុកដាក់ កត់ត្រា និងប្រាស្រ័យដោយរីករាយជាមួយនរណាក៏ដោយឲ្យតែមកកៀកនឹងព្រះអង្គ ។

ក្នុងនាមជាព្រះសង្ឃ វត្តមានរបស់ព្រះតេជព្រះគុណ វរធម្មោ នៅក្នុងក្រុមសហគមន៍ LGBT+ ជាការកម្រណាស់ ប៉ុន្តែត្រូវបានគេទទួលស្វាគមន៍ ខណៈប្រទេសថៃកំពុងរៀបចំអនុម័តសេចក្តីព្រាងច្បាប់ សម្ព័ន្ធភាពស៊ីវីល ដ៏សំខាន់មួយ ដែលនឹងទទួលស្គាល់សម្ព័ន្ធភាពមនុស្សភេទដូចគ្នា ដែលស្មើរតែមានន័យដូចគ្នានឹងសិទ្ធិស្របច្បាប់ដូចគូស្រករដែលបានរៀបការដែរ ។

ជាសង្គមពុទ្ធសាសនាមួយដែលមានការអភិរក្សនិយម ប្រទេសថៃតែងល្បីឈ្មោះរឿងមានឥរិយាបថមិនតឹងតែង ចំពោះរឿងភេទនិងភាពចម្រុះភេទ ពីព្រោះថៃលែងចាត់ទុកការស្រឡាញ់ភេទដូចគ្នាជាបទឧក្រិដ្ឋ ក្នុងឆ្នាំ ១៩៥៦ ។

ទោះយ៉ាងនេះក្តី មនុស្សភេទ LGBT+ ប្រឈមនឹងការរើសអើង និងការមាក់ងាយ នៅក្នុងសាលារៀន កន្លែងធ្វើការ និងកន្លែងផ្ដល់សេវាថែទាំសុខភាព រីឯក្រុមគ្រួសារវិញក៏មិនទទួលស្គាល់ទៀត ។

«ការប្រព្រឹត្តមិនល្អចំពោះមនុស្សភេទ LGBT គឺផ្ទុយពីព្រះពុទ្ធឱវាទ ។ មនុស្សភេទ LGBT ក៏ជាមនុស្សដែរ ពួកគេក៏ជាពុទ្ធបរិស័ទដែរ ហើយក្នុងនាមជាព្រះសង្ឃមួយអង្គ អាត្មាគាំទ្រ និងទទួលស្គាល់ប្រជាជនដែលជាពុទ្ធបរិស័ទទាំងអស់ ហើយមានបំណងកាត់បន្ថយសេចក្តីទុក្ខរបស់ពួកគេ» ។ នេះជាសង្ឃដីការបស់ព្រះតេជព្រះគុណ វរធម្មោ ដែលមានព្រះជន្ម ៥២ វស្សា ។

ព្រះតេជព្រះគុណមានសង្ឃដីកាថា នៅក្នុងព្រះពុទ្ធសាសនាថេរវាទ ដែលគោរពប្រតិបត្តិនៅប្រទេសថៃ មនុស្សភេទ LGBT+ គឺពេលខ្លះត្រូវបានគេមើលឃើញដោយយល់ច្រឡំថា ដោយសារពួកគេមានកម្មពីបុព្វេមក ។

ព្រះតេជព្រះគុណ វរធម្មោ ដែលបួសក្នុងព្រះជន្ម ២១ វស្សា បានមានសង្ឃដីកាថា «ព្រះសម្មាសម្ពុទ្ធព្រះអង្គពុំដែលមានពុទ្ធដីកាអំពីមនុស្សភេទ LGBT ទេ ដូច្នេះវាជាការបកស្រាយខុសឆ្គងខ្លាំងណាស់ អំពីគម្ពីរដីកាទាំងឡាយណាដែលនាំឲ្យមានអគតិនិងបដិសេធ ចំពោះមនុស្សភេទ LGBT» ។

«ជាទូទៅ ព្រះសង្ឃចៀសវាងមិននិយាយអំពីមនុស្សភេទ LGBT និងបញ្ហាយែនឌ័រ ប៉ុន្តែយើងគួរតែនិយាយអំពីបញ្ហាដែលប៉ះពាល់ដល់សង្គម ហើយការបង្រៀនរបស់សាសនាត្រូវតែឆ្លុះបញ្ចាំងពីតថភាព បើពុំដូច្នោះទេ សាសនានឹងក្លាយជារឿងចាស់គម្រិល [ដូចដាយណូស័រ] មិនខានឡើយ ។»

ប្រសិនបើសេចក្តីព្រាងច្បាប់សម្ព័ន្ធភាពស៊ីវិលត្រូវបានអនុម័ត ប្រទេសថៃនឹងក្លាយជាប្រទេសទីពីរនៅអាស៊ីបន្ទាប់ពីប្រទេសតៃវ៉ាន់ ដែលអនុញ្ញាតឲ្យមានការចុះឈ្មោះសម្ព័ន្ធភាពភេទដូចគ្នា ដែលអនុញ្ញាតឲ្យគូស្រករអាចយកកូនគេមកចិញ្ចឹមបាន ហើយទទួលបានសិទ្ធិស្នងមរតក និងជាម្ចាស់កម្មសិទ្ធិព្រទ្យសម្បត្តិរួមគ្នាបាន ។

ព្រះតេជព្រះគុណ វរធម្មោ បានផ្ទល់នូវការគាំទ្រដល់មនុស្សភេទ LGBT យ៉ាងនេះថា «អាត្មាគិតថា វាអាចជួយពួកគេឲ្យមើលឃើញព្រះសង្ឃថាជាមនុស្សរាក់ទាក់ និងផ្ដល់ឲ្យពួកគេនូវការបកស្រាយមួយក្នុងព្រះពុទ្ធសាសនា ដែលគាំទ្រពួកគេ ។ វាជាការសំខាន់ដែលពួកគេដឹងថា ពួកគេមានសមភាពនិងត្រូវបានគេទទួលស្គាល់ ហើយមានសិទ្ធិដូចគ្នានឹងអ្នករាល់គ្នាដទៃដែរ» ៕

 © រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment