បូរ៉ូប៊ូឌួ៖ ‘ប្រាសាទពុទ្ធសាសនាធំជាងគេបំផុតក្នុងពិភពលោក’ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Monday, August 24, 2020

បូរ៉ូប៊ូឌួ៖ ‘ប្រាសាទពុទ្ធសាសនាធំជាងគេបំផុតក្នុងពិភពលោក’

ប្លង់រាបស្មើដីនៃប្រាសាទបូរ៉ូប៊ូឌួ មានរាងជាមណ្ឌលនៃពុទ្ធសាសនាតន្ត្រៈ ។ រូបភាព៖ គុណវ័នការតាប្រាណាតា/Gunawan Kartapranata

លោកវិទូ | ថ្ងៃ ២᧦១០ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៤ សីហា ២០២០

បុរាណវត្ថុនិងបុរាណដ្ឋាន ជាប្រភពនៃប្រវត្តិសាស្ត្រយ៉ាងសំខាន់ របស់ ប្រទេសនីមួយៗក្នុងសាកលលោក ។ ការប្រែប្រួលរបស់ប្រទេសនីមួយៗ ក៏អាចបង្កឲ្យមានការប្រែប្រួល ក្នុងជំនឿនិងសាសនាផងដែរ ។ ព្រោះថា ការលូតលាស់និងការចុះដុនដាបរបស់ជំនឿនិងសាសនា ក្នុងសម័យកាលនីមួយៗ អាស្រ័យលើឥទ្ធិពលរបស់វណ្ណៈអ្នកដឹកនាំ អភិជន និងព្រះរាជា ដែលគ្រប់គ្រងរដ្ឋនោះៗ ។ ព្រះរាជាដែលកំពុងកាន់អំណាច តែងតែបាន កសាងនូវប្រាសាទ ស្តូប ចេតិយ និងសំណង់សាសនា ដ៏អស្ចារ្យជាច្រើន ដើម្បីបង្ហាញពីអំណាចរបស់ព្រះអង្គផង និងដើម្បីបូជាដល់សាសនា ដែលព្រះអង្គគោរពបូជាផង ។ ដូច្នេះមរតកប្រវត្តិសាស្ត្រទាំងនោះបានបង្ហាញ ពីភាពរុងរឿងនិងការពេញនិយមនៃជំនឿឬសាសនាណាមួយដែរ ។

ព័ស្តុតាងប្រវត្តិសាស្ត្រជាច្រើន ដែលបានបន្សល់ទុករហូតបច្ចុប្បន្ន បានបង្ហាញពីភាពរុងរឿងរបស់ពុទ្ធសាសនា នៅប្រទេសឥណ្ឌូនេស៊ី ក្នុងអតីតកាល ។ នោះគឺប្រាសាទបូរ៉ូប៊ូឌួ ជាប្រាសាទពុទ្ធសាសនាដ៏ល្បីល្បាញ អស្ចារ្យ បច្ចុប្បន្ន ស្ថិតនៅទីក្រុងម៉ាហ្គឺឡាង ខេត្តជ្វាកណ្តាល ។ បូរ៉ូប៊ូឌួ ត្រូវបានកសាងឡើងក្នុងរជ្ជកាលស្តេចសៃលេន្ទ្រៈ ក្នុងស.វ.ទី ៩ គ.ស. ដើម្បីឧទ្ទិសចំពោះពុទ្ធសាសនាមហាយាន និងពុទ្ធសាសនាតន្ត្រយាន ដែលមាន ស្តេចសៃលេន្ទ្រៈ ជាពុទ្ធសាសនូបត្ថម្ភកដ៏ខ្លាំងក្លា ។ ប្រាសាទនេះត្រូវបានកសាងឡើងក្នុងរាជ្យព្រះបាទស្មារ៉ាទុងហ្កា (Smaratungga/Samaratungga) នៃរាជវង្សសៃលេន្ទ្រៈ ក្នុងកំឡុងពេលនៃចំណុចកំពូលនៃរាជវង្សនេះ ដែលបានគ្រប់គ្រងមាតារាម (កោះជ្វា) និងស្រីវិជ័យ (កោះស៊ូម៉ាត្រា) ។ ដំណើរ ការកសាងប្រាសាទនេះ បានប្រើរយៈពេលប្រហែល ៧៥ ឆ្នាំក្នុងកំឡុងសតវត្សរ៍ទី ៨ គ.ស. និងទី ៩ គ.ស. ក្រោមការដឹកនាំរបស់ស្ថាបត្យករឈ្មោះ គុណធម្មៈ (Gunadharma), តាមស្ថាបត្យកម្មពុទ្ធសាសនាជ្វា ។

ប្រាសាទបូរ៉ូប៊ូឌួមានសណ្ឋានជាវេទិកា ដូចពីរ៉ាមីត ស្រដៀងភ្នំ និង នៅពីលើចំកណ្តាលមានវេទិការាងរង្វង់មូល ៣ ជាន់ (សូមមើលរូបខាងលើ) ដែលបានរចនាដោយក្បាច់ចម្លាក់ចំនួន ២,៦៧២ ផ្ទាំង និងព្រះពុទ្ធបដិមាចំនួន ៥០៤ អង្គ ។ ដោម ឬចេតិយធំមួយ ដែលមានកំពូលមានសណ្ឋានក្រឡូម ស្ថិតនៅចំកណ្តាល វេទិកាគឺព័ទ្ធជុំវិញដោយព្រះពុទ្ធបដិមាចំនួន ៧២ អង្គ ដែលគង់ក្នុងចេតិយ ឬស្តូបរាងដូចកណ្តឹងមានគម្របបិទជិត (តែអាចមើលឃើញតាមចន្លោះ ប្រហោងបាន) ។ អ្នកស្រុកកោះជ្វានិយមហៅ ព្រះពុទ្ធបដិមានេះថា កន្ទោពីមោ (Kunto Bimo), ជាបដិមាស័ក្តិសិទ្ធិ ដែលគេមានជំនឿថា អ្នកបានប៉ះនឹងនាំមកនូវសំណាងល្អ ប្រាថ្នាយ៉ាងណាបានយ៉ាងនោះ ។ ពីគ្រឹះក្រោមដែលមានរាងបួនជ្រុង ដល់កំពូលនៃប្រាសាទមានកម្ពស់ ៣៥ ម៉ែត្រ (១១៥ ហ្វីត) និងផ្ទៃ ១២០ ម៉ែត្រការ៉េ (៣៩៣ ហ្វីត) ។ ប្រាសាទនេះត្រូវបានកសាងឡើងអំពីថ្មភ្នំភ្លើងពណ៌ប្រផេះចំនួន ២ លានដុំ និងមានទំហំ ៥៦,៦០០ ម៉ែត្រគូប (២ លានហ្វីតគូប) ។
ធម្មយាត្រាខ្មែរនិងមិត្តធម៌ នៅលើជាន់ខ្ពស់បំផុត (ជាន់អរូបធាតុ) នៃប្រាសាទបូរ៉ូប៊ូឌួ ទីក្រុងម៉ាហ្គឺឡាង ខេត្តជ្វាកណ្តាល, ១៥ កក្កដា ២០១៦ ។ រូបភាព៖ លោកវិទូ

បូរ៉ូប៊ូឌួ មិនត្រឹមតែជាបល្ល័ង្កតម្កល់ព្រះពុទ្ធបដិមាសម្រាប់បូជាប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងសម្រាប់ធម្មយាត្រាពុទ្ធសាសនាទៀតផង ។ តាមធម្មតា ដំណើរធម្មយាត្រាគឺ ចាប់ផ្តើមពីគ្រឹះខាងក្រោមនៃប្រាសាទ តាមកាំជណ្តើរខាងកើត រួចប្រទក្សិណជុំវិញប្រាសាទ ឡើងទៅខាងលើតាមថ្នាក់ឬជាន់ទាំង ៣ ដែលដំណាងឲ្យលោកធាតុទាំង ៣ ថ្នាក់ ក្នុងទ្រឹស្តីពុទ្ធសាសនាមហាយានគឺ កាមធាតុ ១ រូបធាតុ ១ និង អរូបធាតុ ១ (ថេរវាទ៖ កាមភព រូបភព និង អរូបភព)(១) ។ ថ្នាក់នីមួយៗនៃប្រាសាទដំណាងឲ្យ ដំណាក់កាលនៃមាគ៌ាព្រះពោធិសត្វ ក្នុងការបំពេញបារមីដើម្បីការត្រាស់ដឹងជាព្រះពុទ្ធ ។ ប្រាសាទនេះនាំផ្លូវអ្នកធម្មយាត្រា តាមប្រព័ន្ធដ៏ធំទូលាយ នៃកាំជណ្ដើរនិងថែវ ដែលមានក្បាច់ចម្លាក់និទានកថាចំនួន ១,៤៦០ ផ្ទាំង នៅលើជញ្ជាំងនិងបង្កាន់ដៃឬជើងទៀន ។ បើគេដើរព័ទ្ធជុំវិញពីក្រោមឡើង លើតាមថ្នាក់ទាំង ៩ របស់ប្រាសាទនោះនឹងមានចម្ងាយជាង ៥ គីឡូម៉ែត្រ (៣ ម៉ៃល៍) ដោយឆ្លងកាត់ធាតុឬភពទាំងបី រហូតដល់ចំណុចកំពូលគឺ ស្តូបធំមួយនៅចំកណ្តាលនៃមណ្ឌល ដែលតំណាងឲ្យព្រះនិព្វាន ។ ប្រកបដោយលក្ខណៈស្ថាបត្យកម្មសាសនាដ៏អស្ចារ្យបែបនេះហើយ ទើបប្រាសាទបូរ៉ូប៊ូឌួក្លាយជាប្រាសាទពុទ្ធសាសនា ដែលមានក្បាច់ចម្លាក់ពុទ្ធសាសនា ច្រើននិងពេញលេញបំផុតក្នុងពិភពលោក ដែលបង្កប់ដោយខ្លឹមសារផ្លូវធម៌គួរជាទីជ្រះថ្លា ។ ស្ថាបត្យកម្មដ៏គួរឲ្យស្ញប់ស្ញែងនេះបញ្ជាក់ពីអារ្យធម៌ ខ្ពង់ខ្ពស់របស់មនុស្សជំនាន់នោះ ប្រកបដោយតម្លៃទស្សនវិជ្ជាពុទ្ធសាសនា ។

ប្រាសាទបូរ៉ូប៊ូឌួ ត្រូវបានគេបោះបង់ចោលក្នុងស.វ.ទី ១៥ គ.ស. ក្រោយការធ្លាក់ចុះនៃអាណាចក្រមជបហិតនៅកោះជ្វា និងការផ្លាស់ប្តូរ សាសនារបស់អ្នកស្រុកកោះជ្វា ទៅកាន់សាសនាឥស្លាមវិញ ។ ប្រភពខ្លះលើកឡើងថា បូរ៉ូប៊ូឌួត្រូវបានគេបោះបង់ចោលតាំងពីស.វ.ទី ១០ គ.ស. មក ម៉្លេះ ដោយសារស្ថានភាពនយោបាយនៅកោះជ្វាកណ្តាល និងបានកប់ក្រោមផេះបន្ទុះភ្នំភ្លើងអស់កាលជាច្រើនសតវត្សរ៍ ។ ក្នុងឆ្នាំ ១៨១៤ ពិភពលោកបានចាប់ផ្តើមឮឈ្មោះប្រាសាទបូរ៉ូប៊ូឌួ តាមរយៈ ការសិក្សាស្រាវជ្រាវរបស់លោក ថូម៉ាស់ ស្តាមហ្វឺដ រ៉ាហ្វលស៍ (Thomas Stamford Raffles) ជាអ្នកគ្រប់គ្រងរបស់អាណានិគមអង់គ្លេសនៅកោះជ្វា ដែលដឹងពីទីតាំងរបស់ប្រាសាទ ដោយសារអ្នកស្រុកឥណ្ឌូនេស៊ី ជាអ្នក បង្ហាញផ្លូវ ។ ចាប់តាំងពីពេលនោះមក បូរ៉ូប៊ូឌួត្រូវបានគេអភិរក្សដោយ ការធ្វើប្រត្យាស្ថាប័ន (ការស្តារឡើងវិញឲ្យដូចដើម) ជាច្រើនលើក ។ ប្រត្យាស្ថាប័នដែលធំជាងគេគឺ ធ្វើឡើងក្នុងចន្លោះឆ្នាំ ១៩៧៣ និង ១៩៨៣ ដោយរដ្ឋាភិបាលឥណ្ឌូនេស៊ី និងអង្គការយូណេស្កូ (UNESCO) និងក្រោយ ពីនោះមក ប្រាសាទបូរ៉ូប៊ូឌួត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ នៅថ្ងៃទី ២៧ កក្កដា ២០១២ សៀវភៅកំណត់ត្រាឯកត្តកម្មពិភព លោកបានប្រកាសថាប្រាសាទបូរ៉ូប៊ូឌួគឺជា ‘ប្រាសាទពុទ្ធសាសនាធំជាងគេបំផុតក្នុងពិភពលោក’ ។ ប្រាសាទបូរ៉ូប៊ូឌួជាអច្ឆរិយវត្ថុមួយក្នុងចំណោមអច្ឆរិយវត្ថុពិភពលោកទាំង ៧ ។
រូបភាពទី១៤៖ សម្តេច នរោត្តម សីហនុ, (អតីត)ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, បានយាងទៅកាន់ប្រាសាទបូរ៉ូប៊ូឌួ ក្នុងឆ្នាំ ១៩៨៤ ។  រូបភាព៖ Persero

ក្នុងសម័យទំនើប មន្ត្រីការទូតបរទេសនិងមេដឹកនាំពិភពលោកល្បី ៗ ធ្លាប់បានធ្វើទស្សនាចរនៅប្រាសាទបូរ៉ូប៊ូឌួជាហូរហែ ។ បច្ចុប្បន្ន បូរ៉ូប៊ូឌួ នៅតែជាទីទាក់ទាញភ្ញៀវទេសចរ និងអ្នកធម្មយាត្រាយ៉ាងច្រើនកុះករ ។ ជារៀងរាល់ឆ្នាំ ពុទ្ធបរិស័ទឥណ្ឌូនេស៊ី តែងប្រារព្ធពិធីបុណ្យវិសាខបូជា និង ពិធីសាសនាផ្សេងៗ នៅទីនោះយ៉ាងអធិកអធម ។ ប្រាសាទបូរ៉ូប៊ូឌួគឺជាកន្លែងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ច្រើនជាងគេបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី ៕

ស្រង់ចាកសៀវភៅ៖ ប្រវត្តិពុទ្ធសាសនានៅប្រទេសឥណ្ឌូនេស៊ី: អតីត និង បច្ចុប្បន្ន, រៀបរៀងដោយ ខាត់ ប៊ុនថន (២០១៧)

លេខយោង៖
(១) កាមភព មាន ១១ ឋានគឺ អបាយភូមិ ៤ (នរក, តិរច្ឆាន, ប្រេត និង អសុរកាយ), ឋានមនុស្ស ១ និង ឋានសួគ៌ ៦ (ចាតុម្មហារាជជិកៈ, តាវតឹង្សៈ, យាមៈ, តុសិតៈ, និម្មានរតិ និង បរនិម្មិត្តវសវត្តិ) ។ រូបភព គឺឋានរបស់ព្រះព្រហ្មដែលមានរូប (ខ្លួន-ប្រាណ) មាន ១៦ ថ្នាក់គឺ ព្រហ្មបរិសជ្ជា, ព្រហ្មបុរោហិតៈ, មហាព្រហ្មា, បរិត្តាភា, អប្បមាណាភា, អាភស្សរា, បរិត្តាសុភៈ, អប្បមាណសុភៈ, សុភកិណ្ហៈ, វេហប្ផលៈ, អសញ្ញសត្តៈ, អវិហា, អតប្បា, សុទស្សា, សុទស្សី, និង អកណិដ្នា ។ អរូបភព ជាឋានរបស់ព្រះព្រហ្មឥតរូប គឺថាមានតែចិត្តមិនមានខ្លួនប្រាណឡើយ បានដល់ឋានខ្ពស់ជាងគេបំផុតមាន ៤ ថ្នាក់គឺ អាកាសានញ្ចាយតនៈ, វិញ្ញាណញ្ចាយតនៈ, អាកិញ្ចញ្ញាយតនៈ និង នេវសញ្ញានាសញ្ញាយតនៈ ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment