សៀវភៅ៖ ប្រវត្តិពុទ្ធសាសនានៅប្រទេសឥណ្ឌូនេស៊ី: អតីត និង បច្ចុប្បន្ន, ២០១៧ - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, July 15, 2017

សៀវភៅ៖ ប្រវត្តិពុទ្ធសាសនានៅប្រទេសឥណ្ឌូនេស៊ី: អតីត និង បច្ចុប្បន្ន, ២០១៧



លោកវិទូ | ៦᧶៨ ឆ្នាំរការ នព្វស័ក ព.ស. ២៥៦១ | ១៤ កក្កដា ២០១៧

សៀវភៅ៖ ប្រវត្តិពុទ្ធសាសនានៅប្រទេសឥណ្ឌូនេស៊ី: អតីត និង បច្ចុប្បន្ន
រៀបរៀងដោយ ខាត់ ប៊ុនថន (ញាណសំវរោ), ២០១៧ (៣២៨ ទំព័រ)

ប្រទេសឥណ្ឌូនេស៊ី ឬសុវណ្ណទ្វីប ធ្លាប់ជាមជ្ឈមណ្ឌលពុទ្ធសាសនា ដ៏សំខាន់ មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ចាប់ពីសតវត្សទី៧ ដល់ទី១៥ ដោយមានប្រាសាទ បូរ៉ូប៊ូឌួ ជាប្រាសាទពុទ្ធសាសនាដ៏អស្ចារ្យ ជាព័ស្តុតាងប្រវត្តិសាស្ត្រ ។ ក្រោយពី ការដេកលង់លក់ ក្នុងស្បៃអន្ធកាលនៃប្រវត្តិសាស្ត្រ អស់រយៈពេលប្រហែល ៥០០ឆ្នាំ ពុទ្ធសាសនាបានងើបឡើងវិញបន្តិចម្តងៗ លើទឹកដីដ៏ចម្លែក ដែលហ៊ុមព័ទ្ធដោយពាហិរសាសនិក ខុសពីកាលមុន ។

សញ្ញានៃការងើបឡើងវិញនេះគឺ បន្ទាប់ពីបេសកកម្មធម្មទូតរបស់ព្រះភិក្ខុ នារទៈ មហាថេរៈ ជនជាតិស្រីលង្កា ក្នុងឆ្នាំ ១៩៣៤ ។ និងបន្ទាប់មក ក្នុងឆ្នាំ ១៩៥៩ ភិក្ខុថេរវាទទីមួយជាជនជាតិ ឥណ្ឌូនេស៊ីព្រះនាម អាស៊ីន ជិនរក្ខិតៈ ដែលបានឧបសម្បទានៅប្រទេសភូមា បាននិមន្តព្រះភិក្ខុសង្ឃអន្តរជាតិ ១៣អង្គ ក្នុងនោះមានសម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) ផងដែរ ដើម្បីពេញសង្ឃកិច្ចមួយចំនួន ដូចជាការសូត្រញត្តិបង្កើតសីមាវត្ត ឧបសម្បទាកម្ម និងវិសាខបូជាដ៏អធិកធម ។ បន្ទាប់ពីនោះមក ពុទ្ធសាសនាបានរីកចម្រើនជាបន្តបន្ទាប់ តែត្រូវអនុលោម តាមគោលការណ៍៥យ៉ាង (បញ្ចសីល) របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ។

គោលការណ៍ទីមួយគឺ កេទូហាណាន យ៉ាង មហា ឥសា ឬ ‘ការជឿលើព្រះអាទិទេពតែមួយ’ បានជំរុញឲ្យមេដឹកនាំពុទ្ធសាសនាបង្កើតទ្រឹស្តី ព្រះអាទិពុទ្ធ ដែលមាន ន័យថា ព្រះពុទ្ធជាព្រះអាទិទេព (God) ដែលខុសនឹងទ្រឹស្តីពុទ្ធសាសនាថេរវាទ ។ ទោះជាយ៉ាងណា ពុទ្ធសាសនាបានក្លាយជាសាសនាមួយ ក្នុងចំណោមសាសនាទាំង ៦ ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋ ហើយពុទ្ធបរិស័ទអាច គោរពប្រតិបត្តិ និងផ្សាព្វផ្សាយសាសនារបស់ខ្លួនបាន ដោយមិនមានការរារាំង ពីរដ្ឋឡើយ ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានអនុញ្ញាតឡើងវិញ ឲ្យពុទ្ធបរិស័ទប្រារព្ធពិធីបុណ្យផ្សេងៗ មានបុណ្យវិសាខបូជា និងបុណ្យសូត្រ ព្រះត្រៃបិដកជាដើមនៅក្នុងបរិវេណប្រាសាទ បូរ៉ូប៊ូឌួ ជារៀងរាល់ឆ្នាំ ដោយ មានការចូលរួមពីពុទ្ធបរិស័ទជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ ។

ដូច្នេះសៀវភៅនេះ បានសិក្សាស្រាវជ្រាវ នូវដើមកំណើតជាប្រវត្តិសាស្ត្រ នៃព្រះពុទ្ធសាសនា នៅប្រទេសឥណ្ឌូនេស៊ី ក្នុងកំឡុងសម័យកាលរាជាណាចក្រស្រីវិជ័យ រាជវង្សសៃលេន្ទ្រៈ និងអាណាចក្រមជបហិត ។ សៀវភៅនេះ បានលើកឡើងនូវមូលហេតុ នៃការសាបសូន្យព្រះពុទ្ធសាសនា អស់រយៈពេល ៥០០ ឆ្នាំ បន្ទាប់ពីការមកដល់នៃសាសនាឥស្លាម នៅប្រទេសឥណ្ឌូនេស៊ី ។ ក្នុងសម័យថ្មី ដំណើរការស្ដារឡើងវិញ នូវព្រះពុទ្ធសាសនា ដែលអនុលោមតាមមនោគមវិជ្ជាបញ្ចសីល របស់រដ្ឋឥណ្ឌូនេស៊ី ត្រូវបានសើបអង្កេតយ៉ាងពិស្ដារ ។ មិនតែប៉ុណ្ណោះ ការប្រតិបត្តិព្រះពុទ្ធសាសនា នាពេលបច្ចុប្បន្ន ដោយពុទ្ធបរិស័ទឥណ្ឌូនេស៊ី ត្រូវបានពិភាក្សា ជាពិសេស ថាតើពុទ្ធបរិស័ទឥណ្ឌូនេស៊ី អាចសម្របសម្រួលខ្លួនយ៉ាងណា ជាមួយនឹងពួកមូស្លីមភាគច្រើន នៅប្រទេសឥណ្ឌូនេស៊ី ។

History of Buddhism in Indonesia: Past and Present by Khath Bunthorn
Paperback: 318 pages
Publisher: CreateSpace Independent Publishing Platform (July 14, 2017)
Language: Khmer
ISBN-10: 1974082369
ISBN-13: 978-1974082360
Product Dimensions: 6 x 0.8 x 9 inches
Shipping Weight: 1.2 pounds

© រក្សាសិទ្ធិដោយលោកវិទូ