សា១៧មេសារបស់ព្រះគ្រូបណ្ឌិត យ៉ន សេង យៀត «ផ្ញើជូនលោកបណ្ឌិត ខៀវ សំផន» - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Tuesday, April 17, 2018

សា១៧មេសារបស់ព្រះគ្រូបណ្ឌិត យ៉ន សេង យៀត «ផ្ញើជូនលោកបណ្ឌិត ខៀវ សំផន»


លោកវិទូ | ថ្ងៃ ៣᧣៦ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៧ មេសា ២០១៨ ។

វាប្រាកដណាស់ថា លោកពិតជាមិនស្គាល់អាត្មាភាពទេ ប្រសិនបើអាត្មា មិនជម្រាបប្រាប់លោកថា អាត្មាគឺជាកូនខ្មែរមួយរូប ដែលបានចាប់កំណើតនៅប្រទេសរបស់យើង នៅថ្ងៃនៃការឡើងកាន់អំណាចរបស់លោកនៅប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែមេសា កាលពីជាង៤០ឆ្នាំមុន។ សំណាងណាស់ដែលអាត្មាមិនស្លាប់ដូចទារកដទៃៗទៀត ដែលបានចាប់បដិសន្ធិនៅថ្ងៃនោះ។

១៧ មេសា ! គឺជាថ្ងៃដែលលោកប្រកាសក្តែងៗប្រាប់ប្រជាពលរដ្ឋខ្មែរយើង និងពិភពលោកទាំងមូលថាជាថ្ងៃដ៏អស្ចារ្យ! ថ្ងៃមហាលោតផ្លោះ! នៃជ័យជំនះរបស់បក្សកុម្មុយនីស្តនៅក្នុងការត្រាច់ទៅនៃកង់ប្រវត្តិរបស់មនោគមវិជ្ជានយោបាយរបស់លោក​ ប៉ុន្តែវាជាថ្ងៃដ៏សោកសង្រេងបំផុតរបស់អម្បូរខ្មែរយើង។

ពីថ្ងៃដែលអាត្មាកើតមក រហូតមកដល់ពេលនេះ អាត្មានៅតែមិនយល់ពាក្យរបស់លោកថា “មហាអស្ចារ្យ ! មហាលោតផ្លោះ ! “ នៅឡើយទេ បើទោះណាជាពេលនេះ អាត្មាមានវ័យច្រើនជាងលោក នៅខណៈពេលដែលលោកចូលមកកាន់អំណាចនៅក្នុងស្រុកដ៏កំសត់នៃយើងក៏ដោយ ។

អាត្មាចេះតែគិតនូវពាក្យរបស់លោកថា តើលោកត្រូវ«លោត»យ៉ាងដូចម្តេច? ហើយត្រូវ«ផ្លោះ»យ៉ាងណា? ដើម្បីធ្វើឱ្យជំហានរបស់លោកវាអស្ចារ្យ? វាជាចម្ងល់ដែលគ្មានចម្លើយ។ ស្ទើរគ្រប់ពេលដែលតុលាការសួរនាំលោកអំពីអតីតកាលរបស់លោក នៅក្នុងការដឹកនាំកម្ពុជា អាត្មាតែងតែព្យាយាមស្តាប់ការឆ្លើយរបស់លោកស្ទើរគ្រប់ពេលទាំងអស់ ប៉ុន្តែចម្លើយរបស់លោក គឺគ្រាន់តែជាការឆ្លើយតបទៅនឹងសំណួរតែប៉ុណ្ណោះ វាមិនជាចម្លើយនៃសំណួរទេ ។ លោកសំណាងណាស់ ! ដែល «វ័យចាស់ទុំ» របស់លោក បានក្លាយជារនាំងដ៏មានប្រសិទ្ធភាពបំផុត ដើម្បីទប់ស្កាត់នូវចិត្តរបស់អាត្មា មិនឱ្យប្រមាថលោកចំពោះទង្វើររបស់លោកកន្លងមក។

មិនមែនតែលោកទេ នៅក្នុងនោះ ក៏មានអាត្មាម្នាក់ដែរ ដែលដឹងថាក្រុមរបស់លោក គឺបានធ្វើឱ្យកម្ពុជាក្លាយជារដ្ឋបរាជ័យមួយដ៏អាម៉ាស់នៅក្នុងប្រវត្តិសាស្រ្តដឹកនាំរបស់ខ្មែរយើង។ ប៉ុន្តែ លោកហៅការអាម៉ាស់នោះថា វាជារឿងធម្មតានៅក្នុងនយោបាយ ដែលជួនកាលធ្វើទៅក៏វាជោគជ័យ ជួនកាលក៏វាបរាជ័យ។

ចំណុចនេះ ត្បិតតែអាត្មាមិនដែលធ្វើនយោបាយ ក៏អាត្មាមិនស្របជាមួយលោកទេ ពីព្រោះចម្លើយនេះ វាសាមញ្ញពេកសម្រាប់អតីតប្រមុខរដ្ឋមួយរូប ដែលធ្លាប់ចាត់ទុក្ខជនរួមឈាម ជាសត្រូវសួរពូជរបស់ខ្លួន។ លោកសម្លាប់ខ្មែរច្រើនពេកហើយ លោកបណ្ឌិត ! គឺត្រឹមតែហេតុផលពួកគេមិនស្របជាមួយនឹងការយល់ឃើញរបស់លោក នៅក្នុងមនោគមន៍នយោបាយ។​ រដ្ឋាភិបាលរបស់លោកបានសម្លាប់ជីតាបង្កើតរបស់អាត្មាដែលជាអតីតទាហ៊ាន លន់ នល់ និងសាច់ញាតិរបស់អត្មាមួយចំនួនទៀត ប៉ុន្តែអាត្មាវិញ មិនដែលសម្លាប់ញាតិរបស់លោកទេ មិនត្រឹមតែប៉ុណ្ណោះ ចៅប្រុសរបស់លោក គឺជាមិត្តដ៏ល្អរបស់អាត្មាទៀតផង​ ប្រសិនបើលោកមិនដឹងអំពីសម្ពន្ឋភាពនេះទេ អត្មាសូមប្រាប់លោកទៅចុះ។ 

អាត្មា ជម្រាបលោកតាមត្រង់ទៅចុះ ! រាល់ពេលដែលធ្វើបទបង្ហាញ ឬបញ្ចេញមតិកន្លងមក នៅក្នុងកិច្ចប្រជុំ នៅសាកលវិទ្យាល័យ Harvard ដែលទាក់ទងនិងការរំលាយព្រះពុទ្ធសាសនាកម្ពុជានៅឆ្នាំ១៩៧៥ ដោយរដ្ឋាភិបាលរបស់លោក គឺអាត្មាតែងតែព្យាយាមចៀសវាងមិននិយាយអំពីឈ្មោះរដ្ឋាភិបាលរបស់លោកឡើយ ជាពិសេស គឺឈ្មោះ ខៀវ សំផន និងតែម្ដង។

ហេតុផល ! គឺមិនមែនអាត្មាខ្លាចលោកទេ ប៉ុន្តែអាត្មាខ្មាស់បរទេស ដែលកម្ពុជាមានមនុស្សខ្មែរ ជំនាន់មុនដឹកនាំប្រទេសតាមបែប«ការស្រមើស្រមៃ» ឬ «តាមបែបឆាកកំប្លែង»។

លោកបណ្ឌិត ! ពេលនេះ លោកចាស់ណាស់ទៅហើយ ចំណែកអាត្មាវិញ ក៏លែងនៅក្មេង ដូចអតីត ១៧ ខែមេសា មុនទៀតដែរ។
នៅពេលនេះ ការសិក្សាថ្នាក់ «បណ្ឌិតរដ្ឋ» របស់អាត្មា នៅសាកលវិទ្យាល័យ Harvard ក៏មកដល់ទីបញ្ចប់ដែរ។

តាមពិតទៅ ការស្រាវជ្រាវរបស់អាត្មា បើគ្មានរឿងរ៉ាវរបស់លោក ក៏កិច្ចការរបស់អាត្មាបានទទួលជោគជ័យដែរ។ លោកអាចជាប្រមុខរដ្ឋដ៏អស្ចារ្យសម្រាប់ក្រុមរបស់លោក ប៉ុន្តែ លោកមិនមែនជាមនុស្សអស្ចារ្យសម្រាប់អាត្មាដែលត្រូវសរសេរឈ្មោះរបស់លោកនៅក្នុងកិ្ចការ ស្រាវ ជ្រាវ​របស់អាត្មាទេ ។ រវាងយើងទាំងពីរនាក់ ត្បិតតែមិនដែលបានជួបមុខគ្នាមែន ប៉ុន្តែ វាហាក់ដូចជាដំណើរជីវិតរបស់ពួកយើងជាប់ទាក់ទងគ្នារហូត ចាប់តាំងពីថ្ងៃទី១៧ មេសា មក។​

តើលោកនៅចាំបានទេ? នៅឆ្នាំ១៩៧៩ សម្តេចព្រះមហាឃោសានន្ទ បានលើកលែងទោសឱ្យលោកជាសាធារណៈ ចំពោះអំពើឃាតកម្ម ដែលរដ្ឋាភិបាលរបស់លោកបានសម្លាប់ញោមស្រីរបស់ព្រះអង្គនៅក្នុងឆ្នាំ១៩៧៥ ។

ក្រោយសម្លាប់ញោមស្រីរបស់ព្រះអង្គ១៩ឆ្នាំហើយនៅឆ្នាំ១៩៩៤ សម្តេចព្រះមហាឃោសានន្ទ បានដឹកនាំធម្មយាត្រា ចេញពីវត្តពោធិ៍វាល ឆ្ពោះទៅកាន់តំបន់ប៉ៃលិនដោយដើរកាត់តំបន់ជ្រោយស្នារ ។ នៅពេលនោះ ទាហានរបស់លោកបានបាញ់ប្រហារមកលើសកម្មជនសន្តិភាព ប្រមាណ១០០០នាក់ ដែលកំពុងសូត្រធម៌សុំឱ្យខ្មែររួបរួមគ្នារវាងក្រុមលោកនិងរដ្ឋាភិបាល។ ក្នុងចំណោមមនុស្ស១០០០នាក់នោះ ក៏មានអាត្មាម្នាក់ដែលត្រូវទាហានរបស់លោកលើកកាំភ្លើងបាញ់សម្លាប់ ប៉ុន្តែ សំណាងល្អអាត្មាមិនស្លាប់។

ចាប់តាំងពីថ្ងៃនៃព្រឹត្តិការណ៍បាញ់ប្រហារនោះមក អាត្មាបានកំណត់ទុកក្នុងចិត្តថា ថ្ងៃណាមួយអាត្មានឹងនិយាយប្រាប់ពិភពលោកអំពីអំពើរបស់លោក ប៉ុន្តែក្នុងឋានៈជាអ្នកស្រាវជ្រាវមួយរូប អាត្មាយល់ថា ការជួបមុខលោកមុននឹងនិយាយអំពីលោក គឺជាប្រពៃណីរបស់អ្នកស្រាវជ្រាវទូទៅ នៅក្នុងថេរៈវេលា ១៨ខែ នៃការស្រាវជ្រាវរបស់អាត្មាៗ មិនដែលចង់សរសេរឈ្មោះរបស់លោកនៅក្នុងសៀវភៅរបស់អាត្មាដែលមានកម្រាស់ជាង ២៣០ ទំព័រនេះទេ ប៉ុន្តែ អាត្មាចៀសមិនផុតពីឈ្មោះលោកដោយហេតុផលកត្តាប្រវត្តិសាស្រ្តជាច្រើន។

នៅពេលដែលអាត្មាបានជម្រាបប្រាប់លោកគ្រូរបស់អាត្មាថា «អាត្មាចង់ជួបលោក ខៀវ សំផន ដើម្បីសួរនាំគាត់អំពីការរំលាយព្រះពុទ្ធសាសនា និងការបាញ់សម្លាប់សកម្មជនធម្មយាត្រា នៅក្នុងឆ្នាំ១៩៩៤ នៅជ្រោយស្នារ» នៅខេត្តបាត់ដំបង ។ លោកគ្រូបានឆ្លើយថា «មនុស្សនេះ (ខៀវ សំផន) គឺមិនចង់ជួបព្រះអង្គឡើយ» ។

ទីបំផុត ពាក្យរបស់លោកគ្រូអាត្មាគឺពិតប្រាកដមែន គឺលោក ខៀវ សំផន បានបដិសេធ មិនចង់ជួបអាត្មាមែន បើទោះណាអាត្មាព្យាយាមយ៉ាងណាក៏ដោយ។

មកដល់ដំណាក់កាលនេះ សំណើរសុំជួបលោករបស់អាត្មាគឺគ្មានហេតុផលអ្វីផ្សេង ក្រៅពីកត្តា ប្រវត្តិសាស្រ្តនោះទេ បើរអតា្មមិនមែនជាខ្មែរ អាត្មាក៏មិនព្យាយាមជួបលោកដែរ ។ ហេតុផលមួយទៀត គឺអាត្មាពិតជាចង់ឮពាក្យចេញពីមាត់ របស់លោកផ្ទាល់ ថាហេតុអីលោកបំផ្លាញ់ពូជខ្លូនឯង ? នៅក្នុងសវនាការរបស់លោកកន្លងមក គឺម៉ាត់ណា ក៏លោកទម្លាក់កំហុស ទៅឲ្យយួនដែរ អំពីវិនាសកម្មរបស់លោក គឺលោកមិនដែលទទួលស្គាល់ថា លោកខុសចំពោះ ប្រជាជាតិខ្មែរទេ។ រវាងបក្សកុម្មុយនីស្តរបស់លោក និង បក្សកុម្មុយនីស្តរបស់យួន គឺមានលក្ខណៈខុសគ្នាដូចមេឃនិងដី ។ បក្សកុម្មុនីស្តរបស់យួន​ នៅពេលឡើងកាន់អំណាចភ្លាម បង្រួបបង្រួមទឹកដីនិងឱបក្រសោបអ្នកប្រាជ្ញ ចំណែកមក្សកុម្មុនីស្តរបស់លោក ឡើងកាន់ អំណាចភ្លាមគឺ សម្លាប់អ្នកប្រាជ្ញភ្លាម។

មុនលោកស្លាប់ ! អាត្មា សូមជូនពរលោក សូមលោកមានសុខភាពល្អ ។

ហើយសូមជម្រាបប្រាប់លោកថា មនុស្សខ្មែរជំនាន់នេះ នៅតែចង់ដឹងអំពីការពិតនៅសម័យដែលលោកដឹកនាំប្រទេស។ លោកគួរណាស់បន្សល់នូវសច្ចភាពដល់ពួកយើងបានខ្លះផង។

ការប្រាប់បង្ហាញនូវសច្ចភាពរបស់លោកនៅនាទីចុងក្រោយនេះ គឺជាវិភាគទានដ៏អស្ចារ្យ ដែលលោកអាចធ្វើបានសម្រាប់ពូជខ្មែរជំនាន់នេះ ។ ពេលនេះអាត្មាដូរចិត្តហើយ មុននិងអាត្មាវិលត្រឡប់ទៅខ្មែរវិញ អាត្មានិងនិយាយអំពីឈ្មោះ ខៀវ សំផន ប្រាប់សន្និសីទអន្តរជាតិអំពីទង្វើររបស់លោកចំពោះព្រះពុទ្ឋសាសនានៅកម្ពុជានាឆ្នាំ ១៩៧៥-១៩៧៩។ 

ត្បិតតែរដ្ឋាភិបាលរបស់លោកធ្លាប់កម្ទេចព្រះរតនត្រ័យកន្លងមកមែន ប៉ុន្តែនៅក្នុងសំបុត្រនេះ អាត្មាសូមបួងសួងចំពោះគុណកែវទាំងបី មេត្តាបង្កក់ប្រសិទ្ឋិដល់ជីវិតរបស់លោកឲ្យមានសេចក្ដីសុខ ជាជាងពលរដ្ឋខ្មែរ កាលពេលដែលលោកកាន់អំណាច។ 
សូមលោកសុខសប្បាយ នៅក្នុងជរាភាពរបស់លោក ។

ភិក្ខុ យ៉ន សេង យៀត
សាកលវិទ្យាល័យ Harvard 
សហរដ្ឋអាមេរិក 
១៧ មេសា ២៥៦២/២០១៨

ប្រភព៖ https://www.facebook.com/yon.sengyeath/posts/2042070479397742